ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​នឹង​ក្លាយ​ជា​សមយុទ្ធ​ធំ​ជាង​គេ


កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ពី​ការ​ធ្វើ​សមយុទ្ធ​តបត​នឹង​នាវា​ក្រោម​ទឹក។

ក្រុម​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា សមយុទ្ធ​ខាង​យោ​ធា​ប្រចាំ​ឆ្នាំ​នៅ​ពេល​ខាង​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​ធំ​ជាង​ពេល​ណា​ទាំងអស់ ដែល​ជា​សញ្ញា​មួយ​នៃ​ការ​កើន​ឡើង​នៃ​ការ​តាន​តឹង​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​លើ​ការ​សាកល្បង​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន។

លោក Han Min-koo រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រហែល​១ម៉ឺន​៥​ពាន់​នាក់ ​នឹង​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ហៅ​ថា Key Resolve and Foal Eagle នៅពេល​ដែល​សមយុទ្ធ​នោះ ​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ ​ដែល​មាន​ចំនួន​២​ដង​លើស​កាលពី​ឆ្នាំ​ទៅ។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​នាវា​ផ្ទុក​យន្តហោះ​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ John C. Stennis នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ​ជានិច្ច​កាល​អះអាង​ថា ​ជាការ​ប្រុងប្រៀប​សម្រាប់​ការ​ឈ្លានពាន។

ក្រុម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាង​ត្បូង​បាន​ផ្តល់​ព័ត៌មាន​ដល់​សមាជិក​សភា​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong-un បាន​បញ្ជា​ឲ្យ​ប្រុងប្រៀប​វាយ​ប្រហារ​ភេរវកម្ម​លើ​កូរ៉េ​ខាង​ត្បូង។

សមាជិក​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​ជឿ​ជាក់​ថា ​ការ​វាយ​ប្រហារ ​អាច​ដៅ​លើ​ក្រុម​សកម្ម​ជន​ប្រឆាំង​កូរ៉េ​ខាង​ជើង ​អ្នក​រត់​ចោល​ស្រុក​ហើយ​និង​មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។

រថភ្លើង​រត់​ក្រោម​ដី ​ហាងលក់​ដូរ​ទំ​និញ​ធំៗ​ ហើយ​និង​ស្ថានីយ​ថាម​ពល ​ក៏ជា​ទិ​សដៅ​នៃ​ការ​វាយ​ប្រហារ​នេះ​ដែរ។

ក្រុម​មន្រ្តី​កូរ៉េ​ខាង​ត្បូង​ ​ក៏​និយាយ​ដែរ​ថា ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​បាន​ចាប់​ផ្តើមធ្វើ​ឡើង​ស្តី​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​ជឿនលឿន​របស់​សហរដ្ឋ​អាមេរិក​ហៅ​ថា THAAD ថ្វីបើ​មាន​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន​ក៏​ដោយ៕

XS
SM
MD
LG