ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បញ្ឈប់​ការងារ​អ្នកបើក​រថយន្ត​ក្រុង ដែល​ទាមទារ​ឡើង​ប្រាក់ខែ


សន្តិសុខ​ម្នាក់​ឈរ​នៅ​ក្បែរ​ចំណត​រថយន្ត​ក្រុង​ គ្រាដែល​​រាជធានី​​ភ្នំពេញ​ចាប់ផ្តើម​ដំណើរការ​​សាកល្បង​​នៃ​​សេវាកម្ម​​រថយន្ត​ក្រុង នៅថ្ងៃទី ៥​ ខែកុម្ភៈ ឆ្នាំ២០១៤។​
សន្តិសុខ​ម្នាក់​ឈរ​នៅ​ក្បែរ​ចំណត​រថយន្ត​ក្រុង​ គ្រាដែល​​រាជធានី​​ភ្នំពេញ​ចាប់ផ្តើម​ដំណើរការ​​សាកល្បង​​នៃ​​សេវាកម្ម​​រថយន្ត​ក្រុង នៅថ្ងៃទី ៥​ ខែកុម្ភៈ ឆ្នាំ២០១៤។​

ជា​ច្រើន​សប្តាហ៍​មក​ហើយ ​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​នៃ​ក្រុមហ៊ុន​សូរិយា​ភ្នំពេញដឹក​ជញ្ជូន​អ្នក​ដំណើរជាង​១០​នាក់​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​ការងារ។ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ងារ​វិញ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ទេ។​

ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​តវ៉ាចំនួន​១៧​នាក់ ​នៅ​ពី​មុខ​ចំណត​រថយន្ត​នៃ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សុរិយា ​នៅ​ក្បែរ​ផ្សារ​ធំ​ថ្មី ​កណ្តាល​ទីក្រុង​ភ្នំពេញ​ លោក​សម្បត្តិ វន​កំ​ពុ​ង​តែឈរ​លើ​រថយន្ត​មួយ​គ្រឿង​ដៃ​កាន់​ឧគ្ឃោសនស័ព្ទស្រែក​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​នេះគោរព​ច្បាប់​ការ​ងារ​ និងទទួលក្រុម​អ្នក​តវ៉ា​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

​ជាអ្នក​បើក​បរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ភំ្នពេញ​សូរិយា​១៦៨​អស់​រយៈ​ពេល​ជាង​ពីរឆ្នាំ ​នៅទី​បំផុត​លោក​សម្បត្តិ វន​ត្រូវ​ក្រុមហ៊ុន​ឯកជន​នេះ​បណ្តេញ​ចេញ​ពីការងារ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៤​នេះ។ ការ​បណ្តេញ​ចេញ​ពី​ការងារ​នេះ​កើតឡើង ​ក្រោយ​ពី​រូប​លោក​ និង​សហ​សេវិក​ប្រមាណ​៨៩នាក់​ផ្សេង​ទៀត​បាន​ទាមទារ​ដំឡើងប្រាក់ខែ​ពី​១២០​ដុល្លារដល់ ១៨០​ដុល្លារ។​

ចាប់​ពី​ពេល​នោះ​មក​ លោក​វន​បាន​ដឹក​នាំ​ចលនាតវ៉ា ​ទាមទារ​ដំឡើងប្រាក់ខែ​លើក​ដំបូង​របស់​ក្រុម​អ្នក​បើក​បរ​រថយន្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។​

«មូលហេតុរបស់​ក្រុម​ហ៊ុន​ គេ​បាន​ឆ្លើយ​ថា​ ខ្ញុំ​អស់​កិច្ច​សន្យា​ការងារ​ តែ​ខាង​ក្រុម​ហ៊ុន​បក​ស្រាយ​ពុំ​មែន​ជា​ការណ៍ពិត​នោះ​ទេ។​ អ្វី​ដែល​ជា​ការណ៍​ពិត​នោះ​គឺ​ពួក​ខ្ញុំទាម​ទារ​តវ៉ា​ដំឡើង​ប្រាក់​ខែ​ ហើយ​ពេល​នោះ​ក្រុម​ហ៊ុន​គំរាម​កំហែង​បញ្ឈប់​ខ្ញុំ»។​

ឆ្នាំ​នេះលោក​សម្បត្តិ​វន​មាន​អាយុ​២៩​ឆ្នាំ។​ កើតចេញ​ពី​ត្រកូល​កសិករ​មួយ​ នៅ​ឯ​ភូមិ​វត្ត​ធ្នុង​ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពឺ ​លោក​គឺ​ជា​អ្នក​ដែល​ពូកែ​វោហារស័ព្ទ​ម្នាក់​ ថ្វី​បើ​លោកបាន​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​១០​ក៏​ដោយ។​

លោក​បាន​ដឹក​នាំការ​តវ៉ាប្រកប​ដោយ​វោហារ​ស័ព្ទដើម្បីដំឡើងប្រាក់ខែ​អ្នក​បើក​បរ​រថយន្ត​ក្រុងប្រចាំ​ក្រុម​ហ៊ុនដឹក​ជញ្ជូនអ្នក​ដំណើរ​ភំ្នពេញ​សូរិយា​១៦៨​ ​នេះ។ ក្រោយ​ពី​ធ្វើ​ការតវ៉ា​មិន​បាន​សម្រេច​ជា​ច្រើន​ថ្ងៃ ​អ្នក​បើកបរ​រថយន្ត​ធុន​ធំ​រូប​នេះ​បាន​សម្រេចចិត្ត​បង្កើត​ជា​សហជីព​នៃ​អ្នក​បើក​បរ​រថយន្ត​ក្រុង​ក្នុង​ក្រុមហ៊ុន​របស់ខ្លួនដើម្បី​ប្រមូល​កម្លាំង​តវ៉ា​ឲ្យ​កាន់​តែ​រឹង​មាំ។​

ប៉ុន្តែ​ជា​អកុសល្យ​ គ្រាន់​តែគាត់​បង្កើត​សហជីព​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​គាត់​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ពោល​គឺ​គាត់​ត្រូវ​បញ្ឈប់​ពី​ការងារ​នៅ​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៤។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​បើក​ឡាន​ឲ្យ​ក្រុម​ហ៊ុន​សុរិយា​ សម្បត្តិ វន​បាន​ស្តី​បន្ទោស​ដល់​ក្រុម​ហ៊ុន​ពី​ការ​មិន​គោរព​ច្បាប់​ជាច្រើន។​

«ក្រុម​ហ៊ុន​សូរិយា​ តាំង​ពី​ខ្ញុំ​មិន​ទាន់​តវ៉ា​មក​គឺ​ធ្វើ​ការ​គ្មា​ន​ច្បាប់​ គ្មាន​ទម្លាប់​ត្រឹម​ត្រូវ​ទេ​ មិន​ដែល​មាន​លុយ​គុណ សម្រាប់​ការ​ធ្វើ​ការ​លើស​ម៉ោង»។​

ដូច​ជា​ការ​តវ៉ា​ដំឡើងប្រាក់​ខែ​នៅ​ក្នុង​មជ្ឈដ្ឋាន​ក្រុម​ហ៊ុន​ឯកជន​ដទៃ​ទៀត​ដែរ ​ជា​ពិសេស​ដូច​ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ដែរ​នោះ លោក​វន​បញ្ជាក់​ថា​ ការ​ទាមទារ​ដំឡើងប្រាក់ខែនេះ​ធ្វើ​ឡើង​គឺ​ដោយ​សារ​អតិផរណា​ទំនិញ​នៅ​លើ​ទី​ផ្សារ។​

«ជីវភាព​រាល់​ថ្ងៃ​ ម្ហូប​អាហារ​ ទំនិញ​លើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ​ ហើយ​នៅ​ផ្ទះ​នៅ​ចំណាយ​លើ​កូន​រៀន​ សម្ភារៈផ្សេងៗ​អត់​គ្រប់​ អញ្ចឹង​ហើយ​បាន​ទាមទារ​ដំឡើង​ប្រាក់​ខែ»។​

ដោយសារ​តែ​គ្រួសារ​មាន​ជីវភាពយ៉ាប់យ៉ឺន​ លោក​សម្បត្តិ វន​បាន​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ហើយទៅ​ធ្វើ​ជា​ព្រូ​ឡាន​ដឹក​ខ្សាច់​នៅ​ឯ​សង្កាត់​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ​បន្ទាប់​មក​ទៀត​ គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​បើកបរ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​នៅ​ឯ​ខេត្ត​កំពង់សោម។​

នៅ​ឆ្នាំ​២០០៨​ សម្បត្តិ វនក៏​បាន​ទៅ​ធ្វើ​ការ​តាម​មិត្ត​ភក្តិ​ក្នុង​នាម​ជា​អ្នក​បើក​ឡាន​ទេសចរណ៍ ​នៅ​ក្នុង​ខេត្ត​សៀមរាប​អស់​រយៈ​ពេល​២​ឆ្នាំ​ទៀត។​

បុរស​សម្បុរ​ស្រអែម​រូប​នេះ​បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ២០១០​ជា​មួយ​កម្ម​ការិនី​រោង​ចក្រ​មួយ។ ជា​ចំណង​ដៃ​នៃ​អាពាហ៍​ពិពាហ៍​នេះ​ លោក​ទទួល​បាន​កូន​ស្រី​មួយ​ក្នុង​បន្ទុក។​

ក្នុង​ឆ្នាំ២០១១​ គាត់​ក៏​បាន​ចូល​ធ្វើ​ការ​ជា​អ្នក​បើក​បរក្នុង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ភ្នំពេញ​សូរិយា​១៦៨​នេះ។​ ប៉ុន្តែ​លោក​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដល់​ក្រុមហ៊ុន​ចំនួន​៣០០​ដុល្លារ​ ហើយ​ទទួល​បាន​មក​វិញ​នូវ​ប្រាក់​ខែ​ថេរ​១២០​ ដុល្លារ​ក្នុង​មួយ​ខែ។​

ថ្វី​បើ​សម្បត្តិ វន​បាន​បង្កើត​សហជីពដើម្បីជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយសំណើសុំ​ដំឡើងប្រាក់​ខែ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ​ ​ហើយ​លោក​ត្រូវ​ដឹក​នាំ​ការ​តវ៉ា​ជាច្រើន​ជា​បន្ត​បន្ទាប់។​

«ប៉ុន្តែ​រយៈ​ពេល​៥​ទៅ​៦​ខែ​នេះ​ ការ​ដោះ​ស្រាយ​ពុំ​មាន​លទ្ធផល​សម្រាប់​ពួក​ខ្ញុំ​ទេ។​ ដល់​ថ្នាក់​ក្រសួង​ការងារគេ​មក​ផ្សះ​ផ្សារ​ ក៏​ក្រុមហ៊ុន​មិន​ព្រម។​ ពេល​ដែល​ក្រសួង​ដោះ​ស្រាយ​លែង​ចេញ​ ក៏​បាន​ផ្ញើរ​សំណុំ​រឿង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ​ក្រុម​ប្រឹក្សា​បាន​កាត់​ក្តី​ឲ្យ​ពួក​ខ្ញុំ​ចំនួន​៤​ដង​ឈ្នះ​ តែ​ក្រុម​ហ៊ុន​ពុំ​បាន​ធ្វើ​តាម​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទេ»។​

ចលនា​ទាមទារ​ដំឡើងប្រាក់​ខែ​នៅ​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ភ្នំពេញ​សូរិយា​១៦៨ហាក់​ដូចជា​មាន​ការ​គាំទ្រ​ជា​ខ្លាំង​ នៅ​ពេល​ចាប់​ផ្តើម​ដំបូង។​ មាន​បុគ្គលិក​ក្រុមហ៊ុន​ប្រមាណ​៨៩​នាក់បាន​ចូល​ជា​សមាជិក​សហជីព​អ្នក​បើក​បរ​រថយន្ត​ក្រុង​របស់​លោក​សម្បត្តិ វន​ ហើយ​ពួក​គេ​សុទ្ធ​តែ​បាន​ចូល​រួម​ក្នុងចលនា​តវ៉ា។ ប៉ុន្តែ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បណ្តេញ​សមាជិក​ក្រុម​អ្នក​តវ៉ា​ជា​បន្ត​បន្ទាប់ សមាជិក​ដទៃ​ទៀត​បាន​ដក​ថយ​ពី​ចលនា​សង្គម​នេះ​ទៅ​វិញ។​

ថ្លែង​ដោយសំឡេង​ឮៗ​ លោកសម្បតិ្ត វន​នៅ​តែ​មិន​ទាន់​រក​ការងារ​ថ្មី​បាន​ធ្វើ​នៅ​ឡើយ​ ក្រោយ​ពី​ការ​បណ្តេញ​ចេញ។​ លោក​បាន​បញ្ជាក់​ថា៖​

«ប្រសិន​បើ​ខ្ញុំ​ដូរ​កន្លែង​ថ្មី​គឺ​ក្រុម​ហ៊ុន​នេះ​មិន​បាន​គោរព​សិទ្ធិ​បុគ្គលិក​ទេ។​ នៅ​តែ​បន្ត​ជិះ​ជាន់ ​បន្ត​គាប​សង្កត់​បុគ្គលិក»។​

លោក​បាន​និយាយ​ថា​ ក្នុង​នាម​ជា​ប្រធាន​សហជីព​ប្រចាំ​ក្រុម​ហ៊ុនដឹក​ជញ្ជូនអ្នក​ដំណើរ​ភំ្នពេញ​សូរិយា ​លោក​មាន​ផល​វិបាក​មួយ​ចំនួន​ដូច​ជា​ការ​គំរាម​ កំហែង​ពី​ក្រុម​ហ៊ុន​ គំរាម​បញ្ឈប់ការងារ​ និង​ចាប់​ដាក់​គុក​ជា​ដើម។​

«ការ​ទាម​ទារ​របស់​ខ្ញុំ​គឺ​គ្រាន់តែ​ដើម្បី​សេរីភាព​ និង​ភាព​ថ្លៃ​ថ្នូរ​ដើម្បី​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​គោរព​សិទ្ធិ​បុគ្គលិក។​ ប្រសិន​បើក្រុមហ៊ុន​គាប​សង្កត់​បុគ្គលិក​ ពួក​ខ្ញុំ​អាច​ទាម​ទារ​ អាច​តវ៉ា​បាន​ ព្រោះ​បុគ្គលិក​ដែល​មាន​សហជីព​គឺ​ក្រុមហ៊ុន​ពុំ​ហ៊ាន​ជិះ​ជាន់​ទេ»។​

មក​ទល់​នឹង​ពេល​នេះ​ បុគ្គលិកទាំង​១៧​នាក់​ដែល​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ភ្នំពេញសូរិយា​១៦៨​បណ្តេញ​ចេញ​នោះ​ នៅ​តែ​មិន​ទាន់​មាន​ឱកាស​ត្រឡប់​ចូល​កៅ​អី​បើក​បរ​របស់​ខ្លួន​បាន​វិញ​នៅ​ឡើយ។​

លោក​សម្បត្តិ វន​សង្ឍឹម​ថា​ «រាជរដ្ឋាភិបាល»​ អាច​នឹង​លូក​ដៃ​ក្នុង​ដំណោះ​ស្រាយ​រឿង​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG