តារាសម្តែងអាមេរិក លោក Sean Penn បានជួបជាមួយអ្នកជួញដូរគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីល្បាញម្នាក់ឈ្មោះ Joaquin "El Chapo" Guzman នៅក្នុងប្រទេសម៉ិកស៊ិកជាច្រើនខែមុនពេលដែលមេខ្លោងជួញដូរគ្រឿងញៀននោះ ត្រូវបានចាប់ខ្លួន។
លោក Sean Penn បានជួបជាមួយមេខ្លោងជួញដូរគ្រឿងញៀនរូបនោះ ដើម្បីធ្វើបទសម្ភាសន៍មួយ ដែលត្រូវបានបង្ហោះនៅលើវែបសាយរបស់ទស្សនាវដ្ដី Rolling Stone កាលពីយប់ថ្ងៃសៅរ៍ តែមួយថ្ងៃ ក្រោយពីមេខ្លោងជួញដូរគ្រឿងញៀនរូបនោះ ត្រូវបានអាជ្ញាធរម៉ិកស៊ិក ចាប់ខ្លួន។
មេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ Guzman នោះ បានស្ម័គ្រចិត្តឆ្លើយប្រាប់លោកPenn ដោយមានមោទនភាពថា «រូបលោក បានផ្គត់ផ្គង់ហេរ៉ូអ៊ីន ថ្នាំមេតំហ្វេតាម៉ីន សារជាតិកូកាអ៊ីន និងកញ្ឆា ច្រើនជាងនរណាទាំងអស់នៅលើពិភពលោក។ លោក មាននាវាមុជទឹក យន្តហោះ ឡានធំៗ និងទូក មួយកង»។ តារាសម្តែងអាមេរិក លោក Sean Penn ពណ៌នា មេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ Guzmanនោះ ថា«មិនមានឥរិយាបថចង់កែខ្លួនបន្តិចណាសោះ»។
មេខ្លោងជួញដូរគ្រឿងញៀនរូបនោះ បាននិយាយអំពីសកម្មភាពជួញដូរគ្រឿងញៀនរបស់ខ្លួនថា« បើគ្មានការប្រើប្រាស់ នោះក៏គ្មានការលក់ដូរដែរ»។ ជននោះនិយាយបន្តទៀតថា «ជាការពិត ការប្រើប្រាស់គ្រឿងញៀន បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុដូច្នេះហើយ ការលក់ ក៏ចេះតែកើនឡើងដូចគ្នាដែរ»។
មេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ Guzman បានគេចខ្លួនចេញពីពន្ធនាគារកាលពីថ្ងៃទី១១ ខែកក្កដា។ នេះជារត់គេចខ្លួនលើកទី២ របស់លោកក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ តាមរយៈរូងក្រោមដីចម្ងាយ១គីឡូម៉ែត្រកន្លះ ដែលគេលួចជីកចេញពីបន្ទប់ឃុំឃាំងរបស់ជននោះ ទៅដល់ភូមិមួយដែលនៅក្បែរពន្ធនាគារ៕