ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ពង្រីក​ទីផ្សារ​​សម្រាប់​ផលិតផល​កម្ពុជា


រូបឯកសារ៖ កម្មករ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រមួយ​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។
រូបឯកសារ៖ កម្មករ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រមួយ​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។

លោក ​ជៀម យាប​ ប្រធាន​គណៈ​កម្មការ​ទី២​នៃ​រដ្ឋសភា​ដែល​ទទួល​បន្ទុក​​ផ្នែក​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ ​និង​សវនកម្ម​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដាក់​សំណើ​ចំនួនបី​ទៅ​កាន់​សហគមន៍​អឺរ៉ុប។ ក្នុង​នោះ​​រួម​បញ្ចូល​ទាំង​ការ​ស្នើឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​សម្រួល​បន្ថែម​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប។​

សមាជិក​សភា​ចម្រុះ​នៃ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរស្នើ​សុំ​ឲ្យ​សហគមន៍​អឺរ៉ុបបើក​ទីផ្សារ​នាំ​ចេញ​ផលិតផល​កម្ពុជា​ឲ្យ​ទូលាយ​ថែម​ទៀត​ទៅ​សហគមន៍​អឺរ៉ុប។​ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​តំណាង​សហគមន៍​អឺរ៉ុប​ជួប​ជាមួយ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ ​និង​សវនកម្ម​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​ជាមួយលោក Javier CASTILLO-ALVAREZ ​ តំណាង​សហគមន៍​អឺរ៉ុប​នៅ​ឯ​រដ្ឋសភា​ជាតិ​ កាល​ពីព្រឹក​ថ្ងៃទី​២៨ ​ខែ​កក្កដា​ ​លោក ​ជៀម យាប​ ប្រធាន​គណៈ​កម្មការ​ទី២​នៃ​រដ្ឋសភា​ដែល​ទទួល​បន្ទុកផ្នែក​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ ​ធនាគារ និង​សវនកម្ម​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដាក់​សំណើ​ចំនួនបី​ទៅ​កាន់​សហគមន៍​អឺរ៉ុប។ ក្នុង​នោះរួម​បញ្ចូល​ទាំង​ការ​ស្នើឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​សម្រួល​បន្ថែម​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប។​

«ទី១​សូម​ឲ្យ​ពង្រឹង​ និង​ពង្រីក​នូវ​ទី​ផ្សារ​សហគមន៍​អឺរ៉ុប​របស់​កម្ពុជា​ ដើម្បីនាំ​ចូល​ ដូចជា​ស្រូវ​អង្ករ​របស់​កម្ពុជា ​ហើយ​ទី២ សុំ​ឲ្យ​គេ​បើក​ទីផ្សារ​ទូលាយ​បន្ថែម​ទៀត​នូវ​ការ​បញ្ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ដែល​បណ្តា​រោងចក្រ​សហគ្រាស​របស់​កម្ពុជា​កំពុង​តែ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​កាន់​តែច្រើន​ឡើង​ថែម​ទៀត​ ហើយ​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​វិស័យ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​កម្ពុជា ​ឲ្យបាន​កាន់​តែច្រើន​ឡើង​ថែម​ទៀត»។

សំណើ​មួយ​ទៀត​គឺការ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅ​កាន់​វិនិយោគិន​អឺរ៉ុប។​

កិច្ច​ប្រជុំ​នៅឯ​រដ្ឋ​សភា​រយៈពេល​ជិត​២​ម៉ោង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ផង​នោះ ​ក៏​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ដេញដោល​សួរ​ពី​សំណាក់​សហគមន៍​អឺរ៉ុប​ទៅ​លើ​ចំណុច​ចំនួន​បី។​ បញ្ហា​ទាំង​នោះ​គឺ​រួម​មានរចនា​សម្ព័ន្ធ​របស់​គណៈ​កម្មការ​ទី២​នៃ​រដ្ឋ​សភា​ ដែល​ទទួល​បន្ទុកផ្នែក​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ ​ធនាគារ និង​សវនកម្ម​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កញ្ចប់​ថវិកា​ជាតិ​នៃឆ្នាំ​នីមួយៗ ​ហើយនឹង​ការ​ជជែក​ជុំវិញ​របាយ​ការណ៍​សវនកម្ម​នៃ​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋ​សភា។​

លោក ​ឃី វណ្ណដេត ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ និង​ជា​សមាជិក​គណៈកម្មការ​ទី២​នៃ​រដ្ឋ​សភា​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ផង​នោះ​ បាន​ឲ្យដឹង​ថា​ នៅ​ដំណាក់​កាល​នេះ​ជា​ដំណាក់ការ​ស្រាវជ្រាវ​ ហើយ​សហភាព​អឺរ៉ុប​កំពុង​តែ​ប៉ាន់​ប្រមាណ​ទៅ​លើ​សមត្ថភាព​របស់​គណៈ​កម្មការ​ទី២​នៃ​រដ្ឋ​សភា ​ដើម្បី​ឲ្យ​ដឹង​អំពី​តម្រូវ​ការ​ច្បាស់​លាស់​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញ​វត្ថុ។​ ហើយ​នេះ​ជា​ការ​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គម្រោង​ផ្សេងៗ​ទៀត​ និង​មិន​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជជែក​អំពី​តម្លាភាព​ក្នុង​ការ​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​របស់​គណៈ​កម្មការ​នេះ​ទេ។​

លោក​ ឃី វណ្ណដេត ​បាន​ឲ្យ​ដឹង​ទៀត​ថា ​បើ​ទោះ​ជាពុំ​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​ភ្លាមៗ​ក្នុង​កំឡុង​ពេល​នៃ​អង្គ​ប្រជុំ​នោះក្តី​ ​គោល​ជំហរ​របស់​គណបក្ស​ប្រឆាំង​គាំទ្រ​ឲ្យ​មាន​ការ​កែ​លម្អ។​

«បន្ទាប់ពី​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​សហគមន៍​អឺរ៉ុប​ដើម្បី​បញ្ជាក់​អំពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​គាំទ្រ​ឲ្យ ​EU ​នេះ​ជួយ​ក្នុង​ការ​កែ​ទម្រង់​សព្វ​បែប​យ៉ាង​ទាំង​អស់​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ហិរញ្ញវត្ថុ​ជាតិ​មាន​គោលដៅ​ប្រសើរ​ជាង​មុន»។

ថ្លែង​បន្ទរ​ទៅ​នឹង​ការ​ស្នើសុំ​របស់​គណៈ​កម្មការ​ទី២​របស់​សភា​ទៅ​កាន់​សហភាព​អឺរ៉ុប​លោក​ ខេន​ លូ​ អគ្គ​លេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC ​យល់​ស្រប​ថា​ នេះ​ជា​ការណ៍​ដ៏​ល្អ​មួយ​ ដែល​វា​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើនដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ពិសេស​វិស័យ​កាត់ដេរ​ ក៏ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត។​ តែ​លោក​បន្ថែម​ថា ​សហភាព​អឺរ៉ុបបាន​បើក​ទីផ្សារ​លើ​វិស័យ​មួយ​នេះ​យ៉ាង​ទូលាយ​រួច​ទៅ​ហើយ។​

«តាម​ពិត​ក្នុង​វិស័យ​កាត់​ដេរ​ ខ្ញុំ​ជឿ​ថា ​អឺរ៉ុបបើក​ទីផ្សារ​ល្អ​ហើយ។ ​បើកាន់​តែ​មាន​ទំនាក់​ទំនង​ជាង​មុន​ទៀត ​អាហ្នឹង​កាន់តែ​ល្អ​ហើយ​ មាន​អី?​ ​ហើយ​វិស័យ​ផ្សេងៗ​ក៏​អាច​មក​ស្រុក​ខ្មែរ​ដែរ។ ​ទីផ្សារ​អឺរ៉ុប​វា​បើក​ទូលាយ​ហើយ ​ចង់ឲ្យ​ទូលាយ​ជាង​មុន​យ៉ាង​ម៉េច?»​

សហភាព​អឺរ៉ុប​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់កម្ពុជា​ក្នុងការ​នាំ​ចេញ​ផលិតផល​វាយណភណ្ឌ ​ដែលជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​៤ ​ដែល​ជា​សសរ​ទ្រូង​សេដ្ឋកិច្ច​កម្ពុជា​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៧០ម៉ឺន​នាក់ ​ហើយ​ដែល​បាន​ទទួល​ចំណូល​ពីការ​នាំចេញ​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ មិនតែ​ប៉ុណ្ណោះ​ សហភាព​អឺរ៉ុប​ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែរ​ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ក្រីក្រ​មួយ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង​៤១០​លាន​អឺរ៉ូ ​ឬ​ស្មើនឹង​ប្រមាណ​៤៥០លាន​ដុល្លារ​ ដែល​ជា​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហគមន៍​អឺរ៉ុប​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​កំឡុង​ឆ្នាំ​២០១៤​ទៅ​ឆ្នាំ​២០២០។​

តាម​រយៈ​បណ្តាញ​នេះ​ ទឹកប្រាក់​ត្រូវ​បាន​កំណត់​ឲ្យ​បែងចែក​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​ជាតិ​សំខាន់​របស់​កម្ពុជា​ ក្នុងយុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣​រួម​ទាំង​បញ្ហា​បី​សំខាន់ៗ​ ដូចជា​ ​ការ​កែ​លម្អ​វិស័យ​កសិកម្ម ​និង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ ​ការ​ផ្តល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​ ការ​អនុវត្ត​កំណែ​ទម្រង់​អភិបាល​កិច្ច​ និង​រដ្ឋបាល​ដូច​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ កំណែ​ទម្រង់​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​កំណែ​ទម្រង់​ការ​បោះឆ្នោត៕

XS
SM
MD
LG