ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អាត់ ធន់ បន្ត​ការពារ​សិទ្ធិ​និង​ប្រយោជន៍​កម្មករ ទោះ​លែង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា


រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

អស់​រយៈ​ពេល​ជិត ​២០ ​ឆ្នាំ​ហើយដែល​មេដឹកនាំ​សហជីព លោក អាត់ ធន់ បាន​ចូលរួម​ក្នុង​ការ​ជួយ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ។ លោក​បាន​បំពេញ​ការងារ​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា CLC តាំង​ពី​ឆ្នាំ​ ២០០៦ រហូត​ដល់​ឆ្នាំ ​២០២៤។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​មិន​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ត​ទៅ​ទៀត​ឡើយ។

ទោះជាយ៉ាងណា លោក អាត់ ធន់ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ក្នុង​នាម​ជា​មេដឹកនាំ​សហជីព​ម្នាក់។

កើត​នៅ​ឆ្នាំ​ ១៩៧៨ ក្នុង​ភូមិ​ធ្លក ឃុំ​ស្ពឺ(ខ) ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង លោក អាត់ ធន់ អាយុ​ ៤៦ ឆ្នាំ មាន​ឪពុក ឈ្មោះ ប៉ែន អៀង ជា​អតីត​មន្រ្តី​យោធា​មួយ​រូប ស្លាប់ កាល​ពី​ឆ្នាំ​ ២០០៤ និង​ម្តាយ​ឈ្មោះ​ កែន ហ៊ីម អាយុ ៨២ ឆ្នាំ​ ជា​កសិករ។ លោក​ជា​កូន​ទី​ ៥ ក្នុង​ចំណោម​បង​ប្អូន​ ៧ ​នាក់ ស្រី ​៤ ប្រុស ​៣។ លោក​បាន​រៀ​ប​អាពាហ៍ពិពាហ៍​ក្នុងឆ្នាំ​ ២០០២ ហើយ​បច្ចុប្បន្ន​មាន​កូន ​៤ ​នាក់ ក្នុង​នោះ​ប្រុស​ ៣ ​នាក់ និង​ស្រី​ ១ នាក់ ។ ភរិយា​របស់​លោក​ឈ្មោះ ស្បោង ណារិន ជា​អាជីវករ​លក់​ដូរ​នៅ​ផ្ទះ។

លោក អាត់ ធន់ បាន​បញ្ចប់​បាក់​ឌុប​ក្នុង​ឆ្នាំ ​១៩៩៦ ហើយ​លោក​បន្ត​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពីឆ្នាំ​ ២០០៤។ ក្រោយ​បញ្ចប់​បរិញ្ញាបត្រ លោក​ក៏​បាន​បន្ត​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់ផ្នែក​ច្បាប់​នីតិឯកជន នៅ​សាកល​វិទ្យាល័យ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ​២០០៨។

លោក អាត់ ធន់ ឱ្យ​ដឹង​ទៀត​ថា ​មូល​ហេតុ​ដែល​លោក​ចូល​រួម​កិច្ចការ​សហជីព ព្រោះ​លោក​មិន​ចង់​ឃើញ​កម្មករ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ និង​កេង​ចំណេញ​ផល​ប្រយោជន៍។ ក្នុង​ឆ្នាំ ​១៩៩៨ លោក​បាន​ចូល​រួមចលនា​សហជីព​ដែល​កាល​នោះ​លោក​មាន​តួនាទី​ជា​តំណាង​សហជីព​ម្នាក់។ ក្រោយ​មក​នៅ​ឆ្នាំ ​២០០៤ លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​សម្ព័ន្ធ​សហជីព ​C-CAWDU ហើយ​ឆ្នាំ ​២០០៦ លោក​បាន​បង្កើត​សហភាព​ការងារ​កម្ពុជា​ដែល​លោក​ថា​ លោក​បានជួយ​ការ​ពារ​កម្មករ​តាំង​ពី​ពេល​នោះ​មក។

ក្នុង​ពេល​ធ្វើ​ជា​មេដឹកនាំ​សហជីព លោក អាត់ ធន់ បាន​ជួយ​តវ៉ា​ដំឡើងប្រាក់​ឈ្នួល​ដល់​កម្មករកាត់​ដេរ​ពី​ ៤០ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០០០ រហូត​បាន​ ២០៤ ​ដុល្លារ​ក្នុង​ឆ្នាំ ​២០២៤។ ក្រៅ​ពី​នេះ លោក​បាន​ខិត​ខំ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់​កម្មករ ដូច​ជា​ធានា​ការ​ពារ​កម្មករ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ការងារ​ និង​របប​ថែ​ទាំ​សុខភាព ព្រម​ទាំង​របប​ចូល​និវត្តន៍របស់​កម្មករ​ជាដើម។

មិន​តែ​ប៉ុណ្ណោះ លោក អាត់ ធន់ ក៏​បាន​ចូលរួម​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ក្នុង​រឿង​ការងារ​បាន​ជា​ច្រើន​នាក់​ផង​ដែរ និង​បាន​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន និង​រដ្ឋាភិបាល​ទទួល​ស្គាល់​សិទ្ធិ​សហជីព​ និង​កម្មករ​ផង​ដែរ។

ប៉ុន្តែ​នៅ​ក្នុង​ការ​តស៊ូ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​ លោក អាត់ ធន់ ក៏​ធ្លាប់​រង​ពាក្យ​បណ្តឹង​មួយ​ចំនួន​ ហើយ​លោក​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ ​២ ឆ្នាំ និង ​៦ ខែ ​ក្នុង​សំណុំ​រឿង​បាតុកម្ម​លើ​ផ្លូវ​វេង​ស្រេង ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល កាល​ពីចុងឆ្នាំ​ ២០១៣​ និង​ដើមឆ្នាំ ​២០១៤។ បាតុកម្ម​កាល​នោះ​បាន​បង្ក​ឱ្យមនុស្ស​ស្លាប់​ ៤ ​នាក់ និង​មួយ​ចំនួន​រង​របួស។

រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ស្តីពី«រួមគ្នាលើកកម្ពស់សិទ្ធិការងារ សេរីភាពសហជីព និងការងារកាន់តែប្រសើរនៅកម្ពុជា» នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ស្តីពី«រួមគ្នាលើកកម្ពស់សិទ្ធិការងារ សេរីភាពសហជីព និងការងារកាន់តែប្រសើរនៅកម្ពុជា» នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក អាត់ ធន់ ប្រាប់​វីអូអេ​ថា ​លោក​មិន​អាច​ដឹកនាំ​សហ​ការងារ​កម្ពុជា​បន្ត​ទៀត​បាន ដោយសារ​មានបញ្ហា​ផ្ទៃ​ក្នុង​ នៅ​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​សហភាព​មួយ​នេះ។

ទោះជា​យ៉ាងណា​ លោក អាត់ ធន់ ប្តេជ្ញា​ចិត្ត​ថា ​លោក​នៅ​តែ​បន្ត​ការពារ និង​ផ្តល់​ផល​ប្រយោជន៍​និង​ការពារ​សិទ្ធិ​ជូន​កម្មករ​ដដែល ក្នុង​នាមជា​អនុ​ប្រធាន​សម្ព័ន្ធ​សហជីព ​C-CAWDU។

លោក​ថ្លែងថា​៖ «ខ្ញុំ​នៅ​តែ​បន្ត​[វីរភាព​]ប្តេជ្ញា​ចិត្ត​ការពារ​សិទ្ធិ​និង​ប្រយោ​ជន៍​ជូន​កម្មករ​នៅ​ប្រទេស​កម្ពុជា​តទៅ​ទៀត ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​[សេរីភាព] និង​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ប្រសើរ ដូច​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិភព​លោក​ដែរ»។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លើក​ឡើង​ថា ​បើ​ទោះ​បី​លោក អាត់ ធន់ មិន​ឈ្នះ​ឆ្នោត ស្នាដៃ​របស់​លោក​នៅ​តែ​ត្រូវ​បាន​គេ​ចងចាំ។

លោក​ថ្លែងថា៖« ខ្ញុំ​គិត​ថា ​បើ​ទោះ​បី​លោក អាត់ ធន់ មិន​បាន​ជាប់​ឆ្នោត ក៏​លោក អាត់ ធន់ នៅ​តែ​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​ដែល​ត្រូវ​បាន​ទទួល​ការ​រាប់​រក ការ​នៅ​ចង​ចាំ​ពី​ស្នាដៃ​របស់​លោក»។

លោក គង់ អាទិត្យ អតីត​ប្រធាន​សម្ព័ន្ធ​សហជីព ​C-CAWDU បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​ការ​គាំទ្រ​ជា​ប្រធាន​ថ្មី​នៃ​សហ​ភាព​ការងារ​កម្ពុជា។ លោក​ចាត់​ទុក​ការ​ជាប់​ឆ្នោត​របស់​លោក ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​លោក ហើយ​វាក៏​ជា​បន្ទុក​មួយ​ដែរ។

លោក​ថ្លែង​ថា៖​ «ការ​ជាប់​ឆ្នោត​នេះក៏​ជាបន្ទុក​និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្ញុំ​ខ្ពស់​ដែរ។ទី ១ ​ខ្ញុំមាន​គោលបំណង​ក្នុង​ការ​កសាង​ទំនាក់​ទំនង​វិជ្ជាជីវៈ​ល្អ​ជាមួយ​គ្រប់​ភាគី​ទាំង​អស់ ទាំង​ជាមួយ​និយោ​ជក ម្ចាស់​ក្រុមហ៊ុន​ធំៗ ជាមួយ​រដ្ឋាភិបាល​អី​ក៏ដោយ​ យើង​ត្រូវ​កសាង​ទំនាក់​ទំនង​វិជ្ជាជីវៈ​មួយ​ដែល​មាន​ន័យ​ថា​ការ​ចរចា​គ្នា​ដោយ​ស្មោះត្រង់»។

សហភាព​ការងារ​កម្ពុជា​ជា​សហភាព​សហជីព​ថ្នាក់​ជាតិ​មួយ​ដែល​មាន​សមាជិក​ជាង​ ១១ ​ម៉ឺន​នាក់ មក​ពី​ ១០ ​សហព័ន្ធ សហជីព សមាគម ហើយ​សហភាព​ការងារ​កម្ពុជា​ក៏​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​ធ្វើ​ការ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​កម្មករ​និយោជិក​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​លោក អាត់ ធន់។

លោក អាត់ ធន់ ថ្លែង​ថា ​លោក​ចង់​ឃើញ​វិស័យ​ការងារ​មាន​ការ​រីក​ចម្រើន ហើយ​កម្មករ​ខ្មែរ​ទទួល​បាន​ការ​ការពារ​សិទ្ធិ​ឱ្យដូច​ប្រទេស​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​បន្ត​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ ដើម្បីឱ្យ​កម្មករ​ទទួល​បាន​លក្ខខណ្ឌ និង​ផល​ប្រយោជន៍​ ដូច​កម្មករ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក​ដែរ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG