ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​គ្រោង​ជួប​គ្នា​ខែ​ក្រោយ​ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨


ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ​​គឺ​ជា ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​របស់​ត្រីភាគី​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នំា​២០១៤។​

ក្រុម​សហជីព​ឯករាជ្យ​ដែល​បម្រើ​ប្រយោជន៍​កម្មករ​គ្រោង​នឹង​ជួប​គ្នា​នា​ខែ​កក្កដា​ខាង​មុខ​ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​ សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​តំណាង​សហជីព​សំខាន់ៗ​ក្នុង​ប្រទេស។​

ការ​គ្រោង​ជួបគ្នា​របស់​ក្រុម​សហជីព​ធ្វើឡើង​ស្រប​ទៅតាម​ប្រតិទិន​នៃ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ ​ក្រសួង​ការងារ​បាន​កំណត់​យក​ខែ​កក្កដា​ ឆ្នាំ​២០១៧​ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ។​

លោក​អាត់​ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រុម​សហជីព​ឯករាជ្យ​ដែល​ធ្វើការ​ដើម្បី​ការ​ពារ​ប្រយោជន៍​កម្មករ​ នឹង​ពិភាក្សា​ទៅ​លើ​ស្ថានភាព​នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ និង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​ឈាន​ដល់​ការកំណត់​ចំនួនប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ការ​ចរចា។​ ​លោក​ថា​ ការ​បោះឆ្នោត​សកល​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០១៨​ នឹង​មាន​អំណោយ​ផល​ដល់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០១៨។​

«ការ​ស្នើ​ ឬ​ក៏ការ​ទាម​ទារ​ត្រូវ​តែ​មាន ទីមួយ​ ​ហើយ​ថា​ លទ្ធភាព​យើង​ធ្វើ​បាន​ប៉ុណ្ណា យើង​ធ្វើ​ត្រឹម​ហ្នុង​ ទីពីរ​គឺ​ថា​ កម្លាំង​នៃ​ការ​បោះឆ្នោត​ វាអាច​ធ្វើ​ឲ្យ​មាន​ការ​គិតគូ​ដល់​គាត់​ នៅ​ក្នុង​អំឡុង​ពេល​ហ្នឹង​ គឺ​ថា​ ឱកាស​ហ្នឹង​ គឺ​អ្នក​នយោបាយ​ គឺ​គេ​អាច​យក​ឱកាស​ដើម្បី​ទាក់​ទង​ការ​គាំទ្រ​ដែរ​ អីចឹងមាន​លទ្ធភាព​ពីរ​ហ្នឹង»។​

រូបឯកសារ៖ លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំគឺ​ជា ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​របស់​ត្រីភាគី​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នំា​២០១៤។​ ​សមាសភាពត្រី​ភាគី​នោះ​រួម​មាន​តំណាង​សហជីព​ តំណាង​និយោជក​ ឬ​ថៅកែ​រោងចក្រ​ និង​តំណាង​រដ្ឋាភិបាល។​

លោក​អាត់ ធន់​និយាយ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់កម្មករ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក​ ​តែ​ស្ថានភាព​រស់​នៅ​របស់​កម្មករ​នៅ​តែ​ជា​បញ្ហា​រសើប​សម្រាប់​ឧស្សហ​កម្មកាត់ដេរ​នៅកម្ពុជា។​ លោក​បន្តថា​ ក្រុម​សហជីព​នឹង​ពិនិត្យលើ​ស្ថាន​ភាព​អតិផរណា​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​អនុគ្រោះ​ផ្សេងៗ​ ដែល​អាច​អនុញ្ញាត​ឲ្យ​កម្មករ​បាន​រស់​នៅ​ដោយ​សមរម្យ។​

«ឆ្នាំហ្នឹងក៏​យើង​នឹង​ជជែកដែរ​ ប្រសិន​ជា​ប្រាក់​ឈ្នួល​នឹង​ឡើងបាន​ប៉ុន្មាន​ ​ហើយ​តើ​លទ្ធភាព​អី​ផ្សេងៗ​ទៀត​ ដែល​រដ្ឋ​អាច​ធ្វើ​បាន ​ដើម្បី​កាត់​បន្ថយ​អតិផរណា​ ឬក៏​កាត់​បន្ថយ​ទំនិញ​ទីផ្សារ​ ឬ​ក៏ជួយ​ទៅ​លើ​កម្មករផ្នែក​អី​ទៀត​ ដែល​អាច​រស់​បាន។​ អា​ហ្នឹង​វាជា​រឿង​មួយ​ល្អ»។​

ស្រប​គ្នា​នោះ​ដែរ​ ​លោក​ប៉ាវ ស៊ីណា​ ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW) ​ថ្លែង​ប្រាប់​ VOA ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​មិន​អាច​កើត​មាន​នោះ​ទេ​នៅ​ឆ្នាំ​២០១៧​នេះ ដោយ​ហេតុ​ថា​ ​ភាគីពាក់​ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ​បង្កើត​បាន​យន្តការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​រៀង​រាល់​ឆ្នាំ។​ តែ​លោក​ថា​ ភាព​តានតឹង​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ដំណើរការ​ចរចា​នោះ។

«បើ​យើង​និយាយ​ពី​ភាព​តានតឹង​ វា​ប្រាកដ​ជា​មាន​ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ ក្នុង​ការ​ជជែក​គ្នា។​ វា​ធម្មតា​ទេ​ យើង​ភាគី​កម្មករ​តែងតែ​ចង់​បាន​ច្រើន​ ហើយ​ភាគី​និយោជក​តែងតែ​ត្អូញត្អែរ​អំពី​អាជីវកម្ម​របស់​គាត់។​ ដូច្នេះ​ហើយ​ គាត់​តែង​ត្អូញត្អែរ​ក្នុង​ការ​ទាម​ទារ​ដំឡើង។​ ប៉ុន្តែ​យើង​ឃើញ​មាន​ការ​សម្រប​សម្រួល​ពី​ ILO ​ក៏ដូច​ជា​រដ្ឋាភិបាល​ យើង​ឃើញ​ថា​ ទោះបី​យ៉ាងណាគឺ​យើង​មាន​ការ​ពិភាក្សា​គ្នា​ ឡើង​ជា​បន្ត​បន្ទាប់​ដែរ​ បាទ»។​

រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ងារ​ចុះ​ថ្ងៃ​ទី​១៩​ ​ខែ​មិថុនា​ បាន​សរសេរ​ថា​ ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​ ទាក់​ទិន​ស្ថានភាព​គ្រួសារ​ អត្រា​អតិផរណា​ និង​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋ​កិច្ច​ទាក់ទិន​ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ ស្ថាន​ភាព​ទីផ្សារ​ការងារ​ និង​កម្រិត​ចំណេញ​របស់​វិស័យ​ ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រប​សម្រួល​ផ្ទៃ​ក្នុង​ និង​ប្រកាន់​គោល​ជំហរ​រួម​មួយ។​

បន្ទាប់​ពី​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយៗ​នៅ​ខែ​កក្កដា​ ​ ក្រសួង​ការងារ​បាន​កំណត់​យក​ខែ​សីហា​ ​និង​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ជា​ការ​ចាប់​ផ្តើម​ពិភាក្សាលក្ខណៈ​ទេ្វភាគី​ និង​ត្រីភាគី​ ​ហើយ​ខែ​តុលាការ​ ជា​ការ​បើក​កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី។​ ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មីនឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៨។​

VOA បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ហេង សួ​ អ្នក​នាំ​ពាក្យ​ក្រសួងការងារ​ តែ​នៅមិន​ទាន់​អាច​ទាក់​បានទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

ដោយ​ឡែក​ លោក​ខេន លូ​ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​មិន​ទាន់​អាច​បញ្ជាក់​ជំហរ​របស់​ភាគី​និយោជក​ថា អាច​មាន​លទ្ធភាពដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​បាន​ដល់​កម្រិត​ណា​នោះ​ទេ​ ​ តែ​លោក​បាន​ព្រមាន​ថា​ ការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​ហួសហេតុ​នឹង​ដាក់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់។​

«យើង​ប្រាប់​កន្លង​មក​ហើយ​ ប៉ុន្មាន​ឆ្នាំ​ហើយ​ យើង​ប្រាប់​ដដែលៗ​ បើ​ឡើង​ខ្លាំង​ពេក​ អាហ្នឹង​មាន​តែ​បង្ខំ​ឲ្យ​សហគ្រាស​មួយចំនួន​ បង្ខំ​ឲ្យ​គេ​បិទ​ទេ។​ ​ ហើយ​យើង​ពីរ​ឆ្នាំ​កន្លង​មក​ យើង​មើល​ឃើញ​ហើយ​មែន​ថា​ ចេះ​តែ​ថា​ទេ​ មាន​សហគ្រាស​មួយ​ចំនួន​គេ​បិទ​ហើយ​ ហើយ​ឈាន​ដល់​ថា​កម្មករ​ វា​ចោទ​ប្រកាន់​ថា​ ថៅកែ​រត់ចោលៗ»។​

លោក​ខេន លូបញ្ជាក់​បន្ត​ទៀត​ថា​ ​ចំនួន​រោងចក្រ​កាន់តែ​ច្រើន​ឡើង​បាន​បិទទ្វារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

មុន​ឆ្នាំ​២០១៣​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួនក្រោម១០០​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា។​ ​យ៉ាង​ហោច​ណាស់​មាន​កម្មករ​៥​នាក់​ស្លាប់ ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​បាតុកម្ម​ធំ​មួយ​នា​ចុង​ឆ្នាំ​២០១៣ ​និង​ដើម​ឆ្នាំ​២០១៤។​

ក្រោយ​ការ​ចរចា​នៅ​ឆ្នាំ​២០១៤​ និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ​ ​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​ស្លាប់​បាត់​បង់​ជីវិត។​

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ គណៈ​កម្មការ​ប្រឹក្សា​ការងារ​បាន​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ផ្លូវ​ការ​ត្រឹម​ ១៥៣​ដុល្លារ​សហ​រដ្ឋ​អាមេរិកដល់​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​ ​ក្រោយ​ការ​បោះឆ្នោត​ជា​សម្ងាត់​ដោយ​ត្រី​ភាគីដោយមាន​សំឡេង​២២​លើ​២៤៕

XS
SM
MD
LG