ក្រុមមន្ត្រីប្រទេសម៉ិកស៊ិកបានបញ្ជូនជនល្មើសឈ្មោះ Joaquin “El Chapo” Guzman ដែលជាមេឈ្មួញគ្រឿងញៀនដែលបានរត់គេចខ្លួន ទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីជននោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រក្នុងរយៈពេល៧ខែក្រោយពីបានរត់គេចខ្លួនពីពន្ធនាគារ។
លោកប្រធានាធិបតី Enrique Pena Nieto នៃប្រទេសម៉ិកស៊ិកបានប្រកាសអំពីការចាប់ខ្លួនមេឈ្មួញគ្រឿងញៀន Guzman កាលពីពេលមុននេះនៅថ្ងៃសុក្រជាមួយនឹងសារខ្លីមួយតាមគេហទំព័រ Twitter ដោយលោកបាននិយាយថា«បេសកកម្មបានត្រូវបំពេញរួចរាល់។ យើងចាប់ជនល្មើសរូបនោះបានហើយ»។
នៅពេលបន្ទាប់មក Guzman ត្រូវបានបង្ហាញខ្លួនដល់ក្រុមអ្នកកាសែត ដោយពាក់អាវពណ៌ខៀវ និងស្លៀកខោសម្រាប់រត់ហាត់ប្រាណ។ Guzman ត្រូវបានផ្ទេរពីរថយន្តប្រដាប់ដោយសព្វាវុធមួយគ្រឿងទៅកាន់ឧទ្ធម្ភាគចក្រមួយ ដែលដឹកខ្លួនជននេះ និងអ្នកឃុបឃិតយ៉ាងតិចណាស់មួយរូបទៅកាន់ពន្ធនាគារវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសម៉ិកស៊ិកលោក Arely Gomez Gonzalez បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃសុក្រ ដោយលោកបានថ្លែងថា ការចាប់ខ្លួនឈ្មោះ Guzman ជាលទ្ធផលនៃកិច្ចប្រតិបត្តិការឃ្លាំមើលធំមួយដែលមានទាក់ទិននឹងពួកអ្នកថតខ្សែកុនមួយ ដែលបានធ្វើការងារអំពីជីវប្រវត្តិនៃមេឈ្មួញគ្រឿងញៀននេះ។
Guzman បានរត់គេចខ្លួនពីពន្ធនាគារតាមរូងក្រោមដីសម្ងាត់មួយកាលពី៧ខែកន្លងទៅនេះ។
ពួកទាហានម៉ារីនប្រទេសម៉ិចស៊ិកបានចាត់វិធានការតាមរយៈការប្រាប់តម្រុយមួយ ដោយបានធ្វើការឆ្មក់វាយប្រហារលើផ្ទះមួយខ្នងនៅមុនពេលថ្ងៃរះកាលពីថ្ងៃសុក្រនៅក្នុងក្រុង Los Mochis នៅក្នុងរដ្ឋ Sinaloa ដែលជារដ្ឋកំណើតរបស់ ជនល្មើស Guzman។ ពួកទាហាន ដែលបានធ្វើការវាយឆ្មក់នោះ ក៏បានរងការបាញ់ពីខាងក្នុងផ្ទះនោះ។
ក្រុមមន្ត្រីម៉ិចស៊ិកបាននិយាយថា ជនជាប់សង្ស័យ៥នាក់ត្រូវបានសម្លាប់ ហើយ៦នាក់ទៀតបានត្រូវចាប់ខ្លួន។ ទាហានម៉ារីនម្នាក់ក៏បានត្រូវរងរបួសស្រាលផងដែរ៕