រដ្ឋាភិបាលខ្មែរបានប្រកាសឲ្យដឹងនៅសប្ដាហ៍នេះ អំពីការត្រៀមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងម្ចាស់សិប្បកម្មផលិតឥដ្ឋ លាង ស្រ៊ុន ក្នុងខេត្តកណ្ដាល ចំពោះ ករណីគ្រោះថ្នាក់បង្កឲ្យដាច់ដៃស្ដាំកុមារីម្នាក់នៅក្នុងកន្លែងខ្សែសង្វាក់ផលិតកម្មឥដ្ឋ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល VOA បានទទួល។
សេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា កុមារី ឆេង ស្រីភ័ក្រ អាយុ១០ ឆ្នាំ ជាកូនកម្មករឡឥដ្ឋ ដែលបានជួបគ្រោះថ្នាក់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្មោះ លាង ស្រ៊ុន ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃ៩ ខែមីនា ឆ្នាំ២០១៩។
ក្រសួងការងារបានអះអាងថា បន្ទាប់ពីបានទទួលដំណឹងនៃគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ ក្រសួងបានបញ្ជាឲ្យមានការស៊ើបអង្កេត និងចាត់វិធានការចំពោះសិប្បកម្មផលិតឥដ្ឋនេះ។
សេចក្ដីប្រកាសរបស់ក្រសួងការងារបានសរសេរក្នុងន័យដើមថា៖
«ផាកពិន័យសិប្បកម្មផលិតឥដ្ឋនេះ និងកសាងសំណុំរឿងបណ្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មផលិតឥដ្ឋខាងលើ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងខ្វះវិធានការការពារសុវត្ថិភាពកុមារមិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ នៅថ្ងៃអង្គារនេះ។
លោក អំ សំអាត អ្នកគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ជាករណីដំបូងហើយដែលក្រសួងការងារបានប្រញាប់ប្រញាល់ចាត់វិធានការទៅនឹងគ្រោះថ្នាក់របស់កុមារ ឆេង ស្រីភ័ក្រ ដែលឪពុកម្ដាយនាងជំពាក់ម្ចាស់សិប្បកម្មចំនួន៣៥០០ដុល្លារ។
មន្ត្រីសិទ្ធិមនុស្សរូបនេះថ្លែងថា ចំណាត់ការផាកពិន័យនិងប្ដឹងម្ចាស់សិប្បកម្មផលិតឥដ្ឋ លាង ស្រ៊ុន នេះ នៅមិនទាន់គ្រប់គ្រាន់ទេ។ លោកមានប្រសាសន៍ថា៖
«បទល្មើសពិន័យហើយនិងការកសាងសំណុំរឿងហ្នឹង វាហាក់ដូចជា មិនទាន់គ្រប់គ្រាន់ ហើយវាមិនទាន់ជាគំរូសម្រាប់សិប្បកម្មដទៃទៀតដែល ត្រូវតែរាងចាល អ៊ីចឹងយើងគួរតែប្រើវិធានការណា ដើម្បីជាគំរូ ដើម្បីកុំឲ្យសិប្បកម្មដទៃទៀតហ្នឹងគាត់ប្រើប្រាស់ទម្រង់កុមាររបៀបនេះទៀត បន្តទៅទៀត»។
ក្រោយហេតុការណ៍គ្រោះថ្នាក់កាលពីសប្ដាហ៍មុននោះ ក្រសួងការងារ មិនត្រឹមតែត្រៀមប្ដឹងម្ចាស់សិប្បកម្មផលិតឥដ្ឋ លាង ស្រ៊ុន នោះទេ តែក្រសួងក៏បានផ្ដល់ការគាំទ្រខាងហិរញ្ញវត្ថុ និងសង្គមដល់កុមារីឆេង ស្រីភ័ក្រ ផងដែរ។
ក្រោមការគាំទ្រពីរបបសន្តិសុខសង្គមរបស់ក្រសួង កុមារី ឆេង ស្រីភ័ក្រ នឹងទទួលបានការព្យាបាលរបួសរហូតដល់ជាសះស្បើយដោយមិនបង់ប្រាក់ សេវាស្តានីតិសម្បទាឡើងវិញ ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍មួយជីវិត និងប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យាបាល។
យោងតាមរបាយការណ៍មួយរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) មានចំណងជើងថា «ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា» ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងពីករណីនៃគ្រោះថ្នាក់ ស្រដៀងគ្នានឹងស្ថានភាពរបស់កុមារីឆេង ស្រីភ័ក្រ។
របាយការណ៍ដែលមានកម្រាស់ជិត៣០ទំព័រ បានបញ្ជាក់ឲ្យដឹងថា ពលកម្មកុមារ មានច្រើននៅក្នុងសិប្បកម្មផលិតឥដ្ឋ។ កុមារទាំងអស់ដែលបានផ្ដល់សម្ភាសន៍ជាលក្ខណៈបុគ្គលបានរៀបរាប់ថា ពួកគេធ្វើការមួយផ្នែកនៅក្នុងសិប្បកម្មផលិតឥដ្ឋ ដែលជាកន្លែងពួកគេរស់នៅជាមួយឪពុកម្ដាយ។ ពួកគេមានអាយុចន្លោះ ពី១៣ឆ្នាំទៅ១៥ឆ្នាំ ប៉ុន្តែ អង្គការលីកាដូ បានសង្កេតឃើញកុមារខ្លះមានអាយុត្រឹមតែ ៩ឆ្នាំ ឬ ១០ឆ្នាំតែប៉ុណ្ណោះ។
របាយការណ៍បានឲ្យដឹងបន្តថា ការប្រើប្រាស់គ្រឿងម៉ាស៊ីននៅក្នុងសិប្បកម្មផលិតឥដ្ឋ និងស្ថានភាពដែលកុមារធ្វើការងាររស់នៅ និងលេងនៅក្នុងបរិវេណសិប្បកម្មមានន័យថា «ហានិភ័យនៃការទទួលរងគ្រោះថ្នាក់ គឺមានខ្ពស់»។
របាយការណ៍បានពណ៌នាដល់គ្រោះថ្នាក់ជាក់លាក់មួយចំនួនក្នុងន័យដើមថា៖
«ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អង្គការលីកាដូបានធ្វើការស៊ើបអង្កេតលើករណីចំនួន៣ ដែលពាក់ព័ន្ធនឹងករណីកុមារដាច់ដៃ ដោយសារម៉ាស៊ីនផលិតឥដ្ឋ។ ករណីទីមួយ គឺពាក់ព័ន្ធនឹងកុមារម្នាក់ អាយុ៧ឆ្នាំ ដែលលេងនៅក្បែរម្ដាយរបស់គាត់ ខណៈពេលម្ដាយគាត់កំពុងធ្វើការជាមួយម៉ាស៊ីនផលិតឥដ្ឋដែលគ្មានគម្រប។ ករណីទីពីរ ពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់អាយុ៩ឆ្នាំ ដែលកំពុងធ្វើការដាក់ដីចូលក្នុងម៉ាស៊ីន។ ករណីទីបី គឺកើតមានចំពោះ កុមារអាយុ១៤ឆ្នាំម្នាក់ ដែលកំពុងធ្វើការដាក់ដីចូលក្នុងម៉ាស៊ីនផលិតឥដ្ឋដែរ។ កុមារាអាយុ៩ឆ្នាំ បានបាត់បង់អាយុជីវិតដោយសារតែរបួសរបស់គាត់»។
លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការលីកាដូ បានបញ្ជាក់ឲ្យដឹងថាការប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតាមសិប្បកម្មផលិតឥដ្ឋ នៅបន្តកើតមាននៅឡើយ។ លោកថា រដ្ឋាភិបាលគួរមានវិធានការតឹងរ៉ឹងមួយ ដោយការចាត់ឲ្យមានការត្រួតពិនិត្យជាប្រចាំ ដើម្បីបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មកុមារ បម្រើដល់សកម្មភាពផលិតឥដ្ឋ។
«កុមារធ្វើពលកម្មនៅតាមសិប្បកម្មឡឥដ្ឋនេះ វានៅតែមានបន្តអ៊ីចឹង បានយើង ទទូចហើយទទូចទៀតថាសុំឲ្យ រដ្ឋាភិបាល ជាពិសេសក្រសួងការងារហ្នឹង ត្រូវតែចាត់អធិការកិច្ច ជាប្រចាំដើម្បីធានាថា មិនមានទម្រង់ពលកម្មកុមារ នៅក្នុងសិប្បកម្មឡឥដ្ឋបន្តទៀតទេ»។
យោងតាមសេចក្ដីប្រកាសដដែលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រសួងបានក្រើនរំឭកដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ សហគ្រាស គ្រឹះស្ថានទាំងអស់ជ្រាបថា ការប្រើប្រាស់ពលកម្មកុមារ គឺត្រូវអនុលោមឲ្យបានត្រឹមត្រូវតាមប្រកាសលេខ៣០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧ ស្ដីពីលក្ខខណ្ឌការងារ និងជីវភាពរស់នៅក្នុងសហគ្រាសឡឥដ្ឋ។ ការប្រើប្រាស់កុមារក្រោមអាយុ១២ឆ្នាំ គឺជាបទល្មើសព្រហ្មទណ្ឌ។
ក្រសួងបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងនេះ ការប្រើប្រាស់ពលកម្មកុមារអាយុក្រោម១៨ឆ្នាំ នៅមណ្ឌលហប់ នៅទីខ្ពស់និងកន្លែងដែលមានប្រើប្រាស់សារធាតុគីមីត្រូវបានហាមឃាត់។ ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌចំពោះសិប្បកម្មផលិតឥដ្ឋ សហគ្រាស គ្រឹះស្ថាន ទាំងឡាយដែលល្មើសនឹងករណីខាងលើនេះ៕