រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់គឺលោកជា សុផារ៉ាបានថ្លែងនៅថ្ងៃអង្គារនេះថា គិតពីឆ្នាំ២០១៥ទៅដល់ឆ្នាំ២០៣០ រាជធានីភ្នំពេញ និងតំបន់ទីប្រជុំជននានានឹងត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នង ជាមធ្យមគឺត្រូវការប្រមាណ ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ។
ក្នុងវេទិកាលំនៅដ្ឋានថ្នាក់ជាតិ រៀបចំដោយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ឬជាភាសាអង់គ្លេសថា Habitat for Humanity Cambodia ដែលធ្វើឡើងនាថ្ងៃអង្គារនេះ លោកជា សុផារ៉ាថ្លែងថា តម្រូវការលំនៅដ្ឋាននឹងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល១៥ឆ្នាំទៅមុខទៀត គ្រាដែលកំណើនប្រជាជនក្នុងរាជធានី និងទីប្រជុំជននានានឹងកើនពីចំនួន៤,៣លាននាក់ ក្នុងឆ្នាំ២០១៤ដល់ ៧,៩លាននាក់នៅឆ្នាំ ២០៣០។ រដ្ឋមន្ត្រីរូបនេះបន្តថា រដ្ឋាភិបាលបានកំពុងអនុវត្តគោលនយោបាយថ្នាក់ជាតិ ដើម្បីបំពេញសេចក្តីត្រូវការលំនៅដ្ឋានដ៏ច្រើននេះ។
«ឆ្លើយតបនឹងតម្រូវការនេះ ក្រសួងបាននឹងកំពុងសកម្ម អនុវត្តនូវគោលនយោបាយជាតិស្តីអំពីលំនៅដ្ឋាន ផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាតិស្តីពីការរៀបចំដែនដី ដើម្បីជំរុញ និងគាំទ្រដល់ការអភិវឌ្ឍលំនៅដ្ឋានគ្រប់ប្រភេទ ពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយសមធម៌»។
លោកជា សុផារ៉ា អតីតអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ដើម្បីជួយប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាបអាចទទួលបានលំនៅដ្ឋានសមរម្យ ក្រសួងបានផ្តើមសហការជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ក្នុងការអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ។
«ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងសហការជាមួយក្រុមហ៊ុន World Bridge Land និង ក្រុមហ៊ុន PNPN នៅក្នុងការសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ សម្រាប់លក់ជូន តម្លៃទាបជាង៣០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយលំនៅដ្ឋាន និងអនុវត្តរូបមន្តនៃការបង់រំលោះប្រចាំខែ ក្នុងបរិមាណទឹកប្រាក់តិចសម្រាប់រយៈពេលវែង»។
យ៉ាងណាក៏ដោយ កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ត្រូវគេដឹងថា បានកើតឡើងក្រោយពីប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់បានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានាក្នុងរាជធានីភ្នំពេញនឹងទីប្រជុំជនទូទាំងប្រទេស។
ខ្សែភាពយន្តឯកសារថ្មីមួយដែលមានចំណងជើងថា«រដូវផ្ការីកនៅកម្ពុជា» ឬ A Cambodian Spring ដែលជាស្នាដៃនិពន្ធរបស់ផលិតករជនជាតិអង់គ្លេសគឺលោក Chris Kelly បានឲ្យដឹងថា ការអភិវឌ្ឍក្នុងប្រទេសកម្ពុជាបានឈានដល់ការរឹបអូសយកដីធ្លីពលរដ្ឋក្រីក្រជាបន្តបន្ទាប់ និងបង្កឱ្យមានការតវ៉ាទាមទារជាច្រើននៅទូទាំងប្រទេសក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ។
មានពលរដ្ឋខ្មែរជាង៨០ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ តាំងពីឆ្នាំ២០០០ ដែលនាំឱ្យពួកគេរងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន ដោយមិនទទួលបានសំណងសមរម្យ ហើយអ្នកខ្លះថែមទាំងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារទៀតផង។ ពលរដ្ឋរងគ្រោះជាច្រើនបន្តរស់នៅក្នុងទីតាំងជម្លៀសចេញដែលមានស្ថានភាពគួរឱ្យខ្លោចផ្សា ដែលប្រឈមមុខនឹងកង្វះខាតម្ហូបអាហារ និងជំងឺដង្កាត់នានា។
ដោយព្យាយាមបញ្ចៀសការអាក់អន់ចិត្ត និងការខឹងសម្បារពីប្រជាពលរដ្ឋដែលធ្លាប់កើតឡើងនៅពេលការអភិវឌ្ឍចាប់ផ្តើម ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ជា សុផារ៉ា បានសម្របសម្រួលឲ្យមានការទិញលក់ក្នុងតម្លៃមួយខ្ពស់ ដែលអាចទទួលយកបានសម្រាប់អ្នករស់នៅក្នុងអគារចំណាស់មួយដែលគេស្គាល់ថា ជាអគារប៊ូឌីញ។ ទោះជាមានការសម្របសម្រួលលើការទិញលក់បន្ទប់នៃអគារសនេះក៏ដោយ មានករណីវិវាទដីធ្លីមួយចំនួននៅក្នុងរាជធានី និងខេត្តជាច្រើនទៀតមិនទាន់ត្រូវបានរដ្ឋាភិបាលដោះស្រាយនៅឡើយ។
ក្នុងម៉ោងសម្រាកនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិ លោកសៀរ ភារម្យ នាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានប្រាប់ VOA ថា ដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងអគារស ជាចំណុចចាប់ផ្តើមមួយនៃការឈានទៅដល់ការបញ្ចប់វិវាទនានា ពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់លំនៅដ្ឋាន និងការដោះដូរ។
លោកនិយាយថា៖
«វាជាចំណុចល្អ ជាឆន្ទៈល្អ ហើយបើសិនជាមានការដោះស្រាយ ដូចអគារប៊ូឌីញហ្នឹងទៅសហគមន៍ក្រីក្រផ្សេងៗទៀត នៅក្នុងទីក្រុងភ្នំពេញ ឬក៏ទៅទីប្រជុំជនផ្សេងៗទៀត អីចឹង ខ្ញុំជឿថា បញ្ហាទំនាស់ហ្នឹង លែងមានហើយ»។
ទាក់ទិនកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើនលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ លោកសៀរ ភារម្យបានមើលឃើញថា ការប្រព្រឹត្តអំពើពុករលួយជាចលករមួយដែលអាចបង្អាក់ដល់កិច្ចអភិវឌ្ឍន៍លំនៅដ្ឋានដល់អ្នកក្រីក្រក្នុងតំបន់ទីប្រជុំជនដែលមានប្រមាណ ១៧,៧ភាគរយនៅក្នុងប្រទេស។
«រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាកាត់បន្ថយ ឬក៏ទប់ស្កាត់នូវអំពើពុករលួយដើម្បីយកប្រាក់ចំណូលពន្ធទាំងឡាយហ្នឹង ដើម្បីយកមកជួយបង្កើននូវលំនៅដ្ឋានសមរម្យ ទើបបានយើងអាចនឹងឆ្លើយតបទៅនឹងបញ្ហាដែលគេហៅថា ផ្ទុះមហារីកផ្ទុះ ពីព្រោះយើងពីមុន យើងអត់បានទប់ស្កាត់នូវដីសាធារណៈរបស់រដ្ឋមួយចំនួន ដូចជាតាមដងផ្លូវតាមទន្លេតាមអី តាមបឹងហ្នឹង។ យើងអត់ទប់ស្កាត់ទេ យើងអត់បានផែនការមេដើម្បីការពារគ្រប់គ្រង កុំឲ្យមានការរស់នៅដែលមិនសមរម្យ»។
អ្នកសិក្សាស្រាវជ្រាវអំពីទីក្រុងបានឲ្យដឹងថា ផែនការអភិវឌ្ឍន៍លំនៅដា្ឋនសម្រាប់អ្នកមានចំណូលទាប និងមធ្យមអាចដំណើរការទៅបានជោគជ័យ ប្រសិនបើរដ្ឋាភិបាលមានកម្មវិធីលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគពាក់ព័ន្ធនឹងបញ្ហាពន្ធគយ ក៏ដូចជាការបន្ធូរបន្ថយនៃថ្លៃសេវាមួយចំនួន។
លោកទេព ម៉ាកាធី នាយកស្ថានិកនៃវិទ្យាស្ថាននគរូបនីយកម្ម យល់ថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការសម្រួលឲ្យមានការកសាងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋដែលត្រូវការជំនួយខាងហិរញ្ញវត្ថុដើម្បីទទួលបានផ្ទះសមរម្យ។
«រដ្ឋាភិបាលត្រូវដើរតួនាទីសំខាន់ណាស់ សំខាន់តាំងពីរបបគោលនយោបាយ យុទ្ធសាស្ត្រ ហើយនឹងការអនុវត្ត ជួយដោយផ្ទាល់។ ឧទាហរណ៍ វាគ្មិនយើងលើកឡើងហ្នឹង ឧទាហរណ៍ បើនាំពន្ធ នាំខ្សាច់ នាំដែក សម្រាប់មក៨ចូលផលិតត្រង់ហ្នឹង គាត់សួរយើងហើយ តើដកពន្ធគាត់ចេញបានទេ ដើម្បីឲ្យគាត់អាចផលិតមួយការ៉េបានប៉ុន្មាន ជាជាងផលិតទៅលក់ក្នុងផ្ទះល្វែងធម្មតា។ អាហ្នឹងធ្លាក់បន្ទុកទៅណា? ទៅរដ្ឋាភិបាលដដែល»។
លោកបេង ហុងសុជាតិខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងរៀបចំដែនដីកំពុងសិក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងឯកជន ទាក់ទិនការធ្វើយ៉ាងណាទើបអាចកសាងលំនៅដ្ឋាន ដែលមានតម្លៃសមល្មមសម្រាប់ពលរដ្ឋដែលត្រូវការផ្ទះសម្បែង តែប្រឈមនឹងកង្វះហិរញ្ញវត្ថុ។
«ក្រសួងរៀបចំដែនដីជាមួយនឹងស្ថាប័នពាក់ព័ន្ធកំពុងពិភាក្សាថា តើយើងគួរមានកត្តាអ្វីខ្លះ ដើម្បីលើកលែង ទាំងផ្នែកលើកទឹកចិត្ត ទាំងសម្រាប់ប្រជាពលរដ្ឋ ដែលអ្នកទិញលំនៅដ្ឋានមានតម្លៃសមរម្យ ទាំងអ្នកដែលមករកធ្វើអាជីវកម្មលំនៅដ្ឋានមានតម្លៃសមរម្យ»។
ថ្វីដ្បិតតែមានបញ្ហាប្រឈមមួយចំនួនក្នុងវិស័យលំនៅដ្ឋាននេះត្រូវគេដឹងថា មិនទាន់បានដោះស្រាយចប់រួចរាល់ក្តី លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ និងលំនៅដ្ឋាន នៅឆ្នាំ២០១៦ មានប្រមាណ ៥.៥៨០លានដុល្លារអាមេរិក ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ ទុនវិនិយោគក្នុងវិស័យដដែលនេះមានប្រមាណ៤.៣៦២លានដុល្លារអាមេរិក គឺមានកំណើន២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ និងបង្កើតបានការងារសម្រាប់មនុស្ស២០ម៉ឺននាក់ក្នុងមួយថ្ងៃ៕