ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ទាមទា​រអត្ថប្រយោជន៍​បន្ថែម​ជូន​កម្មករ​អំឡុង​ពេល​ចរចា​ប្រាក់​ឈ្នួល​ថ្មី​ក្នុង​វិស័យ​កាត់​ដេរ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ក្រុម​សហជីព​កំពុង​ទាម​ទារ​អត្ថប្រយោជន៍​បន្ថែម​មួយ​ចំនួន​ជូន​កម្មករ​រោងចក្រ​កាត់​ដេរ​ អំឡុង​ពេល​នៃ​ការ​ចរចា​ឱ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០២៣។ ​នេះ​បើតាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ដែល​បាន​ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​កាល​ពីថ្ងៃ​អង្គារ។ ​

បើតាម​របាយ​ការណ៍​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ចុះ​ថ្ងៃទី​១៣​ ខែ​កញ្ញា ​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារលោក​ អ៊ិត សំហេង ភាគី​សហជីព​បាន​លើក​សំណើ​ដែល​មាន​៨​ចំណុច ​ក្នុង​នោះ​គឺ​ការ​ស្នើ​រោងចក្រ​បង្កើន​សោហ៊ុយ​ធ្វើ​ដំណើរ​ និង​អាហារថ្ងៃ​ត្រង់​ ស្នើ​រដ្ឋាភិបាល​បន្ត​អនុវត្ត​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង​ និង​ត​បណ្តាញ​ដល់​កន្លែង​ស្នាក់នៅ​ និង​សុំ​ឱ្យ​រដ្ឋាភិបាល​ និង​រោងចក្រ​កែលម្អ​សុវត្ថិ​ភាព​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ ឱ្យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ។​ ភាគី​សហជីព​ក៏​សុំ​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ស៊ើប​អង្កេត​ និង​បញ្ឈប់​ការ​ប្រើប្រាស់​កម្មករ​ដេរ​ស៊ីបុង​ ប្រចាំ​ថ្ងៃ​លើស​ពី​ចំនួន​៦០​ថ្ងៃ។​

លើស​ពីនេះ​ ភាគី​សហជីព​បាន​លើក​ឡើង​តួ​លេខ​នៃ​ប្រាក់​ឈ្នួលបី​ផ្សេង​គ្នា​ គឺ​ចាប់ពី​២០៦​ដុល្លារ​ ២១០​ដុល្លារនិង​២១៣​ដុល្លារ​សម្រាប់​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៣។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ស៊ីណា ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​ ជំហរ​របស់​សហជីព​ដែល​ទាមទារ​ឱ្យ​កំណត់​ប្រាក់​ឈ្នួល​លើស​ពី​២០០​ដុល្លារ​គឺនៅ​ដដែល​ និង​ថា​ ការ​ទាមទារ​នេះ​គឺ​សម្រាប់​ប៉ះ​ប៉ូវ​ការ​ខាត​ប្រយោជន៍ជា​ច្រើន​របស់​កម្មករ​ ដូច​ជា​ការ​លុប​ថ្ងៃ​បុណ្យជាតិ​ចំនួន​ជិត​៧​ថ្ងៃ​ ដែល​កម្មករ​មិន​បាន​សម្រាក​តែ​ត្រូវ​ធ្វើ​ការ​ ហើយ​បើ​មិន​ធ្វើ​ការ​ ប្រាក់​ឈ្នួល​របស់​ពួក​គេ​នឹង​ត្រូវ​បាន​កាត់ ​និង​ក៏មិន​ទទួល​បាន​ប្រាក់​បន្ថែម​ដូច​ពេល​មុន​ដែរ។​

លោក​ថ្លែង​ថា៖ ​«សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា ​ការ​បាត់​បង់​ផល​ប្រយោជន៍​ បូករួម​ទាំង​ការ​បង្កើន​នូវ​ការ​ចំណាយ​នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​គាត់​ ​យើង​ឃើញ​ថា​ គាត់​ពិត​ជា​មាន​ការ​លំបាក​ ដូច្នេះ​ក្នុង​នាម​យើង​ជា​ភាគី​តំណាង​ឱ្យ​កម្មករ​ យើង​រក្សា​ជំហរ​ដើម​របស់​យើង​គឺ​២១៣​[ដុល្លារ] ​បើ​ទោះ​បី​បាន​មិន​បាន​ ក៏​យើង​នៅ​តែ​បង្ហាញ​ពី​ការ​ឈរ​ជាមួយ​បង​ប្អូន​កម្មករ​ដែរ»។ ​

បើតាម​លោក ​ប៉ាវ ស៊ីណា​ ខាង​ភាគី​និយោជក​នៅ​បន្ត​ទាមទារ​កំណត់​ប្រាក់​ឈ្នួល​ថ្មីក្នុង​រង្វង់​១៩៧​ដុល្លារ​ ខណៈ​រដ្ឋាភិបាល​ចង់​បាន​១៩៨​ដុល្លារ​អាមេរិក។​

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់​ត្រាល់​ លោក ​ឃុន ថារ៉ូ ​យល់​ថា​ ខណៈ​កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នោះ​ រដ្ឋាភិបាល​បច្ចុប្បន្ន​គួរ​តែ​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​កម្រិត​មួយ​ដែល​កម្មករ​អាច​រស់​សម​រម្យ​បាន​ បើ​សិន​រដ្ឋាភិបាល​ចង់​បាន​សំឡេង​គាំទ្រ​ពី​កម្មករ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«​ផ្អែក​តាម​តួលេខ​ដែល​មាន​ការ​សម្រេច ជា​តួលេខ​ជំហរ​នៃ​ភាគី​នីមួយៗ​ ខ្ញុំ​គិត​ថា ​ចំណុច​នេះ​ វា​សំខាន់​ណាស់​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​គិត​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ ហើយ​វា​ក៏​ជា​ឱកាស​ល្អ​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​កម្មករ​និយោជិត​ជាង​មួយ​លាន​នាក់​ ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ»។ ​

នៅ​ក្នុង​របាយ​ការណ៍​នៃ​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ភាគី​និយោជក​ក្រៅ​ពី​ការ​បង្ហាញ​ការ​ចង់បានរបស់​ខ្លួន​នូវ​តួលេខ​១៩៧​ដុល្លារ​សម្រាប់​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៣​ ភាគីនេះ​ក៏​បាន​លើក​ឡើង​សំណើ​មួយ​ចំនួន​ដើម្បី​បន្ថយ​ការ​ចំណាយ​លើ​ផលិត​កម្ម​ និង​ការ​នាំចេញ​ទំនិញ។​

សំណើ​ទាំង​នោះ ​រួម​មាន​ដូច​ជា​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ថ្លៃ​ភស្តុភារ​ ជាពិសេស​កម្រៃ​សេវា​បញ្ចេញ​ទំនិញ​ កម្រៃ​សេវា​កំពង់​ផែ​ និង​កម្រៃ​អតុល្យ​ភាព​កុង​តឺន័រ​របស់​ក្រុមហ៊ុន​កប៉ាល់​ កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ និង​ផ្តល់​គោល​នយោបាយ​អំណោយ​ផល​សម្រាប់​ការ​ដំឡើង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ជំរុញ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​ផលិតផលធ្វើ​ដំណើរ​២០២២-២០២៧។ ​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ឬ​ GMAC​ លោក​ ខេន លូ​ បាន​ទេ​ ដោយសារ​លោក​ជាប់​ប្រជុំ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក​ ហេង សួរ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

ខណៈ​ការ​ចរចា​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​បាន​ធ្វើ​ឡើង​ចំនួន​៤​លើក​មក​នោះ​ គណ​បក្ស​ភ្លើង​ទៀន​បាន​ឱ្យ​ដឹង​ពី​ជំហរ​របស់​ខ្លួន​សម្រាប់​ការ​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​គោល​សម្រាប់​កម្មករ​ចំនួន​២១៥​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៣។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ចុះ​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​២០២២។​

គណបក្ស​ជំទាស់​នេះ​យល់​ថា​ ប្រាក់​ឈ្នួល​ដែល​មាន​ចំនួន​២១៥​ដុល្លារ​នេះ​អាច​ជួយ​ដល់​កម្មករ​បាន​មួយ​ចំណែក​ បើ​ទោះ​បី​ការ​ដំឡើង​កម្រិត​នេះ​មិន​ទាន់​សម​ល្មម​ចំពោះ​ការ​ប្រឈម​នឹង​ជីវភាព​រស់​នៅ​របស់​កម្មករ​ក្នុង​ស្ថានភាព​ដែល​រួមមាន​ម្ហូប​អាហារ​ តម្លៃ​ទំនិញ​ មធ្យោបាយធ្វើ​ដំណើរ​ កន្លែង​ស្នាក់​នៅ​មានតម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នោះ។​

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«គណបក្ស​ភ្លើង​ទៀន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ ខិតខំ​រក​មធ្យោបាយ​សម្រួល​ជាមួយ​ម្ចាស់​រោងចក្រ​ សហគ្រាស​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅការងារ​ និង​សម្រួល​ដល់​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ ឬ​ជំរុញ​ដល់​ការ​ផលិត​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដើម្បី​អាច​ផ្តល់​លទ្ធភាព​ដល់​ការ​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ លើស​ពី​៣០០​ដុល្លារ​ចាប់​ពី​ឆ្នាំ​២០២៤​ត​ទៅ»។​

កាល​ពី​ឆ្នាំ​២០២១​ កម្មករ​រោងចក្រ​កាត់​ដេរ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​សម្រាប់​ឆ្នាំ​២០២២​ចំនួន​២​ដុល្លារ​ ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​កើន​ដល់​១៩៤​ដុល្លារ​អាមេរិក។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។​

ឧស្សាហ​កម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​មួយ​ផ្នែក ​និង​មួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់​២០%​នៃ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០២០ ​ក្រោយ​ការ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស។ ​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​សហ​ភាព​អឺរ៉ុប​នឹង​បន្ត​កាត់​បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ទៀត​ឬ​យ៉ាង​ណា​ទេ​ នៅ​ពេល​ខាង​មុខ៕​

XS
SM
MD
LG