ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ការ​អំពាវ​នាវ​ឲ្យ​អាមេរិក​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញទៅ​សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (Facebook / Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញទៅ​សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (Facebook / Samdech Hun Sen, Cambodian Prime Minister)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​ ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​អ្នក​ដែល​ជំរុញ​ឲ្យ​អាមេរិក​ដក​សញ្ជាតិ​អ្នក​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក។​

លោក​ ហ៊ុន សែន​ មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ ​អ្នក​ដែល​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​គួរ​ពិចារណា​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ឡើយ។​

ការ​ថ្លែង​ដូច​នេះ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ពី​ខេត្ត​កំពង់ចាម ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ​មាន​តម្លៃ​ប្រមាណ​៥៧​លាន​ដុល្លារ​អាមេរិក។​

លោក ​ហ៊ុន សែន​ បាន​លើកឡើង​ដោយ​ដក​ស្រង់​សម្តី​របស់​បុគ្គល​ដែល​លោក​បាន​មាន​ប្រតិកម្ម​តបត​ថា៖ ​«ព្រោះ​អញ្ចេះ​ គេ​យក​ហេតុផល​ថា ​ ចិន​ជា​សត្រូវ​របស់​អាមេរិក​ ដូច្នេះ​ខ្មែរ​ណា​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​ហ៊ុន សែន​ ក៏​ជា​សត្រូវ​នឹង​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ​ ដែល​អាមេរិក​ត្រូវ​ដក​សញ្ជាតិ»។ ​

លោក​បាន​បន្ត​ថា៖ ​«គំរាម​គេ!​ អត់​ទាន់​បាន​កាន់​អំណាច​ផង​ បែរ​ទៅ​គំរាម​គេ​ ដក​សញ្ជាតិ​គេ ​ ដក​សញ្ជាតិ​អាមេរិក​ ជំនួស​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ទៅ​ទៀត។ ​ មនុស្ស​អី​ដល់​ថ្នាក់​ប៉ុណ្ណឹង!​ បើ​មិនទាន់​បាន​កាន់​អំណាច​ វា​ផ្តាច់​ការ​ប៉ុណ្ណឹង​ហើយ។ ​អាមាត់​ហ្នឹង​ផ្តាច់​ការ​អាក្រក់​ណាស់​ណា៎​ អាហ្នឹង!​ផ្តាច់ការ​វា​ផ្តើម​ចេញ​ពី​អា​មាត់​ហ្នឹង»។ ​

នៅ​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​បាន​បន្ថែម​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាស្រ័យ​លើ​ហេតុផល​ខាង​លើ​មែន​នោះ ​ «សហ​រដ្ឋ​អាមេរិក​មិន​មែន​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ»។ ​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សហ​រដ្ឋ​អាមេរិក ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ ដោយ​ធ្វើ​បាតុកម្ម​តវ៉ា និង​ចោទ​សួរ​ទៅ​មន្រ្តី​សភា​អាមេរិកាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«មើល​ខ្មែរ​យើង​នៅ​អាមេរិក​ ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន!​ ងើប​ឈរ​ឡើង​នៅ​អាមេរិក​ដើម្បី​ប្រឆាំង​ជំទាស់​ហ្នឹង ​ហើយ​ទៅ​សួរ​ សមាជិក​សភា​ ទៅ​វិមាន​Capitol ​ មើល​ សួរ​ ឬ​ក៏​ទៅ​កន្លែង​ណា​មួយ​ទៅ​សួរ ​ខាង​អាមេរិក​មើល។ ​ នាំ​គ្នា​ធ្វើ​បាតុកម្ម​សួរ​អាមេរិក​មើល !ដក​មែន​ឬ​អត់?​ ​ បើ​ដក​មែន​ អាល់​រៀប​បង្វិច​មក​ អញ្ចេះ»។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​ក្នុង​នោះ​ក៏​មាន​ទូរទស្សន៍​បាយ័ន​ដែល​គ្រប់​គ្រង​ដោយ​កូនស្រី​របស់​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​គឺ​សំដៅ​លើ​លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​បក្ស​ប្រឆាំង ​ដែល​កំពុង​ស្នាក់​នៅ​សហ​រដ្ឋ​អាមេរិក។​

លោក ​ស៊ឹង សែន​ករុណា​ អ្នកនាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​គឺ​ពាក់ព័ន្ធ​នឹង​ទំនាស់​នយោបាយ ​ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ផល​ប្រយោជន៍​ណា​មួយ​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

លោក​បន្ត​ថា​ ជា​ទូទៅ ​សិទ្ធិ​មូលដ្ឋាន​មិន​គួរ​ត្រូវ​មាន​ការ​បង្គាប់​បញ្ជា​ពី​អ្នក​ណា​ឡើយ។​

លោក​ថ្លែង​ថា៖​ «ជា​ធម្មតា ​សិទ្ធិ​សេរីភាព​ទាំង​អស់​ហ្នឹង​ មិន​គប្បី​មាន​ការ​លើកឡើង​ដោយ​មាន​អ្នក​ណា​បង្គាប់​ ឬ​ក៏​បញ្ជា​អី​គាត់​ទេ ​ ព្រោះ​វា​សិទ្ធិ​សេរី​ភាព​ដែល​ពួកគេ​បាន​ដឹង​ ហើយ​គេ​អាច​ស្វែង​យល់​ហើយ​ អំពី​សិទ្ធិ​សេរី​ភាព​របស់​ពួកគេ​ក្នុង​ស្ថានភាព​នីមួយៗ​ ទៅ​តាម​ប្រទេស​ ដែល​ប្រកាន់​របប​ប្រជា​ធិបតេយ្យ​ ដូចជា​ ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​អី​ផ្សេងៗ ​វា​មាន​ស្ថានភាព​ផ្សេង​គ្នា​ ក្នុង​បរិយា​កាស​នយោបាយ​ផ្សេង​គ្នា»។​

នៅ​ក្នុង​សារ​អ៊ីម៉ែល​ឆ្លើយ​តប​នឹង​វីអូអេ​នា​ថ្ងៃ​អង្គារ​នេះ ​ អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ​ Chad Roedemeier​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ដោយ​លោក​ថា​ លោក​មិន​យល់​ច្បាស់​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នោះ​ទេ៕​

XS
SM
MD
LG