ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​រក្សា​បេសកកម្មនៅ​អាហ្វហ្គានីស្ថាន បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​និង​អូតង់​ដកទ័ព​ចេញ


លោក Stephane Dujarric ជា​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ។
លោក Stephane Dujarric ជា​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ។

អង្គការ​សហ​ប្រជាជាតិបាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​នឹង​រក្សា​បេសក​កម្ម​នយោបាយ ​និង​មនុស្សធម៌​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ទោះបីជាមាន​ការ​ចាក​ចេញ​របស់​កងទ័ព​សហ​រដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​នៅ​ចុងឆ្នាំ​នេះ​ក៏ដោយ។ អ្នកនាំ​ពាក្យ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Stephane Dujarric បាន​និយាយ​ថា​ វា​ច្បាស់​ណាស់​ថា ​ការចាក​ចេញ​របស់​កងទ័ព​ នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ទាំងមូល​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​អនាគត​របស់​បេសក​កម្ម។ លោក​បាន​មាន​ប្រសាសន៍​ថា​ «យើងនឹង​បន្ត​សិក្សា​អំពី​ស្ថានភាព​នេះ​ ប៉ុន្តែ​ការងារ​របស់​យើង​នៅ​អាហ្វហ្គានីស្ថាន​នឹង​បន្ត»។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោកបាន​មាន​ប្រសាសន៍​ថា «អង្គការ​សហ​ប្រជាជាតិ​មាន​វត្តមាន​សម្រាប់​ការ​អភិវឌ្ឍ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​អស់​រយៈ​ពេលជា​យូរមក​ហើយ​ ហើយ​យើង​នឹង​បន្តនៅ​ទី​នោះ​ដើម្បី​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន»។

លោក​បន្តថា អ.ស.ប.​ នឹង​សម្រប​តាម​ស្ថានភាព​ជាក់ស្តែង។ បេសកកម្ម​ជំនួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន​មាន​បុគ្គលិក​ប្រមាណ​ជា​១២០០​ នាក់​ដែលភាគ​ច្រើន​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន​ និង​មិនរាប់​បញ្ចូល​កង​រក្សា​សន្តិភាព​ទេ។​

បុគ្គលិក​របស់​ទីភ្នាក់ងារ​ទាំងអស់​របស់​អ.ស.ប.​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ចំនួន​ប្រមាណ​ ៤០០០​ នាក់​ ដែល​៧៥​ភាគរយ​នៃពួកគេ​ ជាជនជាតិ​អាហ្វហ្គានីស្ថាន។

កាលពី​ថ្ងៃ​ពុធ ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​អំពី​ការ​ដក​កងទ័ព​អាមេរិក​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​អាហ្វហ្គានីស្ថាន​ ដោយ​បាន​កំណត់​យក​ថ្ងៃទី​១១​ ខែ​កញ្ញា​ ជា​ថ្ងៃចុង​ក្រោយ​ដែល​ទាហាន​ចុងក្រោយ​នឹង​ត្រូវចាក​ចេញ។ ការដក​ចេញ​នេះ​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១​ ខែឧសភា។ ក្រសួង​ការពារជាតិ​មាន​កងទ័ព​ប្រហែល​២៥០០​ នាក់​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ចុះពី​ជាង​១០​ម៉ឺននាក់។​ ទាហាន​អាមេរិករាប់ពាន់​នាក់ទៀត​បម្រើ​ជាផ្នែក​មួយ​នៃ​កម្លាំង​អូតង់​ដែល​មាន​កម្លាំង​៩.៦០០​នាក់ ដែល​នឹង​ដកចេញ​ក្នុង​ពេល​ដូចគ្នា៕

XS
SM
MD
LG