រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកឡើងថា ទំនាក់ទំនងអាមេរិក-កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនគ្រប់ផ្នែកក្នុងកម្រិតខ្ពស់ខ្លាំងមិនធ្លាប់មាន ប៉ុន្តែអ្នកជំនាញមើលឃើញថា ទំនាក់ទំនងកម្ពុជា-អាមេរិកជាទំនាក់ទំនងដែលគ្មានទំនុកចិត្ត។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានេះធ្វើឡើងក្រោយពីលោក Daniel R. Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមកជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីខែតុលាកន្លងទៅ។
ជំនួបពិភាក្សានេះកើតឡើងបន្ទាប់ពីសភាអាមេរិកបានចេញសេចក្ដីសម្រេចលេខ៧២៨ ថ្កោលទោសរាល់គ្រប់ទម្រង់នៃអំពើហិង្សានយោបាយ និងបានបញ្ជូនសារដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស និងជំរុញការគោរពសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ សិទ្ធិបាតុកម្ម និងសិទ្ធិជួបប្រជុំ។
សេចក្ដីប្រកាសព័ត៌មានមួយចេញនៅថ្ងៃទី៣១ ខែតុលា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក Daniel R. Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាជាច្រើនក្នុងក្របខណ្ឌនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានទទួលស្គាល់ដែរថា ទំនាក់ទំនងកម្ពុជា-អាមេរិកពុំធ្លាប់មានកម្រិតខ្ពស់ដូចពេលនេះទេ»។
VOA បានព្យាយាមសុំការពន្យល់បកស្រាយពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន និងអ្នកនាំពាក្យក្រសួងនេះគឺលោក ជុំ សន្ទរី ប៉ុន្តែទូរស័ព្ទរបស់លោកទាំងពីរមិនមានអ្នកទទួល។
កន្លងមកទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា បានរិះគន់រដ្ឋាភិបាលអាមេរិកថាបានលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវតំបន់អាស៊ី ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកអ៊ីមែលថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានកំពុងប្រឈមនឹងការខ្វះទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ខុសពីទំនាក់ទំនងរវាងកម្ពុជា និងចិន។
លោកបន្ថែមថា កម្ពុជាបានរំកិលខ្លួនទៅរកប្រទេសចិនដើម្បីប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។
«មេដឹកនាំប្រទេសទាំងពីរមិនទុកចិត្តគ្នាទៅវិញទៅមក។ តម្លៃខុសគ្នានៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យគឺជាឧបសគ្គចម្បងនៃការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនឹងផ្លាស់ប្ដូរ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតលើកក្រោយនេះ ដោយហេតុថា គណបក្សសង្គ្រោះជាតិមានការរួមចំណែកតម្លៃស្រដៀងគ្នាទៅនឹងអាមេរិក»។
លោក ដេត សុខឧត្តម សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យឯកជនមួយក្នុងទីក្រុងភ្នំពេញ ប្រាប់ VOA ថា សហរដ្ឋអាមេរិកនិងកម្ពុជាចាប់ផ្ដើម មានទំនាក់ទំនងល្អ បន្ទាប់ពីការចុះសន្ធិសញ្ញាទីក្រុងប៉ារីសនៅឆ្នាំ១៩៩៣។
លោកបន្តថា រហូតមកដល់ពេលនេះ ទំនាក់ទំនងនេះមានទាំងភាពរលូន ទាំងភាពរកាំរកូសនេះ ពោលគឺគ្មានអ្វីប្រែប្រួលនោះទេ។
លោកបន្ថែមពាក់ព័ន្ធនឹងទំនាក់ទំនងរបស់កម្ពុជារវាងមហាអំណាចអាមេរិក និងចិន ថា កម្ពុជាជាប្រទេសតូច ដូច្នេះកម្ពុជាមិនគួរលម្អៀងទៅរកមហាអំណាចណាមួយដែលអាចធ្វើឲ្យខ្លួនរងគ្រោះពីការប្រជែងអំណាចទាំងនោះឡើយ។
«ដើម្បីពង្រឹងលទ្ធភាពរបស់ប្រទេសយើងដែលជាប្រទេសតូច អញ្ចឹងគួរតែសហការជាមួយប្រទេសអាស៊ានផ្សេងៗ ក្នុងការរៀបចំគោលនយោបាយអន្តរជាតិមួយដែលមានភាពជាធ្លុងមួយ ដែលធ្វើឲ្យមានតុល្យភាពអំណាចរវាងប្រទេសអំណាចទាំងពីរ ក៏ដូចជាប្រទេសអំណាចផ្សេងៗក្នុងតំបន់ ក្នុងការលូកដៃចូលក្នុងរឿងនយោបាយនេះ។ អញ្ចឹងវាទាមទារឲ្យប្រទេសអាស៊ានទាំងមូលដែរ ជាមួយកម្ពុជាហ្នឹង ឲ្យមានគោលនយោបាយស្រដៀងៗគ្នា»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រេមិន (Jay Raman) ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកអ៊ីមែលថា លោកសុំមិនអធិប្បាយពាក់ព័ន្ធនឹងការប្រៀបធៀបកម្រិតទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាពីអតីតកាល និងបច្ចុប្បន្ន ប៉ុន្តែលោកថា ទោះបីជាអាមេរិកយល់ស្របជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកជាច្រើនក្ដី ក៏មានផ្នែកមួយចំនួនដែលអាមេរិកមិនយល់ស្រប រួមមានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
«នៅខណៈដែលមិត្តនឹងគ្នាអាចមានការមិនយល់ស្របគ្នា យើងនៅតែទទួលស្គាល់នូវសារៈសំខាន់នៃការរក្សាកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងការពិគ្រោះយោបល់គ្នាលើបញ្ហាផ្សេងៗឲ្យបានច្បាស់លាស់ និងប្រកបដោយលទ្ធផល។ យើងសម្លឹងទៅមុខក្នុងការផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញទៅមុខនូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
លោក ជេ រេមិន បន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងជំរុញឲ្យកម្ពុជារក្សាទំនាក់ទំនងប្រសើរជាមួយនឹងប្រទេសជិតខាង និងធ្វើការរួមគ្នាដើម្បីធានាស្ថិរភាពនៅក្នុងតំបន់។ យើងស្វាគមន៍ប្រទេសចិន ដែលមានស្ថិរភាព សន្តិភាព និងភាពស្តុកស្ដម្ភ ដែលនេះនឹងដើរតួនាទីស្ថាបនានៅក្នុងកិច្ចការក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល»។
នៅក្នុងឆ្នាំ ២០១៦នេះ គេសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចុះអន់ថយយ៉ាងខ្លាំង។
តួយ៉ាង កាលពីថ្ងៃទី១២ ខែកញ្ញា នេះ សភាអាមេរិកបានចេញសេចក្ដីព្រាងសេចក្ដីសម្រេចលេខ៧២៨ ថ្កោលទោសរាល់គ្រប់ទម្រង់នៃអំពើហិង្សានយោបាយ និងបានបញ្ជូនសារដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស ជំរុញឲ្យគោរពសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ សិទ្ធិបាតុកម្ម និងសិទ្ធិជួបប្រជុំ។
សេចក្ដីសម្រេចនោះទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់ដំណើរការបោះឆ្នោត ឲ្យដំណើរការទៅដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
បន្ថែមពីនោះ សហគមន៍អន្តរជាតិចំនួន៣៦ប្រទេស មានទាំងមហាអំណាចសេដ្ឋកិច្ច និងប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍រួម ទទូចឲ្យរដ្ឋាភិបាលកម្ពុជាធានាការពារគណបក្សប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជា៕