ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ ​UNHCR ​ស្វះ​ស្វែង​រក​ការ​បក​ស្រាយ​ពី​ថៃ​អំពី​ការ​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ជា​លើក​ទីបី


រូបឯកសារ៖ ជនភៀសខ្លួន​អេត្យូពី​នៅ​ជំរំ​ជនភៀសខ្លួន Um Rakuba ក្នុងតំបន់​ Tigray កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (Reuters)

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ​ឬ​ហៅ​កាត់​ថា ​UNHCR​ (United Nations High Commissioner for Refugees)​ ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​ស្វះ​ស្វែង​រក​ការ​បក​ស្រាយ​ពី​ភាគី​ថៃ​ ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​មក​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ បើ​ទោះ​ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ UNHCR ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​កម្ពុជា​ម្នាក់​ទៀត ​ដែល​ជា​អ្នក​ទីបី​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​កាល​ពី​សប្តាហ៍​មុន។ UNHCR​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​កុំ​បញ្ជូន​ជន​ភៀសខ្លួន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ ​និង​គោរព​តាម​កាតព្វ​កិច្ច​អន្តរ​ជាតិ។​ UNHCR ​ក៏​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​និង​អនុញ្ញាត​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​អាច​ចូល​ទៅ​មើល​ជន​ភៀសខ្លួន​បាន។​

UNHCR​កំពុង​ស្វះ​ស្វែង​រក​ការបក​ស្រាយ​ជា​បន្ទាន់​ពី​អាជ្ញាធរ​ថៃ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ។ ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។ ​ UNHCR ​បញ្ជាក់​ថា ​ការ​បញ្ជូន​នេះ​បំពាន​គោល​ការណ៍​នៃ​ការ​មិន​បញ្ជូន​ជន​ភៀស​ខ្លួន​ ដែល​រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវ​គោរព ​គឺ​មិន​បញ្ជូន​ឬ​បណ្តេញ​ប្រជាជន​ទៅ​ដែន​ដី​«ដែល​ជីវិត​របស់​ពួក​គេ ​ឬ​សេរី​ភាព​នឹង​ត្រូវ​បាន​គំរាម​កំហែង»។​

វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​តាម​សារ​អ៊ីម៉ែល​នៅ​ឡើយ​ទេ ​ទាំង​កាល​ពី​ថ្ងៃ​ចន្ទ ​និង​នៅ​ថ្ងៃ​អង្គារ​នេះ។​

រូបឯកសារ៖ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ។ (Facebook / Lanh Thavry)
រូបឯកសារ៖ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ។ (Facebook / Lanh Thavry)

កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​អ្នកស្រី​ ឡាញ់ ថាវរី ​អតីត​មេឃុំ​ឫស្សី​ក្រោក ​ក្នុង​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន ​ហើយ​បន្ទាប់​មក​បញ្ជូន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១។​

លោក ​ឡាញ់ ថាន​ អាយុ​៣៥​ឆ្នាំ ​បង​ប្រុស​របស់​សកម្ម​ជន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​នោះ ​ ថ្លែង​ថា​លោក​មាន​«ការ​សោក​ស្តាយ» ​និង​«អាណិត»​ដែល​ប្អូន​ស្រី​ត្រូវ​បាន​ឃាត់ ​និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។​ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ប្អូន​ស្រី​លោក​ជា​ការ​ចោទ​ប្រកាន់​អយុត្តិ​ធម៌​ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ជួយ​ប្អូនស្រី​បាន​យ៉ាង​ដូច​ម្តេច។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ ​ «ខ្ញុំ​ជា​បង​ ខ្ញុំ​មិន​ចោល​គាត់​ទេ​ តែ​មិន​ដឹង​ថា​ ជួយ​គាត់​យ៉ាង​ម៉េច។ ​ ខ្ញុំ​វា​ចាល់​[យោបល់]...​បាន​តែ​ត្រឹម​ដឹង​ថា​ប្អូន​ចូល​ពន្ធនាគារ។ បើ​មាន​ឱកាស​ចូល​សួរ​សុខ​ទុក្ខ ​ ចូល​សួរ​សុខ​ទុក្ខ ​តែ​ប៉ុណ្ណឹង»។​

ចំណែក​កាល​ពីដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ ​បុរស​ពីរ​នាក់​ដែល​ម្នាក់ ​ជា​សកម្ម​ជន​សង្គម​និង​ម្នាក់​ទៀត​ជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ ហើយ​បញ្ជូន​មក​កម្ពុជា​ដែរ។ ​ សកម្ម​ជន​ទាំង​ពីរ​នាក់​នោះ​ រួម​មាន​លោក ​វឿន វាសនា ​ដែល​ជា​សកម្ម​ជន​សង្គម​ ហើយ​តែងតែ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ​ កាល​ពី​កន្លង​ទៅ ​លោក​បាន​និពន្ធ​កំណាព្យ​មួយ​ក្រោម​ចំណង​ជើង​ថា​ « ហ៊ុន សែន​ក្បត់​ជាតិ»។ ​ ចំណែក​សកម្ម​ជន​ម្នាក់​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​វឿង សំណាង។​

ការ​ចាប់​ខ្លួន​អ្នក​ទាំង​បី​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ជា​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ក្នុង​ប្រទេស​ថៃ ​ ហើយ​ពួកគេ​ជាប់​បណ្តឹង​នៅ​តុលាការ​កម្ពុជា ​ពី​បទ​«រួម​គំនិត​ក្បត់»។ ​ អាជ្ញាធរ​កម្ពុជា​ក៏​បាន​អះ​អាង​ថា​កម្ពុជា​មិន​បាន​ស្នើ​សុំ​ភាគី​ថៃ​ឲ្យ​ចាប់​ខ្លួន​ពួក​គេ​ឡើយ។​

បើ​តាម​ UNHCR​ ក្រោយ​ការ​ចាប់​ខ្លួន​សកម្ម​ជន​ទី​បី ​ដែល​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ UNHCR​ភ្លាមៗ​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​អំពី​ឋានៈ​នៃ​ជន​ភៀស​ខ្លួន​នោះ ​ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​មិន​បញ្ជូន​សកម្ម​ជន​នោះ​មក​កម្ពុជា ​ដោយ​សារ​បារម្ភ​ខ្លាំង​អំពី​សុវត្ថិ​ភាពនៃ​ជន​ភៀស​ខ្លួន។ ​ ​ប៉ុន្តែ​ស្រ្តី​នោះ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

អ្នកស្រី​ Gillian Triggs ​ឧត្តម​ស្នងការ​រង​ទទួល​បន្ទុក​ការពារ​ជន​ភៀស​ខ្លួន​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​ «យើង​បារម្ភ​ខ្លាំង​ណាស់​នៃ​ទំនោរ​នៃ​ការ​បញ្ជូន​ជន​ភៀសខ្លួនដោយ​បង្ខំ​មក​កម្ពុជា ​ដែល​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ​ ដោយសារ​ព្រឹត្តិ​ការណ៍​នេះ ​ យើង​បារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​UNHCR ​ក្នុង​ប្រទេស​ថៃ»។​

កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​ ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លោក​ Phil Robertson ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​Twitter​ ជុំវិញ​ការ​ចាប់​បញ្ជូន​ខ្លួន​អ្នក​ស្រី ​ឡាញ់ ថាវរី​ ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ​

«នេះ​កាន់​តែ​បញ្ជាក់​ច្បាស់​ថា​[អាជ្ញាធរ]​អន្តោ​ប្រវេសន៍​ថៃ​បាន​ធ្វើ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​សា​ជា​ថ្មី​ម្តង​ទៀត!​ប្រទេស​ថៃ​បាន​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​ការ​ការពារ​ និង​សិទ្ធិ​ជន​ភៀស​ខ្លួន​ដោយ​បញ្ជូន​ជន​ភៀសខ្លួន​ អ្នក​ស្រី​ ឡាញ់​ ថាវរី ​មក​កម្ពុជា កាល​ព្រឹក​ថ្ងៃ​នេះ​ទោះ​បី​អ្នកស្រី​ត្រូវ​បាន​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(UNHCR) ​ប្រចាំ​តំបន់​អាស៊ី​ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ។ ​ នេះ​ជា​រឿង​ហួស​ហេតុ ​និង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត!»

គួរ​បញ្ជាក់​ថា​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ ​ ហើយ​សកម្មជន​ខ្លះ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ទី​នោះ​ផង​ដែរ។

កាល​ពី​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្លាប់​បាន​ថ្លែង​ថា​ ​លោក​អាច​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ​ពេល​ណា​ក៏​បាន៕​

XS
SM
MD
LG