ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​បាល់ទាត់​អាហ្វ្រិក​ខាង​ត្បូង​នៅ​តែ​មិន​ទាន់​ដល់​កម្រិត​បទដ្ឋាន​អន្តរជាតិ


កីឡាករ Andres Iniesta នៃ​ក្រុម Barcelona កាន់​ពាន​រង្វាន់​ក្រោយពី​ក្រុម​របស់​ខ្លួន ឈ្នះ​ក្រុម Mamelodi Sundowns ក្នុងការ​ប្រកួត​មិត្តភាព​មួយ កាលពី​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
កីឡាករ Andres Iniesta នៃ​ក្រុម Barcelona កាន់​ពាន​រង្វាន់​ក្រោយពី​ក្រុម​របស់​ខ្លួន ឈ្នះ​ក្រុម Mamelodi Sundowns ក្នុងការ​ប្រកួត​មិត្តភាព​មួយ កាលពី​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាងត្បូង មិន​បាន​ជាប់​ទៅ​ចូល​រួម​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​កាល​ពី​លើក​មុន និង​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​នៅ​ពេល​ខាង​មុខ​នេះ​ទេ។

ក្រុម​បាល់ទាត់​កំពូល​នៅ​អាហ្វ្រិក​ខាងត្បូង Mamelodi Sundownsបាន​ចាញ់​ក្រុម​បាល់ទាត់ FC Barcelonaដែល​ជា​ក្រុម​បាល់ទាត់​កំពូល​មួយ​នៅ​លើ​ពិភពលោក​ក្នុង​លទ្ធផល ៣ ទល់ នឹង​១ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ កាលពី​ថ្ងៃពុធ ទី១៦ ខែឧសភា កន្លង​ទៅ​នេះ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​មួយ​ដែល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក នៅ​ឆ្នាំ​២០១០។ ហើយ​នេះ​ក៏​ជា​ការ​រំឭក​មួយ​ដែរ​ថា ទោះ​បីជា​ថវិកា​ជាច្រើន​ត្រូវ​បាន​វិនិយោគ​នៅ​ក្នុង​ការរៀបចំ​ការ​ប្រកួត​កីឡា​នេះ​ក៏ដោយ ក៏​វិស័យ​បាល់ទាត់​នៅ​អាហ្វ្រិក​ខាង​ត្បូង នៅតែ​មិន​ទាន់​ឈាន​ដល់​កម្រិត​បទដ្ឋាន​អន្តរជាតិ​នៅ​ឡើយ​ទេ។

ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាងត្បូង មិន​បាន​ជាប់​ទៅ​ចូល​រួម​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​កាល​ពី​លើក​មុន និង​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​នៅ​ពេល​ខាង​មុខ​នេះ​ទេ។ ការណ៍​នេះ​ជា​អ្វី​មួយ​ដែល​ខុស​គ្នា​យ៉ាង​ខ្លាំង បើ​ប្រៀប​ធៀប​ទៅ​នឹង​ភាព​ជោគជ័យ​របស់​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្នុង​វិស័យ​កីឡា​ដទៃ​ទៀត។ អ្នកនាងAnita Powell នៃ VOAបាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​បាល់ទាត់​អាហ្វ្រិក​ខាង​ត្បូង​មិន​មាន​លក្ខណៈ​ប្រសើរ​ឡើង?

គ្មាន​នរណា​ម្នាក់​រំពឹង​ថា⁠ ក្រុម​បាល់ទាត់​ Mamelodi⁠ Sundowns⁠⁠ ដែល​ជា​ក្រុម​មួយ​មក​ពី​ជាយ​ក្រុង​ Pretoria⁠​ រដ្ឋធានី​ប្រទេស​អាហ្វ្រិក​ខាងត្បូង⁠ នឹង​យក​ឈ្នះ​ក្រុម​⁠ FC⁠ Barcelona ដែល​មាន​កីឡាករ​ឆ្នើមៗ​ដូចជា​ កីឡាករ Andres⁠ Iniesta កីឡាករ⁠ Lionel⁠ Messi និង​កីឡាករ Luis⁠ Suarez⁠​ នោះ​ទេ។

ប៉ុន្តែ ​បន្ទាប់​ពី​ក្រុម​ម្ចាស់​ផ្ទះ​បានចាញ់​ក្នុង​លទ្ធផល​៣ទល់​១​ កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​នេះ អ្នក​គាំទ្រ​វិស័យ​កីឡា​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាង​ត្បូង​បាន​សញ្ជឹង​គិត​ចំពោះ​សំណួរមួយ​ដែល​បាន​ញាំញី​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​មួយ​នេះ​ថា តើ​ហេតុ​អ្វី​បាន​ជា​នៅ​ប្រទេស​មួយ​ដែល​លេង​កីឡា​ផ្សេងៗ​ទៀត​ដូចជា កីឡា​បាល់​ឱប​⁠ កីឡា​គ្រីកេត (cricket) និង​កីឡា​ដទៃ​ទៀត​បាន​ល្អ​នោះ តែ​បែរ​ជា​លេង​កីឡា​បាល់ទាត់​មិន​បាន​ល្អ​ដូច្នេះ?

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កីឡា លោក Yoga Coopoo និង​លោក Chris Fortuin បាន​ផ្តល់​ការវិភាគ​ដល់ VOA។

លោក​ Fortuin⁠ គឺ​ជា​គ្រូ​គ្រប់គ្រង​ផ្នែក​កីឡា​នៅ​សាកល​វិទ្យាល័យ​⁠ Johannesburg⁠​ និង​ជា​អតីត​កីឡាករ​អាជីព​មួយ​រូប។ លោក​និយាយ​ថា វិស័យ​កីឡា​បាល់ទាត់​អាហ្វ្រិក​ខាង​ត្បូង​មិន​មាន​ភាព​ប្រសើរ​ឡើង​ឡើយ ចាប់តាំង​ពី​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១០។ លោក Fortuin បាន​បន្ត​ថា លោក​និង​អ្នក​ជំនាញ​ដទៃ​ទៀត បាន​អំពាវនាវ​ទៅ​កាន់​សមាគម​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង។លោក Fortuin បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា យើង​បាន​ដើរ​មួយ​ជំហាន​ថយ​ក្រោយ...។ យើង​បាន​ធ្វើ​គម្រោង​ស្រាវជ្រាវ​ដ៏​ធំ​មួយ​នៅ​ក្នុង​ដេប៉ាតឺម៉ង់​របស់​យើង ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យCoopoo ហើយ​យើង​បាន​កំណត់​ឃើញ​កត្តា​ចំនួន​ប្រាំពីរ​⁠​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង។ នោះ​គឺ​នៅ​ក្នុង​ឆ្នាំ​ ២០១២។ លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​នោះ កំពុងតែ​ជាប់​គាំង​នៅ​សមាគម​បាល់ទាត់។ គ្មាន​អ្វី​ត្រូវ​បាន​អនុវត្ត​ឡើយ»។

លោកCoopoo ដែល​ដឹកនាំ​ដេប៉ាតឺម៉ង់​កីឡា⁠និង​កាយសម្ព័ន្ធ​នៅ​សាកល​វិទ្យាល័យ Johannesburg⁠⁠ បាន​លើក​ឡើង​ពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​បញ្ហា​ចម្បង ចំនួន​បី។

«អ្នក​អាច​ឃើញ​ភាព​ខុស​គ្នា​ខ្លាំង​រវាង​អាហ្វ្រិក​ខាងត្បូង និង​ក្រុម​⁠ Barcelona ទាំង​របៀប​លេង⁠ និង​ភាព​ងាយស្រួល​ដែល​ក្រុម​ Barcelona អាច​លេង​ក្នុង​ការ​ប្រកួត​នោះ⁠ ខណៈ​ដែល​ក្រុម​ពី​អាហ្វ្រិក​ខាងត្បូង​តាម​ដណ្តើម​បាល់​មួយ​ភាគ​ធំ​អំឡុង​ពេល​ប្រកួត។⁠ ដូច្នេះ​តាម​គំនិត​ខ្ញុំ​ គម្លាត​ពិត​ជា​មាន។ ពិត​ណាស់​វា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​វិស័យ​បាល់ទាត់។ ទីពីរ គឺ​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​បាល់ទាត់ និង​ការប្រើប្រាស់​វិទ្យាសាស្ត្រ​នោះ នៅ​ក្នុង​បរិបទ​បាល់ទាត់ ជាពិសេស​នៅ​ក្នុង​ក្រុម​តែ​ម្តង ហើយ​ទី​បី​⁠ការ​បង្វឹក​ថ្នាល​យុវជន ដែល​ស្ទើរ​តែ​មិន​មាន​ទាល់​តែ​សោះ»។

កីឡាករ Lionel Messi (កណ្តាល) លេង​បាល់​ទាត់​ក្នុងការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ក្រុម Mamelodi Sundowns កាលពី​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
កីឡាករ Lionel Messi (កណ្តាល) លេង​បាល់​ទាត់​ក្នុងការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ក្រុម Mamelodi Sundowns កាលពី​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

អ្នកស្រី Antoinette⁠ Muller ⁠ គឺ​ជា ​អ្នកសរសេរ​ព័ត៌មាន​ផ្នែក​កីឡា​នៅ​ក្រុង Cape⁠ Town​ ដែល​បាន​សរសេរ​យ៉ាង​ទូលំទូលាយ​អំពី​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​នៅ​អាហ្វ្រិក​ខាងត្បូង។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មិន​ច្បាស់ទេ​ថា ហេតុអ្វី​បាន​ជា​វិស័យ​កីឡា​បាល់ទាត់​ចុះ​ដុនដាប​ដូច​នេះ។

«រដូវកាល​នេះ គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​⁠ខ្លាំងណាស់។ បើ​គិត​ពី​ចំនួន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ជា​មធ្យម​វិញ គឺ​តិច​បំផុត⁠និង​ស្ថិត​ក្នុង​កំណត់ត្រាអាក្រក់​បំផុត​នៅ​ក្នុង​រយៈពេល​ប្រហែល​មួយ​ទសវត្សរ៍​កន្លះ​មក​នេះ។ វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ ហើយ​ខ្ញុំ​គិត​ថា⁠⁠ ពីព្រោះ​ក្រប​ខណ្ឌ​បាល់ទាត់​អាហ្វ្រិកខាងត្បូង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រប​ខណ្ឌ​បាល់ទាត់​ល្អ​បំផុត​មួយ​នៅ​ទ្វីប​អាហ្វ្រិក វា​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ពេញ​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ហើយ​មិន​ចង់ធ្វើ​ឲ្យមាន​ការ​រីកចម្រើន ... ខ្ញុំ​មិន​ចង់​ថា ​មិន​ចង់ធ្វើ​ឲ្យមាន​ការ​រីកចម្រើន​នោះ​ទេ ពីព្រោះ​ក្រុម​កំពុង​តែ​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​ពួកគេ​បាន​ជួល​បុគ្គលិក ដែល​អាច​ធ្វើការ​វិភាគ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​ទេពកោសល្យ​មូលដ្ឋាន​របស់​កីឡាករ​នៅ​មាន​កម្រិត»។

លោក Fortuin ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា⁠ នៅ​ពេល​និយាយ​ទាក់ទង​នឹង​បាល់ទាត់​ លោក​ជឿ​ថា ក្មេងៗ​គឺ​ជា​អនាគត។ លោក​បាន​និយាយ​ថា៖

«នៅ​អាហ្វ្រិក​ខាងត្បូង​⁠ យើង​មិន​មាន​សាលា​បង្ហាត់​បាល់ទាត់​នោះ​ទេ។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​ឆ្នាំ​ ២០០០ នៅ​ពេល​ដែល​ពួកគេ​មិន​បាន​ជាប់ នៅ​ពេល​ដែល​ពួកគេ​បាន​ចាញ់​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប និង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប ពួកគេ​បាន​ធ្វើ​កម្មវិធី​រយៈពេល​១០​ឆ្នាំ ក្នុង​កម្មវិធី​រយៈពេល​១០​ឆ្នាំ​នេះ ពួកគេ​បាន​រៀបចំ​ជា​សាលា​បង្ហាត់​បាល់ទាត់ បាន​៤៤ សាលារៀន។ ពួកគេ​បាន​ព្យាករណ៍​ថា ពួកគេ​នឹង​យក​ឈ្នះ​ពានរង្វាន់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក⁠ ហើយ​ពួកគេ​បាន​សម្រេច​វា​នៅ​ក្នុង​ឆ្នាំ ២០១៤»។

អាហ្វ្រិក​ខាងត្បូង​ នឹង​មិនមាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាង​មុខ​នេះ​ទេ។ ប៉ុន្តែ​តាម​ការ​ប្រមើល​មើល​ពី​ហ្វូង​អ្នកគាំទ្រ​ជាង ៨​៥.០០០ ​នាក់ ដែល​ទ្រាំ​អង្គុយ​ទាំង​ត្រជាក់ ដើម្បី​មើល​ការ​ប្រកួត​បាល់ទាត់​កាល​ពី​ពាក់កណ្តាល​ខែ​ឧសភា​នេះ អ្វី​មួយ​ដែល​ជាក់ច្បាស់​⁠នោះ​គឺ​ថា អាហ្វ្រិក​ខាងត្បូង​ប្រហែល​ជា​លេង​មិន​បាន​ល្អ​ទេ​នៅ​លើ​តារាង​បាល់ទាត់ ប៉ុន្តែ​ប្រជាជន​អាហ្វ្រិក​ខាងត្បូង កំពុង​តាមដាន​វិស័យ​បាល់ទាត់​យ៉ាង​ដិតដល់៕

ប្រែសម្រួល​ដោយ​ ណឹម ⁠សុភ័ក្រ្តបញ្ញា

XS
SM
MD
LG