តុលាការក្រុងភ្នំពេញបានបញ្ចប់សវនាការជុំទីបួនដែលជាជុំចុងក្រោយលើមេដឹកនាំសហជីពលោករ៉ុង ឈុន និងគ្រោងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារ ក្តីឲ្យលោករ៉ុង ឈុន។
ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយរិះគន់ការបោះបង្គោលព្រំដែនក្នុងខេត្តត្បូងឃ្មុំ។
ជនជាប់ចោទ២នាក់ទៀតដែលជាអតីតសកម្មជនបក្សប្រឆាំង គឺកញ្ញា ស កន្និកា និងលោកតុន និមល ជាអតីតក្រុមប្រឹក្សាសង្កាត់ដើមមៀន ក្រុងតាខ្មៅ ក៏ស្ថិតក្នុងសំណុំរឿងនេះ ហើយបានបង្ហាញខ្លួននៅតុលាការជាមួយលោករ៉ុង ឈុន ក្នុងសវនាការកាលពីព្រឹកថ្ងៃសុក្រ។
ក្រោយបញ្ចប់ការសួរដេញដោលក្នុងសវនាការតំណាងអយ្យការ លោក សេង ហៀង បានបន្តស្នើឲ្យតុលាការបន្តរក្សាការចោទប្រកាន់លើលោករ៉ុង ឈុន និងជនជាប់ចោទ២នាក់ផ្សេងទៀតនោះ។ ចំណែកមេធាវីដើមបណ្តឹងតំណាងឲ្យអាជ្ញាធរកិច្ចការព្រំដែន បានទាមទារសំណងរដ្ឋប្បវេណីចំនួន៥ពាន់លានរៀល ឬស្មើជាង១លាន២សែនដុល្លារអាមេរិកពីជនជាប់ចោទទាំង៣នាក់។ នេះបើតាមការបញ្ជាក់ពីក្រុមសិទ្ធិមនុស្សដែលបានឃ្លាំមើលសវនាការ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោករ៉ុង ឈុន បានប្រាប់វីអូអេថាតំណាងអយ្យការបានទាមទារឲ្យចៅក្រមលោក លិ សុខា តម្កល់បទចោទប្រឆាំងនឹងលោក រ៉ុង ឈុន។ ប៉ុន្តែភាគីមេធាវីការពារ ក្តីនៅតែទទូចសុំឲ្យតុលាការទម្លាក់បទចោទដោយលើកហេតុផលពីភាពគ្មានទោសពៃរ៍របស់ជនជាប់ចោទ។
លោក សំ សុគង់ បញ្ជាក់ថា៖ «ក៏សំណូមពរសុំឲ្យតុលាការហ្នឹងសម្រេចឲ្យកូនក្តីរួចផុតពីបទចោទ ហើយនិងសុំឲ្យដោះលែងឲ្យមានសេរីភាព ដោយសារទីមួយការឃុំខ្លួនរបស់កូនក្តីទាំងអស់ហ្នឹងមានរយៈពេលមួយឆ្នាំហើយនិងការងាររបស់ពួកគាត់ទាំងអស់គ្នាហ្នឹងគឺសុទ្ធតែជាការងាររបស់សង្គមដែលយើងត្រូវតែលើកទឹកចិត្តគាត់ក្នុងការធ្វើការងារសង្គមហើយនិងជួយការពារផលប្រយោជន៍ប្រទេសជាតិនោះ»។
លោកមេធាវីឲ្យដឹងទៀតថាដោយសារតែសំណុំរឿងលោករ៉ុង ឈុន ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ក្រុមការពារក្តីឲ្យមេដឹកនាំសហជីពរូបនេះមិនមានសុទិដ្ឋិនិយមថាលោករ៉ុង ឈុន នឹងបានរួចផុតពីការចោទប្រកាន់នោះទេ។
លោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ៣១ ខែកក្កដាក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។
មុនការចាប់ខ្លួនដែលក្រុមគ្រួសារថាពុំមានដីកា លោក រ៉ុង ឈុន បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរអំពីសេចក្តីថ្លែងការណ៍របស់លោកស្តីពីបញ្ហាវិវាទដីធ្លីនៅឃុំត្រពាំងផ្លុងស្រុកពញាក្រែកដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលរួមស្តាប់សវនាការលើ លោក រ៉ុង ឈុន ប្រាប់វីអូអេថាការជជីកសួរដេញដោលអំពីជំនាញការព្រំដែន ពាក់ព័ន្ធនឹងការប្រើប្រាស់ផែនទី បានស្ថិតនៅចំណុចកណ្តាលនៃអង្គសវនាការដែលមានការចូលរួមពីមន្ត្រីកិច្ចការព្រំដែនមួយរូប។
លោកបញ្ជាក់ថាសំណុំរឿងនេះមានជាប់ហេតុផលនយោបាយ បើមើលទៅលើប្រវត្តិការងារដែលលោក រ៉ុង ឈុន ជាអ្នកការពារសិទ្ធិកម្មករនិងធ្លាប់ជាអតីតសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មកពីកូតាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
លោក អំ សំអាត បញ្ជាក់ថា៖ «ចំណុចទាំងអស់នេះការចាប់ខ្លួនលោកហ្នឹងគឺគិតថា វាអាចពាក់ព័ន្ធជាមួយហ្នឹងស្ថានភាពនយោបាយច្រើនជាងការអនុវត្តច្បាប់»។
បើតាមលោក អំ សំអាត លោក រ៉ុង ឈុន និងជនជាប់ចោទកញ្ញា ស កន្និកា និងលោក តុន និមល ត្រូវមេធាវីដើមបណ្តឹងខាងភាគីអាជ្ញាធរកិច្ចការព្រំដែនដែលជាស្ថាប័នរបស់រដ្ឋាភិបាល លោក គួន សារឿន ទាមទារសំណងរដ្ឋប្បវេណីចំនួន៥ពាន់លានរៀលឬជាង១,២លានដុល្លារអាមេរិកក្នុងម្នាក់ៗ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី យល់ថាលោក រ៉ុង ឈុននិងជនជាប់ចោទផ្សេងទៀត នឹងមិនត្រូវប្រឈមមុខនឹងការកាត់ឲ្យមានទោសនោះទេ ប្រសិនបើតុលាការកម្ពុជាឯករាជ្យ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា៖ «បើនិយាយពីតុលាការដែលឯករាជ្យអត់មាននៅក្រោមនិន្នាការ ឬដោយសារតែស្ថានការណ៍នយោបាយខ្ញុំជឿថាលោក រ៉ុង ឈុននិងពួកគាត់ទាំងអស់ដែលជាប់ពន្ធនាគារហ្នឹងអត់មានទោសទណ្ឌទេ»។
បញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមដែលមានប្រវែង១.២៧០គីឡូម៉ែត្រគឺជាចំណុចរសើបក្នុងនយោបាយរាប់ទសវត្សរ៍មកហើយ។អ្នកតវ៉ា ឬរិះគន់អំពីបញ្ហាព្រំដែននេះជាញឹកញាប់តែងទទួលរងការព្រមានការគាបសង្កត់ ឬការចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការ៕