ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​សិល្បករ និង​អ្នក​និពន្ធ​អាមេរិកាំង​និយាយ​អំពី​ស្ត្រី​កម្ពុជា​កំពុង​តែលេចធ្លោ


ច្បាប់​ក្មេង​ស្រី​ថ្មី៖ ការ​រៀបចំ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា (ឆ្នាំ២០១៣)
ច្បាប់​ក្មេង​ស្រី​ថ្មី៖ ការ​រៀបចំ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា (ឆ្នាំ២០១៣)

កំណត់​និពន្ធ៖ នៅ​ចំពោះ​មុខ​ភាព​ជឿន​លឿន និង​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ពេញ​លេញ ស្ត្រី​កម្ពុជា​ក៏​កំពុង​តែ​លេច​ធ្លោ​ស្ទើរ​តែ​គ្រប់​វិស័យ​របស់​កម្ពុជា។ អ្នក​និពន្ធ និង​សិល្បករ​ដ៏​ល្បី​ល្បាញ​ម្នាក់​បាន​សរសេរ​សៀវភៅ​ពីរ​ក្បាល​អំពី​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នេះ។ សៀវភៅ​ឈ្មោះ កេ្មង​ស្រី​កម្ពុជា៖ ការ​បោះពុម្ព​ផ្សាយ​ដោយ​ខ្លួនឯង​នៅ​ទីក្រុង​ភ្នំពេញ (ឆ្នាំ២០១១) និង​សៀវភៅ ច្បាប់​ក្មេង​ស្រី​ថ្មី៖ ការ​រៀបចំ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា (ឆ្នាំ២០១៣) និយាយ​អំពី​ការ​លេច​ធ្លោ​របស់​ស្ត្រី​វ័យ​ក្មេង​កម្ពុជា។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាង​ទែន សុខស្រីនិត បាន​សន្ទនា​ជាមួយ​លោក​ស្រី Anne Elizabeth Moore តាម​ទូរស័ព្ទ។

លោកស្រី Anne Elizabeth Moore គឺជា​អ្នក​និពន្ធ​ស្ត្រី​និយម និង​សិល្បករ។ លោកស្រី​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ Wisconsin-Eau Clair និង​នៅ​វិទ្យាស្ថាន​សិល្បៈ​ទីក្រុង Chicago។ ថ្មីៗ​នេះ លោកស្រី​ត្រូវបាន​ទទួល​ស្គាល់​ថា «ជា‍‍‍​អ្នក​គិត​ដ៏​ឈ្លាសវៃ និង​អ្នក​វាយ​តម្លៃ​វប្បធម៌​ល្អ​ម្នាក់​នៅលើ​ពិភពលោក»។ សៀវភៅ កេ្មង​ស្រី​កម្ពុជា៖ ការ​បោះពុម្ព​ផ្សាយ​ដោយ​ខ្លួនឯង​នៅ​ទីក្រុង ភ្នំពេញ (ឆ្នាំ២០១១) ទទួល​បាន​ពាន​រង្វាន់​ឈ្មោះ Lowell Thomas សារ​ព័ត៌មាន​ធ្វើ​ដំណើរ​សម្រាប់​សៀវភៅ​ល្អ​បំផុត​ពី​សមាគម​មូល​និធិ​អ្នក​និពន្ធ​ធ្វើ​ដំណើរ​អាមេរិកាំង​នៅ​ឆ្នាំ២០១២។

លោកស្រី​បាន​ចំណាយ​ពេល​រស់នៅ និង​ធ្វើការ​ជាមួយ​នឹង​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​នៅ​អន្តេ​វាសិក​ដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ។ លោកស្រី​បាន​ចាប់​អារម្មណ៍​លើ​ភាព​ខុស​ប្លែក​គ្នា​នៃ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ចំពោះ​មុខ​ភាព​ជឿនលឿន ដោយ​លើក​យក​ស្ត្រី​កម្ពុជា​វ័យក្មេង​មក​ធ្វើ​ជា​ឧទាហណ៍ ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​គេ​មក​លើ​ច្បាប់​ស្រី និង​តួនាទី​របស់​ស្ត្រី​កម្ពុជា​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ ការ​តស៊ូ​ដើម្បី​សមភាព​ភេទ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី គឺជា​ប្រធាន​បទ​សំខាន់​នៃ​សៀវភៅ​របស់​លោកស្រី​ឈ្មោះ ច្បាប់​ស្រី​ថ្មី៖ ការ​រៀបចំ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា (ឆ្នាំ២០១៣)។ តទៅ​នេះ​គឺជា​ខ្លឹម​សារ​ទាំង​ស្រុង​នៃ​បទ​សម្ភាសន៍​ជាមួយនឹង​លោកស្រី Anne Elizabeth Moore៖

លោក​ស្រី Anne Elizabeth Moore សិល្បករ និង​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ (រូបថត៖ Anne E. Moore)
លោក​ស្រី Anne Elizabeth Moore សិល្បករ និង​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ (រូបថត៖ Anne E. Moore)

ទាញ​យក​ពី​តំណភ្ជាប់​ដើម
ទាញ​យក​ពី​តំណភ្ជាប់​ដើម
ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ច៎ា ជា​ដំបូង សូម​លោកស្រី​ប្រាប់​ប្រិយ៍មិត្ត​អ្នក​ស្តាប់ ថាតើ​ហេតុអី្វ​បាន​ជា​លោកស្រី​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា ហើយ​តើ​គម្រោង​សរសេរ​សៀវភៅ​ពីរក្បាល​នេះ​កើត​ចេញ​ពី​ណា​មក?

Anne Elizabeth Moore៖ និយាយ​ទៅ ខ្ញុំ​បាន​ធំ​ដឹងក្តី​នៅ​សហរដ្ឋ​អាមេរិក ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​សរសេរ​អត្ថបទ​បោះពុម្ព​ផ្សាយ​ដោយ​ខ្លួនឯង​តាំងពី​ពេល​ខ្ញុំ​មាន​អាយុ​១១ឆ្នាំ​មក​ម៉្លេះ។ ការ​ធ្វើ​បែប​នេះ​គឺ​ហាក់​ដូចជា​ការ​ឆ្លើយ​តប​នឹង​ការ​ធំ​ដឹងក្តី​របស់​ខ្ញុំ​ក្នុង​បរិយាកាស ដែល​ពោរពេញ​ទៅ​ដោយ​សារ​ការ​ឃោសនា​ផ្សព្វផ្សាយដូចជា​ទូរទស្សន៍ ហើយ​សូម្បី​តែ​អាហារ​ពេល​ព្រឹក​ដូចជា​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ របស់​របរ​លេង និង​ល្បែង​កម្សាន្ត និង​អ្វីៗ​ផ្សេង​ទៀត​សុទ្ធតែ​ទាក់ទាញ​អី្វមួយ​ពី​ខ្ញុំ។ ហើយ ការ​ឆ្លើយ​តប​របស់​ខ្ញុំ គឺ​បង្កើត​ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ឆ្លើយតប​របស់​កេ្មងស្រី​តូច​ម្នាក់​ទៅ​កាន់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជ្រុញ​ហួសហេតុ​មក​លើ​រូបរាង និង​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ។

ហើយ​ខ្ញុំ​បាន​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​តាំង​ពី​ទសវត្ស​ឆ្នាំ១៩៨០ រហូត​មក​ដល់​ឆ្នាំ២០០៧។ ហើយ​ខ្ញុំ​ក៏​បាន​ដំណើរការ​ទស្សនា​វដ្តី​មួយ​នេះ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​ឆ្នាំ២០០៧។ ទស្សនា​វដ្តី​នេះ​ត្រូវបាន​បិទ ហើយ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ទស្សនា​វដ្តី​នេះ​មាន​ឈ្មោះ​ថា Punk Planet។ ខ្ញុំ​ខក​ចិត្ត​ខ្លាំង ដោយសារ​តែ​មាន​មនុស្ស​ជាច្រើន​បាន​បោះពុម្ព​ផ្សាយ​អត្ថបទ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ហើយ​សហរដ្ឋ​អាមេរិក​គួរតែ​ជា​ប្រទេស​មួយ​ដ៏ល្អ​បំផុត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​អ្នក​បោះពុម្ព​ផ្សាយ​ឯករាជ្យ​ដូច​អ្នក​ទាំង​នេះ។ ប៉ុន្តែ ការណ៍​ដែល​យើង​មិនអាច​បោះពុម្ព​ផ្សាយ​ទស្សនា​វដ្តី​របស់​យើង​ភ្លាមៗ ដោយសារ​តែ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ការងារ​របស់​យើង ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​អាច​បន្ត​បោះពុម្ព​ផ្សាយ​ទស្សនា​វដ្តី​របស់​យើង ដូច​ដែល​យើង​បាន​ធ្វើ​អស់​រយៈពេល​១២ឆ្នាំ។

ហើយ​នេះ​ខ្ញុំ​យល់​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បរាជ័យ ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​សម្លឹង​មើល​ប្រទេស​ដទៃ​ទៀត ដែល​នៅ​ទី​នោះ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​យល់​ថា​ជា​រឿង​មួយ​មុខ​ទេ។ ជាក់​ស្តែង ដូច​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០០៧ សំណួរ​ទីមួយ​គឺ​ថាតើ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ន័យ​យ៉ាង​ដូចម្តេច​សម្រាប់​ប្រទេស​កម្ពុជា ដែល​សេរីភាព​សារព័ត៌មាន​ស្ទើរ​តែ​គ្មាន។ យើង​មិន​គិត​ថា យើង​នឹង​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​ពី​ទូរទស្សន៍ ឬ​កាសែត​ទេ។ ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ចាប់​អារម្មណ៍​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រោយ​មក​ទៀត នៅពេល​ដែល​ខ្ញុំ​បាន​ដឹង​អំពី​អន្តេ​វាសិក​ដ្ឋាន​សម្រាប់​ស្ត្រី​កម្ពុជា​វ័យក្មេង ដែល​មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទីក្រុង​លើក​ដំបូង ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ទាក់​ទង​ជាមួយ​នឹង​បុគ្គលិក​គ្រប់គ្រង​នៅ​អន្តេ​វាសិក​ដ្ឋាន​នោះ ហើយ​ពួកគេ​ក៏​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​ស្នាក់​នៅ និង​អនុវត្ត​គម្រោង​សរសេរ​អត្ថបទ​បោះពុម្ព​ផ្សាយ​ដោយ​ខ្លួនឯង ជាមួយ​នឹង​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ទាំង​នេះ។

VOA៖ ដោយសារ​តែ​សៀវភៅ​របស់​លោកស្រី​ចាប់​ផ្តើម​ឡើង​ពី​ចំណាប់​អារម្មណ៍​របស់​លោកស្រី​អំពី​ច្បាប់​ស្រី ខ្ញុំ​ចង់​ដឹង​ថាតើ​លោកស្រី​បាន​ដឹង​ពី​ខ្លឹមសារ​ច្បាប់​ស្រី​នេះ​តាម​របៀប​ណា?

Anne Elizabeth Moore៖ ច៎ា ខ្ញុំ​ពិត​ជា​សំណាង​មែន​ទែន ដែល​បាន​ស្នាក់​នៅ​អន្តេ​វាសិក​ដ្ឋាន​ជាមួយ​នឹង​ស្ត្រី​វ័យក្មេង​ចំនួន​៣២នាក់ ដែល​ពួកគេ​ទើប​តែ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង។ ភាគ​ច្រើន​មាន​ស្ត្រី​ពីរបី​នាក់​ដែល​មក​ពី​ក្រុង​បាត់ដំបង សៀមរាប ឬ​ភ្នំពេញ។ ប៉ុន្តែ មួយ​ភាគធំ​គឺ​មក​ពី​ខេត្ត​តូចៗ ហើយ​ស្ត្រី​វ័យក្មេង​ទាំង​៣២នាក់​នេះ​បាន​ដឹង​អំពី​ច្បាប់​ស្រី។ គេ​គ្រប់​គ្នា​មាន​សៀវភៅ​ច្បាប់​ស្រី​មួយ​ក្បាល​ម្នាក់ នៅ​តាម​តុ​រៀន​របស់​គេ​រៀងៗ​ខ្លួន។ ហើយ​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ច្បាប់ស្រី​ពិតជា​មាន​ពិត​ប្រាកដ​មែន ដែល​ផ្តល់ជា​ច្បាប់​វិន័យ​ក្នុង​សង្គម​ដល់​មនុស្ស​ស្រី។ ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​អំពី​ច្បាប់​ស្រី​នេះ។ ប៉ុន្តែ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​នឹង​ជន​បរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ជាពិសេស​គឺ​ពួក​បុគ្គលិក​សេវាកម្ម​សង្គម។ អ្នក​ទាំងនេះ​បាន​ដឹង​អំពី​ច្បាប់​ស្រី​នេះ​ដែរ ប៉ុន្តែ​ការ​យល់ឃើញ​របស់គេ​និង​ខ្ញុំ គឺ​ខុស​គ្នា។ ហើយ​រាល់​ពេល​ដែល​យើង​និយាយ​អំពី​ច្បាប់​ស្រី ពួកគេ​ព្រួយ​បារម្ភ​ណាស់ នៅ​ពេល​គេ​និយាយ​អំពី​ខ្លឹមសារ​ច្បាប់​ស្រី​ម្តងៗ។

រូប​គំនូរ​នៃ​បន្ទប់​គេង​រួម​គ្នា​រវាង​លោក​ស្រី Anne Elizabeth Moore ជាមួយ​នឹង​ វណ្ណៈ ម៉ាលា និង​កល្យាណ នៅ​អន្តេវាសិកដ្ឋាន​ស្រី​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ Anne E. Moore)
រូប​គំនូរ​នៃ​បន្ទប់​គេង​រួម​គ្នា​រវាង​លោក​ស្រី Anne Elizabeth Moore ជាមួយ​នឹង​ វណ្ណៈ ម៉ាលា និង​កល្យាណ នៅ​អន្តេវាសិកដ្ឋាន​ស្រី​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ Anne E. Moore)

VOA៖ ច៎ា ឥឡូវ​នេះ ខ្ញុំ​សូម​ឲ្យ​លោក​ស្រី​រៀបរាប់​អំពី​សៀវភៅ​ថ្មី​នេះ​របស់​លោកស្រី​ជូន​ប្រិយ​មិត្ត​អ្នក​ស្តាប់​ផង​ច៎ា។

Anne Elizabeth Moore៖ និយាយ​ទៅ សៀវភៅ​ទីមួយ​របស់​ខ្ញុំ​ឈ្មោះ កេ្មងស្រីកម្ពុជា បាន​បោះពុម្ព​ផ្សាយ ហើយ​មាន​អ្នក​គាំទ្រ​អាន​ច្រើន។ ហើយ​សៀវភៅ​នេះ​ឈ្នះ​បាន​រង្វាន់​ជា​ច្រើន ហើយ​អ្នក​អាន​ជាច្រើន​នាក់​បាន​ពេញ​ចិត្ត​នឹង​សៀវភៅ​នេះ​ខ្លាំង​ណាស់។ ហើយ​ខ្ញុំ​នៅ​ទទួល​បាន​អ៊ីម៉ែល​ពី​អ្នកអាន ដែល​ដក់ចិត្ត​នឹង​សៀវភៅ​នេះ និង​ស្ត្រី​កម្ពុជា​វ័យក្មេង ដែល​ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ក៏​យល់​ថា អ្នក​អាន​បាន​ដក់ចិត្ត​នឹង​គំនិត​ដែល​ថា យើង​អាច​ទៅ​កន្លែង​ណា​មួយ ហើយ​អាច​ផ្តល់​ជំនាញ​តូច​មួយ​ដល់​មនុស្ស​មួយក្រុម ដែល​យល់​ថា​ជំនាញ​នេះ​មាន​ប្រយោជន៍ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

មើល​ទៅ​ការ​គាំទ្រ​នេះ​ដូចជា​អួតអាង​បន្តិច ប៉ុន្តែ​និយាយ​ទៅ នេះ​គឺជា​បញ្ហា​ដ៏​ធំ និង​សំខាន់​មួយ ជា​ពិសេស​នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​បញ្ហា​ចក្រពត្តិ​និយម ខណៈ​ដែល​ពួក​ជនជាតិ​ស្បែក​ស​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​បញ្ហា ដែល​បាន​កំពុង​កើត​ឡើង​ជុំវិញ​ពិភព​លោក ជា​ពិសេស​គឺ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ ដូច្នេះ ខ្លឹម​សារ​សំខាន់​របស់​សៀវភៅ​ខ្ញុំ ច្បាប់​ស្រី​ថ្មី គឺ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា៖ ប្រាកដ​ណាស់​ខ្ញុំ​បាន​សរសេរ​សៀវភៅ​នេះ ហើយ​បាន​ធ្វើ​ការងារ​នេះ​ជាមួយ​នឹង​ស្ត្រី​កម្ពុជា​វ័យ​ក្មេង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​សម្រេច​បាន គឺ​មិន​ស្មើ​នឹង​អ្វី​ដែល​ស្ត្រី​កម្ពុជា​វ័យក្មេង​ទាំងនេះ​បាន​ប្រឈម​នោះ​ទេ។ ជា​ពិសេស សៀវភៅ ច្បាប់​ស្រី​ថ្មី នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​តិចតួច​ណាស់ ក្នុង​នាម​ជា​ស្ត្រី​ជនជាតិ​ស្បែក​ស​អាមេរិកាំង​ម្នាក់​ដែល​បាន​មក​ដល់​ប្រទេសកម្ពុជា ហើយ​ធ្វើការ​ជាមួយ​នឹង​ស្ត្រី​កម្ពុជា​វ័យក្មេង​ចំនួន​៣២នាក់ ដែល​បាន​យល់​ដឹង​អំពី​វប្បធម៌​របស់​ខ្លួន និង​អំពី​ការ​ទាមទារ​ឲ្យ​មាន​សមភាព​ភេទ​ក្នុង​វិស័យ​សារព័ត៌មាន​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត។ ទាំង​នេះ​ហើយ គឺជា​គោល​បំណង​នៃ​សៀវភៅ​នេះ។

VOA៖ ច៎ា ហើយ​នៅក្នុង​សៀវភៅ​នេះ​មាន​ច្បាប់​ស្រី​ថ្មី​ចំនួន២០ ដែល​ស្រ្តី​កម្ពុជា​វ័យក្មេង ដែល​លោកស្រី​បាន​ធ្វើការ​ជាមួយ​បាន​រៀបរៀង​ឡើង។ តើ​លោកស្រី​យល់​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​គោល​ជំហរ​របស់​ស្ត្រី​កម្ពុជា​វ័យក្មេង​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ?

Anne Elizabeth Moore៖ ទីមួយ​គឺ​ថា ខ្ញុំ​ពិត​ជា​មាន​សំណាង​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០០៧ ហើយ​បាន​ចំណាយ​ពេល​ដ៏​មាន​ន័យ​ជា​រៀង​រាល់​ឆ្នាំក្នុង​រយៈពេល​៧ឆ្នាំ​កន្លង​ទៅ​នេះ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស បាន​ឃើញ​ស្ត្រី​កម្ពុជា​វ័យ​ក្មេង និង​ស្ត្រី​ក្មេងៗ​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ចេះ​អភិវឌ្ឍ​ខ្លួនឯង។ ក្នុង​អំឡុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏ល្អ​បំផុត​របស់​កម្ពុជា ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ក្រៃលែង ដែល​បាន​ជួប​ស្ត្រី​ក្មេង​ដែល​ស្ទុះស្ទា​គិតគូរ​ពី​ប្រទេស​ជាតិ និង​អនាគត​របស់​គេ ស្វែង​យល់​អំពី​បញ្ហា​ការងារ ភាព​ជា​បុគ្គល និង​ស្វែង​យល់​ពី​មូលហេតុ​ដែល​កម្ពុជា​មិនទាន់​អាច​គាំទ្រ​ស្ត្រី​ទាំងស្រុង​បាន។ ប៉ុន្តែ បើ​សួរ​ខ្ញុំ​ថាតើ​កម្ពុជា​បាន​ដោះ​ស្រាយ​បញ្ហា​ស្ត្រី​ឲ្យ​បាន​ពេញលេញ​ហើយ​ឬ​នៅ​នោះ ខ្ញុំ​គិត​ថា យើង​នៅ​មាន​កិច្ច​ជាច្រើន ដែល​យើង​ត្រូវ​ធ្វើ។ ប៉ុន្តែ មក​ដល់​ដំណាក់​កាល​នេះ​តួនាទី​របស់​ខ្ញុំ គឺ​ត្រូវតែ​ផ្តល់​ជា​ធនធាន​ដល់​ការ​តស៊ូ​របស់​ស្ត្រី។

រូបភាព​នៃ​សកម្មភាព​និស្សិត​ស្រី​កំពុង​តែ​រៀប​រៀង​ទស្សនា​វដ្តី​ក្រៅ​ផ្លូវ​ការ​របស់​គេ​នៅ​ក្នុង​បន្ទប់​សិក្សា​នៅ​អន្តេវាសិក​ដ្ឋាន។ (រូបថត៖ Anne E. Moore)
រូបភាព​នៃ​សកម្មភាព​និស្សិត​ស្រី​កំពុង​តែ​រៀប​រៀង​ទស្សនា​វដ្តី​ក្រៅ​ផ្លូវ​ការ​របស់​គេ​នៅ​ក្នុង​បន្ទប់​សិក្សា​នៅ​អន្តេវាសិក​ដ្ឋាន។ (រូបថត៖ Anne E. Moore)

VOA៖ តើ​លោកស្រី​យល់​ថា ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ស្ត្រី​កម្ពុជា​ដើម្បី​សមភាព​ភេទ​អាច​ជា​“ការ​ត​ទល់”​នឹង​ក្បួន​ច្បាប់ និង​ទំនៀម​ទម្លាប់​ប្រពៃណី​បុរាណ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជំនាន់​មុន​ជា​ច្រើន​នៅតែ​ប្រកាន់​យក​ដែរ​ឬ​ទេ?

Anne Elizabeth Moore៖ តាម​ពិត​ទៅ ខ្ញុំ​ចង់​សួរ​ទៅ​ស្រីនិត​វិញ ថាតើ​ច្បាប់​ស្រី​ថ្មី​ទាំង២០​នោះ​អាច​សម្រេច​ទៅ​បាន​ទេ? បើ​មិន​បាន តើ​ច្បាប់​ទាំងនោះ​គួរតែ​និយាយ​ពី​អ្វី​វិញ? មូល​ហេតុ​ដែល​ខ្ញុំ​លើក​យក​បញ្ហា​ច្បាប់​ស្រី​នេះ​មក​និយាយ គឺ​ថា​ស្ត្រី​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​ពេលនោះ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​តួនាទី​ស្រ្តី​ក្នុងការ​ថែរក្សា​ប្រពៃណី តែ​ម្យ៉ាង​ទៀត​ក៏​ដើម្បី​លុប​បំបាត់​បញ្ហា​អំពើ​ហិង្សា ដើម្បី​សុវត្ថិភាព សេដ្ឋកិច្ច​របស់​ស្ត្រី និង​បើក​ឱកាស​បន្ថែម​ដល់​ស្រ្តី។ ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ច្បាប់​២០ថ្មី​នេះ​ដែល​ពួកគេ​បាន​រៀបរៀង​ឡើង​មាន​ឈ្មោះ​ថា ច្បាប់​ស្រី​ថ្មី គឺ​ធ្វើ​កិច្ចការ​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ស្រ្តី​កម្ពុជា​វ័យ​ក្មេង ជា​ពិសេស​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​សារពត៌មាន​ដូចជា​ស្រីនិត អាច​មាន​គំនិត​ប្រសើរ​ជាងខ្ញុំ​ថាតើ​បញ្ហា​ទាំងអស់​នេះ​ពិត ឬ​មិន​ពិត។

ហើយ​វា​ពិបាក​ក្នុងការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ស្រប​ពេល​តែ​មួយ។

ប៉ុន្តែ សម្រាប់​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ដែល​ខ្ញុំបាន​ធ្វើការ​ជាមួយ​កាល​ពី​ឆ្នាំ២០០៧ ច្បាប់​ទី១​សំខាន់​ជាងគេ​គឺ​ភាព​អត់ធ្មត់។ គឺ​ត្រូវ​អត់ធ្មត់ ដើម្បី​ធ្វើ​ជា​ស្ត្រី​រឹងមាំ។ ហើយ​កិច្ចការ​សំខាន់ៗ​ទាំងអស់​នេះ ដែល​ស្រ្តី​កម្ពុជា​វ័យក្មេង​ចង់​ជំរុញ​លើក​ស្ទួយ​វប្បធម៌​កម្ពុជា គឺ​ចាក់​ឫស​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​តួនាទី​ស្រ្តី​ក្នុង​ប្រពៃណី​កម្ពុជា​នេះ​ឯង។

រូបភាព​នៃ​សកម្មភាព​របស់​និស្សិត​ស្រី​ដែល​កំពុង​រៀន និង​មើល​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់​បណ្ណាល័យ​សិក្សា​នៅ​អន្តេវាសិកដ្ឋាន។ (រូបថត៖ Anne E. Moore)
រូបភាព​នៃ​សកម្មភាព​របស់​និស្សិត​ស្រី​ដែល​កំពុង​រៀន និង​មើល​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់​បណ្ណាល័យ​សិក្សា​នៅ​អន្តេវាសិកដ្ឋាន។ (រូបថត៖ Anne E. Moore)

VOA៖ មាន​សៀវភៅ​តិចតួច​ណាស់​ដែល​សរសេរ​អំពី​ស្រ្តី​កម្ពុជា។ តើ​លោកស្រី​យល់​ថា សៀវភៅ​របស់​លោកស្រី​ខុសគ្នា​ពី​សៀវភៅ​ទាំងអស់​នេះ​យ៉ាង​ដូចម្តេច​ដែរ?

Anne Elizabeth Moore៖ ច៎ា ខ្ញុំ​បាន​ដឹង​អំពី​សៀវភៅ​ទាំងនេះ នៅ​ពេល​ខ្ញុំ​ស្រាវជ្រាវ​លើ​គម្រោង​សរសេរ​សៀវភៅ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​ភ្ញាក់​ផ្អើល ដែល​ឃើញ​សៀវភៅ​តិចតួច​ណាស់​សរសេរ​អំពី​ស្រ្តី​កម្ពុជា ខណៈ​ដែល​មាន​ចំណាប់​អារម្មណ៍​ច្រើន​មក​លើ​ការ​ជួយ​ដូរ​ផ្លូវភេទ​នៅ​កម្ពុជា និង​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា​មក​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ ខ្ញុំ​មាន​សំណាង​ដែល​បាន​រស់នៅ​ជាមួយ​ស្ត្រី​វ័យក្មេង​កម្ពុជា​ដែល​មាន​ទស្សនៈ​ទូលំ​ទូលាយ ហើយ​រីករាយ​ដែល​បាន​មក​ខេត្ត​នានា ដើម្បី​មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ។ ខ្ញុំ​យល់​ថា ខ្ញុំ​ទទួល​បាន​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​ស្វែង​យល់​ពី​ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​តាម​ចិត្ត​របស់​គេ។ ហើយ​ខ្ញុំ​យល់​ថា ការងារ​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា គឺ​ផ្តោត​ខ្លាំង​លើ​បទ​ពិសោធន៍​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​ជា​ស្រ្តី​អាមេរិកាំង​ស្បែក​ស​មក​ពី​ទីក្រុង Chicago ប៉ុន្តែ ខ្ញុំ​បាន​ជួប​ស្ត្រី​កម្ពុជា​វ័យក្មេង​រហូត​ដល់​ទៅ​៣២នាក់ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញ​ពី​យន្តហោះ​ដំបូង ខ្ញុំ​បាន​គោរព​វប្បធម៌​របស់​គេ ហើយ​ព្យាយាម​យល់​អំពី​អី្វ​ដែល​ស្ត្រី​ទាំងនេះ​ចង់​បាន និង​ត្រូវការ​នា​ពេល​អនាគត។

ហើយ​ខ្ញុំ​យល់ថា​អ្នក​សង្គម​វិទូ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​ដូចជា​សកម្មជន បាន​យក​វិធី​សាស្ត្រ​វប្បធម៌​ផ្សេងៗ​គ្នា​ដើម្បី​ធ្វើ​កិច្ចការ​ខុសៗ​គ្នា ប៉ុន្តែ​សម្រាប់​អ្នក​សារព័ត៌មាន​ដូចជា​រូប​ខ្ញុំ ការងារ​ទី១​របស់​ខ្ញុំ​គឺ​ស្តាប់។ ហើយ​ខ្ញុំ​យល់​ថា នេះ​គឺ​អី្វ​ដែល​សៀវភៅ​ទាំងពីរ​របស់​ខ្ញុំ​បាន​ធ្វើ៖ គឺ​បង្ហាញ​ថា ខ្ញុំ​បាន​ស្តាប់ និង​បង្ហាញ​សាច់​រឿង​អំពី​តម្រូវការ​របស់​ស្រ្តី​កម្ពុជា​ក្នុង​ភាសា​មួយ​ដែល​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក​អាច​ស្វែង​យល់​បាន។

VOA៖ ខ្ញុំ​យល់​ថា​សៀវភៅ​របស់​លោកស្រី​គឺជា​សៀវភៅ​ទី១​ដែល​លើក​កម្ពស់​សំឡេង​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ដែល​កំពុង​តែ​លេច​ធ្លោ​នៅក្នុង​សង្គម​កម្ពុជា​ដែល​កំពុងតែ​អភិវឌ្ឍ​ដ៏​ជឿន​លឿន។ សម្រាប់​លោក​ស្រី តើ​លោកស្រី​ចង់​ឲ្យ​ពិភព​លោក​រៀនសូត្រ​អ្វីខ្លះ​ពី​ស្រ្តី​កម្ពុជា​វ័យ​ក្មេង តាម​រយៈ​សៀវភៅ​របស់​លោកស្រី?

Anne Elizabeth Moore៖ កាលពី​ឆ្នាំ២០០៧ ខ្ញុំ​បាន​សរសេរ​សៀវភៅ​ពី​ស្ត្រី​កម្ពុជា ហើយ​ប្រសិន​បើ​ខ្ញុំ​ដឹង​ថា​ទី​បំផុត មាន​ស្រ្តី​កម្ពុជា​វ័យ​ក្មេង​ម្នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​បាន​ទូរស័ព្ទ​មក​សន្ទនា​ជាមួយ​ខ្ញុំ​អំពី​បញ្ហា​ស្ត្រី​នៅ​កម្ពុជា ខ្ញុំ​ប្រហែល​ជា​មិន​បាន​សរសេរ​សៀវភៅ​ទាំងនេះ​ទេ។ តាមពិត​ទៅ ខ្ញុំ​អាច​ចាំ​បាន មិន​ថា​អញ្ចឹង។ ប៉ុន្តែ មូល​ហេតុ​ដែល​សៀវភៅ​របស់​ខ្ញុំ​លេច​ចេញ​ជា​រូបរាង​ឡើង គឺ​ដើម្បី​អះអាង​ថា អនាគត​របស់​ស្ត្រី​កម្ពុជា​វ័យក្មេង​ចូល​ប្រលូក​ក្នុង​វិស័យ​សារព័ត៌មាន​នឹង​កើត​មាន​ឡើង។ ហើយ​ខ្ញុំ​ពិតជា​មិន​ដឹង ថាតើ​ការងារ​របស់​ខ្ញុំ​អាច​បម្រើ​ជា​ប្រយោជន៍​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ស្រ្តី​វ័យ​ក្មេង​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​បាន​ក្លាយ​ជា​ស្ត្រី​ដ៏​រឹងមាំ ធ្វើ​ជា​ម្ចាស់​សំឡេង​ខ្លួន​ឯង។ ហើយ​ក្តី​សង្ឃឹម​របស់​ខ្ញុំ គឺថា​សំឡេង​របស់​ស្ត្រី​វ័យកេ្មង​ត្រូវបាន​ស្តាប់​ឮ ហើយ​សិទ្ធិ​របស់​គេ​ត្រូវបាន​គោរព។

និស្សិត​ស្រី​ម្នាក់​កំពុង​តែ​រៀប​រៀង​សរសេរ​ទស្សនាវដ្តី​ក្រៅ​ផ្លូវ​ការ​តូច​មួយផ្ទាល់​ខ្លួន​នៅ​តុ​រៀន​របស់​គេ។ (រូបថត៖ Anne E. Moore)
និស្សិត​ស្រី​ម្នាក់​កំពុង​តែ​រៀប​រៀង​សរសេរ​ទស្សនាវដ្តី​ក្រៅ​ផ្លូវ​ការ​តូច​មួយផ្ទាល់​ខ្លួន​នៅ​តុ​រៀន​របស់​គេ។ (រូបថត៖ Anne E. Moore)

VOA៖ ខ្ញុំ​ចង់​ដឹង​ថា​តើ​លោកស្រី​មាន​គម្រោង​ប្រែ​សម្រួល​សៀវភៅ​នេះ​ទៅ​ជា​ភាសា​ខ្មែរ​ដែរ​ឬ​ទេ?

Anne Elizabeth Moore៖ ខ្ញុំ​ពិតជា​ចង់ ហើយ​យើង​បាន​ពិភាក្សា​អំពី​គម្រោង​បកប្រែ​សៀវភៅ​នេះ​ទៅ​ជា​ច្រើន​ភាសា​ក្នុង​តំបន់​អាស៊ី​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ យើង​មិន​ទាន់​បាន​រក​មធ្យោបាយ​ធ្វើ​គម្រោង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​ដឹង​ថា មាន​ស្ត្រី​ម្នាក់​បាន​បកប្រែ​សៀវភៅ Cambodian Grrl ទៅ​ជា​ភាសា​ចិន​កុកងឺ​ដោយ​ខ្លួន​ឯង។ ហើយ​សៀវភៅ​បកប្រែ​នេះ​អាច​មាន​លក់​នៅ​កន្លែង​ណា​មួយ។ ប៉ុន្តែ យើង​ពិតជា​មិនទាន់​បាន​រក​មធ្យោបាយ​បកប្រែ​សៀវភៅ​នេះ​ទៅ​ជា​ភាសាខ្មែរ​នៅ​ឡើយ​ទេ។ ដូច្នេះ អ្នក​ណា​ដែល​ចាប់​អារម្មណ៍​ចង់​បកប្រែ​សៀវភៅ​នេះ​អាច​ទាក់​ទង​មក​ខ្ញុំ​បាន ហើយ​យើង​នឹង​ព្យាយាម​បកប្រែ​សៀវភៅ​នេះ​ជា​ភាសា​ខ្មែរ​ឲ្យ​បាន។

VOA៖ ជា​ចុង​ក្រោយ តើ​លោកស្រី​មាន​អ្វី​និយាយ​ទៅ​កាន់​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ដែល​លោកស្រី​បាន​ធ្វើការ​ជាមួយ និង​ស្ត្រី​កម្ពុជា​ទូទៅ​ដែរ​ឬ​ទេ?

Anne Elizabeth Moore៖ ខ្ញុំ​ស្រឡាញ់​គេ​គ្រប់​គ្នា។ ស្រ្តី​កម្ពុជា​វ័យ​ក្មេង​មាន​លក្ខណៈ​ពិសេស។ ខ្ញុំ​គិត​ថា មិត្តភាព​រវាង​ខ្ញុំ​និង​ស្ត្រី​កម្ពុជា​វ័យក្មេង និង​ស្រ្តី​នៅ​សហរដ្ឋ​អាមេរិក គឺ​ពិតជា​ពិសេស​ណាស់។ ជាក់​ស្តែង ស្ថានភាព​ប្រទេស​យើង​ទាំងពីរ​មាន​ភាព​យ៉ាប់​យ៉ឺន ដូច​ដែល​កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​សង្គ្រាម ហើយ​ទទួល​រង​ពី​គុណ​វិបត្តិ​ខាង​សេដ្ឋកិច្ច​ដែល​សហរដ្ឋ​អាមេរិក​បាន​ទទួល​យក​ផលិត​ផល​សម្លៀក​បំពាក់​ប្រមាណ​៧០ភាគរយ​ពី​រោងចក្រ​កាត់ដេរ​កម្ពុជា។ ខ្ញុំ​គិត​ថា វា​ពិតជា​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​នេះ​ឆ្លុះ​បង្ហាញ​ពី​មូលដ្ឋាន​នៃ​មិត្តភាព​របស់​កម្ពុជា និង​សហរដ្ឋ​អាមេរិក ហើយ​វា​ពិបាក​នឹង​គេច​ចេញ​ពី​ស្ថានភាព​នេះ​ណាស់។ ប៉ុន្តែ ខ្ញុំបាន​ចំណាយ​ពេល​ជាមួយ​នឹង​ស្ត្រី​កម្ពុជា​វ័យក្មេង​ជាច្រើន​ឆ្នាំ​មក​នេះ ហើយ​បាន​ត្រឡប់​ទៅ​បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​កម្ពុជា និង​ធ្វើ​កិច្ចការ​គម្រោង​ផ្សេងៗ​ជាមួយ​នឹង​ស្រ្តី​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​ស្រឡាញ់​ស្ត្រី​កម្ពុជា​អស់​ពី​ចិត្ត​របស់​ខ្ញុំ ពី​ព្រោះ​ស្រ្តី​កម្ពុជា​ជា​មនុស្ស​ចិត្ត​ល្អ រួស​រាយ​រាក់​ទាក់ និង​កំប្លែង​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ធ្វើការ​ជាមួយ​ពី​មុន​មក។ ហើយ​ប្រសិន​បើ​គេ​ទាំងអស់​គ្នា ឬ​ស្រីនិត​ឯង​ត្រូវការ​អ្វី​សូម​ប្រាប់​ខ្ញុំ​មក។

ខ្ញុំ​ក៏​មាន​កិត្តិយស​ដែល​បាន​និយាយ​ជាមួយ​ស្រីនិត។ តាម​ពិត​ទៅ ខ្ញុំ​បាន​រង់ចាំ​ពេល​វេលា​នេះ​អស់​រយៈពេល​៧ឆ្នាំ​មក​ហើយ ដើម្បី​បាន​និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌​ជា​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ម្នាក់ ដូច្នេះ ខ្ញុំ​ពិត​ជា​អរគុណ​ស្រីនិត​មែន​ទែន។

ហើយ​អ្វី​ដែល​ខ្ញុំ​គួរតែ​សប្បាយ​ចិត្ត​ជាងគេ​បំផុត​គឺ​នៅពេល​ដែល​ស្រ្តី​កម្ពុជា​វ័យ​ក្មេង​កម្ពុជា​បាន​អាន​សៀវភៅ​នេះ ហើយ​គេ​បាន​ផ្ញើ​អ៊ីម៉ែល និង​ទូរស័ព្ទ​មក​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មិន​ខ្វល់​ពី​កា​រឈ្នះ​រង្វាន់​អ្វី​ទេ នៅ​ពេល​ដែល​ខ្ញុំ​ដឹងថា​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​បាន​អាន​សៀវភៅ​របស់​ខ្ញុំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG