ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​អភិវឌ្ឍន៍ UNDP៖ ការ​បណ្តាក់​ទុន​លើ​ដំឡូងមី​អាច​ជួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា


រូបឯកសារ៖ ចម្ការដំឡូងរបស់ក្រុមហ៊ុន​ HLH Agriculture Cambodia នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ចម្ការដំឡូងរបស់ក្រុមហ៊ុន​ HLH Agriculture Cambodia នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ស៊ុន ណារិន/VOA)

ការ​បណ្តាក់​ទុន​ពី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើ​ដំណាំ​ដំឡូង​មី​ក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ​នេះ អាច​នឹង​ជួយ​លើក​ស្ទួយ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ទឹកប្រាក់​ប្រមាណ​ ៩៤០លាន​ដុល្លារ​អាមេរិក។

របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា (UNDP) ​បាន​ឲ្យ​ដឹង​ថា ការ​បណ្តាក់​ទុន​ពី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើ​ដំណាំ​ដំឡូង​មី​ក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ​នេះ អាច​នឹង​ជួយ​លើក​ស្ទួយ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ទឹកប្រាក់​ប្រមាណ​ ៩៤០លាន​ដុល្លារ​អាមេរិក ដែល​ជា​លទ្ធផល​អាច​នឹង​បង្កើត​ឱកាស​ការងារ និង​ជួយ​កាត់​បន្ថយ​កម្រិត​ភាព​ក្រីក្រនៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UNDP ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក Nick Beresford នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ថា៖ «[...] ផល​ចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម រួម​មាន​កម្រិត​នៃ​ឱកាស​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ នឹង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​សម្រាប់​ការ​បណ្តាក់​ទុន​លើ​ដំឡូង​មី‍»។

ដំឡូង​មី គឺជា​ប្រភេទ​ដំណាំ​កសិកម្មដ៏​ពេញ​និយម​មួយ​នៅ​កម្ពុជា ដោយ​គេ​ឃើញ​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ក្នុង​ប្រទេស​កំពុង​ដាំ​ដំណាំ​នេះ។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ដំឡូង​មី​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ ៣០ភាគរយ ពី​៧០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម នៅ​ឆ្នាំ​២០១៤ មក​សល់​ត្រឹម ៤៥០រៀល​ក្នុង​មួយ​គីឡូ​ នៅ​ឆ្នាំ​២០១៧ ស្រប​ពេល​តម្លៃ​ផលិត​ផល​ក្នុង​ពិភព​លោក​សម្រាប់​ដំណាំ​ដំឡូង​មី​បាន​ធ្លាក់​ចុះ និង​បញ្ហា​ប្រឈមនៃ​មេរោគ​ឆ្លង​លើ​ដំណាំ​នេះ។

យ៉ាងណាមិញ របាយការណ៍​របស់​ UNDP ដែល​មាន​ចំណង​ជើង​ថា “Making the Case For Investment in Cassava” បាន​កត់​សម្គាល់​ថា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​ដាំ​ដំឡូង​មី​នេះ ​រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ឲ្យ​បាន​ដិតដល់​ជាមួយ​វិស័យ​ឯកជន ក្នុងការ​បង្កើត​ធនធាន​នានា ដើម្បី​គាំទ្រ​សកម្មភាព​ដាំដុះ កែច្នៃ និង​សកម្មភាព​ទីផ្សារ ​ជាពិសេស​ការ​បង្កើត​ឲ្យ​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា ដូចជា​ការ​បង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ដំឡូង​មី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

របាយការណ៍​ UNDP មួយ​នេះ​ក៏​បញ្ជាក់​ថា ផល​ចំណេញ​ដែល​អាច​នឹង​ទទួល​បាន​ពី​បណ្តាក់​ទុន​លើ​ដំឡូង​មី​ក្នុង​ទឹកប្រាក់ ២៩៤លាន​ដុល្លារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា អាច​នាំ​មុខ​លើ​ការ​បណ្តាក់​ទុន​លើ​វិស័យចិញ្ចឹម​សត្វ អាហារ និង​វិស័យ​ទេសចរណ៍​ជាដើម។

លោក ម៉ៅ ថូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​វត្តមាន​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​របស់​ UNDP បាន​បង្ហាញ​សុទិដ្ឋនិយម​លើ​ដំណាំ​ដំឡុង​មី​នេះ។ លោក​ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តី​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​កម្មវិធី UNDP ថា៖

«ដំឡូង​មី​ផ្តល់​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ពង្រីក​កំណើន​សេដ្ឋកិច្ច ដែល​ដើរ​ស្រប​នឹង​ទស្សនវិស័យ​យូរ​អង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ចេញនិង​ផ្គត់ផ្គង់​ដំឡូង​មី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​នៅ​ក្នុង​ពិភពលោក‍»។

លោក​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ប្តេជ្ញា​ខិតខំ​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​លើ​វិស័យ​ដាំ​ដំណាំ​ដំឡូង​មី ​ឲ្យ​ដូច​គ្នា​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ដំណាំ​ស្រូវ​ជាដើម៕

XS
SM
MD
LG