ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ UNHCR៖ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដែល​ភៀស​ខ្លួន​ត្រូវ​ការ​ការ​ការពារ​និង​មិន​ត្រូវ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ទេ


រូបភាព​ឯកសារ៖ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដើរ​កាត់​ជំរំ​របស់​ទីភ្នាក់ងារ UNHCR នៅ​ក្នុង​ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​ UNHCR បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ភាគច្រើន​ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ពី​ស្ថានភាព​អាក្រក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ កំពុង​តែ​ត្រូវ​ការ​ការ​ការពារ​ពី​អន្តរជាតិ​ ហើយ​មិន​ត្រូវ​​បង្ខំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ​ទេ។

ពលរដ្ឋ​វ៉េណេស៊ុយអេឡា​កំពុង​ចាកចេញ​ពី​ប្រទេស​វ៉េណេស៊ុយអេឡា ដោយសារ​តែ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សិទ្ធ​មនុស្ស និង​មនុស្សធម៌​ ធ្លាក់​ចុះ។ ទីភ្នាក់ងារ​ UNHCR បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ​ ៣,៧ លាន​នាក់ ​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​នេះ។ ភាគច្រើន​បាន​រត់​ទៅ​ប្រទេស​កូឡុំប៊ី អេក្វាទ័រ ប៉េរូ ប្រេស៊ីល និង​ប្រទេស​នៅ​តាម​សមុទ្រ​ Carribean​ ផ្សេង​ទៀត។

ទីភ្នាក់ងារ​ UNHCR បាន​ឲ្យ​ដឹង​ថា នៅ​ត្រឹម​ចុង​ឆ្នាំ ​២០១៨ កន្លង​ទៅ​នេះ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ប្រមាណ​ ៤៦០.០០០ នាក់​បាន​សុំ​សិទ្ធិ​ជ្រក​ជា​ផ្លូវ​ការ។ ប៉ុន្តែ​អ្នក​ស្រី Liz Throssell អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា ដោយសារ​តែ​ស្ថានភាព​ដ៏​អាក្រក់​នៅ​ប្រទេស​កំណើត វា​ច្បាស់​ណាស់​ថា ពលរដ្ឋ​រាប់​លាន​នាក់​ដែល​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​ខ្លួន​ត្រូវ​ការ​ការ​ការពារ​ពី​អន្តរជាតិ។​

អ្នក​ស្រី Liz Throssell ថ្លែង​ថា៖

«នេះ​ដោយសារ​តែ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ សុវត្ថិភាព ឬ​សេរីភាព ដែល​កើត​ឡើង​ដោយសារ​តែ​ចលាចល​សង្គម​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារ UNHCR ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងៗ​ធានា​ថា ពលរដ្ឋ​វ៉េណេស៊ុយអេឡា​មិន​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ឬ​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​វិញ​នោះ​ទេ ទោះ​ពួកគេ​មាន​ឋានៈ​ផ្លូវ​ច្បាប់​អ្វី​ក៏​ដោយ»។

អ្នក​ស្រី Throssell បាន​ប្រាប់ VOA ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​វិញ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី Throssell ព្រមាន​ថា ការណ៍​នេះ​អាច​នឹង​ផ្លាស់ប្តូរ​នៅ​ពេល​មនុស្ស​កាន់​តែ​ច្រើន​រត់​គេច​ខ្លួន ហើយ​បញ្ហា​ជន​ភៀស​ខ្លួន​ក្លាយ​ជា​បន្ទុក​កាន់​តែ​ខ្លាំង​ឡើងៗ។

អ្នក​ស្រី​និយាយ​ថា កាលពី​ពេល​មុន​នេះ​បន្តិច ព្រំដែន​ប្រទេស​នៅ​ទ្វីប​អាមេរិក​ឡាទីន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ឆ្លង​កាត់​នោះ​ទេ។ លោកស្រី​បាន​កត់សម្គាល់​ថា ព្រំដែន​របស់​ប្រទេស​ប្រេស៊ីល​ជាមួយ​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា​ទើប​តែ​ត្រូវ​បាន​បើក​វិញ ​កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី Throssell បាន​ថ្លែង​ថា៖

«អ្វី​ដែល​យើង​បាន​ឃើញ​នោះ​ គឺ​មនុស្សម្នា​ឆ្លងកាត់​ច្រក​ព្រំដែន​ធម្មតា ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា មនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​ជ្រើស​រើស​ឆ្លង​កាត់​ផ្លូវ​ខុស​ធម្មតា ដែល​មាន​គ្រោះថ្នាក់​ និង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​នានា ​ដែល​យើង​និយាយ​ដូច្នេះ ​គឺ​ដោយសារ​តែ​ យើង​បាន​ឃើញ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដែល​ងាយ​រងគ្រោះ​កាន់​តែ​ច្រើន​ឡើងៗ​កំពុង​ចាកចេញ​ពី​ប្រទេស​ខ្លួន នៅ​ពេល​ដែល​ស្ថានភាព​ក្នុង​ប្រទេស​កាន់​តែ​ធ្លាក់​ចុះ»។

អ្នកស្រី Throssell និយាយ​ថា ប្រទេស​ដែល​ទទួល​យក​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ក្នុង​ចំនួន​ច្រើន ត្រូវ​ការ​ការ​គាំទ្រ​ពី​អន្តរជាតិ។ អ្នក​ស្រី​ថ្លែង​ទៀត​ថា ពួកគេ​កំពុង​មាន​សម្ពាធ​យ៉ាង​ខ្លាំង និង​មិន​មាន​ធនធាន​ហិរញ្ញវត្ថុ​ដើម្បី​ថែទាំ​អ្នក​សុំ​សិទ្ធ​ជ្រក​កោន​នោះ​ទេ។

លោកស្រី​កំពុង​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ផ្តល់​ជំនួយ​បន្ថែម និង​បាន​កត់​សម្គាល់​ថា ការ​អំពាវនាវ​របស់អង្គការសហប្រជាជាតិសុំ​ទឹកប្រាក់​ ១៤៦ លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ ទទួល​បាន​ទឹកប្រាក់​ចំនួន​តែ ២៨% ប៉ុណ្ណោះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG