ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកនិពន្ធ​សុំ​ឱ្យ​ខ្មែរ​ទទួល​ស្គាល់​ថា​គឺ​ខ្មែរ​ជាអ្នក​ទទួល​ខុសត្រូវ​ធំ​ក្នុង​ការ​សម្លាប់​គ្នា​ឯង

  • ម៉ែន​ គឹមសេង

លោក រ៉ូនី យឹមសុទ្ធ អ្នក​និពន្ធ​សៀវភៅ«ប្រឈម​មុខ​នឹង​របប​ខ្មែរ​ក្រហម‍» ចូល​រួម​ជា​ភ្ញៀវ​ពិភាក្សា​អំពី​ប្រធានបទ «ខួបទី៤០ឆ្នាំ៖ កម្ពុជា​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ លន់ នល់ និង​ការ​ចូល​កាន់​អំណាច​របស់​ខ្មែរក្រហម» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA កាល​ពី​ថ្ងៃ​ទី​ច័ន្ទ ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អ្នក​និពន្ធ​សៀវភៅ​ស្តីជីវិត​ក្នុង​របបខ្មែរ​ក្រហម​ម្នាក់បាន​បញ្ជាក់​ថា ​បរទេស​មាន​ចំណែក​ក្នុង​ការធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ក៏ប៉ុន្តែ​គឺ​ខ្មែរ​ខ្លួន​ឯង​ជាអ្នក​ទទួល​ខុស​ត្រូវ​ធំជាងគេ​ហើយ​ដល់​ពេល​ដែល​មេដឹកនាំ​គ្រប់​ជំនាន់ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះទង្វើ​របស់​ខ្លួន។

៤០ឆ្នាំ​ក្រោយ​ពីការឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម ​ហើយ​បាន​បណ្តាល​ឱ្យ​សមាជិកក្រុ​ម​គ្រួសារ​ផ្ទាល់​របស់​លោក​រ៉ូនី យឹមសុត ​ត្រូវ​បាន​សម្លាប់​ស្ទើរ​អស់​មួយ​ពូជ​ក៏​អ្នក​និពន្ធ​សៀវភៅ«ប្រឈម​មុខ​នឹង​របបខ្មែរ​ក្រហម‍»រូបនេះបាន​បញ្ជាក់​ថា​លោក​មិន​ចង់​ឃើញ​មាន​ការ​សងសឹក​នឹង​ជន​ដៃ​ដល់​ជាទូទៅ​ទេ​ប៉ុន្តែ​យុត្តិធម៌​ត្រូវ​តែ​មាន​ចំពោះ​ជន​រងគ្រោះ។

​លោក​បាន​បញ្ជាក់​នៅ ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា៖

«៤០ឆ្នាំ​កន្លង​ទៅនេះ​គឺ នៅ​ចងចាំ​ជានិច្ច​អត់​មាន​ភ្លេច​ទេនូវ​ការ​វេទនា​ នូវ​ការ​ជូរចត់​ក៏ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ឱ្យ​កំហឹង​ហ្នឹង​សម្លាប់​ឧត្តមគតិ​របស់ខ្ញុំ​ដែរ​ព្រោះ​ខ្ញុំ​យក​កំហឹង​ហ្នឹងកសាង​របស់​ល្អ​វិញ​ ទីមួយ​កសាង​ជីវិត​របស់​ខ្ញុំឱ្យ​បាន​ល្អ ​ទីពីរជួយ​ដល់​ខ្មែរ​យើង​ផ្ទាល់‍»។​

របបខ្មែរ​ក្រហម​ដែល​បាន​ឡើង​មក​កាន់អំណាច​កាលពីថ្ងៃទី​១៧ខែ​មេសា​ឆ្នាំ​១៩៧៥​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាងហោចណាស់​១,៧លាននាក់​ដោយ​សារ​ការកាប់​សម្លាប់​ បង្អត់​អាហារ ​ជំងឺ​ និង​ធ្វើ​ការ​ហួស​កម្លាំង​មុន​នឹង​របប​នេះ​ដួល​រលំ​ទៅវិញ​នៅថ្ងៃទី​៧ខែ​មករា​ឆ្នាំ​១៩៧៩។​

លោករ៉ូនី យឹមសុតបាន​បញ្ជាក់​ថា​វាជាការ​លំបាក​សម្រាប់ពលរដ្ឋខ្មែរ​ក្នុង​ការ​ទទួលស្គាល់ថា​គឺ​ជនជាតិ​ខ្មែរជាអ្នក​សម្លាប់​ជនជាតិ​ខ្លួន​ឯង​ហើយ​អ្នក​ដឹកនាំ​ ជាពិសេស​ខ្មែរក្រហមបែរ​ជា​រកមុខ​ប្រទេស​ផ្សេង​ដើម្បី​ដាក់​ទោស​កំហុស​ទៅវិញ។

លោក​បន្ថែម​ថា៖

«ខ្មែរសម្លាប់​ខ្មែរ។ នេះ​ទីមួយ​ដែលយើង​ទទួលស្គាល់​ហ្នឹង​ថាខ្មែរយើង​ធ្វើបាប​គ្នា​ឯង​។ (បរទេស)​គេ​អាច​លូកលាន់​បាន។ ចិន​អាចលូកលាន់​បាន។ មាន​មិន​អត់​ទេ។ យួន​អាចលូកដៃ​បាន​មិន​អត់​ទេ។ ប៉ុន្តែ​ចុងក្រោយ​បំផុត​ខ្មែរយើង​ទេ​ជាអ្នក​ទទួលខុសត្រូវ​ព្រោះខ្មែរ​យើង​សម្លាប់​គ្នា​ឯង។ ប៉ុន្តែ​មេខ្មែរ​ក្រហម​គាត់​អត់ទទួលខុសត្រូវ​ទេ។​ គាត់​ចោទ​គេ​រហូត​។ នេះ​ខុសហើយ។ សូម​ទទួលស្គាល់​ខ្លួនឯង‍»។​

អ្នក​និពន្ធ​រូប​នេះ​ធ្លាប់​ត្រូវ​ខ្មែរ​ក្រហម​វាយសម្លាប់​ហើយ​ទុក​ឱ្យស្លាប់​នៅ​កណ្តាលវាល ប៉ុន្តែ​មិន​ស្លាប់​ ហើយ​បាន​រត់​គេច​ខ្លួន​ទៅ​សំងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​និង​ចេញ​មក​សងសឹក​ដោយ​ការ​វាយ​ចូល​បន្ទាយ​ខ្មែរ​ក្រហម​វិញ។ ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​ខ្មែរសងសឹកគ្នា​ទេ។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំធ្លាប់​ហើយ​សងសឹក​ជាមួយ​នឹង​ពួកខ្មែរ​ក្រហម​ ធ្លាប់​ហើយ​ផ្ទាល់​ដៃ​ហ្មង​ អត់​បាន​លទ្ធផល​ដូចចិត្ត​ទេ​ មាន​តែ ​បាបកម្ម​មាន​តែ​ វេទនា​ជាងមុន​ទៀត​ ប៉ុន្តែ​យើងត្រូវ​កសាង​ផលល្អ‍»។​

ពេល​បច្ចុប្បន្ន​នេះ ​មានអតីត​មេខ្មែរ​ក្រហម​កំពូល​ក្នុងវ័យ​ជរា​ចំនួនពីរនាក់​កំពុង​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​ទោស​ទាក់​ទង​នឹង​ការដឹកនាំ​អតីតកាល​របស់​ពួកគេ។​ លោក​រ៉ូនី យឹម​សុត​សម្តែងការខកចិត្ត​ចំពោះ​ល្បឿន​ដ៏​យឺតយ៉ា​វ​នៃ​តុលាការដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​មួយ​នេះ។

«តុលាការ​គួរ​មើល​គោលបំណង​ឱ្យ​ច្បាស់​លាស់​ដើម្បី ជួយ​ជន​រងគ្រោះ​មិនមែន​ជួយ​ខ្លួន​ឯងទេ​ មិន​ជួយ​ឱ្យ​ល្អ​មើល​ទេ​ មិន​ឆាក​ល្ខោន​ទេ។ ហ្នឹង​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​យើង​ទូទាំង​ប្រទេស​។ ខ្ញុំ​ជា​បុគ្គល​ម្នាក់​ដែរ​ដែល​ប៉ះពាល់‍»។

លោកយល់​ថា​អ្នកដឹកនាំត្រូវ​ចេះ​ស្រឡាញ់ខ្មែរ​ដើម្បី​ ជៀសវាង​ពី​បទពិសោធន៍ ​ជូរចត់​ក្នុង​ពេល​អតីតកាល ​ហើយ​កុំ​ប្រើ​ការ​លាប​ពណ៍​ដាក់​គ្នា​ចំពោះ​អ្នក​ដែល​មាន​និន្នាការ​ឬ​ជំនឿ​នយោបាយ​ខុស​ពីខ្លួន។

«ទីមួយ​ខ្ញុំ​ថា​ត្រូវ​តែចេះ​ស្រឡាញ់​ខ្មែរ​ កុំ​ឱ្យ​ស្រឡាញ់​បុគ្គល​ កុំ​ឱ្យ​ស្រឡាញ់​គណបក្ស​ ស្រឡាញ់​ខ្មែរ​សិន​បាន​យើង​ស្រឡាញ់​គណបក្ស​បាន​ បាន​យើង​ស្រឡាញ់បុគ្គល​បាន។ បើ​យើង​នៅ តែ​ស្រឡាញ់​បុគ្គល​យើង​នៅ​ ស្រឡាញ់​គណបក្ស​យើង​នៅ​តែ​មាន​បញ្ហា​ដដែល‍»។​

ពេល​បច្ចុប្បន្ន​នេះ​លោក​រ៉ូនី យឹមសុត​បាន​ធ្វើ​ដំណើរ​រវាង​សហរដ្ឋ​អាមេរិក​និងកម្ពុជា​ដើម្បី​ជួយ​ដល់​គម្រោង​មួយ​ដែល​បណ្តុះ​បណ្តាល​បច្ចេកទេស​ដល់​សិស្ស​ជំនាន់​ក្រោយ​៕

XS
SM
MD
LG