ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​មិនចុះ​បញ្ជី​អត្ត​សញ្ញាណ​នាំឲ្យ​ពល​រដ្ឋបាត់​សិទ្ធិទទួល​បាន​សេវា​ជាច្រើន

  • Steve Herman

ក្មេងៗអន្តោប្រវេសន៍​ដែល​គ្មាន​អត្តសញ្ញាណ។​

មាន​កុមារ​ប្រមាណ​១៣៥​លាន​នាក់​អាយុ​ក្រោម​៥ឆ្នាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មិន​ទាន់​ត្រូវ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ណាមួយ​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ។ ​កត្តា​នេះ​ធ្វើឲ្យ​គេ​មិន​អាច​មាន​អត្ត​សញ្ញាណ​ជាតិ ​ដែល​គេ​ត្រូវការ​ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​ និង​អាចទទួល​បាន​សេវា​ដ៏​ចាំបាច់។ មបច្ចុបន្ន​នេះមាន​ការ​ជំរុញ​ដ៏សំខាន់​មួយ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ផ្តល់​អត្ត​សញ្ញាណ​តាម​ផ្លូវ​ច្បាប់​សម្រាប់​ក្មេងៗ​ និង​មនុស្ស​គ្រប់វ័យ​ទាំង​អស់។​

ថ្វីបើ​មាន​បច្ចេក​វិជ្ជា​សម័យ​ឌីជីថល​ទំនើប​ ​និង​មាន​សារគមនាគមន៍​ជឿនលឿន​ក្តី ​មាន​មនុស្ស​ច្រើន​ណាស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅតែ​រស់​នៅ​ ហើយ​ស្លាប់​ទៅ​វិញ​ ដោយ​គ្មាន​បន្សល់​អត្ត​សញ្ញាណ​ជា​ផ្លូវការ​អ្វី​សោះ។​

នៅខែ​វិច្ឆិកា ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​នៅ​តំបន់​នេះ​នឹង​ត្រូវ​គេ​ស្នើ​ឲ្យ​ធ្វើ​ការ​តាំង​ចិត្ត​ផ្តល់​ការ​ទទួល​ស្គាល់​ក្មេងៗ​គ្រប់រូប​ ដោយ​មុន​ដំបូង​ចាប់​ផ្តើម​ការ​ចុះ​បញ្ជី​ជាតិ​កំណើតរបស់​គេ ​ជាផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ស៊ីវិល​ និង​ស្ថិតិ​ដ៏​សំខាន់​ជាសាកល។

មន្ត្រី​រដ្ឋាភិបាល​នានា​នឹង​កោះ​ប្រជុំ​នៅ​ទីក្រុង​បាងកក​នៅ​ក្នុង​ឆ្នាំ​នេះ។​

ទីប្រឹក្សា​ការពារ​កុមារ​ក្នុង​តំបន់​នៃ​អង្គការ ​Unicef ​គឺ​លោក​ Stephen Blight ​និយាយ​ថា ​នៅក្នុង​សករាជ​នេះ ​កង្វះ​អត្តសញ្ញាណ​ផ្លូវ​ច្បាប់​នៅពេល​មនុស្ស​យើង​ពេញវ័យ ​អាច​បង្កឲ្យ​មាន​ការ​ប្រឈមមុខ​ជា​ច្រើន។

«ក្នុង​ពិភពលោក​សម័យ​ទំនើប​ យើង​ត្រូវ​តែបញ្ជាក់​ពីអាយុ​របស់​យើង ​ហើយ​យើង​ត្រូវ​បញ្ជាក់​អត្ត​សញ្ញាណ​របស់​យើង​ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ធ្វើអ្វីមួយ»។​

កត្តា​ទាំង​នេះ ​រួមមាន​ការ​ទទួល​បាន​នូវ​ឯកសារ​សំខាន់ៗ ​ដូចជា​លិខិត​ឆ្លងដែន​ និង​អត្ត​សញ្ញាណ​បណ្ណ​បើកបរ​ ដើម្បី​រក​ការ​ធ្វើ​ក្នុង​ផ្នែក​ណា​មួយ​ជា​ផ្លូវការ​ ឬ​ដើម្បី​បើក​គណនី​ធនាគារ។​ សព្វ​ថ្ងៃនេះ​ កង្វះ​អត្តសញ្ញាណ​អាច​ជា​ឧបសគ្គ​ដល់​ឱកាស​ទទួល​បាន​អ្វីមួយ ​ដែល​អាច​ជា​របស់​ធម្មតា ​ឬ​សំខាន់​ ដូច​ជា​ទូរស័ព្ទ​ដៃ​ជាដើម។​

លោក ​Jonathan Marskell ​ទីប្រឹក្សា​ខាង​ស្ថិតិ​សម្រាប់​គណៈ​កម្មការ​សេដ្ឋកិច្ច​ និង​ស្ថិតិ​របស់​អ.ស.ប.​សម្រាប់​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក ​UNESCAP ​និយាយ​ថា ​ចំពោះ​អ្នក​ដែល​មិន​បាន​ចុះបញ្ជី​នោះ​ កូន​របស់​គេ​ក៏​ទំនង​ជា​មិន​បាន​ចុះ​បញ្ជី​ដែរ។

«ដូច្នេះ​ការ​មិន​បាន​ចុះ​បញ្ជី​នេះ​នឹង​បន្ត​ទៅ​ដល់​កូន​ចៅ​របស់​គេ។ ​ហើយ​បញ្ហា​នេះ​ប៉ះ​ពាល់​ ជាពិសេស​ចំពោះ​ពលរដ្ឋ​នៃ​ក្រុម​ណាមួយ​ ដែល​នៅ​ក្រៅ​សង្គម​ ជាស្រេច​ទៅ​ហើយ​នោះ»។​

ការ​ចុះ​បញ្ជី​ព័ត៌មាន​បុគ្គល​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បុគ្គល​នោះ​ទទួល​បាន​សេវា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ តែ​វា​ក៏​ជួយ​ឲ្យ​គេ​មាន​សិទ្ធិ​ជាមូលដ្ឋាន​ផង​ដែរ។ ​ការ​ចុះ​បញ្ជី​ក៏​ផ្តល់​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​ប្រជាសាស្ត្រ​ច្បាស់​លាស់​ និង​ជា​ប្រយោជន៍​សម្រាប់​សុខភាព​ប្រជា​ពល​រដ្ឋ​ផង​ដែរ។​

សូម្បី​ស្ថិតិ​ជាក់លាក់​អំពី​អ្នក​ស្លាប់​ក៏​មាន​សារៈ​សំខាន់​ដែរ។ ​ព័ត៌មាន​អំពី​ទីកន្លែង​មនុស្ស​ស្លាប់​ និង​ហេតុផល​បណ្តាល​ឲ្យ​ស្លាប់​ក៏ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ និង​មរណ​ភាព​កុមារ​ផង​ដែរ។ ​ប៉ុន្តែ​បើ​យោង​តាម​អង្គការ​សុខភាពពិភព​លោក​ WHO បាន​ឲ្យ​ដឹង​ថា ​មនុស្ស​៩នាក់​ក្នុង​ចំណោម​១០​នាក់​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​រស់​នៅ​ក្នុង​ប្រទេស ដែល​ស្ថិតិ​អំពី​មរណភាព​មិន​អាច​គួរ​ឲ្យ​ជឿជាក់​បាន។​

លោក​ Nicholas Oakeshott ​មន្ត្រី​ផ្នែក​ការពារ​ប្រចាំ​តំបន់​នៃ​ស្នងការ​ជាន់​ខ្ពស់​អ.ស.ប.​សម្រាប់​ជនភៀស​ខ្លួន ​UNHCR ​និយាយ​ថា ​មាន​រដ្ឋាភិបាល​ច្រើន​ឡើងៗ​កំពុង​ទទួល​ស្គាល់​តម្លៃ​របស់​ទិន្នន័យ​ ដែល​ជាក់លាក់​ និង​ទូលំ​ទូលាយ។​

«យើង​អាច​មើល​ឃើញ​ថា​ សន្ទុះ​នៃ​ការ​អភិវឌ្ឍ​នៅ​ទីនេះ​ឲ​មាន​ឧបសគ្គ​ខ្លះ ​ដូច​ការ​ចុះ​បញ្ជី​ជាពិសេស​ ការ​ចុះ​បញ្ជី​ជាតិ​កំណើត​របស់​កុមារ​ជនជាតិ​ភាគ​តិច​ ឬ​កុមារ​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់។ ​គេ​កំពុងតែ​ពុះពារ»។​

លោក ​Anis ​Chowdhury ​នាយក​ផ្នែក​ស្ថិតិ​នៃ​អង្គការ​ UNESCAP​ កំពុង​ធ្វើការ​អំពាវនាវ​ឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍នានា​ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ។​

«មាន​មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា ​គេមាន​សិទ្ធិ​ក្នុង​ការ​ចុះ​បញ្ជីទេ។ នេះ​ជា​បញ្ហា​ដែល​បណ្តាញ​ព័ត៌មានអាច​ជួយ​យើង​បង្កើន​ការ​យល់​ដឹង»។​

មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាង​១០០​នៅ​ទូទាំង​ពិភពលោក​នៅតែ​មិន​ទាន់​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដើម្បី​គាំទ្រ​ដល់​ការ​ចុះ​បញ្ជី​អត្រា​កំណើត​មនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ចងក្រងនឹង​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ផ្សេងៗ​ទៀត​ក្នុង​ជីវិត​របស់​គេ។ ​ព្រឹត្តិ​ការណ៍នេះ​សំខាន់​ណាស់​នៅ​តំបន់​អាស៊ី ​ដែល​មាន​តួលេខ​ខ្ពស់​ក្នុង​ចំណោម​មនុស្ស​១៥​លាន​នាក់​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​រដ្ឋណា​មួយ ​នៅ​ទូទាំង​ពិភព​លោក។​

អស់ពេល​ជា​យូរមក​ហើយ ​ដែល​ប្រជាជន​ទាំង​នេះ​ត្រូវគេ​មិន​យក​ចិត្ត​ទុក​ដាក់ ​ ហើយ​បំភ្លេច​ចោល ​ នេះ​បើយោង​តាម​លោក ​Hatai Limprayoonyong ​ធ្វើការ​នៅ​អង្គការក្រៅ​រដ្ឋាភិបាល​ឈ្មោះ ​ Plan International​ ដែល​ជា​ដៃគូ​ក្នុង​សន្និសីទ​រួម​ជាមួយ​មន្ត្រីរដ្ឋាភិបាល​ដែល​រៀប​ចំ​ដោយ​ UNESCAP ​ក្នុង​ពេល​ខាង​មុខ​នេះ។​

ដៃគូ​ផ្សេង​ទៀត​មានធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ​ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប. ​អង្គការ​ Unicef ​និង​អង្គការ​សុខភាពពិភពលោក​ WHO។​

មន្ត្រី​អ.ស.ប.​ម្នាក់​ដែល​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃព្រហស្បតិ៍​ ​បាន​ទទួល​ស្គាល់​ថា​ មាន​កន្លែង​ច្រើនណាស់​ ដែល​អំពើ​ពុករលួយ​ ​កង្វះ​ប្រព័ន្ធ​សមស្រប ​ហើយនឹង​កង្វះបុគ្គលិក​បាន​បន្ត​រារាំង​មិនឲ្យ​មនុស្ស​ជាច្រើន​ចុះ​ឈ្មោះ​របស់គេ​ និង​កូនចៅ​របស់​គេ​ទេ។​

កិច្ច​ប្រជុំ​រយៈ​ពេល​៤​ថ្ងៃ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ស្តីអំពី​ការ​ចុះ​បញ្ជី​ជន​ស៊ីវិល​ និង​ស្ថិតិ​អ្នក​ស្លាប់​នេះ​ នឹង​ត្រូវ​ធ្វើឡើង​នៅក្រុង​បាងកក ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា​ ហើយ​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ៕​

ប្រែ​សម្រួល​ដោយ​លោក​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG