ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស អ៊ីស្រាអែល ចាប់ផ្តើម​និរទេស​ជន​អន្តោប្រវេសន៍​មកពីទ្វីបអាហ្វ្រិក


បុរស​ស៊ូដង់​ខាងត្បូង​អូស​វ៉ាលី​ដើរ​ទៅកាន់​ស្ថានិយ៍​រថយន្ត​ក្រុង​តែល អាវីវដើម្បី​ធ្វីដំណើរ​ទៅកាន់​ព្រលាន​យន្តហោះ Ben Gurion អ៊ីស្រាអែល ថ្ងៃទី១៧ ឧសភា ២០១២។
បុរស​ស៊ូដង់​ខាងត្បូង​អូស​វ៉ាលី​ដើរ​ទៅកាន់​ស្ថានិយ៍​រថយន្ត​ក្រុង​តែល អាវីវដើម្បី​ធ្វីដំណើរ​ទៅកាន់​ព្រលាន​យន្តហោះ Ben Gurion អ៊ីស្រាអែល ថ្ងៃទី១៧ ឧសភា ២០១២។
ដោយ Robert Berger

ប្រទេសអ៊ីស្រាអែល​ (Israel) ​កំពុងបញ្ជូន​ជនអន្តោប្រវេសន៍​ជាតិ​អាហ្វ្រិកមួយ​យន្តហោះដំបូង ​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ រ៉ូបឺត ប័រហ្គ័រ (Robert Berger) រាយការណ៍​សម្រាប់​វីអូអេ​ ពីទីក្រុង ជើរូសាឡឹម (Jerusalem)។

​ប្រទេស អ៊ីស្រាអែល បានឲ្យ​ដឹងថា ការនិរទេស​ជនជាតិអាហ្វ្រិកចំនួន១២០​នាក់ ​ទៅ​កាន់ប្រទេសស៊ូដង់ខាងត្បូង (South Sudan) វិញ គឺ​ជា​វិធាន​ការ​ដំបូង​បង្អស់​ ក្នុងការ​បណ្តេញចេញ​មនុស្ស​រាប់ពាន់​នាក់​បន្ថែមទៀត​។ ជន​អន្តោប្រវេសន៍ជាង៤​ពាន់​នាក់ ដែល​មក​ពីបណ្តាប្រទេសក្នុង​ទ្វីបអាហ្វ្រិក ដែលមាន​ទំនាក់​ទំនងជា​មិត្តភាពជាមួយ​ប្រទេស អ៊ីស្រាអែល ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់ប្រទេស​កំណើត​របស់ពួកគេ​វិញ តាម​ជើងយន្តហោះ​ប្រចាំ​សប្តាហ៍។​

ដោយ​ពណ៌នា​ជនអន្តោប្រវេសន៍​ទាំងនោះ​ថាជា​ «អ្នក​ជ្រៀតចូល» លោក​នាយក​រដ្ឋ​មន្ត្រី បិន​យ៉ា​ម៉ីន​ ណេតាន​យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែល​ កំពុង​អនុវត្ត​ការនិរទេស​ខ្លួន​ក្នុង​វិធីប្រកបដោយ​មនុស្ស​ធម៌​មួយ ​ខណៈពេលដែល​ប្រទេសនេះ​ក៏​បានថែរក្សា​សេចក្តី​ថ្លៃថ្នូររបស់ពួកគេ​ផងដែរ។

ជន​និរទេស​ម្នាក់ៗ​ ត្រូវ​បានផ្តល់ឱ្យ​នូវ​ទឹកប្រាក់​ចំនួន១ពាន់​អឺរ៉ូ ដើម្បី​ជួយឲ្យពួកគេ​ចាប់​ផ្តើម​ជីវិត​ថ្មីនៅ ស៊ូដង់​ខាងត្បូង។​

ប៉ុន្តែ សម្រាប់​ជនអន្តោប្រវេសន៍ ការនិរទេសខ្លួន​នេះ​គឺ​ជា​ការដាក់ទណ្ឌកម្មមួយ។ ជន​អន្តោ​ប្រវេសន៍ជា​ច្រើន​ បានរស់នៅក្នុង​ប្រទេស​ អ៊ីស្រាអែល អស់រយៈពេលជាច្រើន​ឆ្នាំមកហើយ ដោយ​សារ​គេចចេញ​ពី​សង្គ្រាម​ឬ​ភាពក្រីក្រ​ ដើម្បី​ស្វែងរកភាព​រុងរឿង​សមរម្យ​នៅ​ក្នុងរដ្ឋ​ជ្វីបមួយនេះ។ លោក សាយម៉ុន ម៉ើ (Simon Meir) ដែល​ពណ៌នា​ខ្លួន​លោក ថាជា​ជនភៀសខ្លួនស៊ូដង់​ មាន​ប្រសាសន៍ថា លោកនិង​អ្នកដទៃទៀត ត្រូវ​ការ​សិទ្ធិ​ជ្រកកោននៅក្នុង​ប្រទេស អ៊ីស្រាអែល។

«យើង​កំពុង​ស្នើសុំ​ប្រកបដោយ​សន្តិវិធី ដែល​ថា​ជនភៀសខ្លួនមកពី ស៊ូដង់ គួរ​តែទទួល​បាន​ការទទួលស្គាល់​ថា​ជា​ជនភៀសខ្លួន​នៅទីនេះ ដើម្បី​ទទួល​បានសិទ្ធិ​របស់ខ្លួន ការផ្តល់ជូនពួកគេ​នូវ​ការ​ថែរក្សាសុខភាព ការអប់​រំ និង​អ្វី​ៗ​ទាំងអស់​នេះ»។​

ទោះ​យ៉ាងនេះក្តី ប្រទេស អ៊ីស្រាអែល និយាយ​ថា ភាគច្រើន​បំផុត​ក្នុង​ចំណោម​ជនជាតិ​អាហ្វ្រិក​ចំនួន៦ម៉ឺននាក់ ដែល​បាន​មកដល់​ទីនេះ​ចាប់​តាំង​ពីឆ្នាំ​២០០៥មក មិនមែន​ជា​ជនភៀស​ខ្លួន​ទេ ប៉ុន្តែ​ជា​ជនអន្តោប្រវេសន៍​សេដ្ឋកិច្ច។​ ជនជាតិ​អាហ្វ្រិកត្រូវ​បាន​ស្តីបន្ទោស​ចំពោះការកើនឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ប្រកបដោយ​ហិង្សា​ជាបន្តបន្ទាប់​ ដោយរាប់​បញ្ចូល​ទាំងការ​ចោទប្រកាន់អំពី​ការ​រំលោភ​ស្ត្រីជនជាតិ​ជ្វីប​ក្មេង​ៗ​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​តប​តវិញ​ពីសំណាក់​ប្រជាពលរដ្ឋ​អ៊ីស្រាអែល ដែល​បាន​ទាមទារឲ្យ​មានការ​បណ្តេញ​ពួកគេ​ចេញ។​

ក្រុមមន្ត្រី អ៊ីស្រាអែល ថ្លែងថា ជនអន្តោប្រវេសន៍​ គឺជា​ការគំរាម​កំហែង​មួយ​ដល់​សន្តិសុខ និង​លក្ខណៈសម្បតិ្ត​របស់រដ្ឋ​ជ្វីប ហើយការនិរទេស​ជនជាតិ​ស៊ូដង់​ខាងត្បូង គឺជា​ការចាប់​ផ្តើមនៃ​យុទ្ធនាការ​ ដើម្បី​បណ្តេញ​ជនជាតិ​អាហ្វ្រិក​ភាគច្រើនចេញពី​ប្រទេស​នេះ។ ប៉ុន្តែ​ កិច្ចការ​នេះ​មានភាព​ងាយស្រួលក្នុងការនិយាយ​ជា​ង​ការអនុវត្ត។ ខណៈពេលដែល​ប្រទេស អ៊ីស្រាអែល មានទំនាក់​ទំនង​ការ​ទូត​ជាមួយ ស៊ូដង់​ខាង​ត្បូង​ ជនជាតិ​អាហ្វ្រិក​ភាគច្រើននៅទីនេះ មកពី​ប្រទេស​ស៊ូដង់ និងប្រទេស អ៊ីរីទ្រា (Eritrea) ដែល​ត្រូវ​បាន​ចាត់ទុក​ថាជា​ «ប្រទេស​សត្រូវ»។

លោក វីលៀម ថល (William Tall) នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន មានប្រសាសន៍ថា ប្រទេស អ៊ីស្រាអែល ត្រូវ​បាន​ចងភ្ជាប់​ដោយ​កិច្ច​ព្រៀម​ព្រៀង​អន្តរ​ជាតិ។ ​

«ដោយសារ​តែ​ទំនាក់ទំនងមានលក្ខណៈជា«ប្រទេសសត្រូវ» ទើប​បាន​ជា​អ្នកទាំងឡាយ​ណា​ដែលមក​ពីប្រទេស ស៊ូដង់ ត្រូវបានចាត់​ទុកជាជន​ភៀស​ខ្លួនមិនទាន់ស្របច្បាប់ នេះ​ក៏រាប់​បញ្ចូល​ទាំងអ្នក​ដែល​មកពីប្រទេស អ៊ីរីទ្រា​ ផង​ដែរ។ រដ្ឋាភិបាល​ទទួលស្គាល់ថា ខ្លួន​មិន​អាចនិរទេសជនណាម្នាក់​ត្រឡប់​ទៅវិញ ដោយសារ​តែ​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុងប្រទេសទាំង​នោះទេ»។

ក្រុម​សកម្មជនសិទ្ធិមនុស្ស និងបញ្ញាជនរបស់ អ៊ីស្រាអែល បានរិះគន់ការ​វាយបង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ជនជាតិ​អាហ្វ្រិក។ ពួកគេ​និយាយថា អ៊ីស្រាអែល​ គឺជា​ប្រទេសរបស់​ជន​ភៀស​ខ្លួន ដែល​ត្រូវ​បានបង្កើត​ឡើងបន្ទាប់​ពី​អំពើប្រល័យពូជសាសន៍ ឬហៅថា​ហូឡ័រខស (Holocaust)។ ហើយ​ប្រទេស​នេះ​មាន​កាតព្វកិច្ច​ខាងផ្លូវ​សីលធម៌​ក្នុងការជួយមនុស្ស​ដែល​កំពុងត្រូវការ​ជំនួយ៕

ប្រែសម្រួលដោយ​ លី​ សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG