ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អារ៉ាប់រួម​ Emirates ហាម​ប្រើ​ទូរស័ព្ទ​ ប៊្លែគប៊ែរី​ (BlackBerry)


ប្រទេស​អារ៉ាប់រួម​ Emirates​ បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​រារាំង​សេវ៉ាកម្ម​ទំនាក់​ទំនង​ទិន្នន័យ​ ​លើ​ទូរស័ព្ទឆ្លាត​ប៊្លែគប៊ែរី​ (Blackberry) ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី១១​ ខែតុលា​នេះ។ ​ក្រុម​អ្នក​រឹត​បន្តឹង​ច្បាប់​និយាយ​ថា​ ​ប្រព័ន្ធ​ដាក់​លេខ​សម្ងាត់របស់ទូរស័ព្ទ​ឆ្លាត​ប៊្លែគប៊ែរី​ បង្ហាញ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ ​ព្រោះថា ឧក្រិដ្ឋជន​ និង​ភេរវ​ជនអាច​ប្រើ​លេខ​សម្ងាត់។ ​លោក​ Jerome​ Socolovsky​ អ្នក​យក​ព័ត៌មាន​របស់​ វីអូអេ​ ​សម្លេង​សហ​រដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​ Washington​ រាយ​ការណ៍​ថា​ ​វិធានការ​នេះ​ គឺ​ជា​ជម្លោះ​ចុងក្រោយបំផុត​រវាង​រដ្ឋា​ភិបាល​ និង​ក្រុមហ៊ុន​បច្ចេក​វិជ្ជា​ ​លើ​ការគ្រប់គ្រង​ព័ត៌មាន​ក្នុង​សម័យអ៊ីន​ធឺណិត​នេះ។

ការ​ប្រកាស​ហាម​មិន​ឲ្យ​មាន​សេវ៉ា​កម្ម​ប៊្លែគប៊ែរី​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម​ Emirates​ ​កំពុងតែ​មាន​ការប៉ះពាល់​គួរឲ្យ​ព្រួយ​បារម្ភ​ដល់​ការ​លក់ដូរ។

Compu-Me​ ជា​ហាង​លក់​ទូរស័ព្ទ​មួយ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ហាង​ទំនិញ​ក្នុង​ក្រុង​ឌុយបៃ​នៃ​ប្រទេស​អារ៉ាប់​រួម​ Emirates។ ​Gilda Ducao ​ជា​តំណាង​ផ្នែក​បំរើ​អតិថិជន​នៅ​ហាង​នោះ។

"ខ្ញុំ​បាន​និយាយ​ជាមួយ​អតិថិជន​រួចហើយ។ ​នៅ​ទីនេះ​ ​ពួកគេ​កំពុង​បម្រុង​ប្តូរ​ទៅ​ប្រើប្រាស់​ទូរស័ព្ទ​អាយហ្វូន​ (iPhone)​ ​បើសិនណាកម្មវិធី​បញ្ជូនសារតាម​ប៊្លែគប៊ែរី​ ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើប្រាស់​នោះ"។

ប្រទេស​អារ៉ាប់រួម​ Emirates​ បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​ខ្លួន​នឹង​ផ្អាកកម្មវិធី​បញ្ជូនសារ​តាម​ប៊្លែគប៊ែរី​ ឬ​ហៅ​កាត់​ថា​ BBM​រួម​ទៅ​ជាមួយ​នឹង​សេវ៉ា​រុករក​ចល័ត និង​តាម​អ៊ីម៉ែល​ ចាប់​ផ្តើម​នៅ​ខែតុលា​នេះ។​ អាជ្ញាធរ​រឹតបន្តឹង​ទូរគមនាគមន៍​របស់​រដ្ឋា​ភិបាល​និយាយ​ថា​ ​សេវ៉ាកម្ម​នេះ​គម្រាម​ដល់​សន្តិសុខ។

មិន​ដូច​ ទូរស័ព្ទ​ឆ្លាត​ម៉ាក​ណូគៀ​ (Nokia)​ និង​ Apple នោះ​ទេ​ ​ទិន្នន័យ​ដែល​បាន​ផ្ញើរតាម​ក្រុម​ហ៊ុន​ Research​ in Motion​ របស់​ទូរស័ព្ទ​ប៊្លែគប៊ែរី​ គឺ​ត្រូវ​បាន​គេ​សរសេរជាលេខ​សម្ងាត់​ ​ហើយ​រក្សា​ទុក​នៅ​ឯក្រៅ​ប្រទេស។​ ពួក​គេ​មិន​អាច​រក​ព័ត៌មាន​ ​ដែល​ពួក​គេ​ត្រូវការ​សម្រាប់​ការ​ស៊ើប​អង្កេត​របស់​ប្រព័ន្ធ​យុត្តិធម៌​បាន​ឡើយ។

ក្រុមហ៊ុន​ Research in Motion​ ឬ​ហៅ​កាត់​ថា​ ​RIM ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសកាណាដា​ បាន​តវ៉ា​ទៅ​នឹង​ការ​អះអាង​របស់​ប្រទេស​អារ៉ាប់រួម​ Emirates​នេះ។​ ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា​ ​ខ្លួន​“គោរព​តាម​ទាំង​តម្រូវ​ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ និង​តម្រូវ​ការ​ឲ្យ​មាន​ជា​លក្ខណៈ​ឯកជន​និង​សន្តិសុខ​របស់សាជីវ​កម្ម និង​អ្នក​ប្រើប្រាស់”។

នេះ​មិនមែន​ជា​ជម្លោះ​លើក​ទីមួយរវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​គមនាគមន៍​ លើ​បញ្ហា​គ្រប់​គ្រង​ព័ត៌មាន​ទេ។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​អ៊ិនធឺណិត​ដ៏​ធំ​សម្បើម​មួយ​ឈ្មោះ​ Google ​បាន​លើក​ទីតាំង​ឧបករណ៍​ផ្តល់​សេវ៉ា​រុករក​ព័ត៌មាន​តាមអ៊ីនធឺណិត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន។​ ហើយ​ប្រទេស​ប៉ាគីស្ថាន​បាន​រារាំង​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ ដោយសារ​អ្វី​ដែល​អាជ្ញាធរ​បាន​ហៅ​ថា​ ​មាន​ការ​ប្រមាថ​មាក់ងាយ។

លោក​ Rayan Radia ​ជា​អនុប្រធាន​នៃ​ការ​សិក្សា​បច្ចេក​វិទ្យា​នៅ​ស្ថាប័ន​ Competitive​ Enterprise​ Institute​ នៅ​រដ្ឋធានី​ Washington។ ​លោក​មាន​ប្រសាសន៍​ថា​ ​រឿង​ដែល​ខុសគ្នា​នោះ​ គឺ​ថា​ កេរ្តិ៍​ឈ្មោះ​របស់​ទូរស័ព្ទ​ប៊្លែគប៊ែរី​ ពឹង​ផ្អែក​លើ​ការ​ការពារ​ទិន្នន័យ​យ៉ាង​រឹងមាំ​របស់​ខ្លួន។

“ដូច្នេះ​ ​ការណ៍​ដែល​ប្រទេស​អារ៉ាប់រួម​ Emirates​ កំពុងតែ​ដាក់​សម្ពាធ​ទៅ​លើក្រុមហ៊ុន​ RIM​ ឲ្យ​បង្កើត​ផ្លូវ​ក្រោយ​មួយ​សម្រាប់​ការ​សរសេរ​លេខ​សម្ងាត់​របស់​ខ្លួន​ដ៏​សំខាន់​នោះ​ ​អាច​គំរាម​កំហែង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ទូរស័ព្ទ​ប៊្លែគប៊ែរី​ ដែល​មាន​ឈ្មោះ​ថា​ ​ជា​ទូរស័ព្ទ​ឆ្លាត​ធានា​ការ​ការពារ​ទិន្នន័យ​បំផុត​នោះ”។

ក៏ប៉ុន្តែ​ លោក​ Radia ​បាន​លើក​ឡើង​ថា​ ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​អារ៉ាប់រួម​ Emierates​ ក៏​អាច​រង​ផល​ប៉ះពាល់​ដែរ​ ​ពីព្រោះ​ទីក្រុង​ឌុយបៃ​គឺ​ជា​ទីតាំង​ផ្លាស់ប្តូរ​ជើង​យន្តហោះ​សម្រាប់​អ្នក​ដំណើរ​បរទេស​ និង​ជា​ទិសដៅ​ទិញ​ទំនិញ​ទាន់​សម័យ​ដ៏​ធំ​មួយនៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស។

“ប្រាកដ​ណាស់​ ​ប្រទេស​អារ៉ាប់រួម​ Emirates​ ត្រូវ​បាត់បង់​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ។​ នៅ​ពេលណា​ប្រទេស​មួយ​អនុវត្ត​វិន័យ​មួយ​ចំនួន​ទៅ​លើ​ពាណិជ្ជ​កម្ម​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជ​កម្ម​ដែល​មិន​សូវ​មាន​ការ​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​នោះ​ ​ជាដំបូងគឺ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ថា​ ​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ដែល​បើក​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នោះ​ ​នឹង​រង​ប៉ះពាល់។ ​ក្នុង​នោះ​ផង​ដែរ​ ​ ក៏​មាន​គ្រោះថ្នាក់​ផងដែរ​ថា​ ​ពាណិជ្ជ​កម្ម​បរទេស​ និង​ដក​ខ្លួន​ចេញ នឹង​ផ្តាច់​ទំនាក់​ទំនង”។

មន្រ្តី​អារ៉ាប់ប៊ីសាអ៊ូឌីត​មួយ​រូប​បាន​និយាយ​ថា​ ​សេវ៉ា​បញ្ជូន​សារ​តាម​ទូរស័ព្ទប៊្លែគប៊ែរី​ អាច​នឹង​ត្រូវ​រារាំង​មិន​ឲ្យ​ប្រើ​នៅ​ទីនោះ។​ ប្រទេស​ឥណ្ឌា​ក៏​បាន​គំរាម​ថា​ ​នឹង​ដាក់​បម្រាម​នេះ​ផង​ដែរ។

ក្រុម​អ្នករិះគន់​និយាយ​ថា​ ​រដ្ឋាភិបាល​ទាំងនេះ​កំពុង​ប្រើប្រាស់​ការ​ព្រួយបារម្ភ​អំពី​អំពើភេរវកម្ម​ ដើម្បី​បង្កើន​ការ​គ្រប់គ្រង​នយោបាយ​របស់​ពួក​គេ។

ក៏ប៉ុន្តែ​អ្នកវិភាគ​ Rayan Radia​ ​មាន​ប្រសាសន៍​ថា​ ​ទោះបី​ជាយ៉ាង​នោះ​ក៏​ដោយ​ ​រដ្ឋាភិបាល​មួយ​ចំនួន​អាច​នៅ​តែ​មាន​ការបាត់បង់​ ​ ពីព្រោះ​បច្ចេកវិជ្ជា​សម័យ​ទំនើប​អនុញ្ញាត​ឲ្យ​សឹងតែ​មនុស្ស​គ្រប់គ្នា​ជៀសវាង​ពី​ការ​ហាមប្រាម​ ​ហើយ​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​សរសេរ​លេខ​សម្ងាត់​ ដែល​ពិបាក​នឹង​បំបែក​យ៉ាង​ខ្លាំង៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG