ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ប្រកាស​ពង្រឹង​ច្បាប់​សហជីព ​ទោះបី​សហជីព​កម្មករ​មិន​គាំទ្រ​ក្តី

  • ហ៊ាន សុជាតា

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តី​ពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​លើក​ទី៧ នៅ​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ​ទី៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ អ៊ិត សំហេង ​រំពឹង​ថា​ ក្រោយ​ពី​ច្បាប់​សហជីព​ចូល​ជា​ធរមាន​នោះ ចំនួន​សហជីព​មូលដ្ឋាន​នឹង​មាន​ការ​កើន​ឡើង​ ព្រម​ទាំង​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​បាតុកម្ម ​និង​កូដកម្ម​ខុស​ច្បាប់ ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​មាន​ការ​ថមថយ​ ដោយសារ​មាន​ការ​គោរព​ច្បាប់​សហជីព​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​គឺ​លោក ​អ៊ិត សំហេង ​នៅ​ថ្ងៃ​អង្គារ​ទី​៥​ ខែកក្កដានេះ​ បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់​សហជីព​ ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពីថ្ងៃ​ទី​១៧​ ខែ​ឧសភា​កន្លង​ទៅ​នេះ។​ ការ​លើក​ឡើង​នេះ​ធ្វើឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផងទេ​ ក្រោយ​ពី​ក្រសួង​នេះបាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តីពី​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់ស្តីពី​សហជីព​កាល​ពី​សប្តាហ៍​មុន។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្តីពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​លើក​ទី៧ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​ អ៊ិត សំហេង ​រំពឹង​ថា​ ក្រោយ​ពី​ច្បាប់​សហជីព​ចូល​ជា​ធរមាន​នោះ ចំនួន​សហជីព​មូលដ្ឋាន​នឹង​មាន​ការ​កើន​ឡើង​ ព្រម​ទាំង​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​បាតុកម្ម ​និង​កូដកម្ម​ខុស​ច្បាប់ ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​មាន​ការ​ថមថយ​ ដោយសារ​មាន​ការ​គោរព​ច្បាប់​សហជីព​នោះ។

«ហើយ​យើង​មិន​លើក​លែង​ទេ​សម្រាប់​អ្នក​ណា​ដែល​ធ្វើ​ខុស​ច្បាប់។​ ទោះ​បីខ្លួន​ឯង​ជា​មន្ត្រី​ក៏​ដោយ​ បើ​មិន​ចុះ​បញ្ជីការ​ដល់​សហជីព​ទាន់​ពេល​វេលា​ ហើយ​និយោជក​ដែល​រើសអើង​សហ​ជីព​ ដែល​ដេញ​សហជីព ​ឬ​មេ​ដឹក​នាំ​សហជីព​ខុស​នីតិវិធី​ក៏​មិន​អនុគ្រោះ​ដែរ ​ហើយ​សហជីព​ខ្លួន​ឯង​ដែល​ធ្វើខុស​ច្បាប់​ក៏​មិន​រួច​ខ្លួន​ដែរ​ គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដូចៗ​គ្នា​ ស្មើភាព​គ្នា​នៅ​មុខ​ច្បាប់»។​

លោក​ អ៊ិត សំហេង ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​បន្ថែម​ទៀត​ថា​ ក្រសួង​ការងារ​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ ILO ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នីតិវិធី​តុលាការ​ការងារ​ ដែល​គ្រោង​នឹង​បញ្ចប់​នា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​ តុលាការ​ការងារ​ជា​តុលាការ​ជំនាញ​គ្រប​ដណ្តប់​លើ​វិវាទ​ការងារ​ ​ដែល​អាច​ឈាន​ដល់​ការ​ដាក់​សម្ពាធ​ផ្លូវ​ច្បាប់​ឲ្យ​ទាំង​ភាគី​និយោជក ​និង​កម្មករ​គោរព​តាម។​ តុលាការ​ការងារ​ ដែល​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​មាន​អំណាច​ដោះ​ស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ព្រម​ទាំង​អាច​កាត់​បន្ថយ​វិវាទ​ការងារ​ជា​អតិបរមា។

លោកស្រី​ ឈីវ ភិរម្យ​ តំណាង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ថ្លែង​ថា​ ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បច្ចុប្បន្ន​នេះ​មាន​ភាព​ចាស់ទុំ​ជាង​មុន។ ​ភាព​ចាស់​ទុំ​នេះ​សំដៅ​ដល់​ការ​អនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ ការ​កើត​ឡើង​នៃ​បេឡា​សន្តិសុខ​សង្គម​ និង​ការ​ទាមទារ​របស់​ភាគី​កម្មករ​ ជាក់ស្តែង​ការ​ទាមទារ​ឲ្យ​មាន​សុខុមាល​ភាព​ការងារ​ជាដើម។

នៅក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​លោកស្រី ​ឈីវ ភិរម្យ ​បាន​កត់​សម្គាល់​ការ​វិវត្ត​ចំពោះ​ការ​ទាមទារ​របស់​ភាគី​កម្មករ ​និយោជិត​យ៉ាង​ដូច្នេះ៖​

«ការ​ទាម​ទារ​មាន​ដូចជា​ទាមទារ​មិន​ឲ្យ​ធ្វើការ​ថែម​ម៉ោង​លើស​ការ​កំណត់​នៃ​ច្បាប់​ ការ​ទាមទារ​ឲ្យ​អនុវត្ត​ប្រាក់​ខែ​អប្បបរមា​ ការ​ទាមទារ​ឲ្យ​មាន​ទារកដ្ឋាន ​និង​កន្លែង​បំបៅ​កូន​ជា​ដើម។​ ការ​ទាមទារ​មួយ​រយៈ​ចុង​ក្រោយ​បាន​ផ្លាស់ប្តូរ​រូបរាង​ទៅ​ជា​ការ​ទាមទារ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​ច្បាប់»។​

រូបឯកសារ៖ ក្រុម​កម្មក រ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម» នៅ​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃទី​១ ខែ​ឧសភា​ ឆ្នាំ២០១៦។ ​(​ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​កម្មក រ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម» នៅ​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃទី​១ ខែ​ឧសភា​ ឆ្នាំ២០១៦។ ​(​ឡេង ឡែន/VOA)

ច្បាប់​ស្តីពី​សហជីព​ ដែល​មាន​១៧​ជំពូក​ និង​១០០​មាត្រា​នេះ​ ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​អនុម័ត​ ​ដោយ​គ្មាន​ការ​កែប្រែ​ តាំង​ពី​ខែ​មេសា​កន្លង​ទៅ​ បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ ​និង​សហជីព​ធំៗ​មួយ​ចំនួន​ក្នុង​ពេល​ពិភាក្សា​ច្បាប់​នេះ​យ៉ាងណា​ក៏ដោយ។​ ច្បាប់​សហជីព​នេះ​រង​ការ​រិះគន់​ពី​ក្រុម​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថា​ មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​សហជីព​ និង​ភាគី​កម្មករ ​និយោជិត​

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​មាន​ចំណុច​ខ្លះដែល​សហជីព​កម្មករ​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស់​នេះ​ក្តី ក៏​ប៉ុន្តែ​លោក​នៅ​តែ​រំពឹង​ថា​ ច្បាប់​សហជីព​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​តម្លាភាព​ និង​ស្មើភាព​គ្នា​ដោយ​គ្មាន​ការ​រើសអើង​បក្ស​ពួក។​

«ចំពោះ​យើង​ផ្ទាល់ ថ្វី​បើច្បាប់​នេះ​យើង​មិន​ពេញ​ចិត្ត​ចំណុច​មួយ​ចំនួន​ ដូចជា​សិទ្ធិ​ធ្វើ​កូដកម្ម​ ការ​ជ្រៀតជ្រែក​ហិរញ្ញ​វត្ថុ​ និង​ការ​ជ្រៀតជ្រែក​កិច្ចការ​សហជីព​ តែ​យើង​ក៏​សង្ឃឹម​ថា​ ការ​អនុវត្ត​ច្បាប់​នឹង​មាន​តម្លាភាព​ និង​ភាព​ស្មើគ្នា​ បើ​ថា​ ខាង​និយោជក​ ឬ​ក៏ខាង​ផ្សេងៗ​ទៀត​អនុវត្ត​មិន​ត្រូវ ​ក៏​ត្រូវ​ដាក់​ទោស​ដូច​គ្នា​ដែរ»។​

បើ​តាម​លោក​ អាត់ ធន់ កម្មករ​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​៣​សំខាន់​ ​ដែលសហជីព​កម្មករ​ឯករាជ្យ​ជា​រឿយៗ​ ទាមទារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ក្នុង​នោះ​រួមមាន​ការ​បង្ខំ​ឲ្យ​ធ្វើការ​ច្រើន​ម៉ោង​ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប សេរីភាព​នៃ​ការ​ជជែក​តវ៉ា​ជាមួយ​និយោជក និង​បញ្ហា​សុខភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​របស់​កម្មករ។​

គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ​ ​កម្ពុជា​មាន​សហជីព​មូលដ្ឋាន​ចំនួន​៣.៤៦៩​ សហព័ន្ធ​សហជីព​ចំនួន​១០៣​ សហភាព​សហ​ព័ន្ធ​សហជីព​ចំនួន​១៨ ​និង​សមាគម​និយោជក​ចំនួន​៨។ ក៏​ប៉ុន្តែ​មាន​តែ​សហជីព​ឯករាជ្យ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​កម្ពស់​សិទ្ធិ​ និង​សុខុមាលភាព​កម្មករ​ ជាពិសេស​គឺ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ៕

XS
SM
MD
LG