ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​រិះគន់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


សហគមន៍​អន្តរជាតិ​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ថែម​ទៀ​ត​ក្នុង​ការ​ការពារសកម្មជនការពារ​សិទ្ធិ​មនុស្ស ​គោរព​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​និង​បញ្ឈប់​អំពើហិង្សា​និង​ការឆក់​ប្លន់​ដី​របស់​ប្រជាពលរដ្ឋ។

នៅក្នុង​សម័យ​ប្រជុំ​លើក​ទី​១៨​នៅ​ទីក្រុង​ហ្សឺណែវ​ដែល​បាន​រៀបចំ​ឡើង​កាលពីថ្ងៃ​អង្គាររដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​វត្តមាន​នៅ​ឯ​កិច្ច​ប្រជុំ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជាបាន​ផ្តោតជាសំខាន់​លើ​ការធ្លាក់​ចុះ នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កន្លងមកដែល​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​ជាបន្ទាន់ ការប្រើ​ប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​បង្រ្កាប​យ៉ាងធ្ងន់​ធ្ងរ​ដល់​ការតវ៉ា​ដោយ​អហិង្សា​របស់​ក្រុម​កម្មករ​និង​ពលរដ្ឋ​រងគ្រោះ​ដោយការ​រំលោភ​ដីធ្លី។

តំណាង​ប្រទេស​ធំៗ​មួយ​ចំនួន​ក៏​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​បាន​ដើរ​ថយ​ក្រោយ​រហូត​ដល់​មាន​ជា​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ។

តំណាង​ប្រទេស​អាល្លឺម៉ង់​បាន​សម្តែងការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​មាន​បាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី​និង​ស្នើ​សុំ​ឱ្យ​មាន​ការ​ហ្វឹកហ្វឺន​ខាងផ្នែក​សិទ្ធិ​មនុស្ស​ដល់​កងកម្លាំង​ប៉ូលិស​កម្ពុជា។ រីឯប្រទេសបារាំង​បាន​ស្នើ​ឱ្យ​នាំ​យក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​បំភិតបំភ័យ​លើ​អ្នក​ការពារសិទ្ធិ​មនុស្ស​មក​កាត់​ទោស។

លោក​ម៉ក់ សម្បត្តិ ប្រធានគណៈប្រតិភូ​ខ្មែរ​និង​ជា​អនុប្រធាន​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​បាន​ខិតខំ​ការពារ​ប្រវត្តិ​នៃ​ការ​គោរព​សិទ្ធិ​ម​នុស្ស​របស់​កម្ពុជា​ដោយ​លោក​អះអាង​ថា​កម្ពុជា​បាន ​សហការ​យ៉ាង​ល្អ​ជាមួយនឹង​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ កម្ពុជា​ក្នុង​នោះ មាន​ការ​អនុញ្ញាតឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​សូរិយា ស៊ូប៊ែឌី​បាន​ចូល​ជួប​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ការងារ​របស់​លោក​នៅ កម្ពុជា​កាលពី​ដើម​ខែ​មករា​ជាដើម។ លោក​បាន​ចោទ​ថា​បាតុកម្ម​កន្លង​មក​ធ្វើ​ហួស​ពី​ព្រំដែន​ច្បាប់​និង​រំលោភ​ដល់​សិទ្ធិ​អ្នក​ដទៃ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG