ក្រុមសហជីពនិងអ្នកធ្វើការលើផ្នែកសិទ្ធិការងារ កាលពីព្រឹកថ្ងៃពុធ បានស្នើបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីពឯករាជ្យ ធ្វើវិសោធនកម្មច្បាប់សហជីព និងពន្លឿនសំណើដែលពួកគេបានដាក់ទៅក្រសួងការងារកាលពីកន្លងទៅ។
នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភានេះ ក្រុមសហជីព និងអ្នកចូលរួមរាប់រយនាក់បានលើកបដា ថ្លែងសាររបស់ពួកគេ និងដាក់ញត្តិទៅរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ។
សារនៅបដារបស់ពួកគេលើកឡើងថា «ការទាមទារសិទ្ធិសេរីភាពរបស់សហជីពមិនមែនជាបទឧក្រិដ្ឋ» «បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងចាប់ថ្នាក់ដឹកនាំសហជីព និងឃុំខ្លួនតាមអំពើចិត្ត» និង«យុត្តិធម៌សង្គមជាគ្រឹះនៃសន្តិភាព»ជាដើម។
បើតាមញត្តិនោះ សហជីពបានស្នើឱ្យពន្លឿនដោះស្រាយសំណើរបស់សហជីពដែលបានដាក់ទៅក្រសួងការងារកាលពីកន្លងមក និងស្នើធ្វើវិសោធនកម្មលើច្បាប់សហជីព ដែលពួកគេថាជា«ឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពនិងសមាគម»។
ពួកគេបញ្ជាក់ក្នុងញត្តិថា៖ «ពួកខ្ញុំសង្កេតឃើញថា នៅមានឧបសគ្គជាច្រើនគួរឱ្យកត់សម្គាល់លើការអនុវត្តលំហសេរីភាពពលរដ្ឋក្នុងវិស័យការងារ និងសិទ្ធិមនុស្ស ជាពិសេសការរឹតត្បិត គំរាមកំហែងនិងរំខានយាយីមកលើសហជីពឯករាជ្យ និងអង្គការដែលធ្វើការក្នុងវិស័យការងារ និងសិទ្ធិមនុស្ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានច្បាប់សហជីព»។
ញត្តិបញ្ជាក់បន្ថែមថា៖ «កន្លងមក ថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួនត្រូវបានដាក់ជាមុខសញ្ញាជាក់លាក់និងជាលក្ខណៈប្រព័ន្ធក្នុងការបំភិតបំភ័យ គំរាមកំហែងនិងរំលោភបំពាន»។
ក្នុងពេលដាក់ញត្តិនោះ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថ្លែងថា ច្បាប់បានក្លាយជា«ឧបករណ៍បំពានសិទ្ធិមនុស្សដោយស្របច្បាប់»នៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីបញ្ជាក់ថា៖ «ច្បាប់សហជីពគឺបានឱ្យឱកាសទៅដល់និយោជកកាន់តែបំពាន រំលោភបំពាន រឹតត្បិតសហជីព ដកហូតថ្នាក់ដឹកនាំសហជីពហ្នឹងតាមតែអំពើចិត្ត»។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «ឈប់ចោទពួកយើងថាជាគណបក្សប្រឆាំង ជាអ្នកប្រឆាំងទៅ! តែគ្រាន់តែថា យើងអត់ស្របបានទេ។ ហេតុអីបានជាយើងអត់ស្របបាន? ឱ្យកម្មកររស់នៅអត់សមរម្យ ឱ្យយើងស្របយ៉ាងម៉េច? មែនអត់?»
បើតាមញត្តិរបស់សហជីព ការប្រើប្រាស់កិច្ចសន្យាដែលមានថេរវេលាកំណត់ ជាមធ្យោបាយបំភិតបំភ័យនិងរារាំងកម្មករនិយោជិតកុំឱ្យមានការចងក្រងជាសហជីព ដោយការមិនបន្តកិច្ចសន្យាការងារឡើងវិញ។
ញត្តិបញ្ជាក់ថា៖ «នេះគឺជាទម្រង់មួយយ៉ាងច្បាស់នៃការរើសអើងប្រឆាំងសហជីព»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឱ្យបញ្ឈប់យកប្រព័ន្ធតុលាការដាក់ទោសទណ្ឌដល់សហជីព ហើយលើកឡើងថា សេរីភាពជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌ ហើយយុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃសន្តិភាព។
លោកបញ្ជាក់ថា៖ «ក្នុងនាមតំណាងកម្មករ កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធមកទីនេះ ដើម្បីដាក់ញត្តិជូនក្រសួងការងារ ក្នុងការដាស់តឿនក្រើនរំឭកឱ្យក្រសួងការងារត្រូវពន្លឿនកិច្ចការជាច្រើន ដែលយើងដាក់នៅក្រសួងការងារជាច្រើនហើយ មិនទាន់ដោះស្រាយស្របទៅតាមសេចក្តីត្រូវការ ស្របទៅតាមគោលការណ៍របស់សហជីព ស្របទៅតាមអនុសញ្ញា៨៧ [និង] ៩៨»។
ចំណែកលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ថ្លែងក្នុងពេលដាក់ញត្តិថា៖ «ខ្ញុំស្នើឱ្យអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ទៅដល់វិស័យផ្សេងៗដែលមិនទាន់មានប្រាក់ឈ្នួល រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលពួកគាត់រស់នៅលំបាកលំបិន វេទនាមែនទែន»។
នៅថ្ងៃពុធនេះផងដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ក៏បានដឹកនាំកម្មករ កម្មការិនីជាង ១.០០០នាក់ ជួបជុំសម្តែងមតិនៃទិវាពលកម្មអន្តរជាតិនៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្បែរវត្តភ្នំ ក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់សិទ្ធិការងារ សេរីភាពសហជីព និងការងារកាន់តែប្រសើរនៅកម្ពុជា»។ នៅក្នុងការជួបជុំនោះ ពួកគេក៏មានលើកបដា ស្រែកទាមទារ និងនាំគ្នាដើរជុំវិញវត្តភ្នំដើម្បីសម្តែងមតិ ទាមទារឱ្យមានការគោរពសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារ ដែលមានបញ្ជាក់ក្នុងញត្តិចំនួន ១៨ ចំណុច ដែលដាក់ទៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋសភា ដើម្បីស្នើឱ្យមានដំណោះស្រាយលើបញ្ហាទាំងនោះ។
ក្នុងញត្តិនោះ ក្រុមសហជីពស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមា ២៥០ ដុល្លារអាមេរិក ស្នើសុំឱ្យបញ្ចុះថ្លៃប្រេងឥន្ធនៈ ស្នើឱ្យមានកិច្ចអន្តរាគមន៍ដោះលែងសមាជិកសហជីពដែលកំពុងជាប់ពន្ធនាគារ និងស្នើសុំឱ្យរដ្ឋាភិបាលជំរុញនិយោជកឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវជាដើម។
លោក អាត់ ធន់ ថ្លែងថា និយោជកឬថៅកែភាគច្រើនតែងតែប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីកេងប្រវ័ញ្ចកម្មករ ស្របពេលសិទ្ធិសេរីភាពសហជីពមានការធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០១៣ ដូចជាសិទ្ធិចងក្រងសហជីព សិទ្ធិធ្វើជាតំណាងសហជីព និងសិទ្ធិធ្វើកូដកម្មជាដើម។
លោកថ្លែងថា៖ «ត្រូវធានាថា កម្មករទាំងអស់មានសិទ្ធិរើសតំណាង បង្កើតសហជីព ចូលរួមទាមទារសិទ្ធិរបស់ពួកគេឱ្យបានពេញលេញ។ ហើយថ្នាក់ដឹកនាំសហជីពជាច្រើនត្រូវបានគេបញ្ឈប់ចេញពីការងារ។ គេចោទប្រកាន់រឿងព្រហ្មទណ្ឌ។ គេប្តឹងដាក់ពន្ធនាគារ។អ៊ីចឹងរឿងអយុត្តិធម៌ផ្សេងៗទៀត ដែលកំពុងកើតមាន យើងក៏ជំរុញឱ្យមានការដោះស្រាយឱ្យបានលឿន ដើម្បីបញ្ចប់នូវបញ្ហាផ្សេងៗ ហើយយើងក៏ចង់ឃើញនៅកម្ពុជា ប្រព័ន្ធដោះស្រាយវិវាទមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងនឹងពិនិត្យមើលអត្ថន័យក្នុងញត្តិថា តើអ្វីដែលក្រសួងបានអនុវត្តដោយជោគជ័យនិងអ្វីដែលលើកឡើងមិនឆ្លុះបញ្ចាំងការណ៍ពិតនៅកម្ពុជា។ លោកបន្ថែមថា សហជីពនៅកម្ពុជាមានជាង៦.០០០ ដូច្នេះមានន័យថា សហជីពមានសេរីពេញទី។
លោកថ្លែងថា៖ «សហជីពនៅកម្ពុជាមានសេរីភាពពេញទី ទាំងការប្រព្រឹត្តទៅរបស់សហជីព ទាំងភាពងាយស្រួលក្នុងការចុះបញ្ជីការ និងការតាក់តែងលក្ខន្តិកៈរបស់ខ្លួន»។
លោកបន្ថែមថា ក្រសួងការងារលើកទឹកចិត្តឲ្យកម្មករ និយោជិត សហជីព ដាក់ពាក្យប្តឹងមកក្រសួងការងារ ប្រសិនបើមានករណីរើសអើងសហជីព។
គួរបញ្ជាក់ថា អង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករបានរាយការណ៍ថា ចាប់ពីខែមករា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣ មានករណីបណ្តេញកម្មករនិយោជិតចេញពីការងារនៅមុន និងក្នុងអំឡុងពេល ឬក្រោយពេលបង្កើតសហជីពចំនួន ១៥ ករណី ដែលមានថ្នាក់ដឹកនាំ និងសកម្មជនសហជីពជាង ៧០ នាក់៕
វេទិកាបញ្ចេញមតិ