ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទំនាក់​ទំនង​ស្នេហា​រវាង​ស្ត្រី​ខ្មែរ និង​បុរស​បរទេស​នៅ​កម្ពុជា ហួសពី​គ្រាន់​តែ​ស្រលាញ់​គ្នា


អ្នកស្រី Heidi Hoefinger សាស្ត្រាចារ្យ​នៅ​ដេប៉ាតេម៉ង់​វិទ្យាសាស្ត្រ​នៃ​មហា​វិទ្យាល័យ Berkeley College នៅ​ទីក្រុង​ញូយ៉ក និង​សៀវភៅ​របស់​លោកស្រី​ដែល​មាន​ចំណង​ជើង​ថា​ «‍ការ​រួម​ភេទ ក្តី​ស្រឡាញ់ និង​ទឹក​ប្រាក់​នៅ​កម្ពុជា៖ មិត្តស្រី​អាជីព និង​ទំនាក់​ទំនងបែប​​ជួញ​ដូរ»។ (រូបភាព​ផ្តល់​ឲ្យ)

សម្រាប់​ស្ត្រី​ខ្មែរ​ដែល​មាន​ដៃគូ​ជា​បុរស​ជនជាតិ​បរទេស អ្នក​ស្រី Hoefing បាន​ឲ្យ​ដឹង​ថា សេចក្ដី​ស្រឡាញ់ និង​តម្រូវការ​ខាង​សេដ្ឋកិច្ច​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង។

នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​វប្បធម៌ និង​ប្រពៃណី​បុរាណ ស្ត្រី​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​បរទេស ​ជារឿយៗ​ត្រូវ​បាន​កោត​សរសើរ នៅ​ពេល​ដែល​ពួកគេ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ជួយ​ជីវភាព​គ្រួសារ​របស់​ពួកគេ។ ប៉ុន្តែ ទន្ទឹម​ពេល​ជាមួយ​គ្នា​ ស្ត្រី​ទាំង​នេះ ក៏​ត្រូវ​បាន​គេ​មាក់ងាយ​ថា ​បាន​បំពាន​តម្លៃ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ខ្មែរ​ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​រវាង​ស្ត្រី​ខ្មែរ និង​បុរស​ជនជាតិ​បរទេស​នៅ​កម្ពុជា គឺ​អ្នកស្រី Heidi Hoefinger។

អ្នកស្រី Hoefinger គឺជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ Berkeyley ទីក្រុង​ញូវយ៉ក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Sex, Love, and Money in Cambodia: Professional Girlfriends and Transactional Relationships ​ឬ​ជា​ភាសា​ខ្មែរ​ថា «ការ​រួមភេទ ក្ដី​ស្រឡាញ់ និង​លុយ​នៅ​កម្ពុជា៖ មិត្ត​ស្រី​អាជីព និង​ទំនាក់ទំនង​បែប​ទិញ​ដូរ»។

សៀវភៅ​របស់​អ្នកស្រី ​វិភាគ​យ៉ាង​លម្អិត​អំពី​ជីវិត​របស់​ស្ត្រី​ខ្មែរ ដែល​មាន​ដៃគូ​ស្នេហា​ជា​បុរស​ជនជាតិ​បរទេស ដើម្បី​ស្វែងយល់​ថា ​តើ​ស្ត្រី​ទាំង​នេះ​ ប្រើប្រាស់​សេចក្ដី​ស្រឡាញ់​ដើម្បី​ពង្រឹង​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​របស់​ពួក​គេ និង​គ្រួសារ​របស់​ពួកគេ​ដោយ​របៀប​ណា។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA កាលពី​ពេល​ថ្មីៗ​នេះ អ្នកស្រី Hoefinger បាន​បកស្រាយ​យ៉ាង​លម្អិត​អំពី​ទំនាក់​ទំនង​នៃ​សេចក្ដី​ស្រឡាញ់ និង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ស្ត្រី​ខ្មែរ ជាមួយ​បុរស​ជនជាតិ​បរទេស​ថា៖

«‍នៅ​ក្នុង​បរិបថ​ទំនាក់​ទំនង​បែប​ទិញ​ដូរ​នេះ ស្ត្រី​ខ្មែរ​ប្រើប្រាស់​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ជា​វិធីសាស្ត្រ​មួយ ដើម្បី​បង្កើត និង​ថែរក្សា​ទំនាក់​ទំនង​ស្នេហា​បែប​យូរ​អង្វែង​ជាមួយ​បុរស​ជនជាតិ​បរទេស មិន​ត្រឹមតែ​ដើម្បី​ថែរក្សា​សេចក្ដី​ស្រឡាញ់​នោះ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​ផង​ដែរ»។

អ្នកស្រី​សាស្ត្រាចារ្យ Hoefinger បាន​ធ្វើ​ដំណើរ​ជា​អ្នក​ទេសចរណ៍​មក​កាន់​ប្រទេស​កម្ពុជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៣ ហើយ​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​បង្កើត​មិត្តភាព​ជាមួយ​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់ ដែល​ធ្វើការ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​នៅ​ទីក្រុង​ភ្នំពេញ។

ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​តំបន់​ជនបទ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងរក​ការងារ​ធ្វើ បាន​សម្រេច​ចិត្ត​ធ្វើការ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​របស់​ជនជាតិ​បរទេស នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ការងារ​នេះ​ផ្ដល់​សន្តិសុខ​ខាង​ការងារ ប្រាក់​បៀវត្សរ៍​សមរម្យ និង​ផ្ដល់​សេរីភាព​ក្នុង​ម៉ោង​ធ្វើការ។

ក៏ប៉ុន្តែ បរិយាកាស​ការងារ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​ទាំង​នេះ​ បាន​ធ្វើឲ្យ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ ធ្វើការ​ចរចា​លើ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​ប្រពៃណី​ខ្មែរ និង​សេចក្ដី​សម្រេច​ចិត្ត​ស្វែងរក​ទំនាក់​ទំនង​ស្នេហា​ ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​នឹង​បុរស​ជនជាតិ​បរទេស។ នេះ​មាន​ន័យ​ថា ពួកគេ​ត្រូវ​រួមភេទ​ជាមួយ​ដៃគូ​របស់​គេ មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​តាម​ផ្លូវ​ច្បាប់។

បើ​ទោះបី​ជា​ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ខុស​ឆ្គង​ដ៏​ខ្លាំង​នៅ​កម្ពុជា​ក៏​ដោយ ការ​រួមភេទ​មុន​ពេល​រៀប​ការ​តាម​ផ្លូវ​ច្បាប់ ​កំពុង​កាន់តែ​សាយភាយ។

ការ​ស្ទង់​មតិ​របស់​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) កាលពី​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ក្មេង​ប្រុស​ប្រមាណ​១៥ភាគរយ និង​ក្មេង​ស្រី​ប្រមាណ​១១ភាគរយ ដែល​មាន​អាយុ​ចន្លោះ​១៣ឆ្នាំ និង​១៥ឆ្នាំ ធ្លាប់​បាន​ឆ្លង​កាត់​ការ​រួមភេទ។

សម្រាប់​ស្ត្រី​ខ្មែរ​ដែល​មាន​ដៃគូ​ជា​បុរស​ជនជាតិ​បរទេស អ្នក​ស្រី Hoefing បាន​ឲ្យ​ដឹង​ថា សេចក្ដី​ស្រឡាញ់ និង​តម្រូវការ​ខាង​សេដ្ឋកិច្ច​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង។

«‍សម្រាប់​ស្ត្រី​វិញ បញ្ហា​ផ្លូវ​ចិត្ត និង​សេចក្ដី​ស្រឡាញ់​ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​និង​តម្រូវការ​សេដ្ឋកិច្ច និង​តម្រូវការ​សម្ភារៈ។ ហើយ​សេចក្ដី​ស្រឡាញ់​រួមមាន​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ដោយ​ការ​រួមភេទ ដោយ​ភាព​ស្និទ្ធស្នាល និង​ក្តី​ស្រឡាញ់​ដោយ​ការ​គោរព យក​ចិត្ត​ទុក​ដាក់ និង​ដោយ​ការ​ដឹង​គុណ​ជា​ដើម។ ជា​ឧទាហរណ៍ ខ្ញុំ​តែងតែ​សួរ​ស្ត្រី​ខ្មែរ​ទាំង​នោះ​ថា តើ​ពួក​គេ​ស្រឡាញ់​មិត្ត​ប្រុស​ជា​ជនជាតិ​បរទេស​របស់​គេ​ទេ? ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​ស្រឡាញ់​មិត្ត​ប្រុស​គេ ពីព្រោះ​មិត្ត​ប្រុស​គេ​មិន​វាយ​ធ្វើ​បាប​ពួក​គេ មិន​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក ហើយ​ក៏​បាន​ជួយ​ផ្ញើ​លុយ​ឲ្យ​គ្រួសារ​គេ​ចំនួន​៣០០ដុល្លារ​ជា​រៀងរាល់​ខែ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ហើយ»។

អ្នកស្រី Hoefing ​បាន​កត់សម្គាល់​ថា ប្រពៃណី​ដោះដូរ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍​មាន​ចាក់​ឫស​នៅ​ក្នុង​វប្បធម៌​ខ្មែរ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

អ្នកស្រី​បាន​បកស្រាយ​ថា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍ គ្រួសារ​ខាង​កូន​ប្រុស​ដែល​ចូល​ដណ្ដឹង​កូនស្រី ​ត្រូវ​បង់​ថ្លៃ​ទឹកដោះ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ដល់​គ្រួសារ​ខាង​ស្រី ​ដែល​បាន​ចិញ្ចឹម​បីបាច់​កូន​ស្រី។ ទំនៀម​ទម្លាប់​ប្រពៃណី​នេះ ​ត្រូវ​បាន​គោរព និង​អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក៏​ប៉ុន្តែ អ្នក​ស្រី​ Hoefing បាន​បន្ថែម​ថា ក្នុង​ករណី​គ្រួសារ​ខ្សត់ខ្សោយ គេ​ឃើញ​មាន​ការ​ចរចា​គ្នា និង​ការ​ចូលរួម​ថវិកា​ដោយ​ស្មើ​ភាព​គ្នា​រវាង​គ្រួសារ​កូន​ស្រី និង​គ្រួសារ​កូន​ប្រុស ដែល​គ្រោង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។

«‍នេះ​គឺជា​វប្បធម៌​មួយ ដែល​ត្រូវ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ។ នៅ​ពេល​ដែល​កូន​ស្រី​រៀប​អាពាហ៍ពិពាហ៍ មាន​ការ​រំពឹង​ថា នាង​នឹង​នាំ​យក​សម្ភារៈ និង​ការ​ឧបត្ថម្ភ​ខាង​សេដ្ឋកិច្ច​មក​ឲ្យ​គ្រួសារ​ទាំង​មូល»។

អ្នក​ស្រី​បាន​បន្ថែម​ថា ក្ដី​រំពឹង​នេះ ​ក៏​កើត​ឡើង​មក​លើ​ស្ត្រី​ខ្មែរ​ដែល​មាន​ដៃគូ​ជា​បុរស​ជនជាតិ​បរទេស​ដូច​គ្នា​ដែរ។

«‍ដូច្នេះ ទស្សនៈ​ដែល​ស្ត្រី​ខ្មែរ​ចង់​ឲ្យ​បុរស​ជា​ដៃ​គូ ជួយ​គាំទ្រ​ឧបត្ថម្ភ​នាង និង​គ្រួសារ​នាង មិន​គួរ​ត្រូវ​ចាត់​ទុក​ថា​ ជា​អំពើ​លោភលន់​នោះ​ទេ ពីព្រោះ​ការ​រំពឹង​បែប​នេះ​មាន​ចាក់​ឫស​នៅ​ក្នុង​វប្បធម៌​ខ្មែរ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ស្រី​បាន​ទទួល​ស្គាល់​ថា ក្នុង​ករណី​ខ្លះ ការ​រំពឹង​បែប​នេះ​នៅតែ​ត្រូវ​បាន​គេ​រើសអើង​ថា​ជា​អំពើ​លោភលន់​ដដែល។

ជាមួយ​គ្នា​នេះ ការ​ស្រាវជ្រាវ​របស់​អ្នក​ស្រី Hoefinger ក៏​បាន​រក​ឃើញ​ថា ក្នុង​ករណី​មួយ​ចំនួន​ធំ«‍ការ​មិន​ស្វែងយល់​ដឹង​ឲ្យ​ច្បាស់​អំពី​ភាព​ខុស​គ្នា​ខាង​វប្បធម៌ ការ​យល់​ច្រឡំ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​រវាង​ស្ត្រី​ខ្មែរ និង​ដៃគូ​របស់​ពួកគេ​ដែល​ជា​បុរស​ជនជាតិ​បរទេស អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ខាង​រូបរាង​កាយ និង​ខាង​សតិ​អារម្មណ៍» ដែល​ក្នុង​នោះ​រួម​មាន អំពើ​ហិង្សា​លើ​ផ្លូវ​ចិត្ត និង​លើ​រូបរាង​កាយ​ជា​ដើម។

អ្នក​ស្រី​ Hoefinger បាន​បញ្ជាក់​ថា បញ្ហា​នេះ​គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ដោយសារ​តែ​ការ​គាំពារ​ខាង​សុខភាព​ផ្លូវចិត្ត​ មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

«‍គោល​បំណង​មួយ​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ គឺ​សង្ឃឹម​ថា ការ​ស្រាវជ្រាវ​នេះ​អាច​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ជា​គម្រោង​ជួយ​សង្គ្រោះ​ជា​លក្ខណៈ​អន្តរជាតិ និង​ជា​លក្ខណៈ​ថ្នាក់​ជាតិ​នៅ​កម្ពុជា ដែល​ផ្ដោត​ទៅ​លើ​ការ​ណែនាំ​ខាង​វប្បធម៌​ដល់​ដៃគូ​ស្នេហា ដោយ​ផ្ដល់​ជា​ការ​ប្រឹក្សា​ខាង​ទំនាក់​ទំនង​ស្នេហា សេវាកម្ម​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត ជំងឺ​តានតឹង​ផ្លូវ​ចិត្ត និង​អំពើ​ហិង្សា​ខាង​យេនឌ័រ​ជាដើម»។

សម្រាប់​ទំនាក់​ទំនង​បែប​វប្បធម៌​ចម្រុះ ដូច​ជា​ករណី​ស្ត្រី​ខ្មែរ​ដែល​មាន​ដៃគូ​បុរស​ជា​ជនជាតិ​បរទេស​នេះ អ្នកស្រី​សាស្ត្រាចារ្យ​ផ្ដល់​អនុសាសន៍​ថា ការ​យក​ចិត្ត​ទុក​ដាក់​គួរ​តែ​ត្រូវ​ផ្ដោត​ទៅ​លើ​គ្រោះថ្នាក់​ ដែល​អាច​កើត​ឡើង​ដោយ​សារ​ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ចិត្ត ការ​ធ្វើ​បាប​ខ្លួន​ឯង និង​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ផង​ដែរ៕

XS
SM
MD
LG