ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសហ្វីលីពីនបាននិយាយថា លោកនឹងបង់ប្រាក់រង្វាន់ឲ្យដល់ជនទាំងឡាយណា ដែលសម្លាប់ក្រុមជនជួញដូរគ្រឿងញៀន។
លោក Rodrigo Duterte បានមានប្រសាសន៍នៅពេលលោកធ្វើការឃោសនាបោះឆ្នោតថា លោកនឹងឲ្យក្រុមយោធា និងប៉ូលិសកម្ចាត់ក្រុមអ្នកជួញដូរគ្រឿងញៀន។
ប៉ុន្តែកាលពីយប់ថ្ងៃសៅរ៍ លោកបានអញ្ជើញសាធារណជនទូទៅឲ្យតាមចាប់ក្រុមអ្នកជួញដូរគ្រឿងញៀន។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោកជាច្រើននាក់នៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ លោក Duterte ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា បានមានប្រសាសន៍ថា លោកនឹងប្រគល់រង្វាន់១សែន៧ពាន់ដុល្លារឲ្យដល់ជនទាំងឡាយណាដែលបានសម្លាប់ក្រុមជនជួញដូរគ្រឿងញៀន។
លោកក៏បានព្រមានផងដែរដល់ជនញៀនថ្នាំ ដែលលោកនិយាយថា មិនអាចធ្វើឲ្យល្អវិញបាន ដោយបានថ្លែងថា «ប្រសិនបើអ្នកមានការទាក់ទិននឹងគ្រឿងញៀន ខ្ញុំនឹងសម្លាប់អ្នកឯង»។
លោក Duterte ដែលបានធ្វើការឃោសនាបោះឆ្នោតតាមរយៈកម្មវិធីតឹងតែងមួយប្រឆាំងនឹងឧក្រិដ្ឋកម្ម បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ថាប្រជាជនហ្វីលីពីនទាំងឡាយណា ដែលជួយលោកក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងឧក្រិដ្ឋកម្មនឹងត្រូវទទួលរង្វាន់។
លោកបានបន្តថា ប្រសិនបើជនជួញដូរគ្រឿងញៀនម្នាក់ប្រឆាំងនឹងការចាប់ខ្លួនឬប្រកែកមិនព្រមឲ្យគេនាំខ្លួនទៅកាន់ស្ថានីយប៉ូលិស ហើយគំរាមកំហែងពលរដ្ឋម្នាក់ដោយប្រើកាំភ្លើង ឬកាំបិត «លោកអ្នកអាចសម្លាប់ជននេះបាន»។ លោកបានពោលថា«បាញ់ជននោះទៅ ហើយខ្ញុំនឹងជូនមេដាយមួយដល់លោកអ្នក»។
ក្រុមការពារសិទ្ធិមនុស្សមានការហួសចិត្តនឹងការអំពាវនាវរបស់ប្រធានាធិបតីហ្វីលីពីនជាប់ឆ្នោតរូបនេះឲ្យប្រើអាវុធបែបនេះ និងអំពីអ្វីដែលពួកគេនិយាយថាអាចជាសក្តានុពលនៃគ្រោះថ្នាក់ដោយសារគោលនយោបាយមួយបែបនេះ។
គេមិនទាន់បានដឹងដោយច្បាស់លាស់ភ្លាមៗនៅឡើយទេថាតើពលរដ្ឋហ្វីលីពីននឹងសម្គាល់អត្តសញ្ញាណជនជាប់សង្ស័យបែបណាឡើយ៕