ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ ជំរុញ​ស្វែង​រក​ជន​បង្ក​ការកាប់​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ


លោក ស៊ិន ខុន នៅក្នុង​រូបថត​មួយ​ដែល​លោក​បាន​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាព​ថត​ពី​ទំព័រ​ហ្វេសប៊ុក ស៊ិន ខុន)
លោក ស៊ិន ខុន នៅក្នុង​រូបថត​មួយ​ដែល​លោក​បាន​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាព​ថត​ពី​ទំព័រ​ហ្វេសប៊ុក ស៊ិន ខុន)

អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ ត្រូវ​បាន​វាយ​សម្លាប់​នឹង​កាំបិត ​កាល​ពី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វា​រាជធានី​ភ្នំពេញ។​ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ជំរុញ​ឲ្យ​អាជ្ញាធរ​ តាម​ចាប់​ខ្លួន​ជន​បង្ក ​និង​អះអាង​ថា​ ជន​រង​គ្រោះ​មិន​ធ្លាប់​មាន​គំនុំ​អ្វី​ជា​មួយ​អ្នក​ណា​នោះ​ទេ។​

លោក ​ស៊ិន ខុន ​អាយុ​៣១​ឆ្នាំ ​ដែល​ជា​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សង្កាត់​ជ្រោយ​ចង្វា​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្លាប់​នៅ​យប់​ថ្ងៃ​អាទិត្យ​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា ​នៅ​ម្តុំ​វត្ត​ចាស់ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ដោយ​ជន​មិន​ស្គាល់​មុខ​កាប់​ជា​ច្រើន​កាំបិត។ ​នេះ​ បើ​តាម​ក្រុម​គ្រួសារ។​

អ្នកស្រី​ ស៊ិន យ៉ុន ​អាយុ​៤២​ឆ្នាំ ​ដែល​ត្រូវ​ជា​បង​ស្រីរបស់​លោក ​ស៊ិន ខុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ សភាព​សាក​សព ​ត្រូវ​បាន​ជន​ល្មើស​កាប់​ពី​ក្រោយ​ខ្នង​ចំនួន​បួន​កាំបិត ​និង​កាប់​ភ្លៅ​ខាង​ស្តាំ ​ដោយបន្សល់​ទុក​នូវ​ស្នាម​កាំបិត​ធំ។​ អ្នកស្រី​បន្ថែម​ថា ​ប្អូន​ប្រុស​ជា​មនុស្ស​មាន​អត្ត​ចរិត​ស្លូត​បូត ​និង​មិន​ដែល​មាន​ទំនាស់​ជា​មួយ​អ្នក​ណា​ឡើយ​ ហើយ​លោក​មិន​ចេះ​លេង​ល្បែង​ស៊ី​សង​ ឬ​ជំពាក់​បំណុល​គេ​ទេ។​

បើ​តាម​បង​ស្រី ​លោក​ ខុន ​ធ្លាប់​បានប្រាប់​ថា​ លោកមក​បន្ត​ការ​សិក្សា​ផ្នែក​បណ្ឌិត​ នៅ​រាជធានី​ភ្នំពេញ ​ដោយ​ស្នាក់​នៅ​វត្ត​ចាស់។ ​អ្នកស្រី​បន្ត​ថា ​ប្អូន​ប្រុសធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ដេញ​កាប់​តាម​ផ្លូវ​រហូត​ដល់​បាក់​ដៃ​ម្តង​រួច​មក​ហើយ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«មាន​តែ​មនុស្ស​តែ​មួយ​ហ្នឹង​ទេ​ ដែល​ហ៊ាន​ធ្វើ​អ៊ីចឹង។ ​កាល​សា​ទីមួយ ​ គេ​វាយ ​គេ​ព្រមាន។​ ដល់​សា​ទីពីរ ​គេ​ធ្វើ​ដល់​យើង​ដល់​ស្លាប់​អ៊ីចឹង​ណា៎»។ ​

អ្នកស្រី​បន្ថែម​ថា៖ ​«តាម​ពិត ​គេ​តាម​វាយ​វា​ប៉ុន្មាន​លើក​ ប៉ុន្មាន​សា​ក៏​ដោយ ​ក៏​អត់​មាន​ប្រាប់​អ្នក​ផ្ទះ​ឲ្យ​ដឹង​ដែរ​ ព្រោះ​អី​កុំ​ឲ្យ​ថា​ ម៉ែ​ឪ​ចាស់ៗ​ពិបាក​ចិត្ត​ដោយសារ​វា»។​

អ្នកស្រី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ប្អូន​ប្រុស ​ដោយ​និយាយ​ថា ​ នឹង​ដាក់​ពាក្យ​បណ្តឹង​ បន្ទាប់​ពី​រៀប​ចំ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​រួច​រាល់។​

ព្រះ​សង្ឃ​ អ៊ុ អ៊ុន​ ដែល​គង់​នៅ​វត្ត​ចាស់​និង​ដែល​អះអាង​ថា​ ជា​គ្រូ​របស់​លោក ​ស៊ិន ខុន​ ដែល​បាន​សុំ​មក​ស្នាក់​អាស្រ័យ​នៅ​វត្ត ​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​ថា​ លោក ​ខុន ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​បាន​សុំ​ស្នាក់​អាស្រ័យ​ក្នុង​វត្ត​ដើម្បី​សិក្សា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ នឹង​មិន​ដែល​ឃើញ​មាន​ជម្លោះ​ជា​មួយ​អ្នក​ណា​ឡើយ។​

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖​ «គាត់​មាន​លក្ខណៈ​ស្លូត​បូត​ មិន​មែន​ជា​មនុស្ស​ច្រឡើស​បើស ។ ​និយាយ​ទៅ​គាត់​ស្លូត​ធម្មតាថា​អត់​មាន​ចេះ​រញ៉េ​រញ៉ៃ​ជាមួយ​ពី​ណា​គេ។ ​ នៅ​ក្នុង​សមាជិក​របស់​អាត្មា​ធម្មតា​គាត់​អត់​ដែល​មាន​បញ្ហា​អី​ផង»។​

ព្រះ​អង្គ​បញ្ជាក់​ថា ​ការ​កាប់​សម្លាប់​លោក ​ស៊ិន ខុន ​ជា​រឿង​អយុត្តិធម៌​មួយ។​

លោក​ ចាន់ ប៊ុនធឿន ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រោយ​ចង្វា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខ​សញ្ញា​របស់​ជន​ល្មើស​នៅ​ឡើយ​ទេ ​ ដោយ​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​ បន្ត​ទៀត។ ​ លោក​បញ្ជាក់​ថា​ នៅ​កន្លែង​កើត​ហេតុ ​នគរបាល​រក​ឃើញ​កាំបិត​ផ្គាក់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​បន្ត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ហ្នឹង​ខាង​ជំនាញ​ព្រហ្ម​ទណ្ឌ​គេ​ចុះ​មក។ អត់​ទេ​រក​អត្ត​សញ្ញាណ​វា​អត់​ដឹង​ អត់​ស្គាល់​អត្ត​សញ្ញាណ​អត់​ទាន់​ច្បាស់​ណា៎»។ ​

លោក ​សៀម សុត្ថាវុធ​ អធិការ​ខណ្ឌ​ជ្រោយ​ចង្វា​ បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​ស្នើ​ឲ្យ​អ្នក​យក​ព័ត៌មាន​វីអូអេ​ទៅ​ជួប​ផ្ទាល់ ​និង​បង្ហាញ​កាត​ជា​អ្នក​សារ​ព័ត៌មាន ​បើ​ចង់​ដឹង​ព័ត៌មាន។​

ការ​កាប់​សម្លាប់​សកម្មជន​នយោបាយ​រូប​នេះ ​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​ ដោយ​ថ្កោល​ទោស​ដាច់​អហង្ការ​ចំពោះ​«ឃាតកម្ម​យ៉ាង​ឃោរ​ឃៅ»នេះ។​ គណបក្ស​នេះ ​អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ស្វែង​រក​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «នេះ​មិន​មែន​ជា​លើក​ទី​មួយ​ចំពោះ​យុវជន​ ស៊ិន ខុន​ នោះ​ទេ។ ​ កាលពី​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ​ឆ្នាំ​២០២១ ​ យុវជន​ ស៊ិន ខុន ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឲ្យ​របួស​ក្បាល​យ៉ាង​ដំណំ​ម្តង​រួច​ហើយ​រហូត​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​វែក​មុខ​រក​ឃើញ​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​នៅ​ឡើយ»។​

អ្នកស្រី ​មូរ សុខហួរ ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា​ លោក ​ស៊ិន ខុន ​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា។ ​អ្នកស្រី​បញ្ជាក់​ថា៖ ​«យើង​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ និង​អាណិត​អាសូរ​ដល់​រូប​គាត់​ខ្លាំង​ណាស់។ ​ សូម​បង​ប្អូន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជ្រាប​ជា​ដំណឹង​ និង​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែក​មុខ​រក​ឃាតក​រយក​មក​ផ្ដន្ទាទោស​ឲ្យ​ខាង​តែ​បាន»។​

លោក ​នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​មិន​បាន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំពោះ​ករណី​វាយ​ដំ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ពេល​កន្លង​ទៅ។ ​ លោក​បន្ត​ថា​ សកម្មជន​លោក ​ស៊ិន ខុន ​តែងតែ​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​សកម្ម​ជន​ផ្សេងៗ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ក្នុង​នោះ​មាន​លោក ​រ៉ុង ឈុន ​មេដឹកនាំ​សហជីព ​និង​សកម្ម​ជន​បរិស្ថាន​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «ហើយ​បន្ទាប់​ពី​ការ​ទាមទារ​ម្តងៗ ក្រោយ​មក​ យើង​ឃើញ​មាន​ការ​លប​វាយ​បង្ក​ឲ្យ​មាន​របួស​ស្នាម​មក​លើ​គាត់​ម្តង​ហើយ។ ​ បន្ទាប់​ពី​គាត់​ចេញ​ពី​ការ​ចូល​រួម​ឃ្លាំ​មើល​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​នៅ​មុខ​តុលាការ​ ក៏​ឃើញ​មាន​ការ​ជន​មិន​ស្គាល់​មុខ​វាយ​ម្តង​រួច​មក​ហើយ ។ ​ រហូត​មក​ដល់​ពេល​នេះ ​ថ្វី​ត្បិត​តែ​យើង​មិន​ទាន់​ដឹង​ថា​ រឿង​នឹង​វា​ពិត​ប្រាកដ​ថា​ ជា​រឿង​គំនុំ​ ឬ​ក៏ជា​រឿង​នយោបាយ ​ឬ​ក៏​ជា​រឿងវិវាទ​អី​យ៉ាង​ណា​ទេ។ ​ យើង​អត់​ទាន់​រក​ឃើញ​ជា​សញ្ញា​ណា​មួយ​បញ្ជាក់​ច្បាស់​ទេ។ ​ ក៏​ប៉ុន្តែ​ គេ​ចាប់​អារម្មណ៍​ថា​ គាត់​ជា​មនុស្ស​សកម្ម​ក្នុង​រឿង​នយោបាយ ​ដូច្នេះ​ប្រសិន​បើ​សមត្ថ​កិច្ច​មិន​អាច​វែក​មុខ​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស​ឲ្យ​បាន​ទេ​ មហាជន​អាច​នឹង​ដាក់​ការ​សង្ស័យ​ថា​នឹង​មាន​រឿង​នៅ​ពី​ក្រោយ​ខ្នង​[រឿង]​ហ្នឹង»។​

លោក ​នី សុខា ​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ព្យាយាម​ត្រួត​ពិនិត្យ​ និង​រូតរះ​ក្នុង​ការ​វែក​មុខ​ជន​ល្មើស​យក​មក​ផ្តន្ទាទោស ​ដើម្បី​ជម្រះ​រាល់​មន្ទិល​សង្ស័យ​របស់​មហាជន។​ លោក​យល់​ថា​ សមត្ថកិច្ច​ហាក់​មាន​ភាព​សកម្ម​ក្នុង​ការ​ចាប់​សកម្មជន​ ជា​ជាង​ភាព​សកម្ម​ក្នុង​ការ​ចាត់​វិធាន​ការ​លើ​ជន​ល្មើស​វាយ​ដំ​សកម្ម​ជន​នយោបាយ។​

នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​ស៊ិន ខុន ​លោក​តែង​ចែក​រំលែក​រឿង​នយោបាយ ​និង​បង្ហោះ​រូបភាព​ជា​មួយ​សកម្មជន​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ដោះ​លែង ​កាល​ពី​ថ្ងៃ​ទី​១៦ ​និង​១៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG