ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FIFA ​ត្រូវ​ធ្វើ​ឲ្យ​ស្អាតស្អំ​ឡើង​វិញ​បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ទំនុក​ចិត្ត


ព្រះអង្គ​ម្ចាស់​ Ali Al Hussein (ខាងលើ) ដែល​កំពុង​តែ​ឈរ​ឈ្មោះ​និយាយ​ថា ការ​បោះឆ្នោត​នេះ​នឹង​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​សហព័ន្ធ​ FIFA ​នៅ​ក្នុង​ការ​លុបបំបាត់​ភាព​អាម៉ាស់ និង​ភាព​វឹកវរ​កាល​ពី​អតីតកាល ហើយ​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មួយ។
ព្រះអង្គ​ម្ចាស់​ Ali Al Hussein (ខាងលើ) ដែល​កំពុង​តែ​ឈរ​ឈ្មោះ​និយាយ​ថា ការ​បោះឆ្នោត​នេះ​នឹង​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​សហព័ន្ធ​ FIFA ​នៅ​ក្នុង​ការ​លុបបំបាត់​ភាព​អាម៉ាស់ និង​ភាព​វឹកវរ​កាល​ពី​អតីតកាល ហើយ​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មួយ។

បេក្ខជន​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA ព្រះអង្គ​ម្ចាស់់​ Ali Al Hussein នៃ​ប្រទេស​ហ្ស៊កដានី​បាន​ព្រមាន​ថា ​សហព័ន្ធ​នេះ​នឹង​លែង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​បាល់ទាត់​ពិភពលោក​ប្រកប​ដោយ​ការ​ជឿទុកចិត្ត​ទៀត​ហើយ​ ប្រសិន​បើ​សហព័ន្ធ​នេះ​មិន​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​មាន​ភាព​ស្អាតស្អំ​ឡើង​វិញ និង​បំបាត់​ចោល​នូវ​អំពើ​ពុករលួយ​នោះ​ទេ។

លោក Sepp Blatter ​ប្រធាន​ដ៏​យូរ​អង្វែង​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ត្រូវ​បាន​បណ្តេញ​ឲ្យ​ចាក​ចេញ​ពី​តំណែង បន្ទាប់​ពី​សហព័ន្ធ​ដែល​លោក​បាន​ដឹកនាំ​អស់​រយៈពេល​១៧​ឆ្នាំ​កន្លង​មក​នេះ​បាន​ជួប​ប្រទះ​នឹង​រឿង​អាស្រូវ​កាល​ពី​ឆ្នាំ​មុន។ ប្រធាន​ថ្មី​នឹង​ត្រូវ​ជ្រើស​តាំង​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ប្រាំ​នាក់។

ព្រះអង្គ​ម្ចាស់​ Ali Al Hussein ដែល​កំពុង​តែ​ឈរ​ឈ្មោះ​និយាយ​ថា ការ​បោះឆ្នោត​នេះ​នឹង​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​សហព័ន្ធ​ FIFA ​នៅ​ក្នុង​ការ​លុបបំបាត់​ភាព​អាម៉ាស់ និង​ភាព​វឹកវរ​កាល​ពី​អតីតកាល ហើយ​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មួយ។ ព្រះអង្គ​បាន​ព្រមាន​ថា ការ​ធ្វើ​ដូច​ពី​មុន​មក​គឺ​មិន​អាច​ទៅ​រួច​ត​ទៅ​ទៀត​ទេ។ ទ្រង់​មាន​បន្ទូល​ថា ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​និង​ជាក់​ច្បាស់​នៅ​ក្នុង​វប្បធម៌​សហព័ន្ធ​នេះ​ ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​បញ្ចៀស​នូវ​ស្ថានភាព​ដ៏​អាក្រក់​បំផុត។

«ប្រសិន​បើ​យើង​មិន​ធ្វើ​ដូច​នោះ​ទេ​ ឥទ្ធិពល​ខាង​ក្រៅ​ដែល​បាន​បង្ក​ការ​ប៉ះពាល់​ដល់​សហព័ន្ធ​ FIFA រួច​មក​ហើយ​នោះ​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង។ រដ្ឋាភិបាល​នឹង​ពង្រឹង​ការ​ស៊ើប​អង្កេត​របស់​ពួកគេ អ្នក​ឧបត្ថម្ភ​កាន់​តែ​ច្រើន​នឹង​ដើរ​ចេញ ហើយ​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​នឹង​បាត់បង់»។

សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ជាផ្លូវការ​លើ​មន្រ្តី​និង​សហការី​នៃ​សហព័ន្ធ​ FIFA ​ចំនួន​១៤រូប​ពីបទ​ការ​បន្លំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ ការ​ដឹកនាំ​ជំនួញ​បែប​ទុច្ចរិត​ និង​ការ​លាង​លុយ​កខ្វក់។ នៅ​ក្នុង​សកម្មភាព​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ក្រុម​អាជ្ញាធរ​ស្វ៊ីស​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​មួយ​លើ​ការ​ផ្តល់​សិទ្ធិ​ដ៏​ចម្រូង​ចម្រាស់​ដល់​ប្រទេស​រុស្ស៊ី និង​កាតា​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨ និង​២០២២។

ព្រះ​អង្គ​ម្ចាស់​ Ali មាន​បន្ទូល​ថា ផែនការ​កំណែទម្រង់​របស់​ព្រះអង្គ​នឹង​កែប្រែ​សហព័ន្ធ​បាល់ទាត់​ FIFA ឲ្យ​ទៅ​ជា​សហព័ន្ធ​មួយ​ប្រកប​ដោយ​តម្លាភាព​ ក្រម​សីលធម៌ ​និង​ប្រជាធិបតេយ្យ​ និង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋាភិបាល ​សមាគម​នានា​ និង​សាធារណជន។

នៅ​ក្នុង​ដំណាក់​កាល​ចាប់​ផ្តើម​ដំបូង ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ស្នើ​ឡើង​នូវ​ការ​ដាក់​កំហិត​លើ​អាណត្តិ​កាន់​អំណាច​រយៈពេល​បួន​ឆ្នាំ​ចំនួន​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​សម្រាប់​ប្រធាន​សហព័ន្ធ​ FIFA ​និង​សមាជិក​នៃ​គណៈកម្មាការ​ប្រតិបត្តិ​ដទៃ​ទៀត។ ព្រះអង្គ​បាន​បន្ត​ថា ព្រះអង្គ​នឹង​លាត​ត្រដាង​ពី​ប្រាក់​ខែ​មន្រ្តី​ជាន់​ខ្ពស់​របស់​សហព័ន្ធ​នេះ។ ប្រសិន​បើ​ព្រះអង្គ​ជាប់​ឆ្នោត​ជា​ប្រធាន ​ព្រះអង្គ​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ការ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​អគ្គ​រដ្ឋ​អាជ្ញា​ស្វ៊ីស និង​អាមេរិក​ដើម្បី​ផ្តល់​កិច្ច​សហការ​ក្នុង​ការ​សម្រេច​សេចក្តី​សន្និដ្ឋាន​ឲ្យ​បាន​ឆាប់​រហ័ស​មួយ​លើ​ការ​ស៊ើបអង្កេត​របស់​ពួកគេ។

ព្រះអង្គ​បាន​ថ្លែង​ថា ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ ​សហព័ន្ធ​បាល់​ទាត់​ FIFA​ នឹង​លែង​ត្រូវ​បាន​ដឹកនាំ​ក្រោម​ភាព​ភ័យខ្លាច​និង​ការ​គំរាមកំហែង​ត​ទៅ​ទៀត​ហើយ។

«ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មិន​សម្រប​តាម​អ្នក​មាន​អំណាច​នៅ​សហព័ន្ធ​ FIFA។ គម្រោង​អភិវឌ្ឍ​នានា​បាន​ជាប់​គាំង​ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់។ ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកូត​ផ្សេងៗ​ត្រូវ​បាន​សម្រប​សម្រួល​ ឬ​ដក​ចេញ​ភ្លាមៗ។ ក្រុម​ជម្រើស​ជាតិ​ផ្សេងៗ​ចាប់​ផ្តើម​ប្រឈម​មុខ​ជា​មួយ​នឹងគួរ​ប្រកួត ឬ​អាជ្ញាកណ្តាល​ដែល​មិន​សមគួរ។ ​កត្តា​ទាំង​នេះ​គឺ​ជា​វិធី​ប្រកប​ដោយ​ប្រសិទ្ធភាពក្នុង​ការ​ដាក់​ពិន័យ​ទៅ​លើ​សមាជិក​សមាគម​ ដែល​ខកខាន​នៅ​ក្នុង​ការ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ផ្នែក​នយោបាយ»។

ព្រះ​អង្គ​ម្ចាស់​ Ali ថ្លែង​ថា សមាជិក​ទាំង​២០៩​ប្រទេស​របស់​សហព័ន្ធ​ FIFA ដឹង​ថា​សហព័ន្ធ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ។ ព្រះអង្គ​បាន​បន្ត​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ​មាន​សារៈសំខាន់​ណាស់​ ​ពីព្រោះសហព័ន្ធ​នេះ​នឹង​ធ្វើ​ការ​ពិចារណា​ទៅ​លើ​ថា​តើ​ក្រុម​បុគ្គល​មាន​អំណាច​មួយ​ក្តាប់​តូចនឹង​ក្តោបក្តាប់​ទៅ​លើ​សហព័ន្ធ FIFA ដែរ​ឬ​យ៉ាង​ណា៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG