សហភាពអឺរ៉ុបបន្តរំលឹកដល់ប្រទេសកម្ពុជាឱ្យកែលម្អស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សក្នុងខណៈពេលដែលគណៈកម្មការនៃបណ្តាប្លុកប្រទេសដ៏ធំនៅអឺរ៉ុបនេះកំពុងតែពិចារណាជាចុងក្រោយពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសកម្ពុជា។
លោកចូសិប បូររែល ហ្វុនតេលលេ (Josep Borrell Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានក្រើនរំលឹកដូច្នេះនៅក្នុងជំនួបផ្លូវការមួយជាមួយនឹងលោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ។
គេហទំព័ររបស់សហភាពអឺរ៉ុបបានចុះផ្សាយបន្ថែមថា៖
«លោកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានបញ្ជាក់ជាថ្មី អំពីសារៈសំខាន់របស់អាជ្ញាធរកម្ពុជា ក្នុងការចាត់វិធានការជាបន្ទាន់ដើម្បីបើកចំហបរិយាកាសនយោបាយនៅក្នុងប្រទេស បង្កើតលក្ខខណ្ឌចំបាច់ឱ្យមានគណបក្សប្រឆាំងដែលគួរឲ្យទុកចិត្តបាននិងមានលក្ខណៈប្រជាធិបតេយ្យ ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈកិច្ចសន្ទនាពិតប្រាកដ»។
គណៈកម្មការអឺរ៉ុបបានរកឃើញថាអាជ្ញាធរកម្ពុជាបានរំលោភយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធលើសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ សិទ្ធិសហជីពនិងការងារ សិទ្ធិសេរីភាពបញ្ចេញមតិនិងសារព័ត៌មាននិងសិទ្ធិសេរីភាពសមាគមជាដើមហើយបានស្នើក្នុងរបាយការណ៍វាយតម្លៃកាលពីថ្ងៃទី១២ខែវិច្ឆិកាឱ្យកែលម្អបើមិនដូច្នេះទេ សហភាពអឺរ៉ុបនឹងព្យួរឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។
ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ពីជំនួបនោះថាជាការជួបពិភាក្សាការងារប៉ុន្តែមិនបានបញ្ជាក់ពីខ្លឹមសារលម្អិតទេ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃច័ន្ទ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងពីការខិតខំកែលម្អតាមការរកឃើញរបស់គណៈកម្មការអឺរ៉ុបហើយតាមរយៈក្រសួងការបរទេសបានស្នើឱ្យគណៈកម្មការនេះពិចារណាពីផលប៉ះពាល់លើកម្មការិនីជិតមួយលាននាក់និងក្រុមគ្រួសាររបស់ពួកគេប្រសិនបើមានការដាក់ទណ្ឌកម្មដោយផ្តាច់ឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ EBA» មែន។
រដ្ឋាភិបាលកម្ពុជាបានប្រគល់របាយការណ៍ឆ្លើយតបចុងក្រោយតាមការចង់បានរបស់គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា៖
«សេចក្តីឆ្លើយតបចុងក្រោយនេះគឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពី សកម្មភាពនិងវិធានការនានាដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ជាអាទិ៍ រួមមានការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគមជាដើម»។
សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតរបស់កម្ពុជាដោយទទួលទិញទំនិញជិត៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលមានផលិតផលសម្លៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មហើយតាមរយៈឋានៈអនុគ្រោះពន្ធនេះគឺទំនិញរបស់កម្ពុជាបានរួចពន្ធក្នុងទឹកប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថាការបាត់បង់ឋានៈអនុគ្រោះពន្ធនឹងមានផលប៉ះពាល់លើវិស័យកាត់ដេរនៅកម្ពុជា៖
«ជាការពិតហើយនៅពេលដែលពួកគេត្រូវបង់ពន្ធគយគឺទីផ្សាកម្ពុជាមិនសូវទាក់ទាញចំពោះអ្នកបញ្ជាទិញផលិតផលពីកម្ពុជាទេ។ ដូច្នេះសូមកុំច្រឡំថាអ្នកផលិតទំនិញនៅកម្ពុជាបង់ពន្ធ គឺអ្នកបញ្ជាទិញជាអ្នកបង់ពន្ធ»។
លោកខេន លូបានបន្ថែមថាក្រៅពីនោះគឺប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនដែលមានស្រាប់នៅកម្ពុជាផងដែរ៖
«វាមិនគ្រាន់តែជាការត្រូវបង់ពន្ធគយប៉ុណ្ណោះទេ វាក៏នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគទុននៅកម្ពុជាផងដែរ»។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាមើលឃើញថាចាប់តាំងពីគណៈកម្មការអឺរ៉ុបបានសម្តែងការព្រួយបារម្ភមកគឺរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការតិចតួចក្នុងការស្តារស្ថានការណ៍ក្នុងនោះមានការដោះលែងលោកកឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិពីការឃុំឃាំងក្នុងលំនៅដ្ឋានប៉ុន្តែមិនបានប្រគល់សិទ្ធិឱ្យលោកធ្វើនយោបាយពេញលេញឬចាកចេញពីប្រទេសទេ។ លោករ៉ុងឈុនក៏សង្កេតឃើញមានការដោះលែងសកម្មជនសហគមន៍ពីពន្ធនាគារប៉ុន្តែពួកគេនៅតែប្រឈមមុខនឹងការកាត់ទោសដដែល។
បានរ៉ុងឈុន សម្តែងក្តីព្រួយបារម្ភថាការណ៍នេះនឹងធ្វើឱ្យក្រុមសហជីពនៅបណ្តាប្រទេសនៃសហភាពអឺរ៉ុបអាចនឹងដាក់សម្ពាធលើក្រុមហ៊ុនណាដែលបន្តបញ្ជាទិញទំនិញពីកម្ពុជា៖
«ចំពោះសហជីពវានឹងអាចឈានទៅដល់សហជីពដែលជាដៃគូរបស់សហភាពសហជីពកម្ពុជាដែលជាសមាជិកIPUC នៅលើពិភពលោកដែលមានសមាជិករាប់រយលាននាក់ហ្នឹងគេនឹងសម្តែងអារម្មណ៍មិនសប្បាយចិត្តដែលគេអាចនឹងធ្វើពហិការមិនប្រើផលិតផលពីកម្ពុជាយើងក្នុងក្របខណ្ឌដែលរដ្ឋាភិបាលកម្ពុជាជាប់កេរ្តិ៍ឈ្មោះរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហើយមិនបានកែលម្អទៅនឹងអ្វីដែលសហភាពអឺរ៉ុបបានលើកឡើង»។
គណៈកម្មការសហភាពអឺរ៉ុបមានពេលរហូតដល់ថ្ងៃទី១២ខែកុម្ភៈដើម្បីសម្រេចចិត្តត្រូវព្យួរឋានៈអនុគ្រោះពន្ធបណ្តោះអាសន្នទាំងស្រុងឬមួយផ្នែកពីកម្ពុជា។ បន្ទាប់ពីនោះគឺនឹងចូលជាធរមាននៅត្រឹមខែសីហាបើសិនជាមិនមានការជំទាស់គ្រប់គ្រាន់ពីប្រទេសសមាជិកសហភាពអឺរ៉ុបទេ៕