តុលាការក្រុងភ្នំពេញ បានលើកពេលប្រកាសសាលក្រម ដោយមិនកំណត់កាលបរិច្ឆេទប្រកាសជាថ្មីជាក់លាក់ ចំពោះសំណុំរឿងយុវជនជំទង់ កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ដែលកំពុងជាប់ឃុំពីបទញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ និងម្តាយរបស់ក្មេងប្រុសដែលអះអាងថា កូនរបស់ខ្លួនមានអូទីហ្សឹម ឬជំងឺរវើរវាយ។
យុវជន កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសលោក កាក់ កុម្ភារ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបញ្ជូនទៅតុលាការ ក្រោមបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ» បន្ទាប់ពីយុវជនរូបនេះ បានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
តុលាការក្រុងភ្នំពេញ បានបញ្ជាក់ថា ខ្លួនជាប់រវល់ ទើបសម្រេចលើកពេលប្រកាសសាលក្រមដែលគ្រោងធ្វើកាលពីថ្ងៃពុធទី១៣ ខែតុលា។
ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បង្ហាញការខកចិត្តជាខ្លាំង ចំពោះការលើកពេលប្រកាសសាលក្រមដោយមិនបានកំណត់ពេលវេលាច្បាស់លាស់។ អ្នកស្រីមានក្តីបារម្ភខ្លាំងណាស់ដែរចំពោះស្ថានភាពសុខភាពកូនប្រុស ដែលចាប់ផ្តើមមានអាការៈរមាស់លើរាងកាយ ដោយសារកង្វះអនាម័យក្នុងពន្ធនាគារ។
អ្នកស្រីនិយាយថា៖ «អ៊ីចឹងខ្ញុំសុំឲ្យតុលាការពន្លឿន [ការប្រកាសសាលក្រម]ឲ្យលឿនតិចទៅ ព្រោះអីកូនខ្ញុំវាដុនដាបខ្លាំងហើយ ចង់ទម្លាក់ការចោទ ឬក៏ទម្លាក់គាត់ឲ្យនៅក្រៅឃុំទៅ ដោយសារអី [ចង់]ឲ្យមករស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមក»។
បើត្រូវបានរកឃើញថាមានទោស យុវជនជំទង់ កាក់ សុវណ្ណច្ឆ័យ អាចប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់២ឆ្នាំ៕