ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំសហជីពនឹងប្រជុំត្រីភាគីជាមួយនិយោជកនិងមន្ត្រីអំពីប្រាក់ឈ្នួលអប្បបរមានៅខែកញ្ញា


កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ក្រុមសហជីពធំៗនឹងជួបប្រជុំជាមួយភាគីនិយោជក និងរដ្ឋាភិបាលនាដើមសប្តាហ៍ទីមួយនៃខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំសហជីពនាថ្ងៃពុធនេះ។

មេដឹកនាំ​សហជីព​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នឹង​ធ្វើ​ការ​សម្រេច​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ជាក់លាក់​ សម្រាប់​ការ​ចរចា​ជាមួយ​និយោជក​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​លក្ខណៈ​ត្រីភាគី​ដែល​គ្រោង​នឹង​រៀប​ចំឡើង​នៅ​ខែ​កញ្ញា។​ ពួក​គេ​និយាយ​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​សព្វ​ថ្ងៃ​មិន​ទាន់​អនុញ្ញាត​ឲ្យ​កម្មករ​រស់​នៅ​បាន​ដោយ​សមរម្យ​នោះ​ទេ។​ ពួកគេ​ក៏​នឹង​ថ្លែង​អំពី​ផលវិបាក​នានា​ដែល​កម្មករ​កំពុង​ជួប​ប្រទះ​ ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

ក្រុម​សហជីព​ធំៗ​នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​និយោជក​ និង​រដ្ឋាភិបាល​នា​ដើម​សប្តាហ៍​ទី​មួយ​នៃ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេដឹកនាំ​សហជីព​នា​ថ្ងៃ​ពុធ​នេះ។

ការ​ជួប​ប្រជុំ​នេះ​ គឺ​ធ្វើ​ឡើង​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​ការងារ​ ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាល​ពី​ខែ​មិថុនា ដោយ​បញ្ជាក់​ថា​ ការ​ពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា។​ ខែ​បន្ទាប់​មក​ទៀត​ គឺ​ខែ​តុលា​ ក្រសួង​នឹង​បើក​កិច្ច​ប្រជុំ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧។ ​ប្រាក់​ឈ្នួល​ដែល​បាន​កំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​មករា​ ឆ្នាំ​២០១៧។

រូបឯកសារ៖ លោក​ អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦
រូបឯកសារ៖ លោក​ អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦

លោក​ អាត់​ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃពុធ​នេះ​ថា​ ការ​ប្រជុំ​ត្រីភាគី​ នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី០១​ ខែកញ្ញា​ បន្ទាប់​ភាគី​សហជីព​បាន​បញ្ចប់​ការ​ពិភាក្សា​របស់​ខ្លួន​អំពី​ស្ថានភាព​ឧស្សាហកម្ម​កាត់ដេរ​នៅ​ក្នុង​ខែ​សីហា​នេះ។

លោក​និយាយថា​ ក្រុម​ភាគី​សហជីព​មិនទាន់​ឈាន​ដល់​ការ​ព្រមព្រៀង​លើ​តួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ការ​ចរចា​នោះ​ទេ​ ដោយ​ត្រូវ​រង់​ចាំ​មើល​ការ​ពន្យល់​ពី​ភាគី​និយោជក​ និង​រដ្ឋាភិបាល​នៅ​ក្នុង​ការប្រជុំ​នាខែ​កញ្ញា​នេះ។​

«ទីមួយ​គឺ​យើង​នឹង​ស្តាប់​ របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​ពី​ក្រសួង​ពី​ក្រុមហ៊ុន​ និង​ពី​គ្នា​យើង​ហ្នឹង។​ ទីពីរ​ យើង​នឹង​យក​អាទិន្នន័យ​ដែល​ អ្នក​ស្រាវជ្រាវ​របស់​យើង​បាន​រកឃើញ​ដូច​ជា​ បួន​ចំណុច​សំខាន់​ដែល​យើង​ត្រូវ​យក​ទៅ​វិភាគ។ ទី១​ គឺ​ការ​ចំណាយ​ទៅលើ​អាហារ​ ទី២​ ទៅលើការ​ស្នាក់​នៅ​ ទី៣ ​សោហ៊ុយ​ធ្វើដំណើរ​ ទី៤​ ចំណាយលើ​បញ្ហា​សុខភាព​ផ្សេងៗ​ ដែល​ជា​ការងារ​ចាំបាច់​របស់​កម្មករ​ហ្នឹង​ យើង​នឹង​លើក​វា​មក​និយាយ»។

លោក​ អាត​ ធន់​ ថ្លែង​ថា​ ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​នេះ​ អាច​នឹង​មាន​ការ​ធូរស្រាល​ជាង​មុន​ ដោយ​វា​ជា​ពេលវេលា​ កៀក​នឹង​ការ​បោះឆ្នោត​ ដែល​សំឡេង​ឆ្នោត​របស់​កម្មករ​ អាច​ដាក់​សម្ពាធ​លើ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចរចា​ ជាពិសេស​គឺ​រដ្ឋាភិបាល​ និង​និយោជក។ លោក​បន្ត​ថា​ ស្ថានភាព​ជិះជាន់​កម្មករ​តាម​ការ​ប្រើ​កិច្ច​សន្យា​ការងារ​ខ្លីៗ​ និង​ការ​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង​តាម​ជនបទ​ក៏​នឹង​ត្រូវ​លើក​ឡើង​ក្នុង​ចរចា​នា​ពេល​ខាង​មុខ។​ លោក​បន្ថែម​ថា​ ការ​តវ៉ា​ ឬ​ការ​ធ្វើ​បាតុកម្ម​ អាច​កើត​ឡើង​ ឬ​យ៉ាង​ណា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០១៦ មាន​ចំនួន​១៤០​ដុល្លារ​ក្នុង​មួយ​ខែ។​ កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​នេះ​ ក្រោយ​ពី​មាន​បាតុកម្ម​ទាំង​អហិង្សា ​និង​ហិង្សា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​មួយ​ចំនួន​បាន​បាត់បង់​ជីវិត ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។

រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។

នៅ​ក្នុង​មាត្រា​១០៤​នៃ​ច្បាប់​ការងារ​ចែង​ថា​ «ប្រាក់ឈ្នួល​យ៉ាង​តិច​ណាស់​ក៏​ត្រូវ​ឲ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​ ពោល​គឺ​រ៉ាប់រង​កម្មករ​និយោជិក​គ្រប់រូប ​ឲ្យ​មាន​កម្រិត​ជីវភាព​សមរម្យ​ទៅ​តាម​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ ហេង​ សួ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ ការ​ប្រជុំ​រវាង​ភាគី​សហជីព​ ​និយោជក​ ​និង​រដ្ឋាភិបាល​ ​ដែល​ត្រូវ​ធ្វើឡើង​នា​ពេល​ខាង​មុខ​នេះ​ នឹង​បើក​ផ្លូវ​ឲ្យ​ភាគី​សហជីព​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ សម្រាប់​កំណត់​ប្រាក់​ឈ្នួល​ក្នុង​ចំនួន​ជាក់​លាក់​ និង​សមរម្យ​មួយ​ ដែល​នឹង​មិន​ពិបាក​ធ្វើ​ឲ្យ​មាន​ការ​ជជែក​គ្នា​ទៀត​ នៅ​ក្នុង​ការ​ប្រជុំ​ពេល​ក្រោយ​មក​ទៀត។

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ ថ្លែង​ថា៖

«ប្រាក់​ឈ្នួល​កម្មករ​នៅ​ពេល​ដែល​ឡើង​ដល់​កម្រិត​មួយ​សមរម្យ​ហើយ​ ឆ្នាំ​ក្រោយៗ​មក​ យើង​សិក្សា​ទៅ​លើ​តែ​អតិផរណា​ទីផ្សារ​ សិក្សា​ទៅ​លើ​កត្តា​សេដ្ឋកិច្ច​អី​ទៅ​យើង​ឡើង​ទៅ​តាម​ហ្នឹង​ទៅ​ អា​ហ្នឹង​វា​មិន​ពិបាក​ជជែក​គ្នា​ម្តង​ទៀត​ ដើម្បី​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ»។

នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​ ២០១៤​ មាន​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ស្លាប់​រង​របួស​២៣នាក់​ និង​១០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្រ្កាប​បាតុកម្ម​ដោយ​ការ​បាញ់​រះ​មួយ​ដោយ​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ ប៉ាវ សីណា​ ដែល​ធ្លាប់​រង​បណ្តឹង​ពាក់​ព័ន្ធ ​និង​ការ​ធ្វើ​ចលនា​សហជីព​ និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ប្រាប់ VOA​ ថា ក្រៅ​អំពី​ការ​ជជែក​អំពី​ប្រាក់​ឈ្នួល​អប្បរមា​នេះ​ ក្រុម​សហជីព​លោក​នឹង​ស្នើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ដ៏​ចម្រូងចម្រាស​នេះ​ ធ្វើ​ការ​ពិភាក្សា​គ្នា​រក​ការ​កែ​លម្អ​ស្ថានភាព​សុវត្ថិភាព​របស់​កម្មករ​ ដែល​ជា​ញឹកញាប់​បាន​ទទួល​រងគ្រោះ​ថា្នក់​ ដោយ​ដឹក​ហួស​ចំណុះ​នៃ​ចំនួន​កម្មករ​នៅ​តាម​រថយន្ត និង​បញ្ហា​ដួល​សន្លប់​របស់​កម្មករ​នៅ​ក្នុង​រោងចក្រ។

លោក​ ប៉ាវ សីណា ថ្លែង​ថា៖

«ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់​គាត់​ហ្នឹង​ គឺ​យើង​ឃើញ​ថា​ ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង។​ អា​នេះ​ជា​បញ្ហា​ដែល​សហជីព​ត្រូវ​ធ្វើ​ការ​ជជែក ក៏​ដូច​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​កែតម្រូវ​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​ ដែល​យើង​មើល​ឃើញ​ថា មាន​ករណី​សន្លប់​ជា​បន្តបន្ទាប់​ហ្នឹង​ គឺ​នៅ​ក្នុង​បរិវេណ​ហ្នឹង​ គឺ​យើង​ត្រូវ​មាន​កែ​តម្រូវ​ ថា​តើ​រោងចក្រ​ហ្នឹងត្រូវ​បើក​ទ្វារ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​របៀប​ម៉េច​ឲ្យ​វា​ស្រប​តាម​ផ្លូវ​ច្បាប់​របៀប​ម៉េច​ អាហ្នឹង​យើង​នឹង​ពិចារណា​ ក្នុង​ការ​ពិនិត្យ​មើល​ជាមួយ​ភាគី​និយោជក»។

រូបឯកសារ៖ ក្រុមប៉ូលិស​ដើរកាត់​ក្រុមកម្មករខណៈពេល​ដែល​ពួកគេប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម»​ នៅ​ថ្ងៃទី​១​ ខែឧសភា ​នៅ​ទីក្រុង​ភ្នំពេញ។
រូបឯកសារ៖ ក្រុមប៉ូលិស​ដើរកាត់​ក្រុមកម្មករខណៈពេល​ដែល​ពួកគេប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម»​ នៅ​ថ្ងៃទី​១​ ខែឧសភា ​នៅ​ទីក្រុង​ភ្នំពេញ។

លោក​ថ្លែង​បញ្ជាក់​ទៀត​ថា​ កម្មករ​ក្នុង​ឧស្សាហកម្ម​បាន​ទទួល​ការ​សម្រាល​បន្ទុក​ផ្នែក​សុខាភិបាល​ ដោយ​សារ​រដ្ឋាភិបាល​បាន​បង្កើត​របប​ថែទាំ​សុខភាព​កម្មករ​ ដែល​មាន​ការ​ចូលរួម​វិភាគ​ទាន​ពី​ភាគី​កម្មករ​ និង​និយោជក។​ តាម​របប​ថែទាំ​សុខភាព​នេះ​ កម្មករ​អាច​ទទួល​បាន​ការ​ព្យាបាល​សុខភាព​ដោយ​ឥត​គិត​ថ្លៃ។

លោក ខេន លូ​ អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ ភាគី​និយោជក​ មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​ប្រជុំ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ទេ​ តែ​លោក​អះអាង​ថា​ ភាគី​និយោជក​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា​ ទៅ​តាម​នីតិវិធី​ការ​ចរចា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ។​ លោក​បាន​ព្រមាន​ផង​ដែរ​ថា​ ប្រសិន​បើ​ការ​ទាមទារ​ប្រាក់​ឈ្នួល​មាន​ចំនួន​ច្រើន​ជាង​ប្រាក់​ចំណេញ​របស់​អ្នក​វិនិយោគ​ក្នុង​ឧស្សាហកម្ម​នេះ​ អ្នក​វិនិយោគ​នឹង​ដើរ​ចេញ​ពី​ប្រទេស​កម្ពុជា។

លោក ខេន លូ ពន្យល់​ថា៖

«អ្នក​វិនិយោគ​អាច​និយាយ​ថា ១០០​ភាគរយ ជា​អ្នក​វិនិយោគ​មក​ពី​ស្រុក​ក្រៅ​ ហើយ​គាត់​មក​ គាត់​រក​ប្រាក់​ចំណេញ​ទេ បើ​អត់​ចំណេញ​ គាត់​ប្រាកដ​ជា​ទៅ​វិញ​ហើយ។​ អ៊ីចឹង​គាត់​ គាត់​អត់​មែន​អង្គការ​ ឬក៏​ឲ្យ​មក​ជួយ​សង្គម​យើង​ ឬ​ក៏​មក​ធ្វើ​ជា​ charity ​ទេ។​ គាត់​មក​ដើម្បី​រក​ប្រាក់​ចំណេញ​ បើ​អត់​ចំណេញ​ គាត់​អាច​ទ្រាំ​បន្តិច​ ចង់​និយាយ​ថា​ អាច​ទៅ​មុខ​អាច​ចំណេញ​អត់។​ ប៉ុន្តែ​បើ​យូរ​ពេក​គាត់​ចំណេញ​ គាត់​ខាត​រហូត​ គាត់​តាម​ពិត​ហើយ​គាត់​ទៅ​វិញ ឬក៏​ទៅ​ប្រទេស​ផ្សេងៗ​ធ្វើការ​វិនិយោគ»។

​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​ជា​៧០០.០០០​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កម្ពុជា​នាំ​ចេញ​ផលិតផល​សំលៀក​បំពាក់​របស់​ខ្លួន​ប្រមាណ​៤៦​ភាគរយ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ៣០​ភាគរយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា​ និង​ជប៉ុន។​

ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ​ គឺ​មាន​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ៕

XS
SM
MD
LG