ថៅកែរោងចក្រ Southland បានយល់ព្រមទទួលយកក្រុមសហជីព និងកម្មករចំនួន១១នាក់ឲ្យចូលធ្វើការវិញហើយ កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ ក្រោយពីការតវ៉ា របស់ក្រុមសហជីព និងកម្មករចំពោះការព្យួរពីការងារពាក់ព័ន្ធនឹងការទាមទារសិទ្ធិបោះឆ្នោត ក្នុងពេលបោះឆ្នោត ឃុំ-សង្កាត់។ នេះបើយោងតាមការបញ្ជាក់ពីតំណាង និងមេដឹកនាំសម្ព័ន្ធសហជីពចលនាកម្មករ (CUMW)នៅថ្ងៃចន្ទនេះ។
លោក ឡាញ់ ភិរម្យ បេក្ខជនម្នាក់នៃសម្ព័ន្ធសហជីពចលនាកម្មករប្រចាំរោងចក្រ Southland និយាយថា បន្ទាប់ពីមានការសម្របសម្រួលពីមន្ត្រីនៃក្រសួងការងារនាល្ងាចថ្ងៃសុក្រសប្តាហ៍មុន ក្រុមកម្មករ១១នាក់ បានចូលទៅធ្វើការវិញ នៅព្រឹកថ្ងៃសៅរ៍ ដោយរោងចក្របានកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់កម្មករ ដែលធ្វើកូដកម្ម ហើយបានតម្រូវឲ្យតំណាងសហជីពធ្វើកំណត់ហេតុថា មិនធ្វើកូដកម្មដោយគ្មានច្បាប់ទម្លាប់។ ចំណែករោងចក្រក៏សន្យាថា នឹងឈប់ចងគំនុំជាមួយកម្មករដែលរួមគ្នាធ្វើកូដកម្មផងដែរ។
«ខាងក្រុមហ៊ុន ក៏ចុះជាលាយលក្ខណ៍អក្សរដែរថា ចាប់ពីថ្ងៃសៅរ៍ហ្នឹងទៅ រហូតគឺ លែងគុំគួន លែងរើសអើងសហជីពអីចឹងបង។ យើងធ្វើការដោយតាមកន្លែងរៀងៗខ្លួនទៅ។ យើងមិនបានរើសអើង រើសអីខឹង ប៉ុនប៉ងគ្នា គុំគ្នាអីចឹងថ្ងៃមុខ គឺអត់មាន»។
ការព្យួរការងាររបស់អ្នកទាំង១១នាក់នេះ កើតមានឡើង នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បន្ទាប់ពីក្រុមកម្មករជិត ២០០០នាក់ បានក្រោកតវ៉ាប្រឆាំងនឹងថៅកែរោងចក្រ Southland ក្នុងសង្កាត់ចោមចៅ ដើម្បីបានទៅបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។
ពាក់ព័ន្ធនឹងការបញ្ឈប់ក្រុមកម្មករទាំង១១នាក់នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) បានចោទសម្ព័ន្ធសហជីពចលនាកម្មករ ថា បានប្រព្រឹត្តកំហុសធ្ងន់តាមរយៈសកម្មភាពដើរបិទភ្លើង ញុះញង់កម្មករមិនឲ្យធ្វើការ ហើយថា សកម្មភាពនោះបានបំពានច្បាប់ ដោយសម្ព័ន្ធសហជីពចលនាកម្មករពុំទាន់មានបញ្ជីការនៅឡើយ។
យ៉ាងណាក៏ដោយ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានបញ្ជាឲ្យមន្ត្រី ចាត់វិធានការភ្លាមៗដើម្បីបញ្ចប់វិវាទកាលពីចុងសប្តាហ៍មុន ដោយមានលោក ខៀវ សាវុធ មន្រ្តីនៃនាយកដ្ឋានវិវាទ ការងារជាអ្នកសម្របសម្រួល។ តែទោះជាយ៉ាងណា លោកនៅមានក្តីបារម្ភអំពីការរើសអើងសហជីពនៅរោងចក្រ Southland។ លោកថា គម្រោងចុះបញ្ជីការសម្ព័ន្ធសហជីពចលនាកម្មករនៅរោងចក្រ Southland នឹងបន្តដដែល។
លោក ប៉ាវ ស៊ីណា បន្ថែមថា៖
«យើងមិនមានអ្វីប្រែប្រួលទេ គឺយើងដំណើរការចុះបញ្ជីធម្មតា ហើយយើងនៅតែបន្តការតាមដានរាល់សកម្មភាពរោងចក្រនេះ ថាតើគាត់នៅតែបន្តការរើសអើង ការគុំគួន របៀបណាទៀតនោះ យើងនឹងប្តឹងទៅក្រសួងការងារ ហើយយើងនឹងផ្ញើព័ត៌មានទាំងអស់នេះ ទៅកាន់ភាគីពាក់ព័ន្ធមានដូចជា ILO (អង្គការពលកម្មអន្តរជាតិ) BFC (រោងចក្រល្អប្រសើរនៅកម្ពុជា) ក៏ដូចជា អ្នកបញ្ជាទិញផ្សេងៗ ឲ្យគេបានជ្រាប»។
លោក ប៉ាវ ស៊ីណា បានចោទថាសហជីព មួយផ្សេងទៀត គឺសហភាពសហព័ន្ធសហជីពជាតិកម្ពុជា នៅក្នុងរោងចក្រ Southland បានរារាំងមិនឲ្យ មានសាខាសម្ព័ន្ធសហជីពចលនាកម្មករនៅក្នុងរោងចក្រនោះ។
VOA មិនទាន់អាចទាក់ទង លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាបានទេនាសៀលថ្ងៃចន្ទនេះ។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីលោក ខៀវ សាវុធ មន្ត្រីនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ តែលោកបដិសេធមិនផ្តល់សេចក្តីអធិប្បាយ។ លោកបានបង្វែរសំណួរទៅលោក ហេង សួរអ្នកនាំពាក្យក្រសួងការងារ ដែលនៅតែមិនអាចទាក់ទង នារសៀលថ្ងៃចន្ទនេះ។
រោងចក្រ Southland នេះ ទទួលការបញ្ជាទិញពីក្រុមហ៊ុនលក់សម្លៀកបំពាក់យីហោអន្តរជាតិធំៗ រួមមាន Polo Next Co និង American Eagle៕