ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើររបស់កម្ពុជាធ្លាក់ចុះក្នុងឆ្នាំ២០២៣


រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ការ​នាំចេញ​សម្លៀក​បំពាក់ ផលិត​ផល​ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដែល​ភាគ​ច្រើន​ទៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​ ២០២៣ បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​៨​ទៅ​ ២០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ នេះ​បើ​យោង​តាម​ស្ថិតិ​នាំចេញ​របស់​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​និងមន្រ្តី​កម្ពុជា។

អ្នកនាំពាក្យ​អគ្គនាយដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​ លោក សែ សុឃន ប្រាប់​វីអូអេ​ថា ​ការ​នាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ ​១៣% សម្ភារៈ​ធ្វើ​ដំណើរ​ប្រមាណ ​៨% និង​ស្បែក​ជើង​ប្រមាណ ​២១% ដែល​គិត​ជា​តម្លៃ​សរុប​ផលិត​ផល​ទាំង​អស់​នោះ ថយ​ចុះ​ប្រមាណ​ ១.៨៦២​ លាន​ដុល្លារ​អាមេរិក។

កាល​ពី​ឆ្នាំ ​២០២២ កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ​ដែល​ជា​ផលិត​ផល​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​ទៅទីផ្សារ​ក្រៅ​ប្រទេស គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​អះអាង​ថា ​សម្លៀក​បំ​ពាក់​និង​សម្ភារៈ​ធ្វើ​ដំណើរ​ភាគ​ច្រើន​នាំចេញ​ទៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ លោក​បន្ថែម​ថា ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ ២០២៣ បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​ចំហាយ​នៃ​ឥទ្ធិពល​ជំងឺ​កូវីដ១៩ ដែល​នាំ​ឱ្យប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជា​សកល ជាពិសេស​អត្រា​អតិផរណា​កើន​ឡើង​នាំ​ឱ្យកម្លាំង​បញ្ជា​ទិញ​ថយ​ចុះ។

បើ​ទោះ​ការនាំ​ចេញ​ផលិត​ផល​ទាំង​នោះ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ ២០២៣ ប៉ុន្តែ​ការនាំ​ចេញ​ជា​រួម​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ក្នុ​ង​ឆ្នាំ​ ២០២៣ កើន​ឡើង​ប្រមាណ ​២% ដែល​មាន​តម្លៃ​សរុប​ជាង​ ២២​ពាន់​លាន​ដុល្លារ​អាមេរិក។ កម្ពុជា​បាន​នាំ​ចូល​មក​វិញ​មាន​តម្លៃ​ប្រមាណ​ ២៤​ពាន់​លាន​ដុល្លារ ដែល​ខ្ពស់​ជាង​ការ​នាំ​ចេញ។

ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ជាមួយ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​តម្លៃ​ប្រមាណ​ ១២​ពាន់​លាន​ដុល្លារ។ ចំណែក​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​គោល​ដៅ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់កម្ពុជា​ ដែល​ស្មើ​នឹង ​៣៩% ​នៃ​ការ​នាំ​ចេញ​សរុប។ នេះ​បើ​តាម​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា។

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធសហជីព​ចល​នាកម្មករ​ ប្រាប់​វីអូអេ​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ​នេះ​ គឺដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​សកល សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ថយ​ចុះ​និង​ការ​បញ្ជា​ទិញ​ក៏​ធ្លាក់​ចុះ​ដែរ។

លោក​បញ្ជាក់​ថា៖ «ជាក់ស្តែង​គឺរោងចក្រ​សហគ្រាស​ជាច្រើន យើងឃើញ​ថា​មិន​សូវ​មាន ​order [ការ​បញ្ជា​ទិញ] ហើយ​ក៏​រោងចក្រ​មួយ ចំនួន​ទៀត​ ក៏​នៅ​តែ​បន្ត​ការ​ព្យួរ​ ហើយ​រោងចក្រ​ខ្លះ​ទៀត​គឺ​ចាប់​ផ្តើម​ព្យួរ។ ដូច្នេះ​គឺ​យើង​មើល​ឃើញ​ថា​ទិដ្ឋភាព​នេះ​វា​ជា​រូបភាព​មួយ​ដែល​បង្ហាញ​អំពី​ការ​ថយ​ចុះ​មែន​ ហើយ​អ្វី​ដែល​សំខាន់​គឺវា​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​សកល»។

បើ​តាម​ប្រធាន​សហជីព​រូប​នេះ ការ​ធ្លាក់​ចុះ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​ ខណៈ​លោក​ជំរុញ​កុំ​ឱ្យ​ផ្អែក​តែ​លើ​វិស័យ​មួយ ប៉ុន្តែ​ត្រូវ​ពង្រីក​វិស័យ​ផ្សេង​ទៀត​ផង​ដែរ។

​ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) លោក អាត់ ធន់ លើក​ឡើង​ថាការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ពិសេស​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ២០% ​របស់​សហភាព​អឺរ៉ុប និង​ការ​មិន​ទាន់​ផ្តល់​ឡើង​វិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ​របស់​សហរដ្ឋអាមេរិក។

លោក អាត់ ធន់ ជំរុញ​ឱ្យ​មាន​ការ​ចុះកិច្ច​ព្រម​ព្រៀង​បន្ថែម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ កែច្នៃ​ផលិតផល​កសិកម្ម​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «ហើយ​កម្ពុជា​ត្រូវ​ពង្រឹងនូវ​ច្បាប់​បទដ្ឋាន​គតិយុត្តិ ជាពិសេស​គឺ​ប្រព័ន្ធ​តុលាការ​ឱ្យ​ឯករាជ្យ ដើម្បី​ឱ្យ​អ្នក​វិនិយោគិន​ធំៗ​គេ​ទុក​ចិត្ត​ គេ​អាច​មក​ដាក់​ទុន​បាន​ហើយ​ចុង​ក្រោយ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់»។

បើ​តាម​ប្រធាន​សហជីប​រូប​នេះ​ កាល​ណា​កម្មករ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ នោះ​ពួកគេ​មិន​មាន​ប្រាក់​ឈ្នួល​សម្រាប់​ចាយ​វាយ ដែល​វា​នឹង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​គេ។

អគ្គលេខាធិការ​រង​នៃ​សមាគម​ស្បែក​ជើង​កម្ពុជា លោក រឿន វណ្ណៈ ប្រាប់​វីអូអេ​ថា ​កត្តា​ដែល​នាំ​ឱ្យ​ការ​នាំចេញ​ធ្លាក់​ចុះ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ ដែល​បណ្តាល​មក​ពី​សង្គ្រាម​រុស្សី​និង​អ៊ុយ​ក្រែន និង​ការ​វាយ​ប្រហារ​រវាង​អ៊ីស្រា​អែល និង​ប៉ាឡេស្ទីន។ លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​កា​ត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ ហើយ​ការ​លក់​ចេញ​ក៏​ស្ថិត​នៅ​ក្នុង​តម្លៃ​កម្រិត​ទាប​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «ថ្វីត្បិត​តែ​មាន​កា​រ​ធ្លាក់​ចុះនៃ​ទំហំទឹក​ប្រាក់​នាំចេញ​ផលិតផល​ក៏ដូច​ជា​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ប៉ុន្តែ​បើ​យើង​មក​សំឡឹង​ពី​ទំហំ​ក៏ដូច​ជា​លំហូរ​នៃអ្នកវិនិយោគ​បរទេស​ដែល​គាត់​បន្ត​ចូល​មក​កម្ពុជា​ហ្នឹង គឺ​ឃើញ​ថា​មាន​ការ​កើន​ឡើង​ ដោយ​សារ​តែ​ទិន្ន​ន័យ​នៃ​វិស័យ​រោង​ចក្រ​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ប្រហែល​ជា​៩០​រោង​ចក្រ»។

បើ​តាម​អគ្គលេខាធិការ​រូប​នេះ ការ​នាំ​ចេញ​ធ្លាក់​ចុះ​នេះប៉ះពាល់​តិច​តួច​ដល់​កម្មករ​ផង​ដែរ។ ទោះ​ជាយ៉ាងណា លោក​បញ្ជាក់​ថា ​ការ​បញ្ជា​ទិញ​នា​ពេល​នេះ​ក៏​ចាប់​ផ្តើម​កើន​ឡើង​វិញ​ដែរ។

អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ ប្រាប់​វីអូអេ​ថា ​ការ​ធ្លាក់​ចុះ​នៃ​ការនាំ​ចេញ​ផលិត​ផល​ទាំង​នេះ មិន​មែន​ដោយ​សារ​តែ​បញ្ហា​ EBA ​ឬក៏​ GPS ឡើយ​ ប៉ុន្តែ​លោក​ថា ​វា​ពាក់ព័ន្ធ​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល​ ជា​ពិសេស​សង្គ្រាម​រវាង​រុស្ស៊ីនិង​អ៊ុយក្រែន។

​បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ កម្ពុជា​នៅ​តែ​ព្យាយាម​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត តាមរយៈ​ការ​ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ។

លោក​បញ្ជាក់​ថា​៖ «ការ​ធ្វើ​ទីផ្សារ​បន្ថែម​ទៀត ទំនិញ​របស់​យើង​នឹង​អាច​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ជាពិសេស​ស្ថានភាព​ពាណិជ្ជកម្ម​របស់​យើង។ ហើយ​អ្វី​ដែល​យើង​ទុក​ចិត្ត​មែន​ទែន​គឺ​ថា​ការ​ធ្លាក់​ចុះ​នេះ ដោយ​សារ​មិន​មាន​គេទិញ​ទេ​ ការ​ធ្លាក់​ចុះ​នេះ គុណភាព​ទំនិញ​របស់​យើង​នៅ​តែ​មាន​ការ​បញ្ជា​ទិញ បាន​ន័យ​ថា ​ខ្សែសង្វាក់របស់​យើង​ៗ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វាក់​តម្លៃ ហើយ​យើង​នៅ​តែ​ជា​ប្រភព​ផ្គត់ផ្គង់​មួយ​ដែល​គេ​ទុក​ចិត្ត។ ក៏​ប៉ុន្តែ​ឥទ្ធិពល​នេះ​គឺ​ជា​ឥទ្ធិពល​អវិជ្ជមាន ដែល​ជា​ឥទ្ធិពល​ជាទូទៅ​ទៅ​លើ​ទីផ្សារ​សកល​តែ​ម្តង»។

​គួរ​បញ្ជាក់​ថា ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា ដែល​ស្រូប​យក​កម្លាំង​ពលកម្ម​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ស្រ្តី។

កន្លង​ទៅ វិស័យ​ដ៏​សំខាន់​មួយ​នេះ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​មួយ​ផ្នែក ​ហើយ​មួយ​ផ្នែក​ទៀត ដោយ​សារ​ការ​បាត់​បង់​ ២០% ​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«អ្វីៗ​ទាំងអស់​ លើក​លែង​តែ​សព្វាវុធ»​ ឬ​ Everything But Arms ​របស់​សហ​ភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជា​ប្រព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា។ វិស័យ​នេះ​ក៏​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ​របស់​សហ​រដ្ឋ​អាមេរិក ​GSP ​ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​បន្ត​ជា​ថ្មី​សម្រាប់​កម្ពុជា​នៅ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG