ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចាយវាយលើវិស័យយោធានៅកើនខ្ពស់ជាងវិស័យអប់រំនិងសុខាភិបាលនៅឆ្នាំ២០២០


រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

ការចាយវាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែខ្ពស់ដដែលសម្រាប់ឆ្នាំ២០២០។ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនៅកម្ពុជាយល់ឃើញថា កម្ពុជានឹងពិបាកក្លាយជាប្រទេសមានចំណូលមធ្យមឬចំណូលខ្ពស់ ប្រសិនបើការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលនៅបន្តស្ថិតក្នុងកម្រិតទាប។

គម្រោង​ចាយវាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​ និង​សន្តិសុខជាតិ​នៅតែ​កើន​ខ្ពស់​ជាង​វិស័យ​អាទិភាព​សំខាន់ៗ​ផ្សេង​ទៀត​ រួមមាន​វិស័យ​អប់រំ​ សុខាភិបាល​ និង​សង្គមកិច្ច។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​ចំនួន​ជាង៣៣ លាន​លាន​រៀល ឬ​ប្រមាណ​ជា​ ៨.២ពាន់​លាន​ដុល្លារ​អាមេរិក។

ថវិកា​គ្រោង​ទុក​ជា​មុន​សម្រាប់ឆ្នាំ​២០២០នេះ គឺ​ខ្ពស់​ជាង​ការ​ចាយវាយ​នៅ​ឆ្នាំ​២០១៩​ ប្រមាណ​២២,៧​ភាគរយ​ ឬ​ប្រមាណ​ជា​ជាង​ ២៧​លាន​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​៦,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៩។

រដ្ឋាភិបាល​នឹង​ចំណាយ​លើ​វិស័យ​ចំនួន​៥​ប្រាំ​ ក្នុង​នោះ​ មាន​វិស័យ​ការពារ​ជាតិ​ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ ដែល​មាន​ចំណែក​៣,៩២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ហៅ​កាត់​ថា (ផ.ស.ស)​ ឬ​ស្មើនឹង​ប្រមាណ​២៥,៨ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០​ ដែល​មាន​កំណើន​៩,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ដដែល​ ក៏បាន​ឲ្យ​ដឹង​ពីកំណើន​នៃ​ការ​ចាយ​វាយ​នៅ​ក្នុង​វិស័យ​សង្គម​កិច្ច ដែល​គ្របដណ្ដប់​«លើ​កិច្ចការ​អប់រំ និង​សេវា​សុខាភិបាល។ បើ​តាម​សេចក្ដី​ព្រាង​ថវិកា​ដដែល​ វិស័យ​សង្គមកិច្ច​ស្រូប​បាន​៣៧.៤ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០។

ជា​រួម​ការ​ចាយវាយ​លើ​វិស័យ​ខាងលើ​គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៩ ហើយ​ក្នុង​ចំណោម​វិស័យ​ខាង​លើ​នេះ​ គឺ​វិស័យ​ការ​ពារ​ជាតិ​ និង​សន្តិសុខ​នៅ​តែ​ទទួល​បាន​ថវិកា​ច្រើន​ជាង​គេ។

លោក​យង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការចាយវាយ​របស់​រដ្ឋាភិបាល​គឺ​តែ​ខ្ពស់​ទៅលើ​វិស័យ​យោធា​។ លោក​អះអាង​ថា​ ការ​ចាយ​វាយ​ដែល​នៅ​តែ​ខ្ពស់​លើ​វិស័យ​យោធា​នេះ​ នឹង​មិន​អាច​ជួយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០បាន​ទេ។

លោក​បាន​បន្ថែម​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​បង្កើន​ប្រាក់​ចំណូល​ខ្លួន​បាន​ លុះត្រាតែ​គុណភាព​អប់រំ​មាន​ភាព​ប្រសើរ​ឡើង។

«យើង​មិន​បាច់​ចាំ​និយាយ​អី​ច្រើន​ យើង​គ្រាន់​តែ​លើកឡើង​មួយ​ថា​ តើ​ពេល​ណា​ទៅ​ បាន​យើង​អាច​ ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ ឲ្យបាន​បំបាត់​ឲ្យបាន​នូវ​ការ​ បើក​ចម្លង​ បើ​អី​នៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ប្រឡង​សាមញ្ញ​ហ្នឹង​បាទ​។ ឬ​ក៏​ធ្វើ​ម៉េច​ទៅ​ដើម្បី​យើង​ បំបាត់​ឲ្យបាន​នូវ​ការ​យក​លុយ​ពី​សិស្ស​ពី​អី​ អា​ហ្នឹង​ហើយ​ជា​បញ្ហា​ដែល​ត្រូវ​ចោទ​សួរ​បាទ...ឲ្យ​អា​ការ​បង្រៀន​របស់​គ្រូ​ហើយ​និង​គុណភាព​នៃ​ការ​រៀន​សូត្រ​របស់​សិស្ស​ហ្នឹង​ ឲ្យ​វា​ ធ្វើ​ម៉េច​រុញ​អា​ហ្នឹង​ឲ្យ​វា​ ដើរ​ទៅ​ឲ្យ​លឿន​ ហើយ​ត្រូវ​ធ្វើការ​កែ​លម្អ​ឲ្យ​លឿន​នៅ​ក្នុង​កាលៈទេសៈ​នេះ​បាន​ទៅ​រួច​បាទ»។

លោក​កត់សម្គាល់​បន្ថែម​ថា​ សេវា​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​បាត់​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយសារ​តែ​ពួកគាត់​បាន​បន្ត​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ។ ប្រទេស​ទាំងនោះ​ រួមមាន​វៀតណាម​ ថៃ និង​សិង្ហបុរី​ជាដើម។

VOA មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ។ លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ និង​ជា​សមាជិក​ព្រឹទ្ធសភា​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​ផែនការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ២០២០។

ទោះ​យ៉ាង​ណា​លោក​ចាត់​ទុក​ការរិះគន់​ថា​ រដ្ឋាភិបាល​មិន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​អប់រំ​ និង​សុខាភិបាល​ ជា​ការ​បញ្ចេញ​មតិ​ដើម្បី​វាយប្រហារ​លើ​រដ្ឋាភិបាល​។ លោក​ សុខ ឥសាន មានប្រសាសន៍​បន្ថែមថា​ ពលរដ្ឋ​កម្ពុជា​មាន​ចំណេះដឹង​រហូត​អាច​ចេញ​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។ សម្រាប់​ការ​ទទួល​សេវា​ពិនិត្យ​ជំងឺ​ លោក​ថា​ ពលរដ្ឋមាន​សិទ្ធិ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

​«ម្ដង​ទៅ​ពេទ្យ​កើត​ ម្ដង​ទៅពេទ្យ​ឯ​លិច អា​ហ្នឹង​ម៉េច​ទៅ​និយាយ​គេ? អា​ហ្នឹង​ជា​ ជា​រឿង​បិទ​សិទ្ធិ​របស់​គេ​ហើយ​ ហើយ​គួប​ផ្សំ​នឹង​ការ​វាយ​ប្រហារ​មក​លើ​គុណភាព​សុខាភិបាល​នៅ​ក្នុង​ស្រុក​ អានេះ​មិន​ មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​យល់​ថា​ វា​ជា​ចំណែក​មួយ​ផ្អៀង​ម្ខាង​ហើយ»។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ ក៏បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ច្រើន​ទៅលើ​វិស័យ​រដ្ឋបាល​ទូទៅ​ ដែល​ស្មើ​នឹង​ប្រមាណ​១៣​ភាគយ​នៃ​ថវិកា​គ្រោង​ទុក។ រដ្ឋាភិបាល​ ក៏​គ្រោង​រក្សា​ទុក​ប្រាក់​បញ្ញើ​ចំនួន​ប្រមាណ​៧០០.០០០លាន​រៀល ឬ​ស្មើ​នឹង​១៧៣​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ត្រៀម​លក្ខណៈ​អនុវត្ត​វិធានការ​ឆ្លើយតប​នឹង​ផល​ប៉ះ​ពាល់​នៃ​ភាព​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​មួយ​ចំនួន។

នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ រដ្ឋាភិបាល​ក៏បាន​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​ថ្មី​ ក្នុង​កម្រិត​១.៤០០លាន​SDR​ ឬ​ស្មើ​នឹង​ជាង​១.៩០០​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG