ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភោជនីយដ្ឋាន​នៅ​អូស្ត្រាលី​ផ្តល់​ការ​ហ្វឹកហាត់​ដល់​ជន​ភៀស​ខ្លួន​ស៊ីរី


រូបភាពឯកសារ៖ ក្រុម​តវ៉ា​លើ​ក​បដា​ក្នុង​ពេល​ជួបជុំ​គ្នា​មួយ​ដើម្បី​គាំទ្រ​ជន​ភៀស​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្នាក់ជាតិ​មួយកណ្តាលទីក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលីកាលពីថ្ងៃ​ទី១១ តុលា​​ ២០១៥
រូបភាពឯកសារ៖ ក្រុម​តវ៉ា​លើ​ក​បដា​ក្នុង​ពេល​ជួបជុំ​គ្នា​មួយ​ដើម្បី​គាំទ្រ​ជន​ភៀស​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្នាក់ជាតិ​មួយកណ្តាលទីក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលីកាលពីថ្ងៃ​ទី១១ តុលា​​ ២០១៥

ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​កំពុង​ស្នើ​ផ្តល់​ជំនួយ​ហ្វឹកហាត់​ការងារ​ដល់​ជន​ភៀស​ខ្លួន​ស៊ីរី។​ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​នៅ​ទីក្រុង​កង់បេរ៉ា​ (Canberra) បាន​និយាយ​ថា​ ខ្លួន​នឹង​ទទួល​យក​ប្រជាជន​ចំនួន​១២.០០០នាក់​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី។​

ឪពុក​ម្តាយ​របស់​ នាង​ Sharon និង​ Carol Salloum បាន​ចាក​ចេញ​ពី​ស៊ីរី​មក​រស់​នៅ​ស៊ីដនី​ កាល​ពី៤០​ឆ្នាំ​មុន​ ហើយ​បញ្ជី​មុខ​ម្ហូប​ក្នុង​ភោជនីយដ្ឋាន​របស់​ពួក​គាត់​នៅ​ទីក្រុង​ស៊ីដនី​មាន​ភាព​ពេញ​និយម​ដោយ​សារ​តែ​រសជាតិ​បែប​មជ្ឈិម​បូព៌ា​ប្រទេស។​ បងប្អូន​ស្រី​ទាំង​ពីរ​និយាយ​ថា​ ពួក​គេ​គិត​ថា​នេះ​ជា​កាតព្វកិច្ច​ក្នុង​ការ​ជួយ​អ្នក​ដែល​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ដោយ​សារ​សង្រ្គាម។​

នាង​ Sharon Salloum ​និយាយ​ថា៖ «ឪពុក​ម្តាយ​របស់​ពួក​យើង​នៅ​សល់​គ្រួសារ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​ស៊ីរី​ ហើយ​ពួក​គាត់អាច​មក​ទីនេះ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។​ យើង​មាន​សំណាង​ណាស់​ដែល​ករណី​នេះ​មិន​បាន​កើត​ឡើង​ចំពោះ​ពួក​យើង​ ប៉ុន្តែ​ជន​ភៀស​ខ្លួន​ទាំង​នោះ​អាច​ជា​ម្តាយ​មីង ​ឬ​ឪពុក​មា​ ឬ​បង​ប្អូន​ជីដូន​មួយ​ដែល​យើង​មាន​នៅ​ទី​នោះ​ក្នុង​ពេល​នេះ។​ ដូច្នេះ​ហេតុអ្វី​យើង​មិន​ជួយ​ពួក​គាត់?»។

នាង​ Carol Shalloum ក៏​បាន​និយាយ​ដែរ​ថា៖ «មាន​មនុស្ស​ជា​ច្រើន​ដែល​មក​ពី​ក្រៅ​ប្រទេស​ហើយ​ធ្វើ​ការ​ក្នុង​ប្រទេស​អូស្រ្តាលី។​ ពួកគេ​ចង់​ធ្វើការ​ ពួក​គេ​ចង់​បង្កើត​ជីវិត​មួយ​សម្រាប់​ខ្លួន​ឯង ពួកគេ​មិន​ខ្ជិល​ច្រអូស​នោះ​ទេ ហើយ​ពួកគេ​នឹង​ទទួល​ការងារ​គ្រប់​យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។​ អ្នក​អាច​សង្កេត​ឃើញ​បែប​នេះ​តាម​រយៈ​ជន​ទេសន្តរប្រវេសន៍​ដែល​បាន​មក​ដល់​ទីនេះ​ ហើយ​យើង​បាន​ជួល​ពួក​គេ​ធ្វើការ។​ ខ្ញុំ​មិន​មាន​ចម្ងល់​ទេ​ព្រោះ​វាជា​មុខរបរ​ដ៏​ប្រសើរ​សម្រាប់​អ្នក​គ្រប់​គ្នា​ ជា​ពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ដែល​អ្នក​ទាំង​នេះ​មាន​ចំណូល​ចិត្ត​លើ​អាហារ ​និង​បដិសណ្ឋារកិច្ច»។

​ការងារ​បដិសណ្ឋារកិច្ច​អាច​ជា​ការងារ​លំបាក​មួយ​ ប៉ុន្តែ​វា​អាច​ផ្តល់​នូវ​ការ​ចាប់​ផ្តើម​ដល់​ជន​ភៀស​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​គេ​រីក​ចម្រើន​ក្នុង​ប្រទេស​អូស្រ្តាលី។​

ការ​ហ្វឹកហាត់​ការងារ​នឹង​ត្រូវ​ផ្តល់​ជូន​ជន​ភៀស​ខ្លួន​ស៊ីរី​នៅ​ភោជនីយដ្ឋាន​ផ្សេងៗ​គ្នា​ក្រោម​កម្មវិធី​មួយ​ដែល​បង្កើត​ដោយ​សេវាកម្ម​តាំង​ទីលំនៅ​ថ្មី​ប្រកប​ដោយ​វិជ្ជា​ជីវៈ​សម្រាប់​ជន​ភៀស​ខ្លួន។

ការ​ផ្តល់​ការ​ហ្វឹកហាត់​នេះ​នឹង​នាំ​ពួក​គេ​ទៅ​រក​អនាគត​ដ៏​រុងរឿង។ នាង Sharon Shalloum និយាយ​ថា​ ឧស្សាហកម្ម​បដិសណ្ឋារកិច្ចសក្តិសម​ណាស់​សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរី។​

«យើងនឹង​ធ្វើ​ឲ្យ​ការ​ពិត​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​មាន​ភាព​ច្បាស់​លាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​គិត​ថា ​វា​គឺជា​ផ្នែក​ធម្មជាតិ​របស់​ពួក​យើង​ដែល​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​គ្រួសារ​នៅ​មជ្ឈិម​ប្រទេស ឬ​នៅក្នុង​គ្រួសារ​ប្រទេស​ស៊ីរី។ ​ពួក​យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ភាព​រាក់ទាក់​ចំពោះ​មនុស្ស​គ្រប់​គ្នា»។

​លោក​ Lymen Baerlie រួម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់ដែល​ជា​ជន​ភៀស​ខ្លួនទើប​តែ​មក​ដល់​ថ្មី​ មក​ពី​ទីក្រុង Homs ​នៃ​ប្រទេស​ស៊ីរី។​ ដោយ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត​ ពួកគេ​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​អេហ្ស៊ីប​ ហើយ​បន្ត​ដំណើរ​តាម​យន្តហោះ​មក​កាន់​ទីក្រុង​ស៊ីដនី​កាលពី​ចុង​ខែ​ធ្នូ។​ លោក​ Baerlie បាន​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ថា ​ក្តី​សុបិន្ត​របស់​គាត់​គឺ​បើក​អាជីវកម្ម​ម្ហូប​អាហារ។​

«ពិត​ណាស់ ​វា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ក្នុង​ការ​ស្វែងរក​ការងារ​ដ៏ល្អ​មួយ​ ហើយ​ខ្ញុំ​បាន​ចាប់​ផ្តើម​សម្លឹង​មើល​ការ​បង្កើត​ការងារ​ផ្ទាល់​ខ្លួន​ ឬ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ឥលូវ​នេះ​ ខ្ញុំ​កំពុង​ពឹងពាក់​លើ​សាច់ញាតិ​របស់​ខ្ញុំ​ក្នុង​ការ​ហ្វឹកហាត់​ថា​តើ​ខ្ញុំ​អាច​ចាប់​ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដោយ​របៀប​ណា»។

បន្ទាប់​ពី​មក​ដល់​អូស្រ្តាលី​បាន​ពីរ​បី​សប្តាហ៏​ លោក​ Baerlie​ កំពុង​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​បង​ថ្លៃ​ប្រុស​របស់​គាត់ ​ដែល​មាន​ហាង​ដុត​នំ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី។​ ប៉ុន្តែ​គាត់​ទន្ទឹង​រង់ចាំ​មើល​ឱកាស​ការងារ ​និង​រក​កម្រៃ​ដោយ​ខ្លួន​ឯង​ ក្នុង​ទឹក​ដី​កំណើត​ទី​២​របស់​គាត់។​

ក្រុម​សកម្មជន​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ផ្តល់​ទីជម្រក​ឲ្យ​បាន​ច្រើន​ជាង​ ១២.០០០នាក់ ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​សម្រាប់​ប្រជាជន​ស៊ីរី។ អ្នក​ដឹក​នាំ​អាជីវកម្ម​មួយ​ចំនួន​ជឿ​ថា ​អូស្រ្តាលី​មាន​លទ្ធភាព​ផ្តល់​ទីជម្រក​ឲ្យ​ដល់​ជន​ភៀសខ្លួន​រហូត​ដល់ទៅ​៣០.០០០​នាក់៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG