ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាគី​ម្ចាស់​រោងចក្រ​ និង​ភាគី​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ទទួល​យក​តួ​លេខ​ប្រាក់​ឈ្នួល​អប្បបរិមា​ដែល​ស្នើ​ដោយ​សហជីព​កម្មករ​នៅ​ឡើយ​ទេ


លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដឹកនាំ​និង​សម្របសម្រួល​ការប្រជុំ​ត្រីភាគី​លើកទី២ ចរចា​លើ​ការតម្លើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

គម្លាត​តួលេខ​ប្រាក់​ឈ្នួល​សម្រាប់​ការ​ចរចា​លើក​ទី២​នេះ​ ខុស​គ្នា​​ប្រមាណ​ជាង ៣០ ដុល្លារ​ដែល​នៅ​ប្រហាក់​ប្រហែល​ទៅនឹង​ការចរចា​លើក​ទី១។

ឈាន​មក​ដល់​ការ​ប្រជុំ​លើក​ទី២​នៃ​តុ​ចរចា​ត្រី​ភាគី​ក្នុង​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​នេះ ភាគី​ម្ចាស់​រោងចក្រ​ និងភាគី​រាជរដ្ឋាភិបាល​នៅ​ពុំ​ទាន់​ទទួល​យក​ តួ​លេខ​ដែល​ស្នើ​ដោយ​សហជីព​កម្មករ​នៅ​ឡើយ​នោះ​ទេ​ បើ​ទោះ​ជា​ក្រុម​សហជីព​ទម្លាក់​តម្លៃ​ពី​ ១៧៩,​៦ ដុល្លារ​ មក​នៅ​ត្រឹម​ ១៧៧,៥៩ ដុល្លារ​ហើយ​ក៏​ដោយ។

ក្នុងជំនួប​លើកទី២​ នៃក្រុម​ត្រី​ភាគី​ សម្រាប់​ការ​ចរចា​អំពី​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​ នា​ព្រឹក​នេះ​ ក្រុម​សហជីព​បាន​លើក​គោល​ជំហ​ថ្មី​អំពី​ការ​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​នៅ​មាន​ចំនួន​តិច​តូច​នៅ​ឡើយ​សម្រាប់​កម្មករ។

គោល​ជំហរ​នោះ​ គឺ​ក្រុម​សហជីព​បាន​សម្រេច​ទម្លាក់​តម្លៃ​ប្រាក់​ឈ្នួល​អប្ប​បរិមា​របស់​កម្មករ​និយោជិក​ដែល​ខ្លួន​បាន​រក​ឃើញ​ចំនួន ១៧៩.៦ ដុល្លារ​អាមេរិក​ឲ្យ​មក​នៅ​ត្រឹម​១៧៧.៥៩ ដុល្លារ​អាមេរិក​ ស្រប​ពេល​ដែល​ភាគី​និយោជក​អះអាង​ថា​ ខ្លួនអាច​ដំឡើងបាន​ត្រឹម​ ១៤៦,៣៧ ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ពោល​គឺ​ប្រមាណ​ ៦ដុល្លារអាមេរិក បន្ថែម​លើ​ប្រាក់​ឈ្នួល​អប្បបរិមា​សព្វ​ថ្ងៃ។

គម្លាត​តួលេខ​ប្រាក់​ឈ្នួល​សម្រាប់​ការ​ចរចា​លើក​ទី២​នេះ​ ខុស​គ្នាប្រមាណ​ជាង ៣០ ដុល្លារ​ដែល​នៅ​ប្រហាក់​ប្រហែល​ទៅនឹង​ការចរចា​លើក​ទី១។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដឹកនាំ​និង​សម្របសម្រួល​ការប្រជុំ​ត្រីភាគី​លើកទី២ ចរចា​លើ​ការតម្លើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដឹកនាំ​និង​សម្របសម្រួល​ការប្រជុំ​ត្រីភាគី​លើកទី២ ចរចា​លើ​ការតម្លើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ការ​ចរចាកាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ប្រធាន​សហជីព​មួយ​ចំនួន​មិន​មាន​វត្តមាន​ទេ​ ដោយ​ចាត់​ឲ្យ​មាន​អ្នក​តំណាងមក​ប្រជុំ​ជំនួស។ ប្រធាន​សហជីព​ទាំង​នោះ​មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស​ ទៅ​តាម​ខេត្ត​នានា​ និង​ត្រូវ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ដទៃ​ទៀត។

ទោះ​មិន​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ​នេះ​ក្តី​ លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ VOA​ តាមទូ​រស័ព្ទ​ថា​ ដោយខាង​ភាគី​និយោជក​ (ឬម្ចាស់រោងចក្រ) សម្តែង​គោលជំហរ​ដំឡើងបាន​ ខ្លះ​ទើប​ភាគី​សហជីព​បញ្ចុះ​តួលេខ​មកត្រឹម​ ១៧៧, ៥៩​ ដុល្លានេះ​។​

តួលេខ ១៧៧,​៥៩​ ថ្មីនេះគឺ​ត្រូវ​បាន​សម្រេច​ក្រោយ​ការ​ប្រជុំ​ទ្វេភាគី​ជា​បន្តបន្ទាប់​ចំនួន​បី​ រវាង​ភាគី​សហជីព​និង​ភាគី​តំ​ណាង​រោងចក្រ។

លោក​បាន​បន្ត​ថា​ ប្រសិន​បើ​ពុំ​មាន​ការ​ដំឡើងប្រាក់​ខែ​អប្បបរិមា​ឲ្យ​បាន​សមរម្យ​សម្រាប់​ឆ្នាំ ២០១៧​ នេះ​ទេ​ ទាំង​ខាង​សហជីព​និង​ខាង​កម្មករ​នឹង​រួម​គ្នាបង្កើន​ការ​តវ៉ា​របស់​ខ្លួន​បន្ថែម​ទៀត។

«ទាល់​តែ​ដំឡើងឲ្យ​សមរម្យ​ ប្រសិន​បើ​មិន​មាន​ការ​ដំឡើងមួយ​សមរម្យ​ទេ​ ប្រហែល​កម្មករ​គាត់​នឹង​ទាមទារ​ការ​តវ៉ា​ ឬ​យើង​នឹង​ជជែក​គ្នា​ថែម​ទៀត»។

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ក្រោយ​ការ​ប្រជុំ​ថា​ អ្នក​ស្រី​ ពុំ​បាន​ពេញ​ចិត្ត​នឹង​ការ​ទម្លាក់​តួលេខ​នេះ​ប៉ុន្មាន​ទេ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖

«សម្រាប់​គោល​ជំហរ​របស់​ខាង​ខ្ញុំ​ តាម​ពិត​ដល់​ថ្ងៃ​ទី​២៨​ ឬ​រហូត​ដល់​ការ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ការងារ​សម្រេច​ចុងក្រោយ​ យើង​នៅ​រក្សា​តួលេខ​មួយ​ហ្នឹង​ តាម​ពិត​សម្រាប់ខ្ញុំ​ ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​តូលេខ​១៧៧,៥៩​នេះ​ទេ​ តែ​ដោយសារ​សហជីព​ទាំងអស់​យល់​ព្រម​ រួម​ទាំង​សហជីព​សំខាន់ៗ​យល់​ព្រម​ហើយ​ សម្រាប់​ខ្ញុំ​ថា​បើ​ប៉ុណ្ណឹង​ក៏​ប៉ុណ្ណឹង​ទៅ​តែ​សហជីព​អត់​ត្រូវ​ទម្លាក់​ទៀត​ទេ»។

កំណើន​នៃ​ការ​កើនឡើង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ជា​លំដាប់។​ មុនឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ ដុល្លារ។​ ប្រាក់​ឈ្នួល​បាន​កើនឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​និង​រង​របួស។

លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រៀប​ចំ​ឡើង​នៅ​ក្នុង​ក្រសួង​ការងារថា​ ពេល​នេះ​នៅ​មិន​ទាន់​មាន​លទ្ធផល​អ្វី​ជា​សម្រេច​នោះទេ​ ហើយ​កិច្ច​ប្រជុំ​មួយ​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នាថ្ងៃ​ទី២៨​ ខែ​កញ្ញា​ខាង​មុខ​នេះ។ លោក​សង្ឃឹម​ថា​លទ្ធផល​នឹង​អាច​សម្រេច​បាន​នៅ​មុន​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។​

លោក​ ហេង សួរ​ បាន​ថ្លែង​ថា៖

«អ្វី​ដែល​ជា​សេចក្តី​ប្រាថ្នា​របស់​យើង​គឺ​ធ្វើ​ម៉េច​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរិមា​នេះ វា​នឹង​ចប់​នៅ​មុន​រដូវ​បុណ្យ​ភ្ជុំ​ដើម្បី​ទី១​ បង្ក​បរិយាកាស​រីករាយ​ទៅ​ដល់​បង​ប្អូន​កម្មករ​របស់​យើង​ ដែល​ត្រូវ​បាន​ឈប់​សម្រាក​ត្រឡប់​ទៅផ្ទះ​នេះ​ ក៏​ទទូល​បាន​ព័ត៌មាន​វិជ្ជមាន»។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់ថា​ GMAC ​កាល​ពី​ប្រជុំ​លើក​ទី១ ​បង្ហាញ​ថា​ ខ្លួន​មាន​លទ្ធ​ភាព​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​ឈ្នួល​អប្បបរិមា​ត្រឹម​តែ​១៤៤,២ដុល្លារ​ប៉ុណ្ណោះ។ ឯ​លើក​ទី​២​នេះ​ GMAC​ បញ្ជាក់​គោល​ជំហរ​ថ្មី​ថា អាច​ឡើង​បាន​ត្រឹម​ ១៤៦,៧ ដុល្លា ​គឺ​ប្រមាណ​ ២​ ដុល្លារ​បន្ថែម។​

នៅ​មុខ​បន្ទប់​ប្រជុំ​ លោក​ កាំង​ ម៉ូនីកា​ អគ្គ​លេខា​ធិការ​រង​GMAC​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុនការ​ប្រជុំ​នា​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ភាគី​និ​យោជក​ នឹង​ធ្វើ​ការ​ពិចារណា​របស់​ខ្លួន​លើ​ការ​ទាម​ទារតម្លើងប្រាក់​ឈ្នួល​នេះ​ ដោយអនុ​លោម​តាម​លក្ខណៈ​វិនិឆ្ឆ័យ​ពីអង្គការ​ពលកម្ម​ពិភពលោក (ILO) ដែល​បាន​យកកត្តា​សង្គម​ និង​កត្តា​សេដ្ឋកិច្ច​មក​ធ្វើ​ការ​គណនា។

លោក​ កាំង​ ម៉ូនីកា បាន​ថ្លែង​ប្រាប់​ VOA ថា៖

«និយាយ​ជា​ភាគ​រយ​អត្រា​អតិផរណា យើង​យក​ផ្លូវ​ការ​ពី​ក្រសួង​សេដ្ឋកិច្ច​គឺ​ ៣.៧ %។ហើយ​កំណើន​ផលិត​ភាព​ការងារ​ ១៧%។​ ប៉ុន្តែ​យើង​ចែក​ជា​ពីរ​ទៅ​គឺ​ម្នាក់​ពាក់​កណ្តាល​គឺ​ ០,៨៥%។ ហើយ​ការ​ចរចា​របស់​យើង​នេះ​គឺ​យើង​មាន​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។​ មាន​កត្តា​សេដ្ឋកិច្ច​ និង​កត្តា​សង្គម​ដែល​យើង​យក​មក​ធ្វើ​ការ​សិក្សា​ច្បាស់​លាស់។​ ហើយ​រូបមន្ត​ទាំង​អស់​ហ្នឹង​គឺ​យើង​មាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ILO។ អញ្ចឹង​មាន​ន័យ​ថា​ និតិវិធី​ដំណើរការ​ឆ្នាំ​នេះ​គឺ​ត្រឹមត្រូវ»។​

តែ​ទោះ​ជា​យ៉ាងណា​ លោក​ពុំ​ទទួល​ស្គាល់​ តួលេខ​ដែល​សហជីព​ស្រាវជ្រាវ​ឃើញ​អំពី​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ថា​ ជាតម្រូវ​ការ​ចាំ​បាច់​របស់​កម្មករ​ឡើយ។ លោក​ថា​ វា​ជា​ឥរិយាបថ​នៃ​ការ​ចំណាយ​ (Consumption Behaviour) របស់​កម្មករ​ដែល​លោក​ជឿ​ថា​ កម្មករ​នឹង​បង្កើន​ការ​ចាយ​វាយ​របស់​ខ្លួន​ មាន​ន័យ​ថា​ បាន​ច្រើន​ គឺ​ចាយ​កាន់​តែ​ច្រើន។

លោក​ កាំង​ ម៉ូនីកា​ បាន​បន្ថែម​ថា៖

«អ្វី​ដែល​ភាគី​សហជីព​ដាក់​មក​ហ្នឹង​ ភាគី​ខាង​យើង​យល់​ថា​វា​ជា Consumption Behavior ឬ​អត្តចរិក​នៃ​ការ​ចំណាយ​របស់​កម្មករ​ ហើយ​ការ​ចំណាយ​របស់​គាត់​វា​អាស្រ័យ​ទៅ​លើ​ចំណូល​របស់​គាត់។ បង​ប្អូន​យើង​ខ្លះ​រក​បាន​ច្រើន​ គាត់​ចាយ​ច្រើន​ទៅ។ អញ្ចឹង​អា​ហ្នឹង​ជា​ Consumption Behavior មិន​មែន​ជា​ Basic Need (តម្រូវ​ការ​ចាំបាច់) ដែល​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវ​យក​មក​វិនិច្ឆ័យ​ទេ»។

ជំនួប​ត្រី​ភាគី នេះ​មាន​តំណាង​រាជរដ្ឋា​ភិបាល តំណាង​សហជីព ​តំណាង​ម្ចាស់​រោងចក្រ​ ១៦ រូប​ស្មើៗ​គ្នា។ លទ្ធផល​ចុងក្រោយ​នៃ​ជំនួប​ត្រី​ភាគី ដែល​ជា​ជំនួប​ក្រុម​ការងារ​បច្ចេកទេស​ចរចា​ប្រាក់​ឈ្នួល​នេះ គឺ​ជា​លទ្ធផល​ដែល​គេ​រំពឹង​ចេញ​ពី​ការ​បោះ​ឆ្នោត។ ប្រសិន​បើ​ការ​បោះឆ្នោត​មិន​អាច​ប្រពឹត្តិ​ទៅ​បាន​ ដោយ​ពុំ​មាន​សម្លេង​សម្រេច​រួម​ (កុងសង់ស៊ីស) គេ​នឹង​បញ្ជូនសំណើរ​ទៅ​គណកម្មការ​ប្រឹក្សា​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច។

សមាសភាព​នៃ​គណកម្មការ​ប្រឹក្សា​ការងារ​ ឬ​ហៅ​កាត់​ថា​ LAC មាន​ភាគី​រាជ​រដ្ឋាភិបាល​ដល់​ទៅ​ ១៤​រូប​ ខណៈដែលភាគី​និយោជក​មាន​តែ​ ៧រូប​ ឯ​ភាគី​សហជីព​ក៏​មាន​៧រូបដែរ។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ និយាយ​បន្ថែម​ថា​ លោក​មិន​រំពឹង​ថា ​គណ​កម្ម​ការ​នោះ​នឹង​ផ្តល់​យុត្តិធម៌​ទេ។

លោក​ អាត់ ធន់​ បាន​ថ្លែង​ថា៖

«គណកម្មការ​ហ្នឹង​មិន​មាន​យុត្តិធម៌ មិន​ស្មើ​ភាព​គ្នា​ទេ​ គឺ​លំអៀង​រួច​ទៅ​ហើយ។​ ការ​សម្រេច​ហ្នឹង​គេ​សម្រេច​ឲ្យ​មាន​កងសង់ស៊ីស​ បើ​មិន​មាន​កុងសង់ស៊ីស​ គេ​សម្រេច​ឲ្យមាន​សម្លេង​ភាគ​ច្រើន​ អញ្ចឹង​អត់​យុត្តិធម៌​ដែរ។ តែ​យ៉ាង​ហោច​ណាស់​យើង​មាន​ស្ថាប័ន​ហ្នឹង​សិក្សា​ពិនិត្យ ព្រោះ​យើង​មិន​ទាន់​មាន​ស្ថាប័ន​ថ្មី​ណា​មួយ​ ជំនួស​ស្ថាប័ន​ហ្នឹង»។​

យ៉ាង​ហោច​ណាស់​មាន​កម្មករ​៥​នាក់​ស្លាប់​ក្នុង​បាតុកម្ម​ធំ​មួយ​នា​ឆ្នាំ​២០១៣​ ក្នុង​អំឡុង​ពេល​បាតុ​កម្ម​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរិមា​ដដែល​នេះ។ ក្រោយ​ការ​ចរចា​នៅ​ឆ្នាំ​២០១៤​និង​២០១៥​ ប្រាក់​ឈ្នូល​អប្បបរិមា​កម្មករ​ត្រូវបាន​ដំឡើងមួយ​កម្រិត​ទៀត​គឺពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ​ ក្រោម​ការ​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ ក៏​ប៉ុន្តែ​កម្ម​ករ​នៅ​តែ​ត្អូញ​ត្អែរ​ថា​ ចំនួន​នេះមិន​អាច​ឲ្យ​ពួក​គេ​រស់​បាន​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ និង​សមរម្យ​នោះ​ទេ៕

XS
SM
MD
LG