ប្រទេសកាណាដាបានស្វាគមន៍ជនភៀសខ្លួនស៊ីរី ពេញមួយយន្តហោះដំបូងរបស់ខ្លួន។ យន្តហោះយោធារបស់កាណាដាដែលដឹកជនភៀសខ្លួនស៊ីរីចំនួន១៦៣នាក់ បានទៅដល់ទីក្រុង Toronto ប្រទេសកាណាដាហើយ កាលពីយប់ថ្ងៃព្រហស្បតិ៍។
នៅពេលទៅដល់កាណាដាភ្លាម ជនភៀសខ្លួនទាំងនោះត្រូវបានទទួលស្វាគមន៍ពីសំណាក់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ សុខាភិបាល និងការពារជាតិ ហើយនិងអភិបាលខេត្ត Ontario គឺលោកស្រី Kathleen Wynne ព្រមទាំងអភិបាលក្រុង Toronto លោក John Tory ផងដែរ។
ដើម្បីកុំឲ្យជនភៀសខ្លួនទាំងនោះមានអារម្មណ៍ក្ដុកក្ដួលខ្លាំងពេក រដ្ឋាភិបាលកាណាដាបានស្នើសាធារណជនទូទៅកុំឲ្យនាំគ្នាចូលទៅព្រលានយន្តហោះដើម្បីទទួលស្វាគមន៍ជនភៀសខ្លួនទាំងនោះ ប៉ុន្តែសំណើនោះមិនបានបញ្ឈប់សាធារណជនមួយចំនួនដែលបានទៅជូនពរជនភៀសខ្លួនទាំងនោះទេ។ លោកនាយករដ្ឋមន្ត្រី Trudeau បានមានប្រសាសន៍ថា «វាជារាត្រីដ៏អស្ចារ្យ ហើយកាណាដា ចាប់ផ្ដើមបង្ហាញពិភពលោកឲ្យឃើញពីររបៀបបើកបេះដូងឲ្យទូលាយ ហើយស្វាគមន៍ជនទាំងឡាយណា ដែលភៀសខ្លួនចេញពីស្ថានភាពដ៏សែនលំបាកក្រៃលែង»។ ប្រទេសកាណាដាគ្រោងនឹងស្វាគមន៍ជនភៀសខ្លួនចំនួន២ម៉ឺន៥ពាន់នាក់ត្រឹមចុងខែកុម្ភៈឆ្នាំក្រោយ។ ទង្វើរបស់ប្រទេសកាណាដាចំពោះជនភៀសខ្លួននេះ ផ្ទុយនឹងសហរដ្ឋអាមេរិកដែលមានបេក្ខជនប្រធានាធិបតីម្នាក់ អភិបាលរដ្ឋ និងពលរដ្ឋសាមញ្ញជាច្រើនបានបង្ហាញជំហររបស់ពួកគេថា ជនភៀសខ្លួនមិនគួរត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិកនោះទេ៕