កាលពីថ្ងៃពុធម្សិលម៉ិញនេះ ក្រុមការងារបច្ចេកទេសត្រីភាគីបានជួបចរចាគ្នាជាលើកចុងក្រោយអំពីការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់និងស្បែកជើងសម្រាប់ឆ្នាំ២០១៧។ ស្របពេលដែលភាគីសហជីពទម្លាក់តួលេខបន្ថែម ៦,៥៩ដុល្លារពីចំនួន ១៧៧,៥៩ដុល្លារមកត្រឹម ១៧១ដុល្លារ ភាគីម្ចាស់រោងចក្រដំឡើងបាន ៦៣សេន ឬប្រហែល ២៥០០រៀល គឺពី ១៤៦,៣៧ដុល្លារមក ១៤៧ដុល្លារ។
ក្រោយការប្រជុំលើកចុងក្រោយរបស់ក្រុមបច្ចេកទេសត្រីភាគី ចរចាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ នាថ្ងៃទី២៨ ខែកញ្ញានេះ ក្រុមភាគីពាក់ព័ន្ធនៃការចរចាសំយោគបានជាតួលេខ៣ខុសគ្នា សម្រាប់បញ្ជូនទៅគណៈកម្មការប្រឹក្សាការងារប្រជុំកាត់សេចក្តីនៅថ្ងៃបន្ទាប់។
ក្រុមសហជីពសម្រេចទម្លាក់តួលេខខ្លួនមកត្រឹម ១៧១ដុល្លារសហរដ្ឋអាមេរិក។ រីឯភាគីម្ចាស់រោងចក្រដំឡើងដល់ចំនួន១៤៧ដុល្លារអាមេរិក កៀកទៅនឹងចំនួនដែលរាជរដ្ឋាភិបាលបានលើកឡើង ដើម្បីសម្រួលការចរចាតាំងពីការប្រជុំត្រីភាគីលើកទី១មក គឺចំនួន ១៤៨ដុល្លារអាមេរិក។
ស្របពេល ភាគីសហជីពទម្លាក់ ៦,៥៩ដុល្លារពីចំនួន ១៧៧,៥៩ដុល្លារ ភាគីម្ចាស់រោងចក្រដំឡើងបាន ៦៣សេន ឬប្រហែល ២៥០០ រៀលពី ១៤៦,៣៧ដុល្លារ។
ជំនួបត្រីភាគីនេះមានតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងម្ចាស់រោងចក្រ ១៦ រូបស្មើៗគ្នា។
ក្រោយពីដាក់ស្នើតួលេខចំនួនបីគឺ ១៤៧ ១៤៨ និង ១៧១ ដុល្លារសហរដ្ឋអាមេរិក ដែលសម្រេចក្រោយកិច្ចប្រជុំលើកចុងក្រោយនៃក្រុមការងារបច្ចេកទេសត្រីភាគីថ្ងៃពុធម្សិលម៉ិញនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បង្ហើបថា លទ្ធផលសម្រេចនឹងចេញនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ដោយគណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានថ្លែងថា៖
«ព្រឹកមិញនេះ នៅពេលប្រជុំ យើងសម្រេចថា យើងយកគោលជំហរបស់ភាគីនិមួយ ដាក់ទៅឲ្យគណៈកម្មការប្រឹក្សាការងារសម្រេចតែម្តងគឺមិនបានបោះឆ្នោតទេ»។
កិច្ចពិភាក្សាលើកទី៣ នៃក្រុមការងារបច្ចេកទេសត្រីភាគីចរចា អំពីការដំឡើងប្រាក់ឈ្នួលអប្បបរិមាសម្រាប់ឆ្នាំ២០១៧ មានលក្ខណៈ តានតឹងបន្តិចនាថ្ងៃនេះ។ នេះបើតាមការឲ្យដឹងពីក្រុមសហជីព។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជានិងអ្នកស្រី យ៉ាង សោភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បញ្ជាក់ស្រដៀងគ្នាថា មិនពេញចិត្តនឹងការសម្រេចទម្លាក់មកត្រឹមចំនួន១៧១ដុល្លារនេះទេ ក៏ប៉ុន្តែសហជីពទាំងអស់នៅតែត្រូវមានសម្លេងតែមួយដើម្បីរក្សាសាមគ្គីភាព និងភាពរឹងមាំ។ លោក អាត់ ធន់ បន្ថែមថា តួលេខចុងក្រោយស្ថិតលើការសម្រេចរបស់ក្រុមប្រឹក្សាការងារ។
លោក អាត់ ធន់ បានថ្លែងថា៖
«អាលេខនេះ គ្រាន់តែជាលេខដាក់ចរចាចុងក្រោយរបស់យើងទេ។ យើងអត់ចង់ឲ្យបែកគ្នាពីព្រោះថាទៅដល់ក្រុមប្រឹក្សាការងារវាពិបាក។ ការចរចារាល់ដង នយោជកមួយ សហជីពមួយ តែបើសហជីពពីរ បានន័យថាវាបង្ហាញភាពកម្សោយរបស់យើងពេក។ យើងក៏ដឹងដែរថា ពេលទៅដល់ក្រុមប្រឹក្សាការងារនឹងមានលេខថ្មីមួយទៀតហើយ»។
ដោយឡែក លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ ចាកចេញពីការប្រជុំដោយទឹកមុខញញឹម។ លោកប្រាប់ក្រុមអ្នកកាសែតថា លោកយល់ស្របនឹងសេចក្តីសម្រេចក្រោយប្រជុំ និងពេញចិត្តការសម្រេចរួមដែលទម្លាក់ចំនួនទឹកប្រាក់សម្រាប់ការចរចាពី ១៧៧, ៥៩ដុល្លារ កាលពី២ថ្ងៃមុន មកចំនួន១៧១ដុល្លារនៅថ្ងៃនេះ។
លោកប៉ាន់ស្មានទៀតថា កម្មករទំនងនឹងអាចទទួលបានប្រមាណក្រោម ១៦០ដុល្លារបន្តិចបន្តួច ហើយសង្ឃឹមថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងអន្តរាគមន៍ ដើម្បីបន្ថែមទឹកប្រាក់មួយចំនួនដូចដែលលោកបានធ្វើកាលពីឆ្នាំទៅ។
លោក ជួន មុំថុល បានថ្លែងថា៖
«អាចឡើងដល់ ១៥០ដុល្លារជាង ឬក្រោម១៦០ ប្រហែលចន្លោះ១០%។ សម្តេចតេជោ ជាធម្មតាគាត់តែងតែដំឡើង ចាំមើលឆ្នាំនេះប្រហែលជាគាត់ឡើង»។
កាលពីឆ្នាំមុន គណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននូវតួលេខប្រាក់ឈ្នួលអប្បបរិមាសម្រាប់ឆ្នាំ ២០១៦ ចំនួន១៣៥ ដុល្លារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍ដោយប្រកាសឲ្យបន្ថែមចំនួន ៥ដុល្លារ ទៀត គឺកើនបាន១៤០ដុល្លារ។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ពន្យល់ពីបញ្ហាការដំឡើងប្រាក់ឈ្នួលដោយការប្រៀបធៀប ក្នុងវិស័យឧស្សាហកម្មកាត់ដេរនេះថា ការកើនឡើងប្រមាណ ១០%ក្នុងមួយឆ្នាំជាសញ្ញាណវិជ្ជមាន ព្រោះកំណើនសេដ្ឋកិច្ចជារួមបូកនឹងអតិផរណា គឺប្រមាណ ៩% ទៅ ១០%។
លោក ចាន់ សុផល បានថ្លែងថា៖
«ឲ្យតែកើន ឲ្យតែបានប្រហែល១០% ក្នុងមួយឆ្នាំគឺជាការល្អហើយ។ ចំពោះថាប្រាក់ឈ្នួលផ្ទះ ឬប្រាក់សោហ៊ុយអីផ្សេងៗឡើងថ្លៃនោះ មិនប្រាកដថាអញ្ចឹងទេ វាមិនចេះតែឡើងស្រេចចិត្តទេ។ អ្វីៗវាឡើងតាមតម្រូវការក្នុងទីផ្សារដែរ»។
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារ។ប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សានិងអហិង្សា។ យ៉ាងហោចណាស់មានកម្មករ៥នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងបាតុកម្មធំមួយនាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
ក្រោយការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នូលអប្បបរិមាកម្មករត្រូវបានដំឡើងមួយកម្រិតទៀត គឺពី១២៨ដុល្លារដល់១៤០ដុល្លារ។ក៏ប៉ុន្តែកម្មករនៅតែបន្តចាយវាយត្បិតត្បៀត ដោយការហូបចុកអាហារដែលមិនបំប៉នដល់សុខភាព និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗទទួលគ្រោះថ្នាក់និងស្លាប់បាត់បង់ជីវិត៕