ចំនួនកុមារមកពីប្រទេសនានាដែលត្រូវបានសុំយកមកចិញ្ចឹមដោយពលរដ្ឋអាមេរិកាំងបានធ្លាក់ចុះ១៤ភាគរយកាលពីឆ្នាំមុន ដែលការធ្លាក់ចុះខ្លាំងជាងគេគឺចំនួនសុំកូនចិញ្ចឹមមកពីប្រទេសចិន។ នេះបើយោងតាមក្រសួងការបរទេសអាមេរិកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។
ការធ្លាក់ចុះនេះកំពុងបន្តកើតឡើងក្នុងរយៈពេលយូរទៀត។ ចំនួនសុំកូនយកមកចិញ្ចឹមបានធ្លាក់ចុះពី១២.៧៥៣ កាលពីឆ្នាំ២០០៩ មកចុះមកត្រឹម៤.០៥៩នៅឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនផ្ញើជូនរដ្ឋសភាដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ការិយាល័យគាំពារកុមារនៃក្រសួងការបរទេសអាមេរិកបានបង្ហាញពីមូលហេតុនៃការធ្លាក់ចុះនៃចំនួនកូនចិញ្ចឹមមកពីប្រទេសចិន គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងជាងមុន ក៏ដូចជាគ្រួសារចិនមានជីវភាពធូរធាជាងមុន ដែលអាចមានលទ្ធភាពសុំកូនចិញ្ចឹមបាន។
ចិននៅតែជាប្រទេសនាំមុខគេដែលមានកុមារចំនួន១,៤៧៥នាក់ត្រូវបានពលរដ្ឋអាមេរិកាំងសុំយកមកចិញ្ចឹមកាលពីឆ្នាំ២០១៨។ ប៉ុន្តែបានធ្លាក់ចុះចំនួន៦៥៥ បើធៀបនឹងឆ្នាំ២០១៧។ ចំនួនកុមារដែលត្រូវបានសុំយកមកចិញ្ចឹមមកពីប្រទេសអេត្យូពីក៏បានធ្លាក់ចុះ៤៣ភាគរយផងដែរសម្រាប់ឆ្នាំ២០១៨៕