កម្ពុជានិងស.រ.អ. និងធ្វើការហ្វឹកហ្វឺនយោធារួមគ្នា ជាច្រើនមុខជំនាញ រួមទាំងផ្នែកប្រឆាំងភេរវកម្មផង នៅឆ្នាំ២០១១ខាងមុខ។
ប្រទេសកម្ពុជានិងស.រ.អ.កំពុងរៀបចំគម្រោងធ្វើការហ្វឹកហ្វឺនផ្នែកយោធារួមគ្នា ជាច្រើនមុខជំនាញ រួមទាំងប្រឆាំងអំពើភេរវកម្មផងនៅខែមិនាឆ្នាំ២០១១។
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជានិងមន្ត្រីស្ថានទូតស.រ.អ.ប្រចាំកម្ពុជាបាននិយាយថា មន្ត្រីជំនាញនៃប្រទេសទាំងពីរកំពុងរៀបចំផែនការសម្រាប់ការហ្វឹកហ្វឺន ដើម្បី ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនេះហើយ ជាមួយនិងកិច្ចប្រជុំជាច្រើន។ មន្ត្រីយោធាកម្ពុជានិយាយថា ការរៀបចំហ្វឹកហ្វឺនយោធាតាមទ្រង់ទ្រាយតូចៗមានគ្នាមិនដល់១០០នាក់ក្នុងមុខជំនាញខ្លះនោះ នឹងធ្វើឡើងនៅតាមទីលាន នៅឯសមុទ្រ ហើយនៅតាមព្រៃភ្នំក៏មានដែរ ដើម្បីឲ្យកងទ័ពកម្ពុជាអាចពង្រីកបទពិសោធន៍ និងជំនាញតាមស្តង់ដារអន្តរជាតិ និងមានការទទួលស្គាល់ជាសាកល។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអះអាង ថា កងយោធាស.រ.អ.និងកងយោធាខ្មែរ នៅតាមផ្នែកជាច្រើន រួមទាំងកម្លាំងប្រឆាំនឹងអំពើភេរវកម្មផង នឹងត្រូវចូលរួមហ្វឹកហ្វឺន។
«សំខាន់បំផុតគឺខាងប្រឆាំងភេរវកម្មគឺយើងមានកម្មវិធីហ្នឹងផងដែរជាមួយនិងកម្មវិធីផ្សេងៗទៀត»។
មន្ត្រីកម្ពុជានិងមន្ត្រីស្ថានទូតស.រ.អ.ប្រចាំកម្ពុជាបាននិយាយថា កងយោធាស.រ.អ.ប្រចាំនៅតំបន់អាស៊ីគឺជាដៃគូនៃការហ្វឹកហ្វឺន។ ប្រទេសកម្ពុជាត្រូវគេដឹងថា ជាប្រទេសមួយដែលស.រ.អ.បានកោតសរសើរចំពោះការប្តូរផ្តាច់ប្រឆាំងនឹងអំពើភេរវកម្ម។
ប្រទេសកម្ពុជាធ្លាប់ចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយតូចៗផង និងទ្រង់ទ្រាយធំៗផង ដោយបានធ្វើជាម្ចាស់ផ្ទះរួមជាមួយនិងកងយោធាស.រ.អ.ក្នុង សមយុទ្ធយោធា ឬហៅថា GPOI កាលពីពាក់កណ្តាលឆ្នាំ២០១០។ តំណាលគ្នានោះ កម្ពុជាបានបញ្ជូនកងយោធារបស់ខ្លួនដើម្បីចូលរួមជាមួយអ.ស.ប.ក្នុងបេសកកម្មរក្សាសន្តិភាព ដូចជានៅប្រទេសសូដង់ និងនៅប្រទេសលីបង់ជាដើម៕