ក្រុមអ្នកការពារសិទ្ធិកម្មករនៅប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះបានទទូចសុំឲ្យរដ្ឋាភិបាលពិចារណារក្សាទុកឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ដើម្បីទ្រទ្រង់ស្ថិរភាពកំណើនក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
ការទទូចរបស់ក្រុមអ្នកការពារសិទ្ធិកម្មករនេះ កើតមានឡើង នៅក្រោយការព្រមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលថា នឹងមានការធ្លាក់ចុះជាអចិន្ត្រៃយ៍នៃកំណើនរបស់ឧស្សាហកម្មកាត់ដេរ ប្រសិនបើ សហភាពអឺរ៉ុបព្យួរឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានតាំងពីឆ្នាំ២០០១។
មូលនិធិ IMF បានសរសេរក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា៖
«ការព្យួរ[ឋានៈអនុគ្រោះពន្ធ EBA]នឹងនាំទៅរកការធ្លាក់ចុះជាអចិន្ត្រៃយ៍នៃផលិតផល និងការងារក្នុងឧស្សាហកម្មកាត់ដេរសម្រាប់រយៈពេលវែង»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បា្រប់ VOA ថា ប្រសិនបើកម្ពុជាចង់បន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួននោះ ប្រទេសក្រីក្រមួយនេះ ត្រូវប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីរក្សាទុក ប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ។
លោក អាត់ ធន់ បានបន្ថែមថា៖ «ខ្ញុំគិតថា EBA គឺជារឿងសំខាន់មួយ ដែលឲ្យរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាស្ថិរភាពកំណើនការងារសមរម្យ និងស្ថិរភាពប្រាក់ចំណូល និងការងាររបស់កម្មករ ហើយបើសិនជាបាត់ EBA ទៅ បើទោះបីជាបាត់នៅក្នុងរូបភាពណាក៏ដោយ គឺខ្ញុំគិតថា វាមិនជាល្អសម្រាប់កម្ពុជាទេបាទ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជានឹងបង់ពន្ធពីកម្រិតទាបបំផុតជាមធ្យមពី០,១ភាគរយ ទៅដល់កម្រិតខ្ពស់បំផុត១២,៥ភាគរយសម្រាប់ការនាំទំនិញចេញ ដោយគ្មានឋានៈអនុគ្រោះពន្ធ។
មេដឹកនាំសហជីពសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា កម្រិតពន្ធជាង១២ភាគរយនេះ នឹងអាចក្លាយជាបន្ទុកដ៏ធ្ងន់មួយ សម្រាប់អ្នករកស៊ីក្នុងឧស្សាហកម្មកាត់ដេរ។
មូលនិធិ IMF ក៏បានព្យាករណ៍ថា ការនាំទំនិញចូលទៅសហភាពអឺរ៉ុបនឹងធ្លាក់ចុះប្រមាណ១៣ភាគរយ ជាចំនួនស្មើនឹងការថយចុះ៥ភាគរយនៃការនាំចេញសរុប។ ហើយផលប៉ះពាល់នេះ នឹងធ្វើឲ្យកំណើននៃផលិតផលក្នុងស្រុកសរុប ឬ GDP ថយចុះកម្រិត៣ភាគរយ នៅឆ្នាំដំបូងដែលកម្ពុជាជាប់កាតព្វកិច្ចបង់ពន្ធឲ្យសហភាពអឺរ៉ុប។
មូលនិធិ IMFបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងចុះថមថយពីកម្រិត៧ភាគរយនៅឆ្នាំ២០១៩ មកកម្រិត៦,៨ភាគរយនៅឆ្នាំ២០២០ ប្រសិនបើលក្ខខណ្ឌពីខាងក្រៅជាច្រើនមានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅនោះ។
មូលនិធិIMFដដែលក៏បានឲ្យដឹងពីការបាត់បង់ការងារ ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចព្យួរកម្ពុជាពីឋានៈអនុគ្រោះពន្ធរបស់ខ្លួននោះ។
សហភាពអឺរ៉ុបបានគំរាមដកហូតប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រសិនបើប្រទេសនេះមិនអាចងាកទៅរកស្ថានភាពប្រជាធិបតេយ្យ ដែលអង្គការសង្គមស៊ីវិលនិង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចបន្តការងារបានវិញ ដោយគ្មានការយាយីពីអាជ្ញាធរ ហើយសិទ្ធិនយោបាយត្រូវបានធានាដល់ពលរដ្ឋគ្រប់រូប។
ការសម្រេចជាចុងក្រោយរបស់ EU ថាត្រូវព្យួរ EBA ឬយ៉ាងណា នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ ដែលនឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) មានប្រសាសន៍ថា វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តសន្ទនាជាមួយសហភាពអឺរ៉ុប រកច្រករក្សាទុកប្រព័ន្ធឋានៈអនុគ្រោះពន្ធEBA ដែលមានចំណែកក្នុងការទ្រទ្រង់លំនឹងការងាររបស់កម្មករផងដែរ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា៖ «ខ្ញុំគិតថា អាហ្នឹងរាជរដ្ឋាភិបាល ត្រូវមានឆន្ទៈខ្ពស់ ពីព្រោះថាការដោះដូរមិនមែនតែ ការដោះដូរលក្ខខណ្ឌផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែរួមទាំងការដោះដូរផ្នែកនយោបាយ ហើយនិងលក្ខខណ្ឌ សិទ្ធិការងារមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវតែគិតឲ្យបានល្អិតល្អន់»។
មន្ត្រីសម្របសម្រួលការងាររូបនេះ មានសុទិដ្ឋិនិយមថា ការកាត់ក្តីលោក កឹម សុខា នៅខែមករា ឆ្នាំ២០២០ខាងមុខនេះ អាចនឹងកែខៃស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ ដែលការប្រែប្រួលនោះនឹងអាចមានទំនាក់ទំនងជាមួយជោគវាសនារបស់ EBA ថាតើវានឹងបន្តស្ថិតនៅជាមួយកម្ពុជាទៀត ឬយ៉ាងណានោះ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ នៅថ្ងៃចន្ទនេះ។
ឧស្សាហកម្មកាត់ដេរ បានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណ៧៥ម៉ឺននាក់ ហើយ៨០ភាគរយនៃពលរដ្ឋទាំងនោះគឺជាស្ត្រី។ ឧស្សាហកម្មនេះក៏ត្រូវបានគេប៉ាន់ស្មានថា បានទ្រទ្រង់ដល់ពលរដ្ឋ៣លាននាក់ផ្សេងទៀត ដែលមិនមែនជាកម្មករផងដែរ។ នេះបើតាមការបញ្ជាក់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី៥០០លានដុល្លារអាមេរិកទៅជាង៦០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជានោះ។
អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចលោក ង៉ែត ជូ បានផ្តល់ការអធិប្បាយលើគណនីហ្វេសប៊ុករបស់លោកដោយបានធ្វើប្រៀបពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាលពី១០ឆ្នាំមុន មកពេលបច្ចុប្បន្នថា កាល២០០៩ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្មើសូន្យ។ ពេលនោះជាពេលដ៏អាក្រក់បំផុត ជាពិសេសជីវភាពរបស់ពលរដ្ឋក្រីក្រ។ ប៉ុន្តែពេលនោះ ស្ថានភាពហាក់ដូចជាប្រសើរជាងពេលបច្ចុប្បន្ន ដោយសារមិនមានបញ្ហាប្រឈមនឹងការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
លោកបានបន្ថែមថា យោងតាមស្ថានភាពបច្ចុប្បន្ននេះ លោកសង្ឃឹមថារដ្ឋាភិបាល និងភាគីសហភាពអឺរ៉ុប (EU) នឹងព្យាយាមរកច្រកចេញផ្លូវកណ្តាលណាមួយដែលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ជាពិសេសមិនប៉ះពាល់ដល់ជីវភាពពលរដ្ឋក្រីក្រនិងកម្មករ៕