នៅចំពេលមានការបង្កើតគណបក្សនយោបាយជាបន្តបន្ទាប់នោះ មេដឹកនាំសហជីពលោក រ៉ុង ឈុន បាននិយាយនៅថ្ងៃអង្គារនេះថា លោកមិនទាន់គិតគូរអំពីការធ្វើនយោបាយទេ តែថានឹងផ្តោតលើសកម្មភាពសហជីព ខណៈលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការចំនួន៣ឆ្នាំ បើទោះត្រូវបានដោះលែងក៏ដោយ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ទៅតាមការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានឲ្យលោកជាប់ពន្ធនាគាររយៈពេល១៥ខែ និង១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុបចំនួន២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងបរិវេណនៃស្ថានីយ៍ប្រេងសាំងមួយទល់មុខ ហាងកាហ្វេ Coffee Culture ក្នុងខណ្ឌចំការមន លោក រ៉ុង ឈុន លើកឡើងថា ការផ្តើមជីវភាពនយោបាយរបស់លោកឡើងវិញ អាស្រ័យលើការស្នើរបស់ប្រជាពលរដ្ឋ ឬឥស្សរជននយោបាយផ្សេងទៀតក្រៅពីលោក សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេស និងលោក កឹម សុខា ដែលនៅជាប់បម្រាមធ្វើនយោបាយ។
«បើយើងឲ្យនិយមន័យនយោបាយ វាទូលំទូលាយ។យើងធ្វើសហជីពសមាគមក៏នយោបាយ។យើងរកប្រកបមុខរបរក៏នយោបាយ។ អ៊ីចឹងចំពោះគណបក្សនយោបាយ ខ្ញុំមកដល់ពេលវេលានេះខ្ញុំមិនទាន់បានគិតនៅឡើយទេ ហើយខ្ញុំផ្តោតអារម្មណ៍ទៅលើគឺថា ការងាររបស់ខ្ញុំគឺសហជីពសមាគមក្នុងគោលបំណងជួយកម្មករជួយគ្រូបង្រៀន»។
លោកបន្ថែមថា៖ «ចំពោះជីវភាពនយោបាយ ខ្ញុំមិនទាន់បានគិត។ ប៉ុន្តែ យើងមិនបដិសេធទេ។ ហើយបើសិនជាអវត្តមាន លោកសម រង្ស៊ីអវត្តមានលោកកឹម សុខា គាត់មិនបានទទួលសិទ្ធិធ្វើនយោបាយ ហើយមានសំណើពីប្រជាពលរដ្ឋ ពីឥស្សរជនផ្សេងៗច្រើន យើងនឹងធ្វើការពិចារណា»។
កាលពីខែសីហា តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន២លានរៀលពី «បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ។
ទាក់ទងសំណុំរឿងរបស់លោក រ៉ុង ឈុន មានសកម្មជនសង្គម និងនយោបាយជាង១០នាក់ត្រូវបានអាជ្ញាធរទីក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារពីបទញុះញង់។
សកម្មជនទាំងអស់នោះ ត្រូវបានដោះលែងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកានេះ ពោលគឺនៅមុនពេល កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកាខាងមុខនេះ ហើយកម្ពុជាក៏នឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយផងដែរ។
ទាំងលោក រ៉ុង ឈុន និងសកម្មជនដែលមួយចំនួនជាសមាជិកក្រុមយុវជនខ្មែរថាវរៈ និងចលនាមាតាធម្មជាតិ បានប្រកាសធ្វើសន្និសីទសារព័ត៌មានស្តីពីជំហររបស់«សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស»នៅក្នុងហាងកាហ្វេ Coffee Culture ស្ថិតក្នុងសង្កាត់ទួលទំពូង២ក្នុងខណ្ឌចំការមន។ ក៏ប៉ុន្តែម្ចាស់ហាងកាហ្វេមិនអនុញ្ញាតឲ្យមានការរៀបចំសន្និសីទកាសែតនោះ ដោយម្ចាស់ហាងថា អាជ្ញាធរមូលដ្ឋានមិនផ្តល់ការអនុញ្ញាត ដោយលើកហេតុផលពីកន្លែងតូច ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។
បន្ទាប់មក លោក រ៉ុង ឈុន និងសកម្មជនឯទៀត រួមមានសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិផងនោះ បានបង្ខំចិត្តមកធ្វើសន្និសីទនៅទីធ្លារបស់ស្ថានីយ៍ប្រេងមួយនៅទល់មុខហាងកាហ្វេនោះ។
លោក រ៉ុង ឈុនចាត់ទុកថា ការហាមឃាត់របស់អាជ្ញាធរក្នុងខណ្ឌចំការមននោះ ជាទង្វើធ្វើឲ្យលម្ហសេរីភាពកាន់តែរួមតូចទៅ។លោកកត់សម្គាល់ថា លម្ហសេរីភាពរបស់អ្នកខ្វល់ខ្វាយអំពីបញ្ហាសង្គម និងសិទ្ធិមនុស្ស កាន់តែរួមតូចទៅពីមួយថ្ងៃទៅមួយថ្ងៃ គិតចាប់តាំងពីឆ្នាំ២០១៧មក។ លោកប្រាប់អ្នកកាសែតបន្ថែមថា៖
«សូម្បីតែយើងមកសុំ ជួលសាលធ្វើសន្និសីទកាសែត មិនត្រូវបានអនុញ្ញាតផង ហើយយើងឈរធ្វើនៅទីនេះ បង្ហាញរូបភាពមួយថាសង្គមយើងពុំមានសេរីភាព ពុំបានផ្តល់ឲ្យប្រជាពលរដ្ឋជួបជុំធ្វើសន្និសីទកាសែតធ្វើនៅលើចិញ្ចើមថ្នល់ អាហ្នឹងជារូបភាពមួយ ដែលគេមើលឃើញថា ឆ្លុះបញ្ចាំងច្បាស់ណាស់ថា សេរីភាពកម្ពុជា វារួមតូចទៅហ្នឹង»។
លោក រ៉ុង ឈុន ដែលធា្លប់ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)មកពីកូតាគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកនឹងពឹងពាក់មេធាវីឲ្យប្តឹងទៅតុលាការកំពូល ដើម្បីស្នើសុំទម្លាក់បទចោទប្រកាន់មកលើរូបលោក។
សកម្មជនដទៃទៀត ក៏បានបង្ហាញការទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើពួកគេ និងបានប្តេជ្ញាបន្តចូលរួមក្នុងកិច្ចការសង្គមបើទោះបីពួកគេភាគច្រើនត្រូវតុលាការសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរវាងពី២ទៅ៣ឆ្នាំក្នុងម្នាក់ៗ។
កញ្ញា ភួន កែវរស្មី សកម្មជនបរិស្ថាននៃក្រុមចលនាមាតាធម្មជាតិ៦នាក់ ដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួន និយាយថា បើសិនជាកញ្ញាដកថយពីការងារការពារបរិស្ថាននោះនឹងអាចនាំឲ្យយុវជនឯទៀតបាក់ទឹកចិត្ត។
កញ្ញានិយាយថា៖ «អ៊ីចឹង ខ្ញុំអត់ចង់ឲ្យ យុវជនដែលមើលឃើញថា ការចូលរួម ការការពារបរិស្ថាន ហើយទទួលរងនូវបទចោទទាំងអស់ហ្នឹងគាត់មានអារម្មណ៍បាក់ស្បាត ឬមួយអត់ហ៊ានចូលរួម[ជា]មួយការងារហ្នឹងទេ។ ខ្ញុំចង់លើកទឹកចិត្តឲ្យពួកគាត់ ក្រោកឡើងមកចូលរួម[ជា]មួយពួកយើង ព្រោះពួកយើងទាំង៦នាក់នឹងនៅបន្តការងារហ្នឹងរហូត ហើយនិងព្យាយាមរកយុទ្ធសាស្ត្រ និងរកវិធីណាល្អៗ អាចធ្វើការដោយនិរន្តរភាពនិងអត់សូវមានហានិភ័យ»។
អ្នកស្រី ឈឿន ដារ៉ាវី សមាជិកនៃក្រុមយុវជនខ្មែរថាវរៈ និយាយថា ទោះបីថ្មីៗនេះ មានករណីឃាតកម្មលើសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិក៏ដោយ ក៏អ្នកស្រីនៅបន្តសកម្មភាពសង្គម ដើម្បីការពារកេរដំណែលរបស់ដូនតាខ្មែរ។
«ព្រោះយើងតាំងពីដូនពីតាមក មានវប្បធម៌ មានភាពរុងរឿងអស្ចារ្យណាស់ ហើយមកដល់ពេលនេះ យើងសឹងតែជាប្រទេសដ៏តូច ប៉ុនអាចម៍ច្រមុះ ប្រៀបធៀបពីដើមមក។ យើងបើមិនធ្វើការលះបង់ខ្លះ ដើម្បីប្រទេសជាតិយើងទេ ក៏មិនដឹងថា ទៅជាស្អីដែរ។ អ៊ីចឹង ស្រណោះដូនតាយើង តាំងពីដើម ដែលកសាងមក»។
ចំណែកសកម្មជនសិទ្ធិមនុស្ស និងជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ដែលត្រូវបានតុលាការចាប់ឃុំខ្លួនដោយសារការតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុននិយាយថា លោកមិនខុសពីសកម្មជនផ្សេងទៀតនៅបន្តចលនាលើកកម្ពស់ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ខ្ញុំនឹងនៅតែធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ជំហររបស់ខ្ញុំចូលរួមចំណែកការអភិវឌ្ឍរបស់ប្រទេសជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ និងចូលរួមការពារធនធានធម្មជាតិផងដែរ រួមទាំងបូរណភាពទឹកដី ដែលខ្ញុំជាម្ចាស់ប្រទេស»។
លោកបានទាមទារឲ្យតុលាការទម្លាក់ចោលចោទបទចោទប្រកាន់ប្រឆាំងនឹងលោក ក៏ដូចជាសកម្មជនផ្សេងទៀត ព្រោះពួកលោកបានប្រើប្រាស់សិទ្ធិសម្តែងមតិ និងមិនបានប្រព្រឹត្តអំពើញុះញង់ ដូចការចោទប្រកាន់របស់តុលាការកន្លងមកទេ។
ដោយឡែក នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការហាមឃាត់របស់អាជ្ញាធរខណ្ឌចំការមនមិនឲ្យមានការជួបជុំរបស់សកម្មជន ធ្វើសន្និសីទកាសែត ជាការរំលោភបំពានសិទ្ធិឯកជនម្ចាស់ហាងផង និងសិទ្ធិជួបជុំបញ្ចេញមតិរបស់សកម្មជនទាំងនោះផង។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា លោក រ៉ុង ឈុន និងសកម្មជនដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាពវិញនោះ មិនមានសិទ្ធិដូចពលរដ្ឋសាមញ្ញទូទៅទេ ដោយសារទោសរបស់ពួកគេត្រូវព្យួរ។ លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖
«អ៊ីចឹងទេ គាត់ម៉េចអាចមានសេរីភាពដូចប្រជាពលរដ្ឋធម្មតា ដែលអត់មានទោស។ ក៏ប៉ុន្តែជាគោលការណ៍ច្បាប់ បើសិនបើគាត់គិតថា ការផ្តន្ទាទោសគាត់វាអយុត្តិធម៌ គាត់អាចប្តឹងតវ៉ា អាចប្តឹងបន្តទៅទៀត ការពារខ្លួនតាមផ្លូវច្បាប់ តាមនីតិវិធីច្បាប់មានជាធរមាន មិនមែនទៅធ្វើសន្និសីទកាសែត ទៅទាមទារឲ្យគេទម្លាក់ចោល អាហ្នឹងវាមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់នោះទេ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ថេង សុថុល អភិបាលខណ្ឌចំការមនបានទេ នៅថ្ងៃអង្គារនេះ៕