ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជំរុញ​ឲ្យ​សមាជិក​សភា​សម្រប​សម្រួល​គ្នា​លើ​កំណែ​ទម្រង់​អន្តោប្រវេសន៍


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជំរុញ​ឲ្យ​សមាជិក​សភា​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដ៏​មួរមៅ​ក្ដៅ​ក្រហាយ​នៃ​កំណែ​ទម្រង់​អន្តោប្រវេសន៍ ដោយ​លោក​បាន​និយាយ​ថា ឱកាស​ការពារ​ជន​អន្តោ​ប្រវេសន៍​វ័យ​ក្មេង​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​ពួកគេ​នៅ​ជា​កុមារ​ជិត​ដល់​ទី​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា៖ «គណបក្ស​សាធារណរដ្ឋ​ចង់​ចរចា ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បញ្ជាក់​ផង​ដែរ​ថា ពួកគេ​ចង់​ចរចា។ វា​ជា​ការ​ប្រសើរ​ណាស់​ប្រសិនបើ​នៅ​ទី​បំផុត​យើង​អាច​ដោះស្រាយ​បញ្ហា DACA បាន​ក្រោយ​ពី​ចំណាយ ពេល​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ»។ លោក Trump សរសេរ​ដូច្នេះ​ចង់​សំដៅ​ទៅ​លើ​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ​ដែល​ហៅ​កាត់​ថា DACA។

កាល​ពី​ឆ្នាំ​មុន លោក Trump បាន​បញ្ចប់​កម្មវិធី DACA នេះ ដែល​នេះ​ជា​កម្មវិធី​មួយ​ការពារ​បណ្ដោះ​អាសន្ន​ចំពោះ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក និង​ទុក​ពេល​ឲ្យ​សភា​រហូត​ដល់​ថ្ងៃ​ទី ៥ ខែ​មិនា ដើម្បី​អនុម័ត​ច្បាប់​ដោះស្រាយ​បញ្ហា​ឋានៈ​ស្រប​ច្បាប់​របស់​ពួកគេ។

ព្រឹទ្ធសភា​អាមេរិក​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៩៧ លើ ១ សំឡេង កាល​ពី​យប់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដើម្បី​ចាប់ផ្ដើម​ជជែក​ដេញដោល​ដ៏​ទូលំទូលាយ​មួយ​ចំពោះ​ការ​កែ​ទម្រង់​បញ្ហា​អន្តោប្រវេសន៍ ស្រប​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ទាក់ទិន​នឹង​ទំហំ និង​ខ្លឹមសារ​នៃ​អ្វី​ដែល​សមាជិក​សភា​នានា​សង្ឃឹម​ថា​នឹង​ឃើញ​នៅ​ក្នុង​កម្រង​ច្បាប់​ចុង​ក្រោយ។

លោក Mitch McConnell សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Kentucky និង​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា បាន​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ព្រឹទ្ធសភា​អាច​ចាប់​យក​ឱកាស​នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​វិវឌ្ឍ​ដ៏​ពិត​ប្រាកដ​មួយ»។

លោក Trump បាន​ស្នើ​ផ្ដល់​ឲ្យ​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី DACA នូវ​វិថី​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង ដែល​នេះ​ជា​អ្វី​ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ភាគ​ច្រើន​បំផុត​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ។ ប៉ុន្តែ​លោក Trump ក៏​បាន​ទទូច​ផង​ដែរ​ឲ្យ​មាន​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក កាត់​បន្ថយ​ចំនួន​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ដែល​សហរដ្ឋ​អាមេរិក​ទទួល​យក និង​ផ្ដល់​អាទិភាព​ដល់​អ្នក​ណា​ដែល​មាន​ជំនាញ​ការងារ​ជឿនលឿន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​បង្ហាញ​នូវ​សំណើ​ច្បាប់​មួយ​ដែល​ហៅ​ថា​ច្បាប់​ពង្រឹង​និង​ការពារ​ព្រំដែន (Secure and Succeed Act) ដែល​រៀបរាប់​អំពី​គោល​នយោបាយ​របស់​សេតវិមាន​សម្រាប់​បញ្ហា​អន្តោប្រវេសន៍។

លោក Mitch McConnell បាន​និយាយ​ថា៖ «ខ្ញុំ​គាំទ្រ​សំណើ​របស់​លោក​ប្រធានាធិបតី Donald Trump និង​សំណើ​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​អនុវត្ត​វា។ ច្បាប់​ពង្រឹង​និង​ការពារ​ព្រំដែន​នេះ​មាន​ភាព​យុត្តិធម៌ ដោយ​ផ្ដោត​លើ​ការ​ព្រួយ​បារម្ភ​សំខាន់ៗ​បំផុត​របស់​គណបក្ស​ទាំង​ពីរ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ដែល​លោក​ប្រធានាធិបតី Trump បាន​ស្នើ​ឡើង»។

សំណើ​ច្បាប់​អន្តោប្រវេសន៍​ណា​មួយ​ក៏​ដោយ​គឺ​ត្រូវការ​ការ​គាំទ្រ​ចំនួន ៣ ភាគ ៥ ដើម្បី​ឲ្យ​ព្រឹទ្ធសភា​អាច​អនុម័ត​សំណើ​ច្បាប់​នេះ​បាន។ នៅ​ក្នុង​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​មាន​អាសនៈ​ច្រើន​ជាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​មួយ​អាសនៈ។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្ដល់​សញ្ញា​ដល់​គណបក្ស​សាធារណរដ្ឋ​ថា គម្រោង​អន្តោប្រវេសន៍​នេះ​នឹង​មិន​ទទួល​ជោគជ័យ​នោះ​ទេ។

លោក Chuck Shumer សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ New York និង​ជា​មេដឹកនាំ​សំឡេង​ភាគ​តិច​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «ចំណុច​សំខាន់​គឺ​ត្រូវ​រក​សំណើ​ច្បាប់​រួម​មួយ​ដែល​ទទួល​យក​បាន​ដោយ​សមាជិក​ភាគ​ច្រើន​នៃ​គណបក្ស​ទាំង​ពីរ។ បញ្ហា​ដែល​រារាំង​តែ​មួយ​គត់​គឺ​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​ហួស​សមត្ថភាព។ ឥឡូវ​នេះ​មិន​មែន​ជា​ពេល ឬ​ជា​ទី​កន្លែង​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​អន្តោប្រវេសន៍​ស្រប​ច្បាប់​ទាំង​មូល​នោះ​ទេ។ ប៉ុន្តែ ពេល​នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​សំណើ​ច្បាប់​ដ៏​តូច​ចង្អៀត​មួយ»។

សមាជិក​នានា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​មួយ​ចំនួន​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​តែ​លើ​បញ្ហា​កម្មវិធី DACA និង​ការ​ពង្រឹង​សន្តិសុខ​ព្រំដែន​តែ​ប៉ុណ្ណោះ។

ទោះបីជា​ផ្ដោត​តែ​លើ​ចំណុច​ទាំង​ពីរ​នេះ​ក៏​ដោយ ក៏​សំណើ​ច្បាប់​នេះ​នៅតែ​ទំនង​ជា​មិន​អាច​ទទួល​បាន​ការ​អនុម័ត​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Dianne Feinstein សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ California។

លោកស្រី Feinstein បាន​ប្រាប់ VOA ថា៖ «នឹង​ប្រហែល​ជា​មាន​សំណើ​ច្បាប់​យ៉ាង​តិច ៣។ សំណើ​ច្បាប់​ដំបូង​ទំនង​ជា​សំណើ​ច្បាប់​របស់​គណបក្ស​សាធារណរដ្ឋ។ សំណើ​ច្បាប់​ទី​ពីរ​ទំនង​ជា​សំណើ​ច្បាប់​របស់​គណបក្ស​ប្រជាធិបតេយ្យ។ សំណើ​ច្បាប់​ទាំង​ពីរ​នេះ​នឹង​ប្រហែល​ជា​ទទួល​បរាជ័យ ហើយ​សំណើ​ច្បាប់​ទី​បី​គឺ​ជា​សំណើ​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​សម្របសម្រួល​គ្នា»។

សំណើ​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​សម្របសម្រួល​គ្នា​នេះ​អាច​ចេញ​មក​ពី​ក្រុម​ការងារ​នៃ​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​ទស្សនៈ​កណ្ដាល​និយម​របស់​គណបក្ស​ទាំង​ពីរ។ ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Maine ខាង​គណបក្ស​សាធារណរដ្ឋ​លោកស្រី Susan Collins នេះ បាន​ជួយ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ផ្នែក​រយៈពេល ៣ ថ្ងៃ​កាល​ពី​ខែ​មុន។

លោកស្រី Collins បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា ព្រឹទ្ធសភា​អាច​អនុម័ត​លើ​សំណើ​ច្បាប់​អន្តោប្រវេសន៍។ យើង​កំពុង​ធ្វើ​ការ​លើ​សំណើ​រួម​មួយ​នៃ​គណបក្ស​ទាំង​ពីរ ដែល​នេះ​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា​នឹង​ចេញ​រួច​នៅ​ក្នុង​សប្ដាហ៍​នេះ»។

ព្រឹទ្ធសភា​នឹង​ចាត់ទុក​សំណើ​ច្បាប់​អន្តោប្រវេសន៍​នីមួយៗ​ថា​ជា​ការ​ធ្វើ​វិសោធនកម្ម​លើ​សំណើ​ច្បាប់​ដែល​មិន​មាន​ភាព​ចម្រូងចម្រាស​មួយ​ដែល​នឹង​ដើរតួ​ជា​យាន​ច្បាប់​មួយ​សម្រាប់​ការ​កែទម្រង់​អន្តោប្រវេសន៍។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Wyoming លោក John Barrasso បាន​និយាយ​ថា៖ «នេះ​ជា​ប្រធានបទ​ដែល​យើង​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ជជែក​ដេញដោល​គ្នា​ប្រកប​ដោយ​ស្មារតី​ខ្ពស់ និង​បន្ទាប់​មក​បោះ​ឆ្នោត​លើ​សំណើ​ច្បាប់​នេះ ដែល​សំណើ​ច្បាប់​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៦០ សំឡេង នឹង​ទទួល​បាន​ការ​អនុម័ត»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Illinois លោក Dick Durbin បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​នឹង​មាន​អ្វី​កើត​ឡើង​នោះ​ទេ ពីព្រោះ​ថា​វា​យូរ​មក​ហើយ​តាំង​ពី​យើង​បាន​សាកល្បង​នូវ​អន្តោប្រវេសន៍​ដែល​បាន​កែ​ទម្រង់​ឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ។ ប៉ុន្តែ វា​ជា​ការ​រំភើប​ផង​ដែរ​ដែល​គិត​ថា សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​នៅ​ទី​បំផុត​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​លើ​រឿង​នេះ»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Missouri លោក Roy Blunt បាន​ប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋ​អាមេរិកាំង ៧០ ឬ ៨០ ភាគរយ ដែល​ក្នុង​នោះ​មាន​ទាំង​ខ្ញុំ​ផង​ដែរ ឯកភាព​ថា ក្មេងៗ​ដែល​ធំ​ធាត់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​មិន​ធ្វើ​ខុស​ច្បាប់ ពួកគេ​មិន​ត្រឹមតែ​អាច​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ថែម​ទាំង​ចង់​ឲ្យ​ពួកគេ​រស់នៅ និង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​រីក​ចម្រើន និង​សង្គម​ដ៏​រស់រវើក​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​អាមេរិកាំង ៧០ ភាគរយ គិត​ថា យើង​គួរតែ​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន។ ជា​ការ​ពិត​ណាស់ រឿង​ទាំង​ពីរ​នេះ​អាច​ដាក់​បញ្ចូល​គ្នា​ឲ្យ​ក្លាយជា​ច្បាប់​មួយ​ដែល​អាច​ឲ្យ​លោក​ប្រធានាធិបតី Trump ចុះ​ហត្ថលេខា​បាន»។

ដើម្បី​បាន​ក្លាយ​ជា​ច្បាប់ សំណើ​ច្បាប់​ណា​មួយ​ដែល​ព្រឹទ្ធសភា​អនុម័ត​ក៏​ទាមទារ​ឲ្យ​មាន​ការ​អនុម័ត​ពី​រដ្ឋសភា និង​ការ​ចុះ​ហត្ថលេខា​ពី​លោក​ប្រធានាធិបតី Donald Trump ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG