ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​សំណុំ​រឿង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ជាប់​គាំង


រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

តំណាង​កម្មករ​និយោជិត​ និង​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍បាន​ចូលរួម​ក្នុង​ការ​ជជែក​ពិភាក្សា​ដោះ​ស្រាយ​វិវាទ​ការងារ​លើក​ទី៩ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​ការចរចា​មិន​ទាន់ឈាន​ដល់​ចំណុច​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ចេញ​កាល​ពី​ថ្ងៃទី៤ ខែ​ឧសភា​របស់​ក្រសួង​ការងារ ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន​៤រូប តំណាង​ភាគី​និយោជក​ ៣​រូប និង​តំណាង​ក្រសួង​ការងារ។

តំណាង​ចូលរួម​៤​នាក់​ពី​ភាគី​កម្មករ​និយោជិត​រួម​មាន​ អ្នកស្រី​ ឈឹម សុខន អ្នកស្រី​ រី សុវណ្ណឌី អ្នកស្រី​ សុន ស្រីពេជ្រ និង​អ្នកស្រី ហៃ សុភាព។ ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​កញ្ញា​ ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ មិន​បាន​ចូលរួម​នោះ​ទេ ដោយ​សារ​មាន​ធុរៈ​ចាំបាច់។ តំណាង​ចូលរួម​បី​នាក់​ពី​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ រួម​មាន លោក​ ហាយ​ វលាភ អ្នកស្រី​ ឌី សីហា និង​អ្នកស្រី​ រស់ ប៊ុនឡេង ជំនួស​ឱ្យ​លោក Hein Dames នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​មាន​ធុរៈ​ចាំបាច់។

ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​សេចក្តីជូន​ដំណឹង​ថា កាល​បរិច្ឆេទ​ប្រជុំ​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី១១ ខែ​ឧសភា ឆ្នាំ​២០២២។ ក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​វិវាទ​ការងារ​នេះ​មិន​អាច​ស្វែង​រក​ដំណោះស្រាយ​បាន​ដោយ​ការផ្សះផ្សារ​ នោះ​នីតិវិធី​បន្ទាប់​គឺ​អាច​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​រក​ដំណោះស្រាយ​ចុង​ក្រោយ។

យោង​តាម​សេចក្តីជូន​ដំណឹង​ដដែល​ ​ការ​ទាមទារ​ចម្បង​របស់​តំណាង​ភាគី​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មាន​ដូចជា ​ការស្នើ​ឱ្យ​កម្មករ​និយោជិត​២០០​នាក់ ដែល​បាន​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើ​ការ​វិញ ការ​ស្នើ​ឱ្យ​ក្រុមហ៊ុន​បង្កើត​ជម្រើស​ថ្មី ក្រៅ​ពី​ការ​ប្រកាន់​ជំហរ​ដាច់​ណាត់​ថា​មិន​ទទួល​យក​ធ្វើចូល​ធ្វើ​ការ​វិញ ការ​ស្នើ​ឱ្យ​ក្រសួង​ការងារ​ផ្តល់​លិខិត​របស់​អធិការ​ការងារ​ស្តី​ពី​ឯកភាព​លើ​ការ​បញ្ឈប់​ពី​ការងារ​រួម​របស់​កម្មករ​និយោជិត​១.៣២៩​នាក់ ការស្នើ​សុំ​តាម​រយៈ​ក្រសួង​ការងារ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ចំពោះ​តំណាង​កម្មករ​ និង​និយោ​ជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំង​អស់​ និង​ការ​ស្នើសុំ​បើក​ការិយាល័យ​សហជីព​ឡើង​វិញ។

ចំណែក​តំណាង​ភាគីក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​លើក​ឡើង​ក្នុង​សេចក្តី​ជូន​ដំណឹង​ខាង​លើថា ក្រុមហ៊ុន​នៅ​តែ​រក្សា​កញ្ចប់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ចំពោះ​អតីត​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​បញ្ជាក់​ថា​ អ្នក​មិន​ទាន់​ទទួល​ប្រាក់​បំណាច់​នេះ​នៅ​សល់​តែ​ជាង​១៩០​នាក់​ប៉ុណ្ណោះ។ ហើយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ដែល​អវត្តមាន​ដោយ​គ្មាន​ច្បាប់​ វិល​ត្រឡប់​ចូល​ធ្វើការ​វិញ។

ជា​ការ​ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​សហជីព​ឱ្យ​ក្រុមហ៊ុន​បង្កើត​ជម្រើស​ផ្សេង​ទៀត តំណាង​ក្រុមហ៊ុន​បាននិយាយ​ថា ​ក្រុមហ៊ុន​មិន​មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ និង​បាន​បញ្ជាក់​ជំហរ​សាជា​ថ្មី​ថា ក្រុម​ហ៊ុន​នៅ​តែ​មិន​យល់ព្រម​ទទួល​យក​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើការ​វិញ​ឡើយ។

រូប​ឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ​ក្បែរ​កាស៊ីណូ​ណាហ្គាវើលដ៍ កាល​ពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។
រូប​ឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ​ក្បែរ​កាស៊ីណូ​ណាហ្គាវើលដ៍ កាល​ពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

តំណាង​សហជីព​កូដករ​ណាហ្គាវើលដ៍ អ្នកស្រី រី សុវណ្ណឌី ដែល​បាន​ចូលរួម​ក្នុង​ការ​ចរចា​ដោះស្រាយ​វិវាទ​ខាង​លើ​ បាន​ឱ្យ​ដឹង​ថា​ជម្លោះ​ការងារ​នេះ​នឹង​មិន​ងាយ​បញ្ចប់​នោះ​ទេ ខណៈ​លើក​ឡើង​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល​មក​លើ​រដ្ឋអំណាច។

អ្នកស្រី​ថ្លែង​ថា៖ «ខាង​ក្រុមហ៊ុន​គេ​មាន​លុយ​ច្រើន។ ហើយ​ទោះបី​ជា​អូស​បន្លាយ​១០​ឆ្នាំ​ទៅ​ទៀត​ ក៏​គេ​អត់​ពិបាក​ដែរ ដោយ​សារ​តែ​អាជ្ញាធរ​ ​ចង់​និយាយ​ថា ​អាជ្ញាធរ​រារាំង​កូដករ​មិន​ឱ្យ​ទៅ​មុខ​ក្រុមហ៊ុន។ អ៊ីចឹង​អាជីវកម្ម​ក្រុមហ៊ុន​គឺ​នៅបន្តដដែល។ គេ​បាន​អាជ្ញាធរ​ជួយ​រារាំង​ហើយ អ៊ីចឹង​ពេល​ចូល​តុ​ចរចា​ គេ​អត់​មាន​អ្វី​ឆ្លើយ​តប ហើយ​សកម្មភាព​ដែល​ពួកខ្ញុំ​មើល​ទៅ​ឃើញ​ថា គេ​អត់​មាន​ខ្វល់​ខ្វាយ​អី​ទាំង​អស់»។

អ្នកស្រី​ រី សុវណ្ណឌី បន្ថែម​ថា​ អំឡុងពេល​ការ​ប្រជុំ​ តំណាង​ក្រសួង​ការងារមិន​បាន​ផ្តោត​លើ​មាត្រា​ឬ​ចំណុច​ផ្សេងៗ​ ដែល​មាន​លក្ខណៈ​ដាក់​បន្ទុក​លើ​ភាគី​ក្រុមហ៊ុន​ ដើម្បី​យក​មក​និយាយ​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «ប៉ុន្តែ​ខាង​ក្រសួង​បែរ​ជា​លើក​តែ​មាត្រាណា​ដែល​គាំទ្រ​លើ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ។ ប៉ុន្តែ​មាត្រា​ផ្សេង​ទៀត​ស្តី​ពី​ច្បាប់​ការងារ​ ដែល​មិន​គាំទ្រ​ការ​បញ្ឈប់​ខុស​ច្បាប់​បែប​ហ្នឹង​ គាត់​អត់​លើក​មក​និយាយ​នៅ​ក្នុង​ពេល​ប្រជុំ​ទេ»។

តំណាង​សហជីព​រូប​នេះ​បន្ថែម​ថា ​អ្នកស្រី​មិន​មាន​ជំនឿ​ទុក​ចិត្ត​ថា ​ភាគី​កម្មករ​និយោជិត​នឹង​ឈ្នះ​ក្តី​នោះ​ទេ ប្រសិន​រឿង​វិវាទ​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ពីព្រោះ​អ្នក​ស្រី​យល់​ថា​ ប្រព័ន្ធ​តុលាការ​មិន​មាន​ភាព​យុត្តិ​ធម៌ ដោយ​បាន​លើក​ឡើង​ពី​ករណី​ចាប់ខ្លួន​តំណាង​សហជីពកម្មករ​និយោជិតក្រុមហ៊ុន​ណា​ហ្គាវើលដ៍​កាល​ពី​ពេល​កន្លង​មក។ អ្នកស្រី​បន្ត​ប្រកាន់​ជំហរ​ថា​តំណាង​សហជីព​ទាំងនោះ​មិនមាន​កំហុស​នោះ​ទេ។

នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក​ Hein Dames សុំ​មិន​ផ្តល់​ការ​អធិប្បាយ នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើ​សារ​ Whatsapp នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា យោង​តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ ភាគី​អតីត​បុគ្គលិក​ដែល​មិន​សុខចិត្ត​គឺ​ត្រូវ​បន្ត​ទៅ​តុលាការ និង​ថា ការ​សម្របសម្រួល​របស់​ក្រសួង​គឺ​ដើម្បី​បំពេញ​តាម​សំណើ​របស់​អតីត​បុគ្គលិក​និង​ការ​ឯកភាព​របស់​ភាគី​ក្រុមហ៊ុន។

លោក​បាន​បន្ថែម​ថា ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​យោគយល់​និង​យក​ច្បាប់​ជា​គោល មិនមែន​យក​អារម្មណ៍​ជា​គោល​នោះ​ទេ។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ យល់​ឃើញ​ថា ភាគី​ក្រុមហ៊ុននៅ​តែ​«មិន​មាន​ចេតនា​ស្មោះត្រង់» ក្នុង​ការ​ដោះស្រាយ​បិទ​បញ្ចប់​ជម្លោះ និង​«ព្យាយាម​រំលាយ​រចនា​សម្ព័ន្ធ​សហជីព» តាម​រយៈ​ការ​អូស​បន្លាយ​វិវាទ ក្នុង​គោល​ដៅ​កាត់​បន្ថយ​កម្លាំង​សហជីព​ជា​ដើម។

លោកថ្លែង​ថា៖ «អ៊ីចឹង ទម្រង់​ដែល​យើង​អាច​និយាយ​បាន​ថា​វា​ជា​ការ​គុំកួន​ ឬ​ក៏​ជា​ទម្រង់​នៃ​ការ​រើសអើង​សហ​ជីព​យ៉ាង​ធ្ងន់ធ្ងន់​ពី​សំណាក់​និយោជក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង។ ហើយ​វា​ជា​ការ​បង្ហាញ​នូវ​ការ​បន្ត​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ចលនា​សហជីព​ឯករាជ្យ ដែល​ដើរ​តួនាទី​ក្នុង​ការ​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​កម្មករ»។

លោក​បន្ថែម​ថា ​ចំណុច​គន្លឹះ​នៃ​ការ​ដោះស្រាយ​វិវាទ​គឺការ​ទទួល​យក​សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​មួយ​ចំនួន​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​យោគ​យល់​រវាង​គ្នា។

មន្ត្រីសង្គម​ស៊ីវិល​រូប​នេះ​ក៏ស្នើ​ឱ្យ​រដ្ឋ​អំណាច​អនុវត្ត​ច្បាប់​ឱ្យ​បាន​សមស្រប​ក្នុង​ករណី​រក​ឃើញ​ថា​ភាគី​និយោជក​បាន​ប្រព្រឹត្ត​សកម្មភាព​ណាមួយ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​«រើស​អើង​សហជីព​ធ្ងន់ធ្ងរ»ផង​ដែរ។

គួរ​រំឭក​ផង​ដែរ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​ចុះ​បញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ១.៣២៩នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។

កូដកម្ម​របស់​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​កូដករ​ជា​កម្មករ​និយោជិត ​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​បន្ត​តវ៉ា បើ​ទោះ​បី​មាន​ការ​ដោះ​លែង​តំណាង​សហជីព​យ៉ាង​ហោច​ណាស់​៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ឱ្យ​នៅ​ក្រៅ​ឃុំជាបណ្តោះ​អាសន្ន កាល​ពី​កន្លង​ទៅ​ក៏​ដោយ៕

XS
SM
MD
LG