ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ន័រវែស​ប្រាប់​ឲ្យ​ដឹង​ថា ​អសប​បង្កើត​មូលនិធិ​ប្រយុទ្ធប្រឆាំង​មេរោគ​កូរ៉ូណា​សាកល


លោក Antonio Guterres (រូបឆ្វេង) ថ្លែង​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា អង្គការ​សហប្រជាជាតិ​នឹង​បង្កើត​មូលនិធិ​មួយ​ដើម្បី​រារាំង​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា និង​ជួយ​ឧបត្ថម្ភ​ការ​ព្យាបាល​អ្នកជំងឺ​នៅ​ទូទាំង​ពិភពលោក។នេះ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​ន័រវែស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ក្រសួង​ការបរទេស​ន័រវែស​បាន​ប្រាប់​ឲ្យ​ដឹង​ថា គោលបំណង​នៃ​មូលនិធិ​នេះ​គឺ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នៅ​ក្នុង​ការ​ឆ្លើយតប​ដល់​វិបត្តិ​នេះ និង​ដោះស្រាយ​ផលវិបាក​រយៈពេល​វែង។ អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​សប្តាហ៍​នេះ។

ប្រទេស​ន័រវែស​ដែល​បាន​ស្នើ​បង្កើត​មូលនិធិ​នេះ​មិន​បាន​សន្យា​ថា​តើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ដែល​ខ្លួន​នឹង​ដាក់​ចូល​ក្នុង​គម្រោង​ផ្តួចផ្តើម​នេះ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​អ៊ីបូឡា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ២០១៤​ដែរ។

លោក Ine Eriksen Soereide រដ្ឋមន្រ្តី​ការបរទេស​ន័រវែស បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌ មាន Reuters ថា «យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ខំប្រឹងប្រែង​ទាំង​នេះ​ជា​ការ​រួបរួម​គ្នា​ដ៏​ឆាប់រហ័ស​ដែល​យើង​អាច​ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ប្រទេស​នានា ជាពិសេស បណ្តា​ប្រទេស​ក្រីក្រ»។

មនុស្ស​ជិត​៣សែន​៤ម៉ឺន​នាក់ បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ទូទាំង​សាកលលោក ហើយ​មនុស្ស​ជាង​១ម៉ឺន​៤ពាន់​៥រយ​នាក់​បាន​ស្លាប់ ដោយ​មនុស្ស​នៅ​ប្រទេស ​ អ៊ីតាលី​មាន​លើស​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន ជា​ទីកន្លែង​ដែល​ការ​ផ្ទុះឡើង​នូវ​មេរោគ​នោះ​បាន​ចាប់ផ្តើម។

នៅ​ទ្វីប​អាហ្វ្រិក ប្រទេសអង់ហ្គោឡា ប្រទេស​អេរីត្រេ និង​ប្រទេស​អ៊ូហ្គាន់ដា​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​មេរោគ​នោះ​លើក​ដំបូង ខណៈ​ដែល​ប្រទេស​អេរីត្រេ​បាន​កត់ត្រា​មនុស្ស​ស្លាប់​ជា​លើក​ដំបូង​ នៅ​ពេល​ដែល​មេរោគ​នោះ​បាន​រាលដាល​ទូទាំង​ទ្វីប​នេះ ថ្វីបើ​មាន​ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់​ការរាលដាល​នេះ​ក៏​ដោយ។

កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​ប្រទេស​អ្នក​មាន​មិន​ត្រូវ​គិតតែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ ក៏ប៉ុន្តែ​ត្រូវ​ជួយ​ប្រទេស​ដែល​មាន​ការ​ប្រុងប្រៀប​តិចតួច​ក្នុង​ការ​ទប់ស្កាត់​ដោះស្រាយ​វិបត្តិ​នេះ៕

XS
SM
MD
LG