ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ណែនាំ​សហជីព​កុំ​ឱ្យ​ប្រមូល​កម្មករ​ធ្វើ​រឿង​នយោបាយ


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ ក្បែរ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ ក្បែរ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែនាំ​ទៅ​ក្រុម​សហជីព​ទាំង​អស់​គួរ​តែ​បំពេញ​តួនាទី​តាម​ជំនាញ​អាជីព​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រឹមត្រូវ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ កម្មការិនី ជា​ជាង​ណែនាំ​ឱ្យ​កម្មករ​ធ្វើ​រឿង​នយោបាយ។

លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​បាន​ជិត​៣​ខែ ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយកម្មករ ​កម្មការិនី​រោង​ចក្រក្នុង​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ។

លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​ថា​៖ «សហជីព​វិជ្ជាជីវៈ​សូម​ដើរ​តួនាទី​ជំនាញ​តាម​អាជីព​របស់​ខ្លួន​ ដើម្បី​កម្មករ កម្មការិនី។ កុំ​យក​ឈ្មោះ​ជា​សហជីព​ តែ​ប្រមូល​បង​ប្អូន​ទៅ​ធ្វើ​ការងារ​អី​ផ្សេង ជា​ពិសេស​ការងារ​នយោ​បាយ វា​អត់​ចំណេញ។ បើ​ធ្វើ​ការងារ​តំណាង​សិទ្ធិ​កម្មករ កម្មការិនី​ ដោះ​ស្រាយ​បញ្ហា​រឿង​កម្មករ​ កម្ម​ការិនី កុំ​យក​ជ្រក​ក្រោម​រូប​ភាព​នេះ​ ទៅ​យក​បង​ប្អូន​ទៅ​ការងារ​អី​ផ្សេង​ខុស វា​នាំ​ឱ្យ​បញ្ហា»។

ទោះ​ជាយ៉ាងណា លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា ​តើ​អ្វី​ទៅ​ជា​សកម្មភាព​នយោបាយ​នោះ​ឡើយ។

កាល​ពី​កន្លង​ទៅ សហជីព​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​គាំទ្រ​គណបក្ស​ជំទាស់ ហើយ​ប្រមូល​កម្មករ​ដើម្បី​តវ៉ាប្រឆាំង​នឹង​រដ្ឋា​ភិបាល។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម​ថា៖ «បើ​ចង់​ធ្វើ​ការងារ​តំណាង​ប្រធាន​បទ​អី​ រៀបចំ​ឱ្យ​ចំ​ទៅ បើ​ចង់​ធ្វើការងារ​សិទ្ធិ​មនុស្ស​ រៀបចំ​ជា​ NGO [អង្គការ​ក្រៅ​រដ្ឋាភិបាល] ដើរ​តួនាទី​សម្រាប់​ការ​ងារ​សិទ្ធិ​មនុស្ស​ឱ្យ​ចំ​ទៅ​...កុំ​ជ្រក​ក្រោម​រូបភាព​យក​ដៃ​បង​ប្អូន​កម្មករ កម្មការិនី អាជីព អង្គការ​វិជ្ជា​ជីវៈ​យក​ទៅ​ធ្វើ​អី​ផ្សេង​ខុស​ជំនាញ»។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នក​ស្រី​ យ៉ាង សោភ័ណ្ឌ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​អ្នក​ស្រី​មិន​ទាន់​ឃើញ​មាន​សកម្ម​ភាព​ណា​មួយ​របស់​សហ​ជីព​ដឹកនាំ​កម្មករ កម្មការិនី ធ្វើ​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ។ អ្នកស្រី​ថា​ បើ​សិនសហជីព​ប្រព្រឹត្ត​ខុស​ទៅ​នឹង​គោល​ការណ៍​ណា​មួយ រដ្ឋ​គួរ​ណាស់​តែ​ហៅ​ពួក​គាត់​មក​ណែ​នាំ​ជាជាង​ការ​ចោទ​ប្រកាន់​នានា។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ដូចជា​មិន​បាន​មើល​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​ហៅ​ប្រាប់ ​ឬ​ក៏​ណែនាំ​អី​ទេ វា​មាន​ករណី​តែ​ការ​ចោទ​ប្រកាន់​គ្នា។ ឧទាហរណ៍​ថា ​សហជីព​នេះ​មិន​មែន​ជា​សហ​ជីព​ឯក​រាជ្យ​ ក្រុម​សហជីព​នេះ​ ក្រុម​សហជីព​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។ នេះ​កន្លង​មក​ជា​ពាក្យ​ពេចន៍​ដែល​ខ្ញុំ​បានឮ​ និង​បាន​មើល​ឃើញ​ចំណុច​ទាំង​អស់​ហ្នឹង»។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​៖ «ហើយ​ខ្ញុំ​គិត​ថា​ ចំណុច​ទាំង​អស់​នេះ ​វា​មិន​គួរ​បាន​ឮ​នូវ​ពាក្យ​ពេចន៍​ទាំង​អស់​នោះ​ទេ​។ បើ​សិន​ណា​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ដូច​ខ្ញុំ​បាន​លើក​ឡើង​មិញ គួរ​តែ​មាន​ការ​ហៅ​ប្រាប់​ ណែនាំ​ ឬ​ក៏​ប្រាប់​អ៊ីចឹង​ទៅ។ ករណី​ដែល​គ្រាន់​តែ​លើក​ឡើង​ថា ​យើង​ចោទ​ប្រកាន់​អ៊ីចឹង​។ ខ្ញុំ​គិត​ថា ​យើង​មិន​មែន​ជា​អ្នក​ដឹកនាំ​មួយ​ដែល​ច្បាស់ ​ឬ​ត្រឹម​ត្រូវ​តែង​ផ្តល់​ឱវាទ ផ្តល់​ជា​គំរូ​ល្អ​ដល់​ពួក​យើង​ទេ​»។

អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ស្រុះ​ស្រួល​គ្នា​ ជួយ​រក​ដំណោះ​ស្រាយ​រាល់​បញ្ហា​ផ្សេងៗ​របស់​កម្មករ កម្មការិនី ដែល​កំពុង​ជួប​ប្រទះ ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ចោទ​ប្រកាន់ និង​លាប​ពណ៌​គ្នា។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) ប្រាប់​វីអូអេ​ថា ​សហជីព​មិន​មែន​ជា​ឧបករណ៍​សម្រាប់​ធ្វើ​នយោបាយ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​នរណា​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ​សហជីព​ក៏​មាន​សិទ្ធិ​ក្នុង​ការ​គាំទ្រ​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​សន្តិ​សុខ​ល្អ​សម្រាប់​កម្មករ ដូចជា​ការ​ឡើង​ប្រាក់​ឈ្នួល​ ការ​គោរព​សិទ្ធិ​ពេញ​លេញ​ចំពោះ​កម្មករ​ជា​ដើម។ លោក​ជំរុញ​ឱ្យ​គ្រប់​ភាគី​សហជីព​ទាំង​អស់​គួរ​តែ​ជា​សហជីព​មួយ​ដែល​ឯក​រាជ្យ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​ពិត​ប្រាកដ។

លោក​បញ្ជាក់​ថា​៖ «ចំពោះ​ស្ថានភាព​នៃ​សហជីព​នៅ​ស្រុក​ខ្មែរ​កន្លង​មក​យើង​អាច​ឃើញ​មាន​សហជីព​មាន​និន្នាការ​គណបក្ស​កាន់​អំណាច​ ឬ​គណបក្ស​ប្រឆាំង និង​ឯករាជ្យ​ហ្នឹង​។ ប៉ុន្តែ​ជា​ទូទៅ ខ្ញុំ​ផ្ទាល់​ខ្ញុំ​ឯកភាព​ថា​មិន​គួរ​មាន​សហជីព​ទៅ​ធ្វើ​រឿង​នយោ​បាយ​ទេ។ មិន​ថា​នយោបាយ​ប្រឆាំង ​ឬ​នយោបាយ​ស្រប​ទេ។ គួរ​តែ​នៅ​ឯករាជ្យ ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ​ពិត​ប្រាកដ​ ទើប​ជា​សហជីព​ត្រឹម​ត្រូវ​ហើយ​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ។ អ៊ីចឹង​គួរតែ​ឱ្យ​ស្មើ​ភាព​គ្នា កុំ​ឱ្យ​អ្នក​នេះ​ធ្វើ​បាន អ្នក​នោះ​ធ្វើ​មិន​បាន​»។

មេដឹកនាំ​សហជីព​រូប​នេះចង់​ឃើញ​សហជីព​ឯករាជ្យ​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ ដូច​ទៅ​នឹង​សហជីព​ផ្សេងៗ​ទៀត​ដែរ ខណៈ​លោក​អះ​អាង​ថា​ សហជីព​ឯករាជ្យ​ច្រើន​តែ​មាន​ការ​រើស​អើង​ពី​និយោជក នៅ​ពេល​សហជីព​ឯករាជ្យ​ចូល​រួម​ធ្វើ​ជា​តំណាង​ឱ្យ​កម្មករ​ កម្មាការិនី​នៅ​តាម​រោងចក្រ​សហគ្រាស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG