ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​១០​នាក់ និង​រឹបអូស​គ្រឿង​ឧបភោគ​បរិភោគ​ក្លែងក្លាយ​ជាង​៨៨តោន​នៅ​ភ្នំពេញ


​ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​ ត្រូវបានរឹប​អូស​បាន​ក្នុង​រយៈពេល​៣ខែ​ ដោយគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបភាពដកស្រង់ពីហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ)
​ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​ ត្រូវបានរឹប​អូស​បាន​ក្នុង​រយៈពេល​៣ខែ​ ដោយគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបភាពដកស្រង់ពីហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ)

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​១០​នាក់ និង​រឹបអូស​ផលិតផល​ក្លែង​ក្លាយ​៨៨​តោន ក្នុង​រាជធានី​ភ្នំពេញ។ ​លោក​ ​មាជ សុផាន់ណា​ ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ថ្លែង​ថា​ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ផលិតផល​ក្លែង​ក្លាយ​ ​គឺ​ដោយ​សារ​តម្រូវ​ការ​នៃ​ការ​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង ​ស្រប​ពេល​ដែល​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​ ដែល​រឹប​អូស​បាន​ក្នុង​រយៈពេល​៣ខែ​ ​និង​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​កើន​ឡើង​នៃ​ផលិត​ផល​ក្លែង​ក្លាយ​ថា​ ​ដោយ​សារ​កំណើន​សេដ្ឋកិច្ច​ ​និងកំណើន​តម្រូវ​ការទី​ផ្សារ។

អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ​ការ​កើន​ឡើង​នៃ​ការ​ចរាចរ​ផលិត​ផល​ក្លែង​ក្លាយ​នៅ​កម្ពុជា​បណ្តាល​មក​ពី​ការ​ខ្វះខាត​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​ប៉ុណ្ណោះ។

មនុស្ស​១០​នាក់​ ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលា​ការ​ ​ទំនិញ​ក្លែង​ក្លាយ​ ​និង​ខុស​ច្បាប់​ជាង​៨៨​តោន​ រួម​មាន​ ​សាច់​ប៉ាត់តេ​ ​ទឹកសុទ្ធ​ ​និង​ស្រាបៀរ​ ​ត្រូវ​បាន​រឹបអូស​ពី​ក្រុម​ឈ្មួញ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្នុងរយៈពេល​បី​ខែ​នៃ​យុទ្ធនាការ​បង្រាប​ផលិត​ផល​ខុសច្បាប់​និង​ក្លែង​ក្លាយ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ។

លោក​ ​មាជ សុផាន់ណា​ ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការ​បង្ហាញ​ផលិត​ផល​ខុស​ច្បាប់​ ​នៅ​ទីស្តីការ​ក្រសួង​មហា​ផ្ទៃ​ ​នារសៀល​ថ្ងៃ​ទី៦​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ថា អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​១០​នាក់​បញ្ជូន​ទៅ​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ផលិតផល​ក្លែង​ក្លាយ​ ​និង​ខុស​ច្បាប់​ជិត​៩០​តោន​ ​នៅ​ទី​តាំង​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បន្ថែម​ថា ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​នោះ​ ត្រូវ​បាន​ដកហូត​ក្នុង​ទី​តាំងផលិត​សាច់ប៉ាត់តេ​មិន​អនុលោម​តាម​ច្បាប់​ ​ការ​បើក​សិប្បកម្ម​ផលិត​ម្រេច​ ​និង​កាហ្វេ​មិន​អនុលោម​តាម​ច្បាប់​ ​និង​ករណី​នាំ​ចូល ផលិត និង​វេច​ខ្ចប់​ខុស​ច្បាប់​លើ​ផលិត​ផលស្រាបៀរ ទឹក​បរិសុទ្ធ និង​ប៉ាត់តេ ជាដើម។

លោក​ ​មាជ សុផាន់ណា​ ​(កណ្តាល) ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ថ្លែង​នៅក្នុង​សន្និសីទកាសែត បង្ហាញពី​ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​ ដែល​រឹប​អូស​បាន​ក្នុង​រយៈពេល​៣ខែ។ (រូបភាពដកស្រង់ពីហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ)
លោក​ ​មាជ សុផាន់ណា​ ​(កណ្តាល) ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ថ្លែង​នៅក្នុង​សន្និសីទកាសែត បង្ហាញពី​ផលិត​ផល​ក្លែង​ក្លាយ​ចំនួន​៨៨​តោន​ ដែល​រឹប​អូស​បាន​ក្នុង​រយៈពេល​៣ខែ។ (រូបភាពដកស្រង់ពីហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ)

លោក​ ​មាជ សុផាន់ណា​ ​បន្ថែម​ថា​ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ផលិត​ផល​ក្លែង​ក្លាយ​ ​គឺ​ដោយ​សារ​តម្រូវ​ការ​នៃ​ការ​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង និង​ស្រប​ពេល​ដែល​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន។​

លោក​បញ្ជា​ក់ថា៖

«ដោយ​សារ​ប្រទេស​យើង​រីក​ចម្រើន​ ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ ​តម្រូវ​ការ​ក៏​ច្រើន​ដែរ​ ​ដើម្បី​ឲ្យ​ជីវភាព​យើង​តាម​ទាន់​ហ្នឹង​ពេល​វេលា​នៃ​ការ​រីក​ចម្រើន​នេះ​ ​យើង​ត្រូវ​ការ​គ្រឿង​ឧបភោគ​ ​បរិភោគ​ហ្នឹង​ច្រើន​មុខ​ណាស់។​ ​អីចឹង​ដើម្បី​ឆ្លើយតប​តម្រូវ​ការ​ ​ដោយ​សារ​ការ​ផលិត​ផល​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ ​អីចឹង​ការ​នាំ​ចូល​គឺវា​មាន​ច្រើន​សព្វ​គ្រប់​សារពើ។​ ​អីចឹង​អ្នក​ដែល​ឆ្លៀត​ឱកាស​ ​ជនទុច្ចរិត​ ​ជន​ខិលខូច​គាត់​ចម្លង​តាម​ហើយ»។

លោក​ ​មាជ សុផាន់ណា​ ​បន្ថែម​ថា ផលិត​ផល​ក្លែង​ក្លាយ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​រលាក​ក្រពះ ឬ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហា​រីក​ជាដើម។ លោក​ថា ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នេះ នឹង​ត្រូវ​កម្ទេច​ចោល​នា​ពេល​ខាង​មុខ តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​កម្ទេច​ចោល​ថ្ងៃ​ណា​នោះ​ទេ។

កាលពី​ឆ្នាំ​២០១៧​ ​អាជ្ញាធរ​បាន​ដុត​កម្ទេច​ផលិត​ផល​ក្លែង​ក្លាយ​រាប់រយ​តោន ដែល​រឹប​អូស​បាន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ រួម​មាន​ថ្នាំ​ពេទ្យ គ្រឿង​សម្អាង ភេសជ្ជៈ និង​គ្រឿង​បរិភោគ​ជាដើម។

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ការ​កើន​ឡើង​នៃ​ការ​ចរាចរ​ផលិត​ផលក្លែង​ក្លាយ​នៅ​កម្ពុជា​បណ្តាល​មកពី​ការ​ខ្វះខាត​ការគ្រប់​គ្រង​ ​និង​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ។

លោក​បន្ថែម​ថា​ ​អាជ្ញាធរ​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​និង​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិត​ផល​ក្លែង​ក្លាយ​ឲ្យ​បាន​ទូលំ​ទូលាយ និង​មាន​ប្រសិទ្ធភាព ជា​ជាង​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច។​

លោក​បញ្ជា​ក់ថា៖​

«គេ​គួរ​តែ​បន្ទោស​ទៅ​លើ​ចំណុច​ខ្វះខាត ឬ​ក៏​ជា​ចំណុច​ខ្សោយ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ដាក់​លក់ ឬ​ក៏​ចែក​ចាយ​នូវ​ផលិត​ផល​ក្លែង​ក្លាយ ជា​ជាង​ការ​ទៅ​អួត លើក​តម្កើង​រឿង​ភាព​មាន​បាន​ដែល​នាំ​ឲ្យ​មនុស្ស​ហ្នឹង​ប្រើ​ប្រាស់​ច្រើន​លើង​ ​ហើយ​នាំ​ឲ្យ​មាន​ការ​លក់​ដូរ​ហ្នឹង​ ​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​នឹង​ផលិត​ផល​ក្លែង​ក្លាយ​អី​ជាដើម។​ ​ការលើ​ក​ឡើង​ហ្នឹង គ្រាន់​តែ​ជា​ការ​អួត​ ​ហើយ​ល្អ​មើល​ ​ហើយ​អាច​ថា​ជា​ការ​បិទ​បាំង​នូវ​ចំណុច​ខ្វះខាត​របស់​អ្នក​អនុ​វត្ត​ច្បាប់​ប៉ុណ្ណោះ»។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋរាយការណ៍​ទៅ​សមត្ថកិច្ច​អំពី​ទីតាំងផលិត​ ​សកម្មភាព​ ​ឬ​ផលិត​ផល​ក្លែង​ក្លាយ​នា​នា​ ​ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ ​និង​សុវត្ថិភាព​សង្គម​ ​ដើម្បី​សមត្ថកិច្ច​អាច​ចាត់​វិធានការ​លើ​ជន​ល្មើស​បាន​ទាន់​ពេល​ផង​ដែរ៕

XS
SM
MD
LG