ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​ណែនាំ​ឲ្យ​ម្ចាស់​ផលិតកម្ម​កសិកម្ម​ប្រើ​មន្ទីរ​ពិសោធន៍​របស់​រដ្ឋ​ ដើម្បី​គុណភាព​និង​សុវត្ថិភាព​ចំណី​អាហារ


រូបឯកសារ៖ អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ។

តាម​ប្រកាសរ​បស់​ក្រសួង​កសិកម្ម​ស្តីពី​មន្ទីរ​ពិសោធន៍​ដដែល​នេះ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ មន្ទីរ​ពិសោធន៍​ផលិតផល​កសិកម្ម​ និង​ចំណីអាហារ​នេះ​ នឹង​ផ្តល់​ការវិភាគ​គុណភាព​ និងសុវត្ថិភាព​លើ​ចំណី​អាហារ​នៃផលិតផល​កសិកម្ម​ ដែល​​​​​​​​​​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ​អាស៊ាន​ FAO WHO ​Codex Alimentarius ​Commission (CAC) ​និង​ស្តង់​ដារ​តម្រូវ​នៃបណ្តា​ប្រទេស​នាំចូល​ផ្សេងៗ។​

ជាង​បួន​ខែ​បន្ទាប់​ពី​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ពហិកា​រចំពោះ​បន្លែ​និង​គ្រឿង​បរិភោគ​នាំចូល​ពី​បរទេស​ដែល​មាន​ផ្ទុក​សារធាតុគីមី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ បាន​ចេញ​ប្រកាស​ស្តីពី​ការដាក់​ឲ្យ​ប្រើ​មន្ទីរ​ពិសោធន៍​ផលិត​ផល​កសិកម្ម​និង​ចំណី​អាហារ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ ​ដែល​ធ្វើ​ការ​ជាមួយកម្មករ​ក្នុង​វិស័យ​ចំណី​អាហារ​ ​និង​សេវា​កម្ម​យល់​ថា​ មន្ទីរ​ពិសោធន៍​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ពង្រឹងគុណភាព​អាហារ​នៅ​កម្ពុជា​ ​ដែល​ពល​រដ្ឋកាន់​តែ​ច្រើន​ឡើង​កំពុង​បារម្ភ​ពី​ផលប៉ះពាល់​នៃ​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី។

​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​ដល់​ម្ចាស់​ផលិតកម្ម​និង​អ្នក​ជំនួញ​ខាងកសិកម្ម​ឲ្យប្រើ​ប្រាស់​មន្ទីរ​ពិសោធន៍​ផលិតផល​កសិកម្ម​និង​ចំណី​អាហារ​កម្ពុជារបស់​រដ្ឋសម្រាប់​វិភាគ​គុណភាព​និង​សុវត្ថិភាព​លើ​ចំណី​អាហារ​នៃ​ផលិតផល​កសិកម្ម។​ រដ្ឋាភិបាល​ក៏​បាន​ព្រមាន​រឹបអូស​ផលិតផល​ដែល​រក​ឃើញ​ថា ​មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​ការ​ចម្លង​ជំងឺ​ផង​ដែរ។​ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និងនេសាទ​ ដែល​ចេញផ្សាយ​ជាសាធារណៈ​នៅ​ថ្ងៃពុធ។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ធ្វើ​នៅថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៨​ ចុះ​ហត្ថលេខាដោយ​លោក​ វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គោល​បំណង​នៃការដាក់​ឲ្យ​ប្រើ​មន្ទីរ​ពិសោធន៍​ផលិតផល​កសិកម្ម​ និង​ចំណី​អាហារ​កម្ពុជា​នេះ​ គឺធានា​នូវ​គុណភាពនិង​សុវត្ថិភាព​លើ​ចំណី​អាហារ​នៃ​ផលិត​ផលក​សិកម្ម​ និង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ត្រួត​ពិនិត្យ​ ដើម្បី​ការពារ​សុខភាព​សាធារណៈ​បង្កើន​ទំនុក​ចិត្ត​អ្នកប្រើ​ប្រាស់​និង​ជំរុញ​ការ​នាំចេញ​និង​នាំចូល​ប្រកប​ដោយ​ប្រសិទ្ធិភាព។

ប្រកាស​របស់​ក្រសួង​នេះក៏​គ្រប​ដណ្តប់​លើការ​ចេញ​វិញ្ញាបន​បត្រ​បញ្ជាក់​គុណភាព​និង​សុវត្ថិភាព​លើ​ចំណី​អាហារ​នៃផលិត​ផល​កសិកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ផលិតកម្ម​កសិកម្ម​ទាំងអស់ ចាប់​ផ្តើម​ពីផលិតកម្ម​ រហូតដល់​ដំណាក់កាល​ចុងក្រោយ​នៃការ​កែច្នៃ​បឋម​ ផលិតផល​កែច្នៃ​ ផលិតផល​កសិ-ចំណីអាហារ​ ផលិតផល​ពាក់​កណ្តាល​សម្រេច​ និង​ផលិតផល​សម្រេច។

លោក​ ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ដាក់​ឲ្យដំណើរ​ការ​មន្ទីរពិសោធន៍​នេះ​ជា​ដំណឹង​ល្អសម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​បាន​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​គុណភាព​បន្លែ​ និង​ចំណីអាហារ​ផ្សេង​ទៀត​សម្រាប់​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ។ លោក​រំពឹង​ថា មន្ទីរ​ពិសោធន៍​នេះ នឹង​ដំណើរ​ការ​ទៅដោយ​ការ​ទទួល​ខុសត្រូវ​ និង​មិនមាន​បាតុភាពពុក​រលួយ​ក្នុង​មន្ទីរ​ដែលមាន​ភាព​ចាំបាច់​ដើម្បីការពារ​សុខភាព​សាធារណៈ​នោះ​ឡើយ។​

«ខ្ញុំ​គិតថា​ វា​ជារឿង​មួយ​ដែល​ល្អ​ បើ​សិន​ជា​មិន​មានបញ្ហា​ពុក​រលួយ​ ឬ​ក៏​...​បក្ខពួក​នៃ​ផ្សេង​ៗ​ គិតថា​ ជា​រឿង​មួយ​ដ៏ល្អ​ ព្រោះអានេះ​ វាប៉ះ​ពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ វាគួរ​តែ​ជាកាតព្វកិច្ច​ ហើយ​វាគួរតែ​មានការ​ត្រួត​ពិនិត្យ​ឲ្យបានល្អិតល្អន់​ ហើយ​មួយ​ទៀត​យើង​គិត​ថា​ វា​ជា​ឱកាស​ពង្រីក​ឲ្យ​កាន់​តែ​ទូលំទូលាយ​ទៅដល់​ បងប្អូន​អ្នក​ផលិត​ទាំងឡាយ​ហ្នឹង​ គឺ​ថា​ គាត់​អាច​បាន​ដឹង​កាន់តែច្បាស់​ថា​គាត់​ត្រូវតែ​ គាត់​មាន​កាតព្វកិច្ច​ក្នុង​ការ​ផលិត​មួយ​ប្រកប​ដោយ​មាន​គុណភាព​ ដែល​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​ផ្សេង​ៗ»។

លោកថ្លែង​បន្ត​ថា​ ការ​ប្រកួត​ប្រជែង​ក្នុង​ការ​នាំចូលនាំចេញ​ផលិតផលក​សិកម្ម​ អាចនឹង​មាន​ភាព​ប្រសើរ​ជាងមុនផងដែរ​ ដែល​ធានាថា​ ទំនិញ​នាំចេញ​ពីកម្ពុជា​ ឬ​នាំចូល​មក​ក្នុងប្រទេស​មាន​គុណ​ភាពល្អ​ និងផ្តល់​ប្រយោជន៍​ដល់សុខភាព​ពលរដ្ឋ។ យ៉ាងណា​ក៏ដោយ​ លោកមាន​ការ​ព្រួយបារម្ភ​ ទៅ​លើ​ជំនាញ​របស់​អ្នកពិសោធន៍ ដោយសារ​ការ​វិភាគ​គុណភាព​ចំណី​អាហារនេះ​ មិនទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅឡើយ ខណៈដែល​អ្នកផលិត​ក៏មិនសូវ​ខ្វល់​ពី​ការ​ត្រួត​ពិនិត្យ​គុណភាព។

​«បាទ​អានេះ​ គឺ​ជា​បញ្ហា​ប្រឈម​មួយ​ ​ដោយ​ឡែក​ផ្សេង​ទៀត ដែល​យើង​ ​យើង​មិនដឹង​ថា​តើ ព្រោះវា​ថ្មី​ សម្រាប់​ប្រ​ទេស​របស់​យើង​ហើយ​ចឹង​ យើង​មិន​ដឹង​ថា​តើ​សមត្ថភាព​របស់​មន្ត្រី​យើង​ ​ប៉ុន្មាន​ ​យើង​ពិបាក​ថាដែរ»។

តាម​ប្រកាសរ​បស់​ក្រសួង​កសិកម្ម​ស្តីពី​មន្ទីរ​ពិសោធន៍​ដដែល​នេះ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ មន្ទីរ​ពិសោធន៍​ផលិតផល​កសិកម្ម​ និង​ចំណីអាហារ​នេះ​ នឹង​ផ្តល់​ការវិភាគ​គុណភាព​ និងសុវត្ថិភាព​លើ​ចំណី​អាហារ​នៃផលិតផល​កសិកម្ម​ ដែលអនុលោម​ទៅតាម​បទដ្ឋាន​ជាតិ​អាស៊ាន​ FAO WHO ​Codex Alimentarius ​Commission (CAC) ​និង​ស្តង់​ដារ​តម្រូវ​នៃបណ្តា​ប្រទេស​នាំចូល​ផ្សេងៗ។

មន្ទីរ​ពិសោធន៍​នេះ​មាន​តួនាទី​ជាច្រើន​ផ្សេង​ទៀត​ផងដែរ​ ដូចជា​ «សម្រប​សម្រួល​ និង​ជំរុញការ​លើក​កម្ពស់​សុវត្ថិភាព​ផលិតផល​កសិកម្ម​នាំចេញ​ និង​នាំចូល​ ផ្តល់​សេវាកម្ម​បណ្តុះបណ្តាល​ធនធាន​មនុស្ស សហប្រតិបត្តិការ​ស្រាវជ្រាវ​លើការ​វិភាគ​គុណភាព​ និង​សុវត្ថិភាព​លើ​ចំណី​អាហារ​នៃ​ផលិតផល​កសិកម្ម​និង​ធានា​ប្រសិទ្ធភាព​និង​គុណភាព​នៃមន្ទីរ​ពិសោធន៍​ឯកជន​ គ្រឹះស្ថាន​សាធារណៈ​ ទាំងឡាយ​ដែលប្រកប​អាជីវកម្ម​ វិភាគ​គុណភាព​ និង​សុវត្ថិភាព​លើ​ចំណី​អាហារ​នៃ​ផលិតផល​កសិកម្ម»។​

​ប្រកាស​ស្តី​ពី​មន្ទីរពិសោធន៍​នេះ​ ​ក៏​ផ្តល់​អំណាច​ដល់​មន្ត្រីកសិកម្មក្នុងការ​ចេញ​ការ​ព្រមាន​ ផ្អាក​រឹប​អូស​ផលិតផល​កសិកម្ម​ ដែល​ត្រូវ​បាន​វិភាគ​ឃើញ​ថា​ មាន​ផ្ទុក​សារធាតុ​គីមីហួស​ប្រមាណ​ ដែល​បង្ក​ផល​ប៉ះពាល​ដល់​សុខភាព​ពលរដ្ឋ។​ ការ​ចេញការ​ព្រមាន​ ការ​ផ្អាក​ បញ្ឈប់​ និង​ដកហូត ​ដែលនឹង​ធ្វើ​ទៅ​លើ​ផលិតកម្ម​កសិកម្ម​ និង​ផលិផល​កសិកម្ម​ ក៏​ដូច​ជា​ចំណី​អាហារ​ អាច​នឹង​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​នាយកដ្ឋាន​កសិ-ឧស្សាហកម្ម ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ។​

កាលពី​ខែមករា​ ឆ្នាំ​២០១៨​ លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ឆ្លើយ​តប​នឹង​ការ​ត្អូញត្អែ​របស់​សាធារណៈជន​ចំពោះ​ការ​ប្រើប្រាស់​បន្លែ​មានសារធាតុ​គីមី។​ លោក​ ​ហ៊ុន សែន ​បានស្តី​បន្ទោស​ពល​រដ្ឋខ្មែរ​ថា​ បាន​ប្រើ​ប្រាស់​បន្លែ​ ឬ​គ្រឿង​បរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​ពី​បរទេស​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​ការ​នាំចូល​ផលិត​ផល​ទាំង​នេះ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ច្រើន។​ ​បន្ថែម​លើការ​ស្តីបន្ទោស​ខ្លាំងៗ​នោះ​លោក​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិកា​រចំពោះ​បន្លែ​ និងគ្រឿង​បរិភោគ​នាំ​ចូល​ពី​បរទេស​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​និង​ជំរុញ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​បង្កើន​ការ​ដាំ​បន្លែ​ធម្មជាតិ​ក្នុង​ស្រុក។​

លោក​ ហ៊ាន វណ្ណហន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ សុំមិន​ធ្វើការ​អធិប្បាយ​លើ​សមត្ថភាព​មន្ទីរពិសោធន៍​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការនេះ​ ដោយ​បានស្នើ​ឲ្យ​អ្នកយក​ព័ត៌មាន​យោងទៅលើ​ខ្លឹមសារ​ប្រកាស​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម។​

ពាក់​ព័ន្ធ​បញ្ហា​មិន​ប្រក្រតីនៃ​ចំណីអាហារ​ផ្គត់​ផ្គង់​នៅកម្ពុជា​ ក្នុង​ពេលថ្មីៗ​នេះ​ មានការ​ចែក​រំលែក​ដំណឹង​តាម​បណ្តាញ​សង្គម​ អំពី​ការ​ផលិតកាហ្វេ​ធ្វើ​ពីថ្មពិល​ដែល​គេសង្ស័យថា មានប្រភព​ចេញពីប្រទេស​វៀតណាម​និង​ការ​ផលិតស្រាវីស្គី​ក្លែងក្លាយ​ម៉ាកល្បី​ៗ​ជា​ច្រើន។​ ​ដំណឹង​អំពីការ​ចរាចរ​លក់​អង្ករ​បា្លស្ទិកនៅ​លើ​ទីផ្សារ​កម្ពុជា​ ក៏ត្រូវបាន​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចែករំលែកឲ្យ​ដឹង​តៗ​គ្នា កាលពីពេល​កន្លងមក​ផងដែរ។​

ក៏ប៉ុន្តែ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ​បាន​ប្រតិម្ម​នឹង​ដំណឹង​នេះ​ ដោយបាន​ប្រកាស​ថា ក្រសួង​បានពិសោធ​អង្ករ​ដែល​សង្ស័យ​ថា​ជា​អង្ករ​ប្លាស្ទិកនោះ ហើយ​លទ្ធផល​បង្ហាញ​ថា​ អង្ករ​ទាំង​នោះ​ជា​អង្ករ​ពិត​ មិនមែន​ជា​អង្ករ​ប្លាស្ទិកដូច​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ​ទេ៕

XS
SM
MD
LG